មន្រ្តីអតីតបក្សសង្រ្គោះជាតិខ្លះនៅរក្សាជំហរដើរតាមលោក សម រង្ស៊ី ប្រឆាំងនឹងរដ្ឋាភិបាល

កម្ពុជា
28/04/2024 – 14:20
ដោយ៖ សេង​ បារាំង
RFI

នៅក្នុងវេទិការសំឡេងសង្រ្គោះជាតិ នាយប់ថ្ងៃទី២៧ មេសា មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួនដូចជា លោក អេង ឆៃអ៊ាង ជាដើម បានចេញមុខមកបញ្ជាក់ថាខ្លួននៅតែរក្សាជំហរដើរតាមលោក សម រង្ស៊ី ដើម្បីទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជា។ លោក អេងឆៃអ៊ាងចេញមុខមកបញ្ជាក់ នៅបន្ទាប់ពីមានមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិខ្លះ បានសុំទោសរដ្ឋាភិបាល និងប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី។

មន្រ្តីអតីតបក្សសង្រ្គោះជាតិខ្លះនៅរក្សាជំហរដើរតាមលោក សម រង្ស៊ីប្រឆាំងនឹងរដ្ឋាភិបាល
មន្រ្តីអតីតបក្សសង្រ្គោះជាតិខ្លះនៅរក្សាជំហរដើរតាមលោក សម រង្ស៊ីប្រឆាំងនឹងរដ្ឋាភិបាល © សេង បារាំង

លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ បានចេញមុខមកបញ្ជាក់មុនគេថា ខ្លួននៅតែរក្សាជំហរដើរតាមលោក សម រង្ស៊ី ដើម្បីទាមទារនូវសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជា។ បន្ទាប់មកមានលោក លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល លោក ឆាម ឆានី និងមន្រ្តីមួយចំនួនទៀតក៏បានប្រកាសជំហរដើរតាមលោក សម រង្ស៊ី ដែរ។

ការប្រកាសជំហររបស់មន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ ធ្វើឡើងនៅក្នុងវេទិកាសំឡេងសង្រ្គោះជាតិ នាយប់ថ្ងៃទី២៧ មេសា ឆ្នាំ២០២៤ ដែលផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី។ ស្ថិតនៅទឹកដីបរទេស សមាជិករបស់បក្សប្រឆាំងខាងលើអះអាងថា ពួកគេចង់មករស់នៅ ធ្វើការនៅស្រុកខ្មែរណាស់ ប៉ុន្តែពួកគេត្រូវរារាំងបិទខ្ទប់មិនឲ្យចូលមកកម្ពុជា។

មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិខ្លះ បានបញ្ជាក់ដែរថា បើសិនចង់ឲ្យពួកគេវិលត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរដ្ឋាភិបាល នោះគឺត្រូវតែមានវត្តមានរបស់លោក សម រង្ស៊ីទៅជាមួយដែរ បើមិនដូច្នោះទេពួកគេមិនអាចវិលត្រឡប់មកកម្ពុជាឡើយ ដោយសុខចិត្តធ្វើការតស៊ូនៅក្រៅប្រទេសរហូត។

ការចេញមកបញ្ជាក់ជំហររបស់មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិនៅពេលនេះ បន្ទាប់ពីមានអតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិខ្លះ ដូចជាលោក គង់ សុភា និងលោក ជា ប៉ូចជាដើម បានសរសេរលិខិតសុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហើយបានប្រកាសផ្ដាច់ខ្លួនចេញពីលោក សម រង្ស៊ីកាលពីពេលថ្មីៗនេះ។ 

លោក ហ៊ុន សែន ប្រមុខគណបក្សកាន់អំណាច បានប្រកាសទទួលយកការសុំទោសពីមនុស្សផ្សេងទៀត ប្រសិនបើពួកគេទទួលកំហុស និងប្រកាសផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី។ តែលោកហ៊ុន សែន មិនភ្លេចព្រមានថា លោកនឹងមិនអត់ឱនឲ្យជនណា ឬក្រុមណាដែលនៅបន្តដើរតាមមេបក្សប្រឆាំងលោក សម រង្ស៊ី ឡើយ៕

What Next?

Recent Articles

Leave a Reply

Submit Comment