ថ្ងៃ ព្រហស្បតិ៍ 05 កក្កដា 2012
ដោយ លី ម៉េងហួរ
RFI
ដូចការគ្រោងទុក នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី៥កក្កដានេះ លោក រ៉ុង ឈុន បានដឹកនាំកម្មករកាត់ដេរជាង ១០០០ នាក់ដើរហែក្បួនតវ៉ាពីរោងចក្រកាត់ដេរ តៃណានដែលបានប្តូរឈ្មោះ មកពីរោងចក្រ៣ គឺតៃយៀនទី១ តៃយៀនទី២និងរោងចក្រ ខាំវេលនៅម្តុំផ្សារបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្តាល ដើរតាមផ្លូវជាតិលេខ៤ សំដៅចូលក្រុងភ្នំពេញ។ ក៏ប៉ុន្តែក្បួនបាតុកម្មនោះ ត្រូវបានប៉ូលិសនិងប៉េអឹម រារាំងនៅម៉ោងជាង ៩ ព្រឹកនេះ នៅកន្លែងថ្លឹងឡានកំបូល។ ក្រុមកម្មករ ដែលភាគច្រើនជាស្ត្រី បានអង្គុយរង់ចាំលទ្ធផលនៃការចរចារវាងលោករ៉ុងឈុននិងលោក វង សូតរដ្ឋមន្ត្រីក្រសួងការងារនារសៀលនេះ។ ប៉ុន្តែកិច្ចចរចា មិនបានចេញលទ្ធផលផ្លែផ្កាអ្វីទេ ហើយនិងបន្តពិភាក្សានៅថ្ងៃសុក្រស្អែកបន្តទៀត។

ក្រុមនគរបាល ធ្វើអន្តរាគមន៍រារាំងមិនឲ្យកម្មកររោងចក្រដើរហែក្បួនតាមផ្លូវជាតិលេខ៤ចូលទីក្រុងភ្នំពេញ
RFI/Ly Meng Hour
លោ ករ៉ុង ឈុន បាននាំយកលទ្ធផលនៃកិច្ចចរចារវាងលោកតំណាងកម្មករភាគីថៅកែរោងចក្រ តំណាងសមាគមរោងចក្រកាត់ដេរ និងរដ្ឋមន្ត្រីក្រសួងការងារ ទៅប្រាប់ក្រុមកម្មករ នៅកន្លែងថ្លឹងឡាន តាមផ្លូវជាតិលេខ ៤ ព្រំប្រទល់ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ កិច្ចប្រជុំ ចរចា ចាប់ពីម៉ោង ២ និង ៣០ នាទី រសៀល ដល់ម៉ោង ៥ ល្ងាចនេះ មិនមានលទ្ធផលជាផ្លែផ្កាអ្វីទេ។ កិច្ចប្រជុំនោះ នឹងធ្វើបន្តនៅព្រឹកថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១២។
លោករ៉ុង ឈុន បានប្រាប់វិទ្យុបារាំងអន្តរជាតិថា កិច្ចប្រជុំចរចាបានជជែកតែលើចំណុចទី១ ក្នុងចំណោមលក្ខខណ្ឌ៥ ចំណុចដែលកម្មកររោងចក្រកាត់ដេរតៃណាន បានទាមទារ សម្រាប់ការតវ៉ាជាង ១០ ថ្ងៃមកហើយ។ រីឯ ៤ ចំណុចទៀត នឹងត្រូវយកទៅដាក់លើតុចរចារួម នៅថ្ងៃទី១១កក្កដា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាការងារ ដែលជាយន្តការត្រីភាគី រវាងសហជីពតំណាងកម្មករ ភាគីរោងចក្រកាត់ដេរ និងមន្ត្រីរដ្ឋាភិបាល។
ប្រធានសហជីពតំណាងកម្មករ បានបញ្ជាក់ថា ការជជែកចរចាលើចំណុចទី១ដែលជាចំណុចក្តៅនិយាយពីអត្តប្រយោជន៍ផ្សេងៗសម្រាប់កម្មករ ពេលរោងចក្រដូរឈ្មោះ គឺកម្មករទាមទារឲ្យគិតទៅតាមច្បាប់ការងារ។ ក្រុមកម្មករទាមទារប្រាក់ចំនួន ១៣៥ ដុល្លារ ក្នុងមួយឆ្នាំ។ តែក្រុមហ៊ុន ព្រមព្រៀងផ្តល់ឲ្យត្រឹមតែ ៧០ ដុល្លារប៉ុណ្ណោះ។ ចំណុចនេះ មិនត្រូវរ៉ូវគ្នា ដោយនឹងជជែកបន្តនៅថ្ងៃស្អែក (ថ្ងៃទី៦កក្កដា ) ក្នុងកិច្ចប្រជុំនៅក្រសួងការងារ។
ចំណែកការទាមទាររបស់កម្មករ លើចំណុចទី២ ទី៣ ទី៤ និងទី៥ នឹងត្រូវយកទៅជជែក នៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០១២ ក្នុងកិច្ចប្រជុំគណៈកម្មការក្រុមប្រឹក្សាការងារ ដែលត្រូវជជែកពីប្រាក់អត្ថប្រយោជន៍កម្មករទូទាំងប្រទេស ដូចជា ប្រាក់រង្វាន់ ថ្លៃធ្វើដំណើរ និងថ្លៃស្នាក់នៅ ជាដើម។
កិច្ចប្រជុំចរចារវាងលោករ៉ុងឈុន និងរដ្ឋមន្ត្រីក្រសួងការងារ ព្រមទាំងភាគីរោងចក្រកាត់ដេរ នៅរសៀលថ្ងៃនេះ បានធ្វើឡើងភ្លាមៗក្រោយពីក្រុមកម្មករកាត់ដេរជាង១.០០០ នាក់ បានដើរហែក្បួន ពីមុខរោងចក្រ តៃណាន នៅជិតផ្សារបែកចាន ដើរតាមផ្លូវជាតិលេខ៤ ចូលមកកាន់ទីក្រុងភ្នំពេញ នាព្រឹកថ្ងៃ៥កក្កដានេះ។ ប៉ុន្តែក្បួនបាតុកម្ម ត្រូវប៉ូលិស និងប៉េអឹម រារាំង ត្រង់ចំណុចថ្លឹងឡាន កំបូល។ ហេតុការណ៍នោះ មិនមានអំពើហិង្សាធ្ងន់ធ្ងរ វាយលើស្ត្រីកម្មករ ឬក៏ចាប់ខ្លួនបាតុករឡើយ៕
———————————————-


អ្នកធំ គេកំពុងប្រជុំ មិនត្រូវមករញ៉ីរញ៉ៃនៅភ្នំពេញឡើយ! កុំជឿគេញ៉ុះញ៉ុងអោយសោះ ប្រយត្នស្ដាយក្រោយ!!!