ការចរចា​រវាង​លោក រ៉ុង ឈុន និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ មិនទាន់​សម្រេច​អ្វី​ទេ នឹង​បន្ត​ដល់​ថ្ងៃស្អែក​

ថ្ងៃទី 5 កក្កដា 2012
ដោយ: សុខ ភក្តី
CEN

កម្មកររោងចក្រកាត់ដេរ ត្រូវប៉ូលិសប៉េអឹម រារាំង មិនឲ្យដើរហែក្បួនបាតុកម្ម នៅចំណុចថ្លឹងឡាន នៅកំបូល តាមផ្លូវជាតិលេខ៤ កាលពីព្រឹកថ្ងៃទី៥កក្កដា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)

កម្មកររោងចក្រកាត់ដេរ ត្រូវប៉ូលិសប៉េអឹម រារាំង មិនឲ្យដើរហែក្បួនបាតុកម្ម នៅចំណុចថ្លឹងឡាន នៅកំបូល តាមផ្លូវជាតិលេខ៤ កាលពីព្រឹកថ្ងៃទី៥កក្កដា ឆ្នាំ២០១២
(រូបថត៖ ស៊ីវ ចាន់ណា)

ភ្នំពេញ: កិច្ចប្រជុំ ចរចា​រវាង​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក វង សូ​ត ចាប់ពី​ម៉ោង ២ និង ៣០ នាទី ដល់​ម៉ោង ៥ ល្ងាច ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១២ លើ​បញ្ហា​តវ៉ា​របស់​កម្មករ​កាត់​ដេរ​រោងចក្រ តៃ​ណាន មិនទាន់​សម្រេច​លទ្ធផល​អ្វី​ទេ​។ កិច្ចប្រជុំ​នោះ នឹង​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ ខែកក្កដា ឆ្នាំ​២០១២ បន្តទៀត​។​

​លោក រ៉ុង ឈុន ដែល​ទើបតែ​ចេញ​កិច្ចប្រជុំ បានឲ្យដឹងថា កិច្ចពិភាក្សា​បិទទ្វារ ដែល​មាន​តំណាង​សហជីព​កម្មករ ភាគី​ថៅកែ​រោងចក្រ មេធាវី និង​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ក្រោម​អធិបតីភាព​របស់​លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជជែក​តែ​លើ​ចំណុច​ទី​១ ក្នុង​ចំណោម​លក្ខខណ្ឌ ៥ ចំណុច ដែល​កម្មករ​រោងចក្រ​កាត់ដេរ តៃ​ណាន បានទាមទារ សម្រាប់​ការតវ៉ា​ជាង ១០ ថ្ងៃ​មក​ហើយ​។ រីឯ ៤ ចំណុច​ទៀត ត្រូវបាន​យក​ទៅ​ដាក់​លើ​តុ​ចរចា​រួម នៅ​ថ្ងៃ​ទី​១១​កក្កដា ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ការងារ ដែល​ជា​យន្តការ​ត្រីភាគី រវាង​សហជីព​តំណាង​កម្មករ ភាគី​រោងចក្រ​កាត់ដេរ និង​មន្ត្រី​រដ្ឋាភិបាល​។​

​លោក រ៉ុង ឈុន បានបញ្ជាក់​ថា “​បើ​យើង​និយាយ​ពី​លទ្ធផល គឺ​មិន​មាន​ផ្លែផ្កា​អ្វី​ទេ​។ ការជជែក​នោះ ចំណុច​ក្តៅ គឺ​លើ​ចំណុច​ទី​១ ដែល​និយាយ​ពី​អត្ត​ប្រយោជន៍​ផ្សេងៗ ឲ្យ​គិត​ទៅ​តាម​ច្បាប់​ការងារ ដោយសារ​តែ​ក្រុមហ៊ុន​ដូរ​ឈ្មោះ​នឹង​។ ក្រុមកម្មករ​ទាមទារ​ប្រាក់​ចំនួន ១៣៥ ដុល្លារ ក្នុង​មួយ​ឆ្នាំ​។ តែ​ក្រុមហ៊ុន​ព្រមព្រៀង​ផ្តល់​ឲ្យ​ត្រឹមតែ ៧០ ដុល្លារ​ប៉ុណ្ណោះ​។ ចំណុច​នេះ មិន​បាន​ជា​ផ្លែផ្លា ប៉ុន្តែ​ត្រូវបាន​ឯកភាព​ថា នឹង​ជជែក​បន្ត​នៅ​ថ្ងៃស្អែក (​ថ្ងៃទី​៦​កក្កដា ) ចែក​ជា​បី​វគ្គ​។ ទី​១-​តំណាង​ក្រសួង​ការងារ ជួប​ជាមួយ​ភាគី​និយោជក​។ ទី​២-​តំណាង​ក្រសួង​ការងារ ជួប​ជាមួយ​ភាគី​កម្មករ​។ ទី​៣-​ប្រជុំ​រួម ក្រោម​អធិបតី​ឯកឧត្តម វង សូ​ត​”​។​

​លោក រ៉ុង ឈុន បាន​បន្តថា “​ចំពោះ​ការទាមទារ​របស់​កម្ម​ក​រ លើ​ចំណុច​ទី​២ ទី​៣ ទី​៤ និង​ទី​៥ យើង​បាន​ឯកភាពគ្នា យក​ទៅ​ជជែក នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២ ដោយសារ​តែ​ថ្ងៃ​នោះ គណៈកម្មការ​ក្រុមប្រឹក្សា​ការងារ នឹង​ជួប​ប្រជុំ​គ្នា ដើម្បី​ជជែក​ពី​ប្រាក់​អត្ថប្រយោជន៍​កម្មករ​ទូ​ទាំង​ប្រទេស ដូចជា ប្រាក់រង្វាន់ ថ្លៃ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់នៅ ជាដើម​”​។​

​សូម​រម្លឹកថា លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃទី​៥​កក្កដា ឆ្នាំ​២០១២ បាន​ដឹកនាំ​កម្មករ​កាត់ដេរ ជាង ១០០០ នាក់ ដើរ​ហែ​ក្បួន​តវ៉ា ពី​រោងចក្រ​កាត់ដេរ តៃ​ណាន ដែល​បាន​ប្តូរ​ឈ្មោះ មកពី​រោងចក្រ ៣ គឺ​តៃ​យ៉ាងទី​១ តៃ​យ៉ាងទី​២ និង​រោងចក្រ ខាំ​វេល នៅ​ម្តុំ​ផ្សារ​បែក​ចាន ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ដើរ​តាម​ផ្លូវជាតិ​លេខ ៤ សំដៅ​ចូល​ក្រុងភ្នំពេញ​។​

​ក៏ប៉ុន្តែ​ក្បួន​បាតុកម្ម​នោះ នៅ​ម៉ោង​ជាង ៩ ព្រឹក​នេះ ត្រូវបាន​ប៉ូលិស និង​ប៉េអឹម រារាំង ត្រឹម​កន្លែង​ថ្លឹង​ឡាន នៅ​កំបូល​។ ក្រុមកម្មករ ដែល​ភាគច្រើន​ជា​ស្ត្រី បាន​អង្គុយ នៅ​កន្លែង​ថ្លឹង​ឡាន ដើម្បី​រង់ចាំ​លទ្ធផល​នៃ​ការចរចា​រវាង​លោក​រ៉ុង​ឈុន និង​លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង​ការងារ នា​រសៀល​នេះ​។​ ការរារាំងនោះ មិនមានអំពើហិង្សាធ្ងន់ធ្ងរ កើតឡើងទេ។

​លោក រ៉ុង​ឈុន អះអាងថា លោក​ត្រូវ​នាំ​ដំណឹង​នៃ​លទ្ធផល​ពី​កិច្ចចរចា​នេះ ទៅកាន់​ក្រុម​កម្មករ នៅ​កន្លែង​ថ្លឹង​ឡាន ដើម្បី​ឲ្យ​កម្មករ​រំសាយ ទៅកាន់​ផ្ទះ​ស្នាក់នៅ ក្បែរ​រោងចក្រ​កាត់ដេរ នៅ​បែក​ចាន​វិញ​។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា នៅ​ថ្ងៃស្អែក ថ្ងៃទី​៦​កក្កដា ឆ្នាំ​២០១២ កម្មករ​រោងចក្រ​កាត់ដេរ​ប្រមាណ ៤.០០០ នាក់ នឹង​បន្ត​ធ្វើ​កូដកម្ម ឈរ​នៅ​មុខ​រោងចក្រ​កាត់ដេរ តៃ​ណាន រហូត​ដល់​ការចរចា មាន​ដំណោះស្រាយ​។​

​ជា​ការកត់សម្គាល់ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៥​កក្កដា ឆ្នាំ​២០១២​នេះ ក្រុមកម្មករ​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន បានដើរ​ហែ​ក្បួន​ចេញ​ពី​មុខ​រោងចក្រ នៅ​ជិត​ផ្សារ​បែក​ចាន ដើរ​សំដៅ​ចូល​រាជធានី​ភ្នំពេញ​។ តែ​នៅ​ព្រឹក​មិញ ប៉ូលិស បាន​ព្យាយាម​រាំងខ្ទប់​ក្រុមកម្មករ​ម្តង​ហើយ តែ​មិនបាន​សម្រេច​។

​សូមជម្រាបថា កាលពី​ថ្ងៃ​ពុធ ទី​៤ កក្កដា ឆ្នាំ​២០១២ ក្រុម​កម្មករ​កាត់ដេរ ដែល​ដឹកនាំ​ដោយ​លោក រ៉ុង​ឈុន បាន​តវ៉ា​ឈរ​បិទ​ផ្លូវ​ជាតិ​លេខ​៤ អស់​ពេល​ជាង ៥​ម៉ោង ចាប់ពី​ម៉ោង​ជាង ៨ ព្រឹក​។ ការតវ៉ា​បិទ​កំណាត់​ផ្លូវ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ម្តុំ​ផ្សារ​បែក​ចាន ក្នុង​ស្រុក​អង្គស្នួល ដើម្បី​ទាមទារ​ឲ្យ​រោងចក្រ​កាត់ដេរ យីហោ តៃ​ណាន ផ្តល់​ដំណោះស្រាយ​លើ​ការតវ៉ា​របស់​កម្មករ ៥ ចំណុច រួមមាន​៖១-​សុំ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ទូទាត់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​តាមច្បាប់ ស្ដីពី​ការងារ ដោយ​ក្រុមហ៊ុន​បាន​ប្ដូរ​ឈ្មោះ​រោងចក្រ ចំនួន ១៣៥ ដុល្លារ ក្នុង​មួយ​ឆ្នាំ​។ ២-​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សោហ៊ុយ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់​នៅ​ឱ្យបាន ១៥ ដុល្លារ ក្នុង​មួយ​ខែៗ​។ ៣-​សុំ​ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ថ្លៃ​ទឹកដោះគោ​ឱ្យ​បាន ១៥ ដុល្លារ ក្នុង​មួយ​ខែៗ​។ ៤-​សុំ​ឱ្យ​ក្រុមហ៊ុន​ឡើង​ប្រាក់រង្វាន់​ទៀងទាត់ ឱ្យបាន ១៥ ដុល្លារ ក្នុង​មួយ​ខែៗ និង​ទី​៥-​សុំ​ឱ្យ​ក្រុមហ៊ុន​កុំ​យក​ប្រាក់​មុខតំណែង និង​បច្ចេកទេស​យកមក​កាត់​ទូទាត់ នៅ​ពេល​កម្មករ​-​កម្មការិនី និង​ថ្នាក់ដឹកនាំ​សុំ​ច្បាប់​ចាប់ពី​បី​ថ្ងៃ​ឡើងទៅ​៕​

What Next?

Recent Articles

2 Responses to "ការចរចា​រវាង​លោក រ៉ុង ឈុន និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ មិនទាន់​សម្រេច​អ្វី​ទេ នឹង​បន្ត​ដល់​ថ្ងៃស្អែក​"

  1. K-20 says:

    បិទរោងចក្រចោល ឲក្រទាំងអស់គ្នាហ្ម៎ងទៅ!

  2. roth says:

    គាបក ចិន លៀនអណ្ដាតខ្មែរ គេជាចៅកែ គេមិនដែលចាញ់កម្មករទេ អត់ពីស្រុកខ្មែរ ក៍គេអាចទៅប្រទេសក្រីក្រដទៃដែរ។ សូមតវ៉ាតាមច្បាប់កំណត់។ កុំជឿតាមលោក រន្ធ ឆុង (រ៉ុង ឈុន) គេបានលុយពីកម្មករ និងពីថៅកែ ពេលជិតបោះឆ្នោតគេយកកម្មករជាឈ្នាន់ជួយបក្សប្រឆាំង។