លោក ញឹក ប៊ុនឆៃ ឲ្យ​ សម្តេច​ក្រុមព្រះ ​ដោះស្រាយ​ជាមួយ​សម្តេច​តេជោ ឲ្យ​ជ្រះស្រឡះ​សិន បើ​ចង់​រួម​ជាមួយ​ហ្វ៊ុនស៊ិនប៉ិច​

ថ្ងៃទី 6 កក្កដា 2012
ដោយ: រតនា
CEN

ភ្នំពេញ: លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រាប់​ឲ្យ​សម្តេចក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ ទៅ​និយាយ​ដោះស្រាយ ឲ្យបាន​ច្បាស់លាស់​ជា​មុន​សិន ជាមួយនឹង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មុន​នឹង​សុំ​មក​ចូលរួម​ជាមួយ​នឹង​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ​នោះ​។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ នៃ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​លើកឡើង​ថា មកដល់ពេលនេះ សម្តេចក្រុមព្រះ នៅតែ​មិន​ព្រម​ទទួលស្គាល់​ថា ប្រជាប្រិយភាព​របស់​ព្រះអង្គ​ធ្លាក់​ចុះ​ទេ ពីព្រោះ​អ្នកតស៊ូ​ជាច្រើន នៅតាម​បណ្តា​ខេត្ត​-​ក្រុង លែង​គាំទ្រ​សម្តេចក្រុមព្រះ​បន្តទៀត ហើយ​ចំណុច​សំខាន់ គឺ​គេ​ស្អប់​សម្តេចក្រុមព្រះ​។​

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ថា ការរួបរួម​រវាង​គ​ណ​បក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែល​ឈានទៅដល់​ការចុះ​កិច្ចព្រមព្រៀង កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ គឺ​ដោយសារតែ​មាន​សំណូមពរ​ពី​សម្តេច​តា និង​សម្តេច​នាយក​។

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​បញ្ជាក់​ថា “​ការរួបរួម​នេះ ខ្ញុំ​អត់​មាន​ស្អី​ទាំងអស់ សំណូមពរ​ពី​សម្តេច​តា សម្តេចនាយក​។ សម្តេច​នាយក​គាត់​លើក​មក​ខ្ញុំ​។ ខ្ញុំ​ថា ខ្ញុំ​តាម​ទាំងអស់ ការរួបរួម​គ្នា​។ ខ្ញុំ​ចង់​បាន​សម្តេចនាយក លោក​រៀបចំ​អី​ទាំងអស់​ជូន ហើយ​សម្តេច​ក្រុមព្រះ មក​ធ្វើ​ប្រធាន​។ តែ​អ្នក​នៅ​ហ្វ៊ុនស៊ិនប៉ិច​ខ្ញុំ​ខ្លះ គេ​មិន​ទទួល​ទេ​ណា​។ ប៉ុន្តែ​ជា​ការសម្រេចចិត្ត​ខាង​នយោបាយ ខ្ញុំ​ជា​អ្នកដឹកនាំ ខ្ញុំ​ជា​អ្នកសម្រេចចិត្ត ទោះបីជា​អ្នក​នៅ​ជាមួយ​ខ្ញុំ គេ​មិន​គាំទ្រ​ប៉ុន្មាន​ក៏ដោយ​។ ខ្ញុំ​ខំ​ពន្យល់​គេ​ឲ្យទទួល​លោក ឲ្យមក​ធ្វើ​ជា​ប្រធាន​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ​”​។​

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​បន្ត​ថា រាល់​បញ្ហា​ដែល​កើតឡើង គឺ​បណ្តាលមកពី​បន្ទូល​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ កាលពី​ជិត ១​ឆ្នាំមុន ដែល​លោក​ថា “​ខ្ញុំ​(​សម្ដេចក្រុមព្រះ​)​មិនមែន​អស់​ផ្លូវ​ទេ​។ ខ្ញុំ​អាច​ធ្វើ​ជាមួយ​បក្សប្រឆាំង ធ្វើ​អីៗ​ក៏​បាន​ដែរ​។ តែ​សំឡេង​នោះ គេ​យកមក​ចាក់ នៅពេលនេះ​។ វា​សម​នឹង​បន្ទូល​ព្រះអង្គ​ទី​១ លោក​លើកឡើង​ថា អ្នករាជានិយម មានតែ​លោក​ទេ ដែល​អាច​បង្រួបបង្រួម​បាន​។ រឿងនេះ ធ្វើឲ្យ​សម្តេច ហ៊ុន សែន មិន​អាច​ទេ​។ ទី​២ អ្នកកាសែត​សួរ​រឿង​បោះឆ្នោត លោក​ថា មិន​សហការ​ជាមួយ​ចោរ​អី​ណា​ទេ​។ អា​ពាក្យ​ហ្នឹង គេ​ស្តាប់ វា​មិន​យល់​។ គេ​នឹកថា ប្រហែលជា​ទៅ​ចោទ​សម្តេច​តេជោ ចោរ​មែន​ទេ​។ បាន​ជា​ក្រោយ​លោក​ថា អា​ពាក្យ​ហ្នឹង លោក​ចោទ​មក​ខ្ញុំ (​ញឹក ប៊ុនឆៃ​)​ទេ ចោរលួច​គណបក្ស​។ វា​មិនមែន​ទេ ពីព្រោះ​គេ​សួរ​លោក​រឿង​សន្លឹកឆ្នោត​តើ​!”​។​

​លោក ញឹក ប៊ុនឆៃ បាន​មានប្រសាសន៍​បន្ត​ថា សម្រាប់​រូបលោក មក​ដល់​ម៉ោង​នេះ លោក​អត់​បញ្ហា​ទេ លោក​នៅតែ​គោរព​កិច្ចព្រមព្រៀង ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ ដដែល​តែ​សុំឲ្យ​សម្តេច​ក្រុមព្រះ ទៅ​ដោះស្រាយ​ជាមួយ​សម្តេច​តេជោ​សែន ឲ្យបាន​ច្បាស់លាស់​។

​លោក ញឹក ប៊ុនឆៃ បានបញ្ជាក់​ថា “​មក​ដល់​ម៉ោង​នេះ​ក៏​ដោយ ខ្ញុំ​អត់​បញ្ហា​ទេ​។ ២៤​ឧសភា ខ្ញុំ​នៅ​គោរព​សុំ​ឲ្យ​ព្រះអង្គ​ហ្នឹង ទៅ​ដោះស្រាយ​ធ្វើ​ម៉េច​ជាមួយ​សម្តេច​តេជោ ឲ្យ​ជ្រះស្រឡះ​ទៅ ព្រោះ​ខ្ញុំ តែ​កាលណា មិន​ដោះស្រាយ​ជ្រះស្រឡះ លោក​មក​ដឹកនាំ ហ្វ៊ុន​ស៊ិនប៉ិច បើ​លោក​មាន​ជំហរ​ទៅ​ជាមួយ​ប្រឆាំង ជាមួយ​អី​នោះ គេ​នឹង​ដេញ​ខ្ញុំ ចេញពី​រដ្ឋាភិបាល​។ អាហ្នឹង​ខ្ញុំ​ត្រូវ​ប្រយ័ត្ន​។ ខ្ញុំ​មិនឲ្យ​មាន​ទេ ពី​ព្រោះ​ខ្ញុំ​មិនមែន​បក្សប្រឆាំង​ឯណា​? ព្រោះ​ខ្ញុំ​មាន​គោលនយោបាយ​រួបរួម ដល់​ចឹង​វា​មិន​អាច​ទេ​បញ្ហា​លោក​ត្រូវ​ដោះស្រាយ​”​។

​លោក​បាន​បន្តថា លោក​មាន​បំណង​ចង់ឲ្យ​មាន​ការរួបរួ​ម​គ្នា​ឲ្យបាន​ឆាប់ ពីព្រោះ​ខែ​៧.៨.៩.១០ ចុះ​ឈ្មោះ​បោះឆ្នោត​ទៀតហើយ​។ បើ​យឺត​ទៅដល់​ខែ​សីហា មិនទាន់​រួបរួម​បាន នោះ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​នរោត្តម​រណឫទ្ធិ មាន​ពេលេ​ណា​ទៅ​បោះឆ្នោត ដែល​ត្រូវ​រៀបបញ្ចូល​គ្នា នៅ​មូលដ្ឋាន​អស់​ពេល ៣ ទៅ ៤ ខែ​ទៀត​។ ដូច្នេះ​បើ​យឺត​ជាង​ខែ​សីហា​នោះ ការបង្រួបបង្រួម​គ្នា ត្រូវ​ផ្អាក​សិន​ហើយ​។​

​មិនទាន់​មាន​ប្រតិកម្ម​បែបណា ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ទាក់ទង​នឹង​ការលើកឡើង​របស់​លោក ញឹក ប៊ុនឆៃ ខាងលើ​នៅ​ឡើយ​ទេ​៕​

What Next?

Recent Articles

6 Responses to "លោក ញឹក ប៊ុនឆៃ ឲ្យ​ សម្តេច​ក្រុមព្រះ ​ដោះស្រាយ​ជាមួយ​សម្តេច​តេជោ ឲ្យ​ជ្រះស្រឡះ​សិន បើ​ចង់​រួម​ជាមួយ​ហ្វ៊ុនស៊ិនប៉ិច​"

  1. បងប្អូនជួយអានការបកស្រាយ និងសកម្មភាពរបស់អាឆ្កែនេះ
    ខ្លួនឯងជាប្រធានគេតែធ្វើជាឆ្កែដ៏ឆ្លាតរបស់ហ៊ុន សែនទៅវិញ
    តើសមាជិកបក្សនេះធ្វើការឲ្យបក្សខ្លួនរឺបក្សប្រជាជន?
    ពួកអានេះធ្វើការដើម្បីតែអំណាចយកមកប្រព្រឹត្តិតែអំពើរពុករលួយតែប៉ុណ្ណោះ
    គ្មានទេដើម្បីប្រជារាស្ត្រ និងជាតិនោះ។ បក្សនេះវាគ្រាន់តែឧបករណ៍មួយ
    របស់ហ៊ុន សែន រៀបយុទ្ធសាស្ត្របំបែកសំឡេងឆ្នោតរបស់បក្សប្រឆាំងតែប៉ុណ្ណោះ៕

  2. Boy says:

    អីគេ នយោបាយផ្លូវកណ្តាល អីទេ ស្រប មិនស្រប បើ ប្រឆាំង មិន ប្រឆាំង ។ ប្រយ័ត្ន ទៅ ។

  3. Rationale says:

    ឱក្រុមអ្នកយកបាយទាំងឡាយអើយ ឈប់សំដែងមតិ ឬ ឆាកល្ខោនដែលអ្នកអានបកស្រាយថា ស្រលាញ់តែអំណាច និង កិត្តិយសសំរាប់តែបុគ្គលខ្លួនឯង….

  4. សុវណ្ណ មិនា says:

    ខាំគ្នាទៅទាន់នៅរស់ ពេលងាប់ទៅខានបានខាំគ្នាហើយ!

  5. Vichet says:

    វិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងព្រឹត្តិការណ៍ ថ្ងៃទី៥ និងថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧, ខកចិត្តណាស់…មិនចង់សើចនឹងពាក្យកំប្លែងរបស់លោក ញឹក ប៊ុនឆៃ ទេ។

  6. កាលពីដើមលោកទាំងពីរជិះទូកទៅណាជាមួយគ្នា មិនគួរណាម្នាក់ធ្លាក់ទឹក 
    លោកបែរជាយកច្រវ៉ាសំពងថែមសោះ គ្នាខំហែលមករកទូកចាស់ហើយ ហេតុអ្វីក៏លោក
    មិនជួយផង? រឿងហេតុទាំងអស់លោកជាអ្នកចូលរួមដែរ ហេតុអ្វីក៏លោកកំសាក
    មិនចូលរួមបកស្រាយ?