ពលរដ្ឋ​ខេត្ត​កោះកុង​ដែល​មាន​ជម្លោះ​ដីធ្លី​បារម្ភ​ពី​ការ​ពន្យារ​ពេល​សវនាការ

ដោយ ជិន ជេដ្ឋា
2012-07-07
វិទ្យុ​អាស៊ីសេរី

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ នៅ​ឃុំ​ជីខលើ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​លោក​ឧកញ៉ា លី យ៉ុងផាត់ ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​ជ្រួលច្របល់ និង​ខ្វល់ខ្វាយ​ខ្លាច​បាត់​បង់​ដីធ្លី ដោយ​សារ​តែ​តុលាការ​ខេត្ត​កោះកុង សម្រេច​ពន្យារ​ពេល​បើក​សវនាការ​ជម្រះ​ក្ដី​ពួក​គាត់ ពី​ថ្ងៃ​ទី​១២ ទៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១២ វិញ។

ការ​ពន្យារ​ពេល​នេះ ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​ក្រុមហ៊ុន ក្រោម​ហេតុផល​ថា ជាប់​រវល់​សវនាការ​នៅ​ភ្នំពេញ។

នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​បាន​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​កោះកុង បើក​សវនាការ​ឲ្យ​បាន​ឆាប់ ព្រោះ​ខ្លាច​អាជ្ញាធរ​មូលដ្ឋាន​ផ្សំ​គំនិត​ជាមួយ​ក្រុមហ៊ុន ប្រើ​ល្បិច​ផ្សេងៗ​ដើម្បី​យក​ដី​ពួក​គាត់​ដោយ​គ្មាន​សំណង​អ្វី​សោះ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ អាន ហៃយ៉ា លោក​មាន​ប្រសាសន៍​ថា ក្រុម​ប្រជាពលរដ្ឋ​នឹង​លើក​គ្នា​ទៅ​សាលា​ឃុំ​ជីខលើ នៅ​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា ដើម្បី​សួរ​នាំ​លើ​ដំណើរ​សម្រង់​ឈ្មោះ និង​ការ​កំណត់​ផ្ទៃដី​របស់​ប្រជាពលរដ្ឋ៖ «គេ​គ្រាន់​តែ​ធ្វើ​សម្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​កាន់​កាប់​ដី តែ​មិន​មែន​ជា​លក្ខណៈ​ពិត​ប្រាកដ។ តើ​ហេតុ​អ្វី​បាន​ជា​ផ្ដិត​មេដាយ ហើយ​ចុះ​អត្តសញ្ញាណប័ណ្ណ ហើយ​ដាក់​ទាំង​ទំហំ​ដី ដាក់​ទាំង​ចំនួន​ក្បាល​ស្រែ។ ឥឡូវ​ចំណុច​ទាំង​ពីរ​នេះ ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​លាស់​ថា អាជ្ញាធរ​ធ្វើ​ហ្នឹង​ក្នុង​គោល​បំណង​ណា​មួយ​ទេ»

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ថន ខុន បាន​បន្ថែម​ថា ក្រោយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​ថា ធ្វើ​ប្លង់​រឹង​ឲ្យ​កាន់​កាប់​ដី​ស្រប​ច្បាប់​ជូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ឃុំ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​គាត់​មាន​ការ​សប្បាយ​ចិត្ត និង​បាន​ទៅ​ផ្ដិត​មេដាយ បញ្ជាក់​លើ​ក្បាល​ដី​របស់​ខ្លួន​ជា​ច្រើន​គ្រួសារ ប៉ុន្តែ​ពួក​គាត់​ព្រួយ​បារម្ភ និង​ខ្លាច​បាត់​បង់​ដី​ទៅ​វិញ នៅ​ខណៈ​ដែល​តុលាការ​សម្រេច​លើក​ពេល​សវនាការ​ជម្រះ​ករណី​ដីធ្លី​របស់​ពួក​គាត់៖ «ចុះ​ហើយៗ ផ្ដិត​មេដាយ​ហើយ ប៉ុន្តែ​ខ្ញុំ​ភ័យ​ព្រួយ​ខ្លាច​តែ​គេ​ក្រឡាច់​ថា ខ្ញុំ​ហ្នឹង​គេ​ដោះស្រាយ​ឲ្យ​ហើយ ខ្ញុំ​ព្រួយ​ចិត្ត​ប៉ុណ្ណឹង ព្រួយ​គ្រប់​គ្នា​ទាំង​អស់ ហើយ​អាជ្ញាធរ​អត់​មាន​ហៅ​ប្រជុំ​ប្រជាពលរដ្ឋ​សោះ»

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់ និង​ក្ដី​បារម្ភ​របស់​ប្រជាពលរដ្ឋ មេ​ឃុំ​ជីខលើ លោក ឆាយ វុធ មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​មក​លើ​អាជ្ញាធរ គឺ​មាន​តែ​អ្នក​ប្រឆាំង​ពីរ​ទៅ​បី​នាក់​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​ប្រជាពលរដ្ឋ​ស្ទើរ ៨០%​បាន​មក​ចុះ​ឈ្មោះ និង​ផ្ដិត​មេដាយ​អះអាង​លើ​ក្បាល​ដី​រៀងៗ​ខ្លួន​អស់​ហើយ៖ «អត់​មាន​បង្ខំ​យក​អត្តសញ្ញាណប័ណ្ណ​អី​ទេ មាន​ក៏​មាន អត់​ក៏​ហី ផ្ដិត​មេដាយ​ដើម្បី​គាត់​ចង់​បញ្ជាក់​ថា គាត់​មាន​ដី​ពីរ​បី​កន្លែង អីចឹង​ដល់​ពេល​គេ​ធ្វើ​ប្លង់​បឋម​ឲ្យ​គាត់ គាត់​ត្រូវ​ចង្អុល​ថា ដី​គាត់​កន្លែង​នេះ កន្លែង​នោះ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​ប្រធាន​សុរិយោដី​ខេត្ត​កោះកុង លោក រស់ វីរ៉ាវុធ និង​មេធាវី​ការពារ​ក្ដី​ឲ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ គឺ​លោក ទូច ឆាយ ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​លើ​ការ​ចោទ​ប្រកាន់ និង​ក្ដី​បារម្ភ​របស់​ប្រជាពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ លីកាដូរ (Malaysia) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១២ លោក និង​ក្រុម​ការងារ បាន​ចុះ​ទៅ​ជួប​ពលរដ្ឋ និង​មេ​ឃុំ​ផ្ទាល់ ដោយ​សារ​តែ​កន្លង​មក​លោក​មើល​ឃើញ​ថា អាជ្ញាធរ​ភូមិ និង​ឃុំ​មាន​ការ​រើសអើង​ប្រជាពលរដ្ឋ និង​មិន​សូវ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គាត់​នោះ​ទេ៖ «គាត់​បាន​ប្រាប់​យើង​ថា គាត់​ទទួល​ការ​ណែ​នាំ​ឲ្យ​ត្រៀម​ស្រង់​ទិន្នន័យ​រឿង​ការ​ប្រើប្រាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ ហើយ​មួយ​ទៀត គឺ​គាត់​ត្រៀម​ធ្វើ​ការ​សហការ​មន្ត្រី​ជំនាញ​ដូច​ជា សុរិយោដី ព្រៃឈើ ហើយ​នឹង​បរិស្ថាន ដើម្បី​កំណត់​និយាមកា​ថា ដី​ណា​ប្រជាជន​កំពុង​ប្រើ ហើយ​ដី​ណា​ដី​សាធារណៈ​របស់​រដ្ឋ»

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ថ្មីៗ​នេះ សាលា​ខេត្ត​កោះកុង បាន​ចាត់​តាំង​ក្រុម​ការងារ​ជំនាញ​ចំនួន​បី​ក្រុម ដើម្បី​ចុះ​វាស់វែង​ដីធ្លី នៅ​តំបន់​មាន​ជម្លោះ និង​គ្មាន​ជម្លោះ​ទូទាំង​ខេត្ត ទើប​ក្រុម​ការងារ​លោក​ចុះ​តាម​អង្កេត​លើ​ដំណើរការ​នេះ​ជា​ប្រចាំ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​យក​ចិត្ត​ទុកដាក់​លើ​ការ​ដោះ​ស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​ខេត្ត​កោះកុង​ដែល​មាន​ជម្លោះ​ដីធ្លី​បារម្ភ​ពី​ការ​ពន្យារ​ពេល​សវនាការ"

  1. អ្នកគុណនិយមដែនដីខាងលិច says:

    បងប្អូនអូនអើយ សង្ឍឹមផ្កាយលើមេឃទៅ​ ។ លោកនាយករដ្ឋមន្ត្រីយើងនិយាយ
    នៅថ្ងៃទី១៤ និ២៦ ខែ មិថុនា ឲ្យតែល្អមើល និងល្អស្តាប់ប៉ុណ្ណោះ ។ គាត់ធ្វើនេះ
    ដើមី្បប្រជាប្រិយភាពរបស់គាត់ សម្រាប់ប្រមូលសម្លេងឆ្នោតនាពេលខាងមុខ
    ប៉ុណ្ណោះ ។ ដីនៅតែជាដីរបស់ក្រុមហ៊ុនដដែល គាត់គ្រាន់តែយកពាក្យប្រជា
    ជនមកធ្វើជាខែលប៉ុណ្ណោះ សារជាតិរបស់គាត់ គឺការពារឧកញ្ញ៉ាខិលខូច
    ប៉ុណ្ណោះ តីអ្នកណា ដែលផ្តល់ប្រាក់ ឲ្យហ៊ុន សែនធ្វើសាលារៀនកន្លងមក ។
    សួរខ្ញុំឯណេះទៅ ធ្លាប់ជិះទូកដើរលែងកំសាន្តជាមួយគាត់​ កាលពីមិនទាន់ធ្វើ
    រដ្ឋមន្ត្រីក្រសួងការបរទេស ។ ម្យ៉ាងទៀតមន្ត្រីថ្នាក់ក្រោមរបស់គាត់មិនដឹងជា
    អនុវត្តតាមកម្រិតណាទេ ព្រោះមន្ត្រីនៅខេត្តកោះកុងសុទ្ធតែជាខ្សែរបស់ បង
    ហេង បងជា និងបងបាញ់ បាទ ។ សុំទោសដូចជាដឹងរឿងគេច្រើនពេកហើយ។