អ្នក​បឹងកក់ ផ្តើម​តវ៉ា​ជាថ្មី នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​

ភ្នំពេញ: ក្រុម​ស្ត្រី​អ្នក​ភូមិ​បឹងកក់ រួម​ទាំង​កុមារ​ផង បាន​ផ្តើម​ការតវ៉ា​ជាថ្មី នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធ​ររាជធានី​ភ្នំពេញ ចុះ​វាស់វែង កំណត់​ព្រំ​ដី ទំហំ ១២,៤៤ ហិកតា ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កាត់​ឲ្យ​ប្រជាពលរដ្ឋ សម្រាប់​ដំណើរការ​អភិវឌ្ឍន៍​តំបន់​បឹង​កក់​ដ៏​ចំរូងចម្រាស់​។​

ក្រុមអ្នកបឹងកក់ ប្រមូលផ្តុំតវ៉ា មុខសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)

ក្រុមអ្នកបឹងកក់ ប្រមូលផ្តុំតវ៉ា មុខសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)

ថ្ងៃទី 27 សីហា 2012
ដោយ: រតនា
CEN

​ការជួបជុំ​របស់​ស្ត្រី​អ្នក​ភូមិ​បឹងកក់ នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​នេះ មិនទាន់​មាន​ការរារាំង ឬក៏​បង្ក្រាប​នោះទេ​។ ក្រុមអ្នកតវ៉ា ពិសេស​កុមារ​តូចៗ បាន​ស្រែក​មេក្រូ ទទូច​ជំរុញ​ឲ្យ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ចុះ​វាស់វែង កំណត់ព្រំដែន នៅ​តំបន់​បឹងកក់ ដែល​ស្ថិតនៅ​ខាងក្រោយ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុង​ពេល​កន្លងមក ក្រុម​ស្ត្រី​អ្នក​ភូមិ​បឹងកក់ បាន​តវ៉ា​ច្រើនលើក​ច្រើនសារ​មក និង​ត្រូវ​បាន​បង្ក្រាប ព្រមទាំង​ត្រូវ​ចាប់ឃុំខ្លួន​ក៏មាន​។ នៅ​ចុងឆ្នាំ​២០១១ សម្តេច​ហ៊ុន​សែន បានសម្រេច​កាត់​ដី​ទំហំ ១២,៤៤ ហិកតា ចេញពី​ផ្ទៃដី​បឹងកក់​ជាង ១៣០ ហិកតា សម្រាប់​ឲ្យ​ពលរដ្ឋ​តវ៉ា រស់នៅ​ផ្ទះ​របស់​ខ្លួន​ដដែល​។ តែ​ជម្លោះ​តវ៉ា នៅតែ​កើតមាន មិន​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ឡើយ​។​

បន្ទាប់ពីស្រែកតវ៉ានៅមុខសាលារាជធានីភ្នំពេញអស់ចិត្តហើយនោះ ក្រុមស្ត្រីបឹងកក់ បានដឹកនាំកុមារតូចៗ ទៅស្រែកយំ និងលុតជង្គង់អង្វរសុំអន្តរាគមន៍ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅមុខវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២។

​កាលពី​ឆ្នាំ​២០០៦ អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​ចុះហត្ថលេខា ប្រគល់​ដី​បឹងកក់ ទំហំ​ជាង ១៣០ ហិកតា ឲ្យទៅ​ក្រុមហ៊ុនស៊ូ​កាគូ​អ៊ិន ដើម្បី​អភិវឌ្ឍន៍​ជា​ទីក្រុង​រណប​។ ប៉ុន្តែ​គម្រោង​អភិវឌ្ឍន៍​នោះ នាំ​ឲ្យ​ពលរដ្ឋ​ជាង ៤.០០០ គ្រួសារ ត្រូវ​រុះរើ​លំនៅដ្ឋាន​។ មកដល់ពេលនេះ នៅសល់​តែ​ពលរដ្ឋ​ជាង ៧០០ គ្រួសារ ប៉ុណ្ណោះ ដែល​អះអាង​ថា មិន​ព្រម​រុះរើ​លំនៅ និង​ទទួលយក​សំណង ដើម្បី​ចាកចេញ​ពី​បឹងកក់​ទេ​។ ពលរដ្ឋ​ទាំង​នោះ បាន​តស៊ូ ក្រាញននៀល និង​តវ៉ា រហូតដល់​សម្តេច​ហ៊ុន​សែន សម្រេច​កាត់​ដី ១២,៤៤ ហិកតា សម្រាប់​អភិវឌ្ឍន៍​នៅនឹងកន្លែង​៕​

What Next?

Recent Articles

One Response to "អ្នក​បឹងកក់ ផ្តើម​តវ៉ា​ជាថ្មី នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​"

  1. ខ្ញុំជាខ្មែរ says:

    តាមពិតរដ្ឋាភិបាលគ្មានឆន្ទៈក្នុងការកាត់ដីអោយប្រជាជននៅបឹងកក់នោះទេ គាត់និយាយអោយតែ
    បានតែពីមាត់តែប៉ុណ្ណោះដើម្បីអោយប្រទេសម្ចាស់ជំនួយផ្តល់ជំនួយអោយទៀតតែប៉ុណ្ណោះ