កំពត: វាជាការប្រសើរបំផុត ដែលការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តតម្រូវឲ្យប្រើប្រាស់ដោយម៉ាស៊ីន ដើម្បីបញ្ជាក់នូវគុណភាពពិតប្រាកដ បញ្ចៀសពីការមើលតែភ្នែកទទេ បំណងកាត់បន្ថយករណីគ្រោះថ្នាក់ជាយថាហេតុ។ ប៉ុន្តែវិធានការនេះ បាន និងកំពុងបង្កការលំបាកសម្រាប់អ្នកនៅបណ្តាខេត្ត ដែលត្រូវនាំយករថយន្តរបស់ខ្លួន ទៅដល់ភ្នំពេញ ខណៈម៉ាស៊ីនពិនិត្យបច្ចេកទេសទាំងនោះមិនទាន់ត្រូវបានពង្រាយតាមខេត្ត នៅពេលនេះ។

មន្ទីរសាធារណការខេត្តកំពត ដែលកំពុងអនុវត្តន៍តាមការសម្រេចរបស់ក្រសួង បង្កការលំបាកដល់ម្ចាស់យានយន្ត ពីបញ្ហាការត្រួតពិនិត្យលក្ខណៈបច្ចេកទេស
ថ្ងៃទី 10 កញ្ញា 2012
ដោយ: ឌីណា
CEN
អ្នកប្រើប្រាស់រថយន្ត សំណូមពរឲ្យបញ្ជូនម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឲ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយការលំបាក ដែលជាផ្នែកមួយជួយសម្រាលភាពខ្វះខាតរបស់ប្រជាពលរដ្ឋ។
បន្ទាប់ពីនាំយករថយន្តទៅឲ្យជំនាញវាយតម្លៃនៅមន្ទីរសាធារណការខេត្ត ដើម្បីទទួលបានសន្លឹកឆៀក តែត្រូវគេប្រាប់ថា មិនអាចចេញជូនដូចបណ្តាឆ្នាំមុនៗនោះ ម្ចាស់រថយន្តទាំងឡាយបានសម្តែងនូវការខកចិត្ត ព្រោះខ្លះមកតាំងពីស្រុកឆ្ងាយ ចំណាយពេលវេលា សោហ៊ុយ ដោយសង្ឃឹមថានឹងបានទទួលនូវការត្រួតពិនិត្យវាយតម្លៃគុណភាពរថយន្ត ព្រមទាំងឈានទៅដល់ការចេញសន្លឹកឆៀក ដើម្បីប្រើប្រាស់ដូចសព្វដង។ ធ្វើដូចនេះរាល់ម្ចាស់រថយន្តត្រូវបន្ថែមលើការចំណាយសោហ៊ុយ និងពេលវេលា ក្នុងការបំពេញតាមបែបបទ ព្រមទាំងជួបភាពលំបាក សម្រាប់ការនាំយករថយន្តទៅភ្នំពេញ ជាទីប្រមូលផ្តុំនៃអ្នកមកពីបណ្តាខេត្ត ដែលមិនទាន់មានម៉ាស៊ីនត្រួតពិនិត្យ ព្រោះតែបារម្ភនូវការហួសកាលកំណត់ឆៀកចាស់ ប្រឈមការផាកពិន័យ។
ជុំវិញបញ្ហានេះ មន្ត្រីនៃមន្ទីរសាធារណការមួយរូប រៀបរាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា មន្ទីរមិនអាចធ្វើដូចឆ្នាំមុនៗបានទេ ព្រោះមានការណែនាំពីលោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តម្រូវឲ្យត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដោយម៉ាស៊ីន ពោលគឺលែងឲ្យមានការវាយតម្លៃគុណភាពពីភ្នែកទទេទៀតហើយ។
មន្ត្រីដដែលបន្តទៀតថា ទោះជាយ៉ាងនេះក្តី ក្រសួងមិនបានបញ្ជាក់នូវពេលវេលា នៃការដាក់ម៉ាស៊ីនត្រួតពិនិត្យនៅឡើយទេ។ បើសិនជាក្រសួងមានការយឺតយ៉ាវនោះ បញ្ហាមួយចំនួននឹងកើតឡើងដូចជា ប្រជាពលរដ្ឋខ្លះយករថយន្តពីស្រុកឆ្ងាយ ទម្រាំមកដល់មន្ទីរ ហើយមិនបានធ្វើ នាំឲ្យពួកគាត់ខាតសោហ៊ុយ ខាតពេលវេលា។ ឯថវិកាចំណូលរដ្ឋក៏បាត់បង់ផងដែរ។ ប៉ុន្តែនេះមិនមែនជាកំហុសរបស់មន្ទីរឡើយ ត្បិតការផ្សព្វផ្សាយបានធ្វើដល់គ្រប់មូលដ្ឋានទាំងអស់ ហើយក្រសួងក៏បានដឹងពីការលំបាកនេះ រាប់ទាំងការខាតបង់ចំណូលប្រចាំខែបើប្រៀបធៀបនឹងពេលពិនិត្យដោយភ្នែកទទេនោះផងដែរ។
ប្រភពដដែលរៀបរាប់បន្តទៀតថា តាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី នាពេលកន្លងមក គឺធ្វើប្រតិភូកម្មការងារនេះដល់ខេត្ត បំណងបង្កភាពងាយស្រួល សម្រាប់ម្ចាស់យានយន្តទាំងឡាយ និងជាការអនុវត្តនយោបាយវិមជ្ឈការដល់មូលដ្ឋានកៀកជាមួយប្រជាពលរដ្ឋ ដែលជាផ្នែកនៃការកាត់បន្ថយការលំបាក និងចំណាយផ្សេងៗ នាំឱ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃ។ លុះដល់ពេលដកការងារនេះ ត្រឡប់ទៅក្រសួងវិញ គឺតាមការសម្រេចរបស់លោករដ្ឋមន្ត្រីក្រសួងសាធារណការប៉ុណ្ណោះ មិនមែនធ្វើឡើងដោយសម្តេចនាយករដ្ឋមន្ត្រី ដូចកាលធ្វើប្រតិភូកម្មទេ។
មន្ត្រីរូបនោះបញ្ជាក់ថា ក្នុងន័យនេះហើយ ទើបនៅកិច្ចប្រជុំកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ ថ្មីៗនេះ លោករដ្ឋលេខាធិការក្រសួងសាធារណការមួយរូបនិយាយថា រឿងអនុសាសន៍ក៏អនុសាសន៍ទៅ តែការសម្រេចរបស់លោករដ្ឋមន្ត្រី ដែលដាក់ចេញហើយត្រូវអនុវត្តន៍យ៉ាងហោចឱ្យបានប្រាំមួយខែសិនដែរ។
ពាក់ព័ន្ធនឹងបញ្ហាម៉ាស៊ីនវិញ មន្ត្រីសុំលាក់ឈ្មោះដដែលនេះ រៀបរាប់ឱ្យដឹងថា ភាពរអាក់រអួលក្នុងការដាក់ម៉ាស៊ីនដល់ខេត្តនោះ ដោយសារមានក្រុមហ៊ុនមួយ បានធ្វើកិច្ចសន្យាជាមួយក្រសួង តែព្រងើយកន្តើយក្នុងការអនុវត្តតាមខ្លឹមសារ ដែលមានស្រាប់។ ឯក្រសួងក៏ហាក់មិនត្រួតពិនិត្យមើលឡើងវិញ បង្កឱ្យមានការលំបាកសម្រាប់បណ្តាខេត្តនានា ដោយមកដល់ពេលនេះ ម៉ាស៊ីនទើបមាននៅខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តសៀមរាបប៉ុណ្ណោះ។
ការណ៍ដែលម្ចាស់យានយន្ត មិនអាចទន្ទឹងរង់ចាំ ព្រោះខ្លាចផុតកំណត់ប្រឈមការផាកពិន័យពីសំណាក់សមត្ថកិច្ចតាមផ្លូវ ដែលតម្រូវឱ្យពួកគាត់បង្ខំចិត្តនាំយកទៅធ្វើនៅភ្នំពេញ ប្រៀបបាននឹងចេតនាមួយបង្កើននូវករណីគ្រោះថ្នាក់ចរាចរណ៍ ជាបន្ទុកដាក់បន្ថែមការលំបាកដល់រាជរដ្ឋាភិបាលមួយកម្រិតទៀត។
ដោយឡែកសម្រាប់ក្រុមហ៊ុនវិញ កំពុងសម្ងំស្ងៀមឈឹង រង់ចាំតែទទួលផលចំណេញពីអ្វីដែលមនុស្សភាគច្រើនជួបការលំបាកដោះស្រាយមិនចេញនេះ។
អ្នកប្រើប្រាស់យានយន្តទាំងឡាយ សំណូមពរចំពោះក្រសួងសាធារណការ មេត្តាជំរុញឱ្យក្រុមហ៊ុនដាក់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានដល់ខេត្ត ឆាប់រហ័ស ដើម្បីបង្កភាពងាយស្រួលសម្រាប់ការវាយតម្លៃគុណភាពយានយន្តទាន់ពេលវេលា ជៀសវាងហួសកាលកំណត់ ដែលត្រូវប្រឈមនឹងការផាកពិន័យពីសមត្ថកិច្ចតាមដងផ្លូវ។
ក្រុមអ្នកប្រើប្រាស់រថយន្ត ក៏បានសំណូមពរជាពិសេស សូមប្រមុខរាជរដ្ឋាភិបាលមេត្តាជួយអន្តរាគមន៍លើបញ្ហាដែលប្រជាពលរដ្ឋកំពុងជួបការលំបាកពាក់ព័ន្ធនឹងការចំណាយពេលវេលាឡើងមកពិនិត្យយានយន្ត នៅក្រសួងសាធារណការនៅភ្នំពេញ ដែលនាំឱ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃនេះផង៕ S


នេះជាការល្អ, តែបើអ្នកពិនិត្យពុករលួយ គឺនៅដដែល។
គេមិនជឿថាកិច្ចការនេះធ្វើទៅបានប្រសើរឡើយ!