គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អះអាងពីភាពជោគជ័យនៃយុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២។

អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោកស្រី ស៊ីន ជុំបូ ថ្លែងក្នុងសន្និសីទកាសែតនាទីស្ដីការ គ.ជ.ប. នារាជធានីភ្នំពេញ នៅថ្ងៃទី២ តុលា ឆ្នាំ២០១២។ RFA/Den Ayuthyea
ដោយ ដែន អយុធ្យា
2012-10-02
វិទ្យុអាស៊ីសេរី
លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ របស់ គ.ជ.ប. នៅតាមឃុំចំនួន ១.៦៣០ឃុំ-សង្កាត់ ក្នុងចំណោមឃុំសង្កាត់ ១.៦៣៣ឃុំ-សង្កាត់ ទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកញ្ញា បានបង្ហាញថា ចំនួនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ដែលបានចុះឈ្មោះថ្មី មានជាង ៥.៨សែននាក់ (៥៨៦.៧៧២)។ កែតម្រូវឈ្មោះមានជាង ៥ម៉ឺននាក់ (៥៦.៦៧៦) និងលុបឈ្មោះជាង ២សែននាក់ (២០៣.៦៨៤)។
លោកស្រី ស៊ីន ជុំបូ អនុប្រធាន គ.ជ.ប. បានអះអាងក្នុងសន្និសីទកាសែតនាទីស្ដីការ គ.ជ.ប. នៅថ្ងៃទី២ ខែតុលា ថា គ.ជ.ប.បានកែលម្អនីតិវិធី និងការអនុវត្តជាច្រើន ដើម្បីជំរុញឲ្យការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ បានប្រសើរ។
លោកស្រីឲ្យដឹងថា ឆ្នាំនេះ គ.ជ.ប. បានបន្ថែមចំណុចថ្មីៗមួយចំនួនដើម្បីជំរុញឲ្យសកម្មភាពពិនិត្យ និងចុះឈ្មោះបោះឆ្នោតមានដំណើរការល្អ។ មានដូចជា៖ សហការផលិតស្ប៉តអប់រំជាមួយអង្គការនានា សហការជាមួយក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធឲ្យយកចិត្តទុកដាក់បំពេញការងារបោះឆ្នោតឲ្យមានប្រសិទ្ធភាព និងស្នើឲ្យអភិបាលរាជធានី ខេត្តជួយសហការជាដើម។
លោកស្រី ស៊ីន ជុំបូ៖ «តម្លាភាពមិនមែនឋិតនៅត្រង់ថតចំលងប័ណ្ណខៀវហ្នឹងទេ ព្រោះថា ប័ណ្ណខៀវហ្នឹងវាជាគល់បញ្ជី មិនមែនជាសន្លឹក១ៗទេ គឺមានបិទរូបថតមានអី។ ដូច្នេះតម្លាភាពគឺនៅត្រង់ គ.ជ.ប. អត់មានហាមឲ្យទៅពិនិត្យប័ណ្ណ និងគល់បញ្ជីហ្នឹងទេ។ បើសិនជាដឹងថា មានករណីរំលោភច្បាស់លាស់ហើយ យើងទៅមើលប័ណ្ណខៀវហ្នឹងទៅ មើលតាមហ្នឹង តើការងារហ្នឹងវាពិតប្រាកដយ៉ាងម៉េចអីយ៉ាងម៉េច ហើយអាចប្ដឹងតវ៉ាបាន»។
យ៉ាងនេះក្តី លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (COMFREL) បានថ្លែងថា សកម្មភាពពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំនេះ គ.ជ.ប. អនុវត្តមិនបានល្អដូចការអះអាងទេ។ លោកថា រាល់អនុសាសន៍របស់សង្គមស៊ីវិល និងគណបក្សនយោបាយខ្លះបានលើកឡើងថា គ.ជ.ប. មិនយកចិត្តទុកដាក់ទេ។
លោកថ្លែងថា មានអនុសាសន៍ចំនួន ៦ចំណុច ដែលខុមហ្វ្រែល ផ្ដល់ជូនស្ថាប័ន គ.ជ.ប. កែតម្រូវ ដើម្បីបង្កើនតម្លាភាពក្នុងការពិនិត្យ និងចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែរាល់អនុសាសន៍មានដូចជា ស្នើសុំថតចំលងបញ្ជីឈ្មោះ ដែលមេឃុំ ចៅសង្កាត់ ចេញលិខិតបញ្ជាក់អត្តសញ្ញាណសំរាប់បម្រើឲ្យការបោះឆ្នោតជាដើមនោះ គ.ជ.ប. មិនបានពិចារណាទេ។
លោក គល់ បញ្ហា៖ «គួរតែបើកចំហទៅឲ្យគេមើលឃើញពីបញ្ហាលុបឈ្មោះ ហើយនិងរាល់ការចេញឯកសារបញ្ជាក់អត្តសញ្ញាណ រាល់ការបោះឆ្នោតហ្នឹងឲ្យគេពិនិត្យមើលទៅ ព្រោះថា ចេញឯកសារជាង ១លានជាងហើយ ថាតើឯកសារនេះយ៉ាងម៉េចអីយ៉ាងម៉េច? ដើម្បីឲ្យគេផ្ទៀងផ្ទាត់ដែលមេឃុំ ចៅសង្កាត់ចេញ។ រឿងនេះយកទៅពិចារណាទៅ ហើយអនុសាសន៍ទុកសំរាប់ដល់ពេលមានបញ្ហាពេលអំឡុងពេលចុះឈ្មោះបោះឆ្នោត គេអាចកែឲ្យវាល្អទៅ ហើយបង្កើនការទុកចិត្តរបស់គណបក្សទៅ គឺសំខាន់ណាស់ដែល គ.ជ.ប. ត្រូវពិនិត្យអនុសាសន៍នេះ»។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំនេះ មានរយៈពេល ៤២ថ្ងៃ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។
យុទ្ធនាការនេះមានមន្ត្រីសង្គមស៊ីវិល ឬមន្ត្រីគណបក្សនយោបាយមួយចំនួនបានចោទស្ថាប័ន គ.ជ.ប. ថាមិនបានទទួលយកអនុសាសន៍ ឬកែប្រែនីតិវិធីសាំញ៉ាំរបស់ខ្លួនទេ។ ប៉ុន្តែលោកស្រី ស៊ីន ជុំបូ បានថ្លែងថា ការបដិសេធមិនទទួលយកអនុសាសន៍របស់សង្គមស៊ីវិល ដោយសារតែអនុសាសន៍ទាំងនោះគ្មានមូលដ្ឋានត្រឹមត្រូវ។
មន្ត្រី គ.ជ.ប. បានឲ្យដឹងថា ការពិនិត្យ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ គឺជាការធ្វើបញ្ជីឈ្មោះទុកសំរាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឬសមាជិកសភានីតិកាលទី៥ ឆ្នាំ២០១៣។
ប្រជាពលរដ្ឋដែលគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១២ នឹងមិនមានសិទ្ធិបោះឆ្នោតជាតិនៅឆ្នាំ២០១៣ បានទេ។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រិះរកមធ្យោបាយបង្ខំឲ្យគេជឿរក្រែងបានធ្វើជាប្រធាន គ ជ ប មួយអាណត្តិទៀត ព្រោះប៉ុន្មាន អាណត្តិនេះបានលុយពុករលួយពីហ៊ុនសែនសុីឆ្ងាញ់ណាស់វើយ។ ឲ្យតែឲ្យលុយអ្វីៗក៍ជួយ សម្រួលឲ្យបានដែរ។