បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខ្មែរ​: អ្នកជំនាញ​បកស្រាយ​ពី​ទំនាក់ទំនង​ជាមួយ​ព្រះពុទ្ធសាសនា​

ភ្នំពេញ: ​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ពុទ្ធសាសនិកជន​ខ្មែរ​តែងតែ​ប្រារព្ធ​ធ្វើឡើងមុន​ព្រះសង្ឃ​ចេញ​ព្រះវស្សា​ចំនួន​មួយខែ​រៀងរាល់ឆ្នាំ គឺ​ចាប់​កាន់បិណ្ឌ​តាម​វេន​ពី​ថ្ងៃ១​រោច ដល់​ថ្ងៃ​១៤​រោច​ខែ​ភ​ទ្របទ​។ នៅ​ថ្ងៃ​១៥​រោច ជា​ថ្ងៃ​ភ្ជុំបិណ្ឌ គឺជា​ថ្ងៃ​សំខាន់ ដោយ​គេ​ធ្វើ​ពិធីបុណ្យ​នេះ​រួមគ្នា គ្រប់​វេន​ទាំងអស់​។

ថ្ងៃទី 10 តុលា 2012
ដោយ: រឿន សាវុធ
CEN

បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខ្មែរ​: អ្នកជំនាញ​បកស្រាយ​ពី​ទំនាក់ទំនង​ជាមួយ​ព្រះពុទ្ធសាសនា​

បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខ្មែរ​: អ្នកជំនាញ​បកស្រាយ​ពី​ទំនាក់ទំនង​ជាមួយ​ព្រះពុទ្ធសាសនា​



ពាក្យ​ថា “​បិណ្ឌ​” មានន័យថា ពុំនូត​បាយ ដែល​គេ​ឧទ្ទិស​ដល់​ខ្មោច​ដែល​បាន​ស្លាប់ទៅ​។ សព្វថ្ងៃនេះ​បាយបិណ្ឌ គឺ​ពុំនូត​បាយដំណើប​ចម្អិន​ជាមួយ​ខ្ទិះដូង ហើយ​លាយ​ជាមួយ​គ្រឿងផ្សំ​ផ្សេងទៀត​ទៅតាម​ការនិយម​របស់​អ្នកស្រុក​តាម​តំបន់​នីមួយៗ​។​

យោងតាម​សម្តី​លោកតា សំបុក ដែលជា​អាចារ្យវត្ត បាន​ឲ្យ​ដឹងថា ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​បុ​ណ្ឌ​ភ្ជុំបិណ្ឌ​នេះ មាន​ដាក់​បាត្រ ឬ​រាប់បាត្រ​នៅពេល​ព្រឹក បោះ​បាយបិណ្ឌ​នៅពេល​ទៀបភ្លឺ សូត្រធម៌​បរាភវ​សូត្រ នៅ​ពេលយប់​រហូតដល់​ទៀបភ្លឺ និង​ពូន​ភ្នំខ្សាច់ តែ​ពូន​ភ្នំខ្សាច់​នេះធ្វើឡើងទៅតាម​តំបន់​ទេ​។​

លោក អាចារ្យ បាន​ប្រាប់ថា ពូន​ភ្នំខ្សាច់​ឡើង​ ឧទ្ទិស​ដល់​ព្រះ​ចូឡាមណី​ចេតិយ និង​បំបាត់​កម្ម​ពៀរ​វេ​រា​។ ចំពោះ​ដាក់​បាត្រ​ជាការ​វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ដល់​អ្នក​ដែល​ស្លាប់ទៅ​។ រីឯ​បោះ​បាយបិណ្ឌ​ឧទ្ទិស​ដល់​ប្រេត​ដែលមាន​ញាតិ និង​ប្រេត​ដែល​អត់​ញាតិ​។ ឯការ​សូត្រធម៌​បរាភវ​សូត្រ គឺ​បង្ហាញ​ប្រាប់​ពី​ហេតុដែល​នាំ​ឲ្យ​វិនាស​ទាំង​១២ យ៉ាង​ដែលមាន​ជាអាទិ៍​ថា អ្នក​ស្រឡាញ់​ធម៌​នាំ​ឲ្យ​ចម្រើន អ្នក​ស្អប់​ធម៌​នាំ​ឲ្យ​វិនាស អ្នក​សេពគប់​អសប្បុរស អ្នក​ដេក​ច្រើន និយាយ​ច្រើន មិន​ចិញ្ចឹម​មាតាបិតា​ដែល​ចាស់ជរា អ្នកប្រព្រឹត្ត​ល្បែង​បី​ប្រការ គឺ​ល្បែង​ស្រី ល្បែង​ស្រា ល្បែង​ភ្នាល់មាន់​ទាំងឡាយ​ជាដើម ទាំងអស់នេះ​ជា​ប្រធាន​នៃ​ក្តី​វិនាស​។​

ចំពោះ​អត្ថន័យ​នៃ​បុណ្យ​នេះ ​មានន័យ​សំខាន់​មួយ​គឺ​ការពិចារណា​នូវ​វដ្តសង្សារ​ដែល​កើតមក​តែងតែ​ស្លាប់​ទៅវិញ​ ដែល​អាច​ជំរុញ​ទឹកចិត្ត​ឲ្យ​លះបង់​អំពើ​បាប​ ហើយ​សាង​តែ​អំពើ​ល្អ ព្រោះ​ខ្លាច​ធ្លាក់​ទៅក្នុង​អបាយភូមិ​ទាំង​៤ ដែលមាន​នរក តិរច្ឆាន អសុរកាយ និង​ប្រេត​ជាដើម​។​

​ទន្ទឹមនឹង​ការ​ប្រារព្ធ​បុណ្យ​ភ្ជុំ​បិ​ណ្យ​នេះ ​តាម​ទស្សនៈ​មួយចំនួន​មានគំនិត​ជឿថា​ពិធីបុណ្យ​នេះ បានទទួល​ឥទ្ធិពល​ពី​ព្រះពុទ្ធសាសនា​។

​ទាក់​ទឹ​ន​នឹង​ករណី​នេះដែរ លោក​សាស្ត្រាចារ្យ យៀង វីរៈ​បុត្រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ មាន​ទស្សនៈ​ថា នៅក្នុង​ព្រះពុទ្ធសាសនា ​ពុំមាន​វគ្គ​ណាមួយដែល​ចែង​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ​នេះ​ទេ ដោយ​គ្រាន់តែ​មានរឿង​ខ្លះ​ទាក់ទង​នឹង​បញ្ហា​មួយ​នេះ​តិចតួច​ប៉ុណ្ណោះ មិនមែន​ឲ្យ​យើង​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​នេះ​ឡើង​ដោយមាន​បញ្ញត្តិ​ថា​រយៈពេល​១៥​ថ្ងៃ​នោះឡើយ​។​

​លោក​សាស្ត្រាចារ្យ បាន​ឲ្យ​ដឹង​ទៀតថា ក៏ប៉ុន្តែ​មាន​អ្នកបកស្រាយ​ពុទ្ធសាសនា​មួយចំនួន ដែល​យល់ថា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ចេញមក​អំពី​ព្រះពុទ្ធសាសនា​។ បើ​យើង​ក្រឡេក​ទៅ​មើល​សៀម ​ដែល​កាន់​ព្រះពុទ្ធសាសនា​ដូច​យើង​ដែរ គេ​ពុំមាន​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃ​ដូច​យើង​នោះទេ គឺ​គេ​មាន​ធ្វើ​តែមួយ​ថ្ងៃ​គត់ គឺ​ប្រហែល​នៅ​បុណ្យ​ភ្ជុំ​នោះឯង​។​

​រីឯលោក​សាស្ត្រាចារ្យ ភី​រៈ​ដេ​ឆ ជា​គ្រូបង្រៀន​ភាសា​ថៃ នៃ​វិទ្យាស្ថាន​ភាសាបរទេស​(IFL) បាន​និយាយ​ប្រាប់ថា “​នៅ​ប្រទេស​ថៃ ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ នេះ​មាន​ធ្វើ​ដូច​ខ្មែរ​ដែរ តែមាន​ធ្វើ​តែមួយ​ថ្ងៃ​ទេ នៅ​ថ្ងៃ​១៥​រោច ខែភទ្របទ​”​។​

​តាម​ទស្សនៈ​របស់លោក យៀង វីរៈ​បុត្រ បាន​ប្រាប់ថា រឿង​បញ្ហា​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺ​កើតឡើង​ពី​គំនិត​ ទស្សនៈ​នៃ​រដូវ​ទឹក​ឡើង ដែល​ទាក់ទង​នឹង​ទឹក​ហូរ​ចុះ ហូរ​ឡើង ដែល​វិល​ត្រឡប់​ទៅ​ត្រឡប់មក នាំ​ឲ្យ​មាន​ឥទ្ធិពល​នៃ​បុណ្យ​ភ្ជុំ​បិ​ណ្យ​នេះ​ឡើង ហើយ​បាន​ភ្ជាប់​រឿង​ទាំងនេះ​ទៅនឹង​ការគោរព​បូជា​ដល់​ព្រះ​ចន្ទ បន្ទាប់ពី​ផុត​បុណ្យ​ភ្ជុំ​នេះ​មក ក៏​បន្ត​ដល់​បុណ្យកឋិន​ទៅទៀត​។

​នេះ​ប្រហែលជា​ខ្មែរ​យើង​គោរព​ដូនតា​ក្នុង​រយៈពេល​រដូវ​ទឹក​ឡើង​នេះហើយ ដែល​គ្មាន​លទ្ធភាព​ធ្វើស្រែ​ចម្ការ ខ្មែរ​យើង​ក៏​ធ្វើ​ពិធី​បន់ស្រន់​នៅពេល​ទឹក​ឡើង​តែម្តងទៅ​។

​លោក​សាស្ត្រាចារ្យដដែល បាន​មានប្រសាសន៍ថា “​ខ្ញុំ​គិតថា នៅ​រដូវ​ទឹក​ឡើង​នេះ​ប្រហែល​គេ​បញ្ជូន​ដូនតា​មក ដោយសារ​គាត់​ទទួល​ទុក្ខទោស​បាបកម្ម​ណាមួយ ក៏​មក​ទទួលយក​បុណ្យ​កុសល​ពី​យើង​។ គេ​ធ្វើ​ពិធីបុណ្យ​នេះ​ឡើង​(​ភ្ជុំ​) ដោយ​បុព្វបុរស​យើង​បានរៀបចំ​ពិធីបុណ្យ​នេះ​ឡើង​(​ភ្ជុំ​)”​។

​ប៉ុន្តែ​ក្រោយមក គំនិត​គោរពបូជា​ដូនតា​ក្នុង​រយៈពេល​នោះ ដោយ​យើង​បាន​កាន់​ព្រះពុទ្ធសាសនា​ទៅ​ យើង​ក៏បាន​ភ្ជាប់​រឿងនេះ​ទៅនឹង​ព្រះពុទ្ធសាសនា​ដែរ​។ ប្រភព​ខាងលើ​បាន​បន្ថែម​។​

​ដូច្នេះ​ ការ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ដូចដែល​យើង​បានឃើញ​ប៉ុន្មាន​ថ្ងៃនេះ មាន​អុជ​ធូ​ប ថ្វាយបង្គំ មាន​ជា​បន្តបន្ទាប់​មកជា​ហូរហែ​ទៅតាម​បែប​ដូនតា​។ តែ​សព្វថ្ងៃ​យើង​ធ្វើឡើង​ជាមួយ​ដូនតា​ដែរ តែ​យើង​យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​លោក​ទៅវិញ​។

​ប្រភព​ដដែល បាន​បន្តថា កាលពី​ពេលមុន ប្រហែលជា​គាត់​ត្រូវ​សែនព្រេននៅក្នុង​សហគមន៍ ឬ​កុលសម្ព័ន្ធ ស្រុកភូមិ​របស់គាត់ ដែលមាន​រយៈពេល​១៥​ថ្ងៃនោះ​។ លុះ​ក្នុង​ព្រះពុទ្ធសាសនា​យើង​មាន​ថ្ងៃ​ភ្ជុំ ក៏​ភ្ជាប់​រឿងនេះ​ទៅ​ជាមួយគ្នា បាន​កើតជា​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង​។

​គាត់ បាន​បន្តទៀតថា “​ខ្ញុំ​និយាយថា ចំពោះ​បញ្ហា​បុណ្យ​មាន​រយៈពេល​១៥​ថ្ងៃនេះ​មិនមែន​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា​ទេ​។ បើ​ថ្ងៃ​ភ្ជុំ​ធំជាងគេ​នោះ​ទើប​មាន​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា ដែល​រឿង​បញ្ហា​នេះ​ប្រហែល​ជាមាន​សរសេរ​នៅក្នុង​បញ្ហា​វគ្គ​មួយ​គឺ “​បរាភវ​សូត្រ​” ដោយ​ភ្ជាប់​ទស្សនវិជ្ជា​របស់​ព្រះពុទ្ធ​ត្រង់ចំណុច​នេះ​មក​បកស្រាយ ហើយ​តាំង​ពេលនោះ​ឯង​ជា​ពេល​ភ្ជុំ​ធំ​”​។

​ស្រប​នឹង​ពេលនេះ​ដែរ ខ្មែរ​យើង​ចូលចិត្ត​ភ្ជាប់​រឿង​អ្វីមួយ​ជា​របស់​សាសនា​ទៅនឹង​រឿង​ប្រពៃណី​ ​ជំនឿ​ទំនៀមទម្លាប់​របស់ខ្លួន ដែល​បាន​បកស្រាយ​ចុះឡើងៗ ដូចជា​ថា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាននៅ​ក្នុង​វគ្គ​ណាមួយ ឬ​មាន​ក្នុង​គម្ពីរ តែ​តាមពិត​ពុំមាន​ទេ​។

​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដដែល មាន​ទស្សនៈ​ភាគច្រើន​ថា ខាត​ពេលវេលា ​ព្រោះ​ធ្វើឡើង​មាន​រយៈពេល​យូរថ្ងៃ ចំណាយ​ថវិកា​ច្រើន និង​ចំណាយ​ម្ហូបអាហារ​ខ្ជះខ្ជាយ​ជាច្រើន​យកទៅ​គ្រ​វែង​ចោល​។ ផ្ទុយទៅវិញ​ ទង្វើ​ទាំងនេះពុំមែន​បង្ហាញ​ពី​ការ​ខ្ជះខ្ជាយ​ឥតប្រយោជន៍​នោះទេ គឺ​បង្ហាញ​អំពី​ទឹកចិត្ត​របស់​កូនចៅ​ធ្វើបុណ្យ​ជូន​ដូនតា​មួយឆ្នាំ​មានតែ​ម្តង​ឲ្យ​បបូរ​ណ៌​ហូរហៀ​រដូច្នេះ​ឯង​។​

​លោក​សាស្ត្រាចារ្យ យៀង វីរៈ​បុត្រ​បន្ថែមទៀតថា “​យើង​មិនមែន​ធ្វើ​រាល់ថ្ងៃ​ឯណា ហើយក៏​មិនមាន​ពេល​ជូន​គាត់​រាល់ថ្ងៃ​ដែរ ឲ្យ​គាត់​ពិសាឲ្យ​បាន​ឆ្អែត​ទៅ​។ ម្យ៉ាងទៀត​បង្ហាញថា​ខ្មែរ​យើង​មាន​ជីវភាព​ធូ​ធារ មានទ្រព្យ​សម្បត្តិ​ហូរហៀរ ពុំមែន​ជា​ប្រទេស​អ្នកក្រ​ទេ គ្រាន់តែ​រឿង​ធ្វើបុណ្យ​ជូន​ដូនតា​ម្តងនោះ​គឺ​ធ្វើ​ឲ្យ​ច្រើន​អ៊ីចឹង​ឯង​”៕​ S

What Next?

Recent Articles

3 Responses to "បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខ្មែរ​: អ្នកជំនាញ​បកស្រាយ​ពី​ទំនាក់ទំនង​ជាមួយ​ព្រះពុទ្ធសាសនា​"

  1. sansok says:

    មានពួកអាំប្រេតណាក្លាហាន​comment teth te puk a prat

  2. តាតា says:

    សូមជនរួមជាតិ អភ័យទោសឲ្យគ្នាទៅវិញ ទៅមកផង។ អស់ពីឪពុកយើងទៅ យើងត្រូវចេះសាមគ្គីគា្ន

  3. តាតា says:

    ការអភ័យទោសឲ្យមនុស្សដែលមិនជាទីស្រឡាញ់របស់យើង មានន័យថា​ យើងកំពុងតែអភ័យទោសឲ្យខ្លួនយើង។ ការដែលយើងខឹង នឹងអ្នកណាម្នាក់ហើយ ភាពលំបាកកាយ លំបាក់ចិត្ត តែងកើតមានដល់យើង។​សូមជនរួមជាតិ សាកល្បងអភ័យទោសឲ្យគ្នា និងងាកមកចាប់ដៃ ញញឹមដាក់គ្នា តើចិត្តយើង ជាតិយើងទាំងមូលបានសុខយ៉ាងណា ព្រោះសុខ និងទុក្ខ ចាប់ផ្តើម ពីយើង មិនមែនអ្នកដទៃទេ។ធូលីហុយ ក្នុងគេហដ្ឋាន មិងមែនមកពីខ្យល់ទេ ទោសមកពីធូលី​​។