ភ្នំពេញ: ក្រសួងការបរទេស បានប្រកាសថា នៅថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១២ អនុប្រធានាធិបតី មីយ៉ាន់ម៉ា និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នឹងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ជាបន្តបន្ទាប់ ដាច់ដោយឡែកពីគ្នា ដើម្បីដឹកនាំគណៈប្រតិភូ ចូលគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះ នរោត្តម សីហនុ នៅក្នុងព្រះបរមរាជវាំង នារសៀលថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១២។
ថ្ងៃទី 22 តុលា 2012
ដោយ: លី សិលា
CEN
សេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស បង្ហាញថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ២ និង ៣០ នាទី រសៀល លោក សៃ ម៉ូក ខាំ ( Sai Mauk Kham ) អនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅព្រះបរមរាជវាំង។
សេចក្តីជូនដំណឹង បានបន្ថែមថា ក្រៅពីពិធីគោរពព្រះវិញ្ញាណក្ខន្ធ លោក សៃ ម៉ូក ខាំ នឹងជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
សេចក្តីជូនព័ត៌មានដដែល បានលើកឡើងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ៣ រសៀល លោកបណ្ឌិត រ.ម. ម៉ាទី ម. ណាតាឡេហ្គាវ៉ា ( Dr. R.M. Marty M. Natalegawa ) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី នឹងអញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅព្រះបរមរាជវាំង។
សេចក្តីជូនព័ត៌មានដដែល ក៏បានលើកឡើងថា បន្ទាប់ពីពិធីគោរពព្រះវិញ្ញាណក្ខន្ធ លោកបណ្ឌិត ម៉ាទី ណាតាឡេហ្គាវ៉ា នឹងជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
សូមរម្លឹកថា កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡាវ និងលោកស្រីនាយករដ្ឋមន្ត្រីថៃ បានធ្វើដំណើរជាបន្តបន្ទាប់ ដាច់ដោយឡែកពីគ្នាមកកាន់រាជធានីភ្នំពេញ និងបានចូលគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុងព្រះបរមរាជវាំង។
ដោយឡែក កាលពីថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានសភាហ្វីលីពីន និងអនុប្រធានសភា កូរ៉េខាងជើង បានធ្វើដំណើរជាបន្តបន្ទាប់ ដាច់ដោយឡែកពីគ្នា ដោយដឹកនាំគណៈប្រតិភូមកកាន់រាជធានីភ្នំពេញ ដើម្បីចូលក្នុងព្រះបរមរាជវាំង គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ។
ក្រៅពីចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ប្រមុខដឹកនាំប្រទេសជាមិត្តរបស់កម្ពុជាទាំងនោះ បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាបន្តបន្ទាប់ ជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។
ប្រមុខដឹកនាំប្រទេសជាមិត្តទាំងនោះ បានសរសេរវិយោគកថា ក្នុងសៀវភៅក្រាំងមាស និងបានលើកឡើងផ្ទាល់មាត់ជម្រាបជូនសម្តេច ហ៊ុន សែន បន្ថែមលើសារលិខិតកន្លងមក អំពីការចូលរួមរំលែកព្រះរាជមរណទុក្ខ ចំពោះកម្ពុជា ដែលបានបាត់បង់ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នាពេលនេះ៕ S
ឆូមជួយចូលរួមទុក្ខឆោកឆំដាចបីដាជាតិកម្ពុជា
កនចូវមានឆោកឆ្តាយខ្លាំងចំពោះការបាតបងទ្រង់
កន្លងមកមានព្រះអង្គជួយេលីក ស្តួយសាសរបស់
យើងខ្ញុំដែលបងប្អូនខ្មែរភាគច្រើនេមីលងាយ នឹង
រដ្ថាភិបាលមិនបានយកចិតទុដាក តែព្រះអង្គតែងតែ
ខ្វលខ្វាយអំពីកូនចៅកូនចៅមានការឆ្តាយក្រោយមែនទែន
ឆំអោយអារក្សព្រះតាហរ ហ្ចួយយាកស្តេចឧឹ