ភ្នំពេញ: ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ បានបើកសម័យប្រជុំ លើកទី២ នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា។ កិច្ចប្រជុំដោយគ្មានវត្តមានរបស់សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា នៅព្រឹកមិញ បានធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភា អាណត្តិថ្មី ដែលកើតចេញពីការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ បានឈប់សម្រាករយៈពេល ៣ ខែ តាមកាលកំណត់របស់ខ្លួន។
ថ្ងៃទី 22 តុលា 2012
ដោយ: លី សិលា
CEN

ព្រឹទ្ធសភា បើកកិច្ចប្រជុំ លើកទី២ នីតិកាលទី៣ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ (រូបថត៖ ព្រឹទ្ធសភា)
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំលើកទី២ នៃព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ បង្ហាញថា កិច្ចប្រជុំព្រឹទ្ធសភា ដែលដឹកនាំដោយលោក សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភា មានវត្តមានសមាជិកព្រឹទ្ធសភា ៥៣ រូប ក្នុងចំណោមសមាជិកព្រឹទ្ធសភាសរុប ៦១ រូប។
ក្នុងសម្លៀកបំពាក់កាន់មរណទុក្ខថ្វាយព្រះបរមសពសម្តេចព្រះ នរោត្តម សីហនុ កិច្ចប្រជុំព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ សមាជិកព្រឹទ្ធសភា បានពិភាក្សា និងអនុម័តលើរបៀបវារៈពីរ គឺ ទី១-របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភា នីតិកាលទី៣ នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ និងរបៀបវារៈទី២-ការប្រកាសទទួលស្គាល់ឯកឧត្តម ឈួន ឡេង ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៣ មណ្ឌលភូមិភាគទី៦ ( ខេត្តព្រៃវែង និងស្វាយរៀង ) ជំនួសឯកឧត្តម ចាន់ ភិន ដែលទទួលមរណភាព។
សេចក្តីប្រកាស បានលើកឡើងថា ព្រឹទ្ធសភាបានបញ្ចប់សម័យប្រជលើទី១ នីតិកាលទី៣ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២។ ក្នុងចន្លោះសម័យប្រជុំព្រឹទ្ធសភា រយៈពេលបីខែកន្លងទៅនេះ ថ្នាក់ដឹកនាំព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការទាំង៩ និងសមាជិក សមាជិកាព្រឹទ្ធសភា បានរួមគ្នាបំពេញភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ រួមមាន៖ ព្រឹទ្ធសភា បានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ចំនួន ១ លើក និងប្រជុំជាវិសាមញ្ញ ចំនួន ១ លើក ដោយបានពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ចំនួន ៣ គឺ៖
១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃរដ្ឋកាតា ស្តីពីការគ្រប់គ្រងការប្រើប្រាស់ហត្ថពលកម្ម នៅរដ្ឋកាតា។
២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងអនុសញ្ញារ៉ូថឺដាម ស្តីពី នីតិវិធីនៃការយល់ព្រមផ្តល់ព័ត៌មានជាមុន ចំពោះសារធាតុគីមី និងថ្នាំកសិកម្មគ្រោះថ្នាក់ក្នុងពាណិជ្ជកម្មអន្តរជាតិ
៣-សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី សិទ្ធិជនពិការ។
សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ក៏បានលើកឡើងថា ថ្នាក់ដឹកនាំគណៈកម្មការទាំង ៩ សមាជិក សមាជិកាព្រឹទ្ធសភា បានផ្តោតយកចិត្តទុកដាក់លើសកម្មភាពចុះមូលដ្ឋាន ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ និងម្ចាស់ឆ្នោត ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ ចំនួន ៣៣០ លើក និងចូលរួមពិធីផ្លូវការផ្សេងៗ ចំនួន ៣១៦ លើក។ គណៈកម្មការទាំង ៩ ដែលជាសេនាធិការរបស់ព្រឹទ្ធសភា បានខិតខំចុះជួបជាមួយនឹងក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីឈ្វេងយល់ប្រមូលព័ត៌មានតាមវិស័យ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានចំនួន ២៥ លើក។
សេចក្តីប្រកាសព័ត៌មានដដែល បានលើកឡើងថា ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំ គណៈកម្មការព្រឹទ្ធសភា បានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូបរទេស ចំនួន ៥ លើក ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជាមិត្ត ទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍ការងារ ការចូលរួមមហាសន្និបាតសមាគមអន្តរសភាអាស៊ាន វេទិកាពាក់ព័ន្ធ សន្និសីទ និងវេទិកាតំបន់ និងអន្តរជាតិ។
សេចក្តីប្រកាស បានគូសបញ្ជាក់ថា លទ្ធផលដែលព្រឹទ្ធសភា សម្រេចបានទាំងនេះ អាស្រ័យដោយមានការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្ថាប័ន ដែលញ៉ាំងឲ្យព្រឹទ្ធសភា នីតិកាលទី៣ បានដំណើរការទៅមុខដោយល្អប្រពៃ។
ចំពោះរបៀបវារៈទី២ ត្រូវបានព្រឹទ្ធសភា ប្រកាសថា យោងតាមសំណើរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ និងស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ ព្រឹទ្ធសភាបានប្រកាសទទួលស្គាល់ ឯកឧត្តម ឈួន ឡេង ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៣ មណ្ឌលភូមិភាគទី៦ ( ខេត្តព្រៃវែង និងស្វាយរៀង ) ជំនួសឯកឧត្តម ចាន់ ភិន ដែលទទួលមរណភាព៕ S
បាត់សម្តេច ជា ស៊ីម ប្រហែលជាជិតចូលរណ្តៅហើយមើលទៅ ព្រោះអំពើបាបច្រើន តែបើសម្តេច ស្លាប់មិនអាចមានគេអាណិតនឹងស្តាយដូច ព្រះមហាក្សត្រឡើយ ចូរត្រៀមចូលនរកទៅ។
ជាសុីមវាងាបបាតទៅហើយ។