សមត្ថកិច្ច​ឃាត់​ជន​សង្ស័យ​៥​នាក់​ពាក់ព័ន្ធ​នាំ​មនុស្ស​ទៅ​ធ្វើ​ការ​​នៅ​ថៃ​ខុស​ច្បាប់

នគរបាល​ខេត្ត​កំពង់ឆ្នាំង ឃាត់​ខ្លួន​មនុស្ស ៥​នាក់ ដែល​សង្ស័យ​ថា​ជា​មេ​ខ្យល់​នាំ​ប្រជាពលរដ្ឋ​ជិត ១០០​នាក់ ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់។

ដោយ មណ្ឌល កែវ
2012-10-21
​វិទ្យុ​អាស៊ីសេរី

លោកស្រី ប្រាក់ សៅនី ស្នងការ​រង​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ខេត្ត​កំពង់ឆ្នាំង ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០១២។

លោកស្រី ប្រាក់ សៅនី ស្នងការ​រង​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ខេត្ត​កំពង់ឆ្នាំង ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០១២។ RFA/Mondulkeo

ស្នងការ​រង​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង គឺ​លោកស្រី ប្រាក់ សៅនី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ថា កាល​ពី​ថ្ងៃ​ទី​២០ តុលា មាន​ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ មាន​បំណង​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។

លោកស្រី​បន្ត​ថា តាម​ការ​ស្រាវជ្រាវ​បឋម សមត្ថកិច្ច​ប៉ូលិស​បាន​ឃាត់​ខ្លួន​មនុស្ស ៥​នាក់ ដែល​ប៉ូលិស​សង្ស័យ​ថា ជា​មេខ្យល់​នាំ​ពលករ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ៖ «តាម​ចម្លើយ​មាន ២​នាក់ ទទួល​ស្គាល់​ថា ខ្លួន​បាន​នាំ​អ្នក​ភូមិ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មែន។ ឯ ៣​នាក់​ទៀត​បដិសេធ តែ​តាម​ការ​ស្រាវជ្រាវ​ទៅ​ឃើញ​ថា ពួក​គេ​លាក់​បាំង​ការ​ពិត ព្រោះ​ដល់​យើង​សាកសួរ​ទៅ​តំបន់​ដែល​ពួក​គេ​ថា គ្រោង​ទៅ​ធ្វើ​ការ​នៅ​ទល់​ដែន​នោះ​ពុំ​មាន​ការងារ​ដូច​ពួក​គេ​ថា​នោះ​ទេ។ ចំណែក​ឈ្មោះ​មនុស្ស​ដែល​គេ​ប្រាប់​ថា នៅ​ទល់​ដែន​នោះ​តាម​ពិត​ទៅ​គឺ​នៅ​ឯ​ប្រទេស​ថៃ ប្រពន្ធ​ទើប​នៅ​ទល់​ដែន​មែន…»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ភាគ​ច្រើន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ត្រៀម​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នេះ បាន​ឲ្យ​ដឹង​ថា ពួកគេ​ពុំ​មាន​បំណង​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ទេ ពួកគេ​ទៅ​រក​ការងារ​ធ្វើ​នៅ​ត្រឹម​ទល់​ដែន​ខ្មែរ-​ថៃ ប៉ុណ្ណោះ។

ស្ត្រី​ឈ្មោះ យា ចាន់ណា អាយុ ១៨​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រាសាទ ឃុំ​ដារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។ ស្ត្រី​រូប​នេះ​បាន​បដិសេធ​ថា នាង​គ្មាន​បំណង​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ នោះ​ទេ។

នាង​អះអាង​ថា សាច់ញាតិ​នៅ​សំឡូត បាន​បបួល​នាង​ឲ្យ​ទៅ​ស៊ី​ឈ្នួល​កាប់​អំពៅ​នៅ​ទី​នោះ៖ «អត់​ទេ! ខ្ញុំ​ទៅ​ត្រឹម​សំឡូត​ហ្នឹង។ ខ្ញុំ​ទៅ​ស៊ី​ឈ្នួល​កាប់​អំពៅ​ឲ្យ​គេ ខ្ញុំ​មាន​អ៊ំ​ខ្ញុំ​នៅ​ហ្នឹង។ ខ្ញុំ​ទៅ​ធ្វើ​រាល់​ឆ្នាំ មិន​ដែល​ខាន​ទេ…»

បុរស​ឈ្មោះ វិន វៃ អាយុ ២២​ឆ្នាំ អះអាង​ប្រហាក់ប្រហែល​នឹង​ស្ត្រី​ឈ្មោះ យា ចាន់ណា ដែរ​ថា នាយ​មាន​បំណង​ទៅ​រក​ការងារ​ធ្វើ​នៅ​ត្រឹម​ទល់​ដែន​ប៉ុណ្ណោះ៖ «ខ្ញុំ​ទៅ​កាប់​អំពៅ​ត្រឹម​ជាយ​ដែន​ទេ​បង! ខ្ញុំ​ខ្វះខាត​ជីវភាព​ពេក​ទើប​ទៅ​រក​ការងារ​ធ្វើ អត់​ទៅ​ដល់​ថៃ ទេ​បង!»

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ពេញ វិបុល មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២១ តុលា ថា តុលាការ​កំពុង​ដំណើរ​ការ​សាកសួរ​តាម​នីតិវិធី។ លោក​ថា ពុំ​ទាន់​មាន​ការ​សម្រេច​ណា​មួយ​ចំពោះ​ជន​ទាំង ៥​រូប ដែល​ប៉ូលិស​បាន​សង្ស័យ​ថា ជា​មេខ្យល់​នោះ​ទេ៖ «យើង​កំពុង​ប្រមូល​ផ្ដុំ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​សិន​មុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​គេ​យើង​ស្រាវជ្រាវ​ឲ្យ​ច្បាស់លាស់​សិន…»

ប្រភព​ពី​សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ តុលា នៅ​ចំណត​រថយន្ត​ផ្សារ​លើ​ក្រុង​កំពង់ឆ្នាំង មាន​ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ ត្រៀម​ខ្លួន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ។ តែ​បន្ទាប់​ពី​ដឹង​ថា ប៉ូលិស​ហៅ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើ​ការ​សាកសួរ​ពួក​គេ​ខ្លះ​បាន​គេច​ខ្លួន។ នៅ​សល់​តែ​ប្រមាណ ៥០​នាក់​ប៉ុណ្ណោះ ដែល​បាន​មក​ដល់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត។

ប្រភព​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​ធ្វើ​ការ​អប់រំ​ណែនាំ​រួច ពួក​គាត់​ទាំង​អស់​ត្រូវ​បាន​ប៉ូលិស​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ លើកលែង​តែ​មនុស្ស ៥​នាក់ ដែល​ប៉ូលិស​សង្ស័យ​ថា ជា​មេខ្យល់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "សមត្ថកិច្ច​ឃាត់​ជន​សង្ស័យ​៥​នាក់​ពាក់ព័ន្ធ​នាំ​មនុស្ស​ទៅ​ធ្វើ​ការ​​នៅ​ថៃ​ខុស​ច្បាប់"

  1. LY Seanteur says:

    វាជាការទទួលខុសត្រូវរបស់រដ្ឋភិបាលក្នុងការបង្កើតមុខរបរអោយប្រជាជន និង ធានាលំនឹងសេដ្ឋកិច្ច។ មិនអាចឃាត់ពួកគេមិនអោយដើររកលុយទេ។ អ្នកដែលចេញទៅរកលុយនៅក្រៅ គឺដឹងច្បាស់ណាស់ថា វាមានគ្រោះថ្នាក់ខ្លាំងណាស់ ប៉ុន្តែគ្មានជំរើស។

  2. ខ្ញុំជាខ្មែរ says:

    គេទៅរកការងារធ្វើ ថាគេទៅដោយខុសច្បាប់ ខ្ញុំក៏ទទូលស្គាល់ថាខុសច្បាប់ដែរ ហើយចុះបើគេនៅ
    ស្រុកខ្មែរអត់ការងារធ្វើហើយអត់មានប្រាក់ទ្រទ្រង់ជីវភាព អញ្ចឹងតើរដ្ឋាភិបាលមានវិធានការ
    សម្រាប់រឿងនឹងទេ?

  3. Ratha says:

    និយាយឲ្យចំទៅគឺ រាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋបន្តិចឡើយ!!!
    មនុស្សយើងបើទ័លច្រកដល់អត់បានដាច់ពោះហើយនោះ គ្មានអ្វីត្រូវខ្វល់ទៀតទេ មានតែ
    ខ្លួនឯងទេដែលអាចពឹងខ្លួនឯងបាន ក្រៅពីនោះគឺគ្មានសោះ!!!

  4. កុកត្រពាំង says:

    មិនបាច់និយាយទេ មើលតែមុខវាំងក្នុងពិធីគោរពវិពា្ញាណខ័ណ្ឌសម្តេចតា ទៅដឹងហើយ រកតែកន្លែងជ្រកសំរាប់ចាស់ៗ បន្ទប់អនាម័យអោយមានផាសុខភាព អាហារហូបចុកឬ នំចំណីដែលជាបន្ទុករបស់រដ្ឋាភិបាល ក៏មិនសូវឃើញបានល្អដែរ ។.

  5. CT says:

    On the news always positive report bu the reality is different….

  6. Srey Khmer says:

    The police should have not charged the poor five men as a crime.
    They may have to sell their farms for bail out themselves from jail.
    Their family will not have a place for crop-raising to make the living.
    The life of suspects and families is on the police hands.
    They should give them only a warning to protects the innocents from trickery.