តុលាការក្រុង​ភ្នំពេញ បើក​សវនាការ​ លើក​រ​ណី​ស្ត្រី​បុរី​កីឡា និង​បឹងកក់ នៅ​ថ្ងៃ​ទី​២៦​ធ្នូ​

ភ្នំពេញ: សកម្មជន​អង្គការ​សិទ្ធិមនុស្ស បាន​ផ្សព្វផ្សាយ​ថា ស្ត្រី​បឹងកក់ និង​ស្ត្រី​បុរី​កីឡា ២ នាក់ ដែល​ជាប់ចោទ​ក្នុង​រឿង​ក្តី​ព្រហ្មទណ្ឌ ដែល​គេ​សន្មតថា កើតចេញ​ពី​ជម្លោះដីធ្លី​ នឹង​ត្រូវ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំជម្រះនៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២​។ ស្ត្រី​ទាំង​ពីរ​រូប គឺ​អ្នកស្រី ទឹម សាក់​មុនី និង​អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​ចាប់​ឃុំខ្លួន ក្រោម​បទ​ចោទប្រកាន់​ផ្សេង​ពី​គ្នា ដែល​អាច​ប្រឈម​នឹង​ការផ្តន្ទាទោសដាក់​ពន្ធនាគារ​ពី ៦ ខែ ទៅ ៥ ឆ្នាំ​។​

ថ្ងៃទី 19 ធ្នូ 2012
ដោយ: លី សិលា
CEN

អ្នកស្រី យ៉ោម បុប្ផា អ្នក​មាន​បញ្ហា​ដីធ្លី​នៅ​បឹងកក់ ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ពីបទប្រើ​អំពើហិង្សា​ដោយ​ចេតនាវាយ​លើ​បុរស​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​។

​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​អ្នកស្រី ទឹម សាក់​មុនី ដែលជា​អ្នក​តវ៉ា​ដីធ្លី​ដ៏​សកម្ម​ម្នាក់នៅ​បុរី​កីឡា​។ អ្នកស្រី ទឹម សាក់​មុនី ត្រូវបាន​ចោទប្រកាន់​ពីបទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច​។​

​ស្ត្រី​សកម្មជន​អ្នក​តវ៉ា​ដីធ្លី​ទាំងពីរ ត្រូវបាន​ឃុំឃាំងនៅ​ពន្ធនាគារ​ព្រៃ​ស​។ តុលាការ​បាន​កំណត់​ថា នឹង​បើក​សវនាកា​រលើ​ស្ត្រី​ទាំង​ពីរ​នាក់នៅ​ម៉ោង ២ រសៀល ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​បន្ទប់​កាត់ក្តី​ផ្សេងគ្នា និង​ក្នុង​សំណុំរឿង​ដាច់ដោយឡែក​ពីគ្នា​។​

​ជា​បន្តបន្ទាប់ អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សិទ្ធិមនុស្ស​ជាច្រើន បានចេញ​សេចក្ដីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា ដោយ​ថ្កោលទោស​នឹង​ការចាប់ខ្លួន​ស្ត្រី​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា​ទាំងពីរ ហើយ​បាន​ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ទាំង​ពីរ​នាក់​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​។​

​ចំណែក​ក្រុម​អ្នកភូមិ​បុរី​កីឡា និង​អ្នក​បឹងកក់ ក៏​បាន​ប្រមូលផ្តុំ​តវ៉ា និង​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​នានា ព្រមទាំង​ស្ថាប័ន​រដ្ឋាភិបាល រដ្ឋសភា ដើម្បី​ឲ្យ​អន្តរាគមន៍​ដោះ​លែង​ស្ត្រី​ទាំង​ពីរ​នាក់​ចេញពី​ពន្ធនាគារ​ព្រៃ​ស​។ អន្តរាគមន៍​ពី​ប្រមុខ​ការទូត និង​ប្រធានាធិបតី​ប្រទេស​មហាអំណាច ដូចជា អាមេរិក សហភាព​អឺរ៉ុប ជាដើម ក៏​ត្រូវបាន​អ្នកភូមិដាក់​ញត្តិ ស្នើសុំ​ផងដែរ​។​

​យ៉ាងណាក៏ដោយ ក្នុង​រឿង​ឃុំខ្លួន​ស្ត្រី​នៅ​បឹង​កក់ និង​នៅ​បុរី​កីឡា​នេះ ត្រូវបាន​មន្ត្រី​តុលាការ​អះអាងថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ដីធ្លី​ទេ តែ​ជា​រឿង​ព្រហ្មទណ្ឌ ដែល​ស្ត្រី​ទាំងពីរបាន​ប្រព្រឹត្ត​បទ​ល្មើស​ច្បាប់​ប៉ុណ្ណោះ​៕​ S

What Next?

Recent Articles

One Response to "តុលាការក្រុង​ភ្នំពេញ បើក​សវនាការ​ លើក​រ​ណី​ស្ត្រី​បុរី​កីឡា និង​បឹងកក់ នៅ​ថ្ងៃ​ទី​២៦​ធ្នូ​"

  1. ខ្សុច says:

    សម័យតេចោរ បើជឿតុលាការគឺឆ្កួតសុទ្ធ ប្រហែលតុលាការខ្មែរក្រហមផងគង់មានអ្នកឆ្កួត!