នាយ​ពែរ​មី​ : ពី​អ្នក​រើស​ខ្យង ព្រះសង្ឃ កម្មករសំណង់​មកជា​តារា​កំប្លែង​

ភ្នំពេញ: នាយ ពែរ​មី ជាតា​រា​កំប្លែង​របស់​ទូរទស្សន៍ ស៊ី​ធី​អិន (CTN) ព្រមទាំង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន ក៏ដូចជាមហាជន ទាំងចាស់ ទាំង​ក្មេង​តាមរយៈ​ទេពកោសល្យ​និយាយ​កំប្លុកកំប្លែង​ដ៏​ប៉ិនប្រសប់​ពី​ធម្មជាតិ​។

ថ្ងៃទី 11 កុម្ភៈ 2013
ដោយ: វឿន សាវុធ​
CEN

អ្នកកំប្លែង​រូបនេះ បាន​រាប់រៀបពី​ដំណើរ​ជីវិត ធ្លាប់​តស៊ូ ធ្វើជា​កម្មករសំណង់ លំបាក​តោកយ៉ាក វេទនា រហូត​បាន​ក្លាយជាតារា​កំប្លែង ល្បីល្បាញ មួយរូប ជាមួយ​វេ​ប​សាយ CEN (www.cen.com.kh)​។​


កាលពី​កុមារភាព​

​កាលពី​វ័យ​កុមារ លោក ចែម ចាន់​ដា​រ៉ា ជួប​ការលំបាក​ច្រើន ដែល​ពុំ​សូវ​ទទួលបាន​នូវ​សេចក្តី​ស្រណុក​សុខ​ស្រួល​នោះទេ ព្រោះថា ក្រុមគ្រួសារក្រក្រី​។ ក្រៅពីក្រេប​យកចំណេះ​ដឹង​នៅ​សាលារៀន គាត់​ត្រូវ​ទៅរក​ត្រី​យកទៅលក់​ដើម្បី​ជួយ​យិ​ត​យោង​ជីវភាព​គ្រួសារ​ទាំងមូល​។ គាត់​បាន​និយាយថា “​កាលណោះ​នៅ​តូចៗ​មិនដឹង​ទៅរក​អី​បានទេ មានតែ​ចាប់​កង្កែប រកត្រី ក្តាម​ខ្យង​តាម​បឹង ពីរ​នាក់​អា​គ្រឿន ព្រោះ​មានតែ​ពីរ​នាក់​ហ្នឹង​ទេ​ដែល​ធំជាងគេ ក្រៅពីនេះ​នៅ​តូច ​ធ្វើ​អី​មិនកើត​ទេ​”​។​

​មួយវិញទៀត បើតាម​ការ​ឲ្យ​ដឹង​ កុមារា​រូបនេះជា​ក្មេង​ឧស្សាហ៍​ព្យាយាម និង​មាន​និស្ស័យ​រប៉ិលរប៉ូច ​ធ្វើ​ឲ្យ​អ្នកផងទាំងពួង​ស្រឡាញ់​ចូលចិត្ត​ ហើយ​ត្រូវបាន​គេ​សរសើរ​ថាជា​ក្មេង​ឆ្លាត​ផងដែរ​។ គាត់​បាន​និយាយថា “​កាល​ខ្ញុំ​នៅ​តូចៗ​រពឹស ”​។​

​ប្រវត្តិ​សិក្សា​

​ចែម ចាន់​ដា​រ៉ា ត្រូវបាន​ម្តាយ​ឪពុក បញ្ជូន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា​ថ្នល់កែង ចាប់តាំងពី​អាយុ​៧​ឆ្នាំ​ ហើយ​នៅ​ឆ្នាំ​១៩៩៣ នាយ​ក៏បាន​បន្ត​សិក្សា​នៅ​អនុវិទ្យាល័យ​ជី​ភូ ស្ថិតនៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ប៉ុន្តែ​ដោយសារសាលារៀននៅ​ឆ្ងាយ​ពី​ផ្ទះជាង​១០​គីឡូម៉ែត្រ និង​គ្មាន​មធ្យោបាយ​ធ្វើដំណើរ​ផង​នោះ នាយ​ក៏​សម្រេចចិត្ត​បញ្ឈប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៩ ដោយ​ងាក​មក​បម្រើ​ខាង​ព្រះពុទ្ធសាសនា បួស​ជា​ព្រះសង្ឃ​នៅ​វត្ត​សុវណ្ណ​រង្សី ហៅ​វត្ត​ព្រែក ឯ​ស្រុកកំណើត​របស់ខ្លួន​នៅ​ឆ្នាំ​១៩៩៧​។​

​បន្ទាប់ពី​បួស​បាន​បី​វស្សា​(៣​ឆ្នាំ​) ដោយ​យល់ឃើញថា​ស្ថានភាព​គ្រួសារ​កាន់តែ​ដុនដាប​ខ្លាំង​ទៅៗ​នោះ គាត់​ក៏​បង្ខំចិត្ត​លាចាក​សិក្ខាបទ​ឈាន​មករក​ការងារ​ធ្វើ​នៅ​ទីក្រុង ភ្នំពេញ ​ក្នុង​ក្តី​រំពឹង​ជួយ​សម្រាល​បន្ទុកគ្រួសារ​បាន​ខ្លះ​។​

ជីវិត​តស៊ូ​

​អំឡុងពេល​ឆ្នាំ​២០០០ ចែម ចាន់​ដា​រ៉ា បានកំណត់​ទិសដៅ​របស់ខ្លួន​មក​ស្វែងរក​ការងារ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ជាមួយនឹង​អាវ​ខោ​មួយ​បង្វេច និង​មាន​ប្រាក់​តែ​បន្តិចបន្តួច​សម្រាប់ធ្វើ​ដំណើ​រ​តាមផ្លូវ​តែប៉ុណ្ណោះ​។ ការងារ​ដែល​គាត់ចាប់​ផ្តើមធ្វើក្នុង​ឆាកជីវិត​លើកដំបូង​នោះ គឺ​ធ្វើជាកម្មករសំណង់ ដោយ​ទទួលបាន​ប្រាក់កម្រៃ​តិច​បំផុត ​ដែល​តម្រូវ​ឲ្យ​អត់ធ្មត់​ក្នុង​ការចាយវាយ ត្បិតត្បៀត ដើម្បី​សន្សំ​ប្រាក់ជួយ​ទំនុកបម្រុង​គ្រួសារ​។  នាយ​ពែរ​មី​បាន​និយាយថា “​ខ្ញុំ​ធ្វើ​កម្មករសំណង់​១០​ឆ្នាំ​នៅ​ភ្នំពេញ ក្នុង​មួយថ្ងៃ​បាន​៦.៥០០​រៀល ហើយ​ការចាយវាយ​អត់​គ្រប់គ្រាន់​ទេ បើ​នៅ​ចុងខែ​សល់​តិចតួច​បាន​៧ ទៅ​៨​ម៉ឺន​អីហ្នឹង​”​។​

​ជំហាន​ចូល​សិល្បៈ​

​នាយ ពែរ​មី មាន​ឧបនិស្ស័យ​ខាង​សិល្បៈ​តាំងតែ​ពី​ក្មេង​មក គឺ​ស្រឡាញ់​ចូលចិត្ត​ផ្នែក​ចម្រៀង ហើយក៏​ធ្លាប់​ដាក់ពាក្យ​ប្រឡង​ចម្រៀង​នៅ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩​ កាលពី អំឡុង​ឆ្នាំ​២០០០​ម្តង​ដែរ តែ​សំណាង​មិនល្អ​ត្រូវ​ហាលអាវ​ដោយ​ស្វ័យប្រវត្តិ ពោលគឺ​ចាប់តាំងពី​ធ្វើតេស្ត​លើកដំបូង​។ ចាប់​តាំងពី​ពេល​នោះមក ពែរ​មី មិន​ធ្លាប់​រំពឹងគិតថា នឹង​បាន​ក្លាយជា​អ្នកសិល្បៈ​តាម​ការស្រមើស្រមៃ​នោះទេ​។ ក្រោយមក​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០០៩ ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន បានប្រកាស​ជ្រើសរើស​តារា​កំប្លែង​តាមរយៈ​កម្មវិធី “​មហា​កំប្លែង​” ហើយ​គាត់ក៏មាន​ឱកាស​ដាក់ពាក្យ​ប្រឡងប្រជែង​រហូត​ឆ្លងកាត់​ការ​ជម្រុះ​៥ វគ្គ និង​បាន​ជាប់​ដោយ​ជោគជ័យ ​រួច​ក៏បាន​ក្លាយជា​តារា​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន។
 
​ពែរ​មី បានបញ្ជាក់​ទៀតថា “​កាល​ខ្ញុំ​ដាក់ពាក្យ​ប្រឡង​ហ្នឹង​នៅ​ធ្វើ​កម្មករសំណង់​នៅឡើយ​ទេ ទាល់តែ​ជាប់​បាន​ពានរង្វាន់​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១០ ហើយ​បាន​ធ្វើជា​តារា​កំប្លែង ក៏​ឈប់​ធ្វើ​កម្មរ​សំណង់​ចាប់តាំងពី​ថ្ងៃ​ហ្នឹង​មក​”​។​

​គាត់​បាន​បន្ថែមថា “​ពេល​មក​ដាក់ពាក្យ​ប្រឡង​កំប្លែង​ដំបូង ​ខ្ញុំ​មិន​សង្ឃឹមថានឹង​បាន​ជាប់​អី​ផង  គ្រាន់តែ​គិតថា​ដាក់​លេងៗ ព្រោះយើង​អត់​មាន​ខ្សែរយៈ​អី​នឹង​គេ ឲ្យ​តែ​បានចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ម្តង​ក៏​អស់ចិត្ត​ដែរ​។  តែ​ខ្ញុំ​ពិតជា​រំភើបចិត្ត​ខ្លាំងណាស់​ពេល​ខ្ញុំ​បាន​ឆ្លង​ផុត​វគ្គ​ទី ១”​។

​នាយ​បន្តថា បន្ទាប់មក​លោក​ក៏​មិន​រំពឹងថា​អាច​បាន​ជាប់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះដែរ ត្បិតតែ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ដំណាក់កាល​ទៀត ដែលមាន​បេក្ខជន​ប្រឡង រាប់រយ​នាក់ តែ​លោក​ក៏​ទទួលបាន​ជោគ​ជ៏​យ​នៅ​វគ្គ​ទី​២​។ ខណៈនោះ​គាត់​ចាប់ផ្តើម​ជឿជាក់​លើ​ខ្លួនឯង និង​គិតថា​ត្រូវតែ​ប្រឹងប្រែង​ដើម្បី​យក​ពានរង្វាន់​ឲ្យ​បាន​។ ជា​ចុងបញ្ចប់​លោក​ក៏​ទទួលបាន​ជោគ​ជ៏​យ ដែល​មិនអាច​ស្មាន​ដល់​នោះឡើយ​។​

​ពែរ​មី បាន​និយាយថា “​ខ្ញុំ​នៅចាំ​ទាំង​៥​ដំណាក់​កាលនោះ ទី​១​ដើរតួ​ជា​អ្នកបម្រើ​គេ ទី​២​ខ្ញុំ​ធ្វើជា​អាចារ្យ​ដុត​ខ្មោច ទី​៣​ធ្វើជា​អ្នកផឹកស៊ី​ប្រមឹក ទី​៤​ធ្វើជា​អ្នករត់និង​ជូត​តុ និង​ទី​៥​ធ្វើជា​មេចោរ​មាន​ពែរ​មី ”​។​

​គាត់​បាន​លើកឡើងថា នាយ​មិនបាន​ដឹងថា ខ្លួនឯង​មាន​ទេពកោសល្យ​ខាង​ផ្នែក​កំប្លែង​នោះទេ ត្បិត​តាំងពី​តូច​ចូលចិត្ត​តែ​ខាង​ច្រៀង​។ ប៉ុន្តែ​តារា​កំប្លែង​រូបនេះ​ក៏​ជា​មនុស្ស​ម្នាក់​ចូលចិត្ត​ខាង​តែង​និពន្ធ​ផងដែរ​។ បន្ថែម​ពីលើ​នេះ​ទៅទៀត នាយ​ជាម​នុស្ស រប៉ិលរប៉ូច ចូលចិត្តនិយាយ​ព្រោកប្រាជ្ញឲ្យ​គេ​សើច ។ នាយពែរ​មី ចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង​ជាតា​រា​តាមរយៈ​រឿង​កំប្លែង “​ថាង​ចេង​” និង “​ចោរ​មាន​ពែរ​មី​” នេះហើយ​ដែល​នាំ​ឲ្យ​លោក​មាន​ងារ​ថា “​នាយ​ពែរ​មី​” មកដល់​បច្ចុប្បន្ន​។

​ចំពោះ​អ្វីដែល​នាំ​គាត់​កាន់តែ​ឡើង​កូដ​ជាងនេះទៅទៀត​នោះ នៅពេល​នាយ​បាន​និពន្ធ​កំណាព្យ​កំប្លែង​ជាច្រើន​ដែល​ត្រូវបាន​អ្នកគាំទ្រ បាញ់ Bluetooth តៗ​គ្នា រួមមាន​កំណាព្យ “​អង្វរ​ម៉ែក្មេក​” “​លក់​ថ្នាំ​ស្រែង​” “​ច្បាប់​ផឹកស៊ី​” “​ច្បាប់​សុំទាន​” “​ទំនួញ​ឆ្កែ​” ជាដើម​។​

​ប្រការ​ឈាន​ចាប់បាន​នូវ​ភាព​ល្បី​រន្ទឺ​នៅលើ​មាគ៌ា​សិល្បៈ​នេះ នាយ​ពែរ​មី បាន​ប្រើ​ពេលវេលាតិច​បំផុត បើ​ប្រៀបធៀបនឹង​តារា​កំប្លែងដទៃទៀត​។ គាត់​បាន​ថ្លែង​ឲ្យ​ដឹងថា “​កត្តា​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ឆាប់​បានទទួល​ប្រជាប្រិយភាពយ៉ាង​ឆាប់រហ័ស​ហ្នឹង​មាន​៣​ចំណុច ទី​១​ដោយសារ​ខ្ញុំ​ស្ថិតនៅក្នុង​ស្ថាប័ន​ដែល​ល្បី ខ្ញុំ​បាន​កំប្លែង​ក្នុង​កម្មវិធី​ល្បីៗ​។ ទី​២​មានអ្នកដឹកនាំ​ល្អៗ​ត្រឹមត្រូវ និង​ទី​៣​រួមជាមួយ​នឹងការខិតខំ​ប្រឹងប្រែងរ​បស់​ខ្ញុំ​ទៀត​នោះ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​មានឱកាស​ច្រើន​ក្នុងការ​ទាក់ទាញ​សំឡេងគាំទ្រ​”​។

​តារា​កំប្លែង​រូបនេះ​បានបញ្ជាក់​ផងដែរ​ថា “​បើ​គ្មាន​ការជួយជ្រោមជ្រែង​ពី​ប៉ុស្តិ៍​ CTN​ទេនោះ នាយ​ក៏​មិនមាន​ថ្ងៃ​នេះដែរ​”​។​

ចំណងអាពាហ៍ពិពាហ៍​

​នាយ ពែ​រមី បាន​រៀបការ​នៅ​ឆ្នាំ​២០០៨ ជាមួយ​នារី​ជា​កម្មការិនី​កាត់ដេរ​ម្នាក់​ឈ្មោះ ជា សុធី​ម ហៅ ច្រិ​ប បច្ចុប្បន្ន​មាន​វ័យ​២៥​ឆ្នាំ​។ នាង​ជា​កូន​អ្នកចម្ការ ​មាន​ស្រុកកំណើត​នៅ​អ្នក​លឿង ខេត្តព្រៃវែង​។ នាយ​មានកូន​ពីរ​នាក់ជា​ចំណងដៃនៃ​អាពាហ៍ពិពាហ៍​កម្សត់កម្ររបស់លោក ដែល​កូនស្រី​ច្បង​ឈ្មោះ រឹម សុរ៉ា​ស៊ី ហៅ​ស្រីខួច វ័យ​៣​ឆ្នាំ និង​កូនប្រុស​ម្នាក់ទៀត​ទើប​មាន​អាយុ​៧​ខែ​ឈ្មោះ រឹម សុភា​រី ហៅ​អា​តួ​។

បច្ចុប្បន្នភាព​

​សព្វថ្ងៃនេះ តារា​កំប្លែង​ដែល​ជាប់​កុងត្រា​៣​តង់ នៅ​ប៉ុស្តិ៍​ទូរទស្សន៍ស៊ី​ធី​អិន រូបនេះ​បាន​កំប្លែង​នៅក្នុង​កម្មវិធី​មួយចំនួន​ដូច​មាន​កម្មវិធី “​រាត្រី​កម្សាន្ត​” “​សំណើច​តាម​ភូមិ​” “​សុខ​គា​លក្ខិណា​ប៊ី​អាយ​ជី​” “Sunday  concert” និង​កំប្លែង Show នៅក្នុង​កម្មវិធី “A1 Concert”​។

​គាត់​ក៏​មមាញឹក​យ៉ាងខ្លាំង​នឹង​ការចេញ​កំប្លែង​តាម​កម្មវិធី Concert នានា​ ក៏ដូចជា​កម្មវិធី មង្គលការ​ផ្សេងៗ ដែល​ទទួលបានប្រាក់ចំណូលយ៉ាងច្រើន​គួរសម​ផងដែរ​។

​ពែរ​មី​បាន​ទទួលស្គាល់ថា អាជីព​កំប្លែង​ពិតជា​បាន​ជួយ​ឲ្យ​ជីវភាព​របស់​នាយ​គេច​ផុតពី​ភាព​ទីទ័លក្រ ខ្វះខាត​ដូចពេលមុន​។ គាត់​បាន​និយាយថា “​ចាប់តាំងពី​ខ្ញុំ​ចូលប្រឡូក​សិល្បៈ ខ្ញុំ​ជួយ​គ្រួ​សារបាន​ច្រើន ត្បិត​អី​ខ្ញុំ​ទទួលបាន​ប្រាក់ចំណូល​ច្រើន​គួរសម​ដែរ​។ ម្យ៉ាងទៀត​នោះបាន​ជួយ​សម្រាល​បន្ទុក​ភរិយា​មិន​ឲ្យ​គាត់​ធ្វើ​ការលំបាក​ដូចមុន​ទេ​ហើយ​ខ្ញុំ​មានលទ្ធភាពជួយ​យឹតយោងប្អូនប្រុស (​នាយ​គ្រឿន​) ម្នាក់ឲ្យ​ចូល​កំប្លែង​ជាមួយ​ខ្ញុំ​ដែរ​។ តែ​វា​មិនមែន​ថា​យើង​មាន​ខ្សែរយៈ​នោះទេ ស្ថិត​លើ​សមត្ថភាព​ដែរ បាន​ទៅរួច បើ​គ្មាន​ដុង​ទេ ​ជួយ​យោង​ដល់​ងាប់​ទៀត​ក៏​ទៅ​អត់​រួច​ដែរ​”​។

​ការប្រមើលមើល​ទៅ​ថ្ងៃ​អនាគត​

​គោលបំណង​ទៅ​ថ្ងៃ​អនាគត ពែរ​មី បាន​ឲ្យ​ដឹងថា គ្មានអ្វី​ក្រៅពី​ការងារ​សិល្បៈ​នោះទេ​។ តារា​កំប្លែង​រូបនេះ​ប្រាប់ថា “​សព្វថ្ងៃ​រវល់​នឹង​អាជីព​កំប្លែង​ស្ទើ​តែ​គ្មាន​ពេល​សម្រាក​ទៅហើយ​។  ណាមួយ​ត្រូវ​បន្ត​អភិ​វ​ឌ្ឈ​ន៍​គំនិត​ ខិតខំ​រិះរក​នូវ​អ្វី​ថ្មីៗ​ប្លែក​ដើម្បី​បម្រើ​ទស្សនិកជន និង​បង្កើន​ប្រជាប្រិយភាព​ឲ្យ​កាន់តែ​ប្រសើរ​ជាង​ហ្នឹង​។ តែ​ថ្មីៗ​នេះ​ខ្ញុំ​កំពុង​សាកល្បង​និពន្ធ​បទ​ចម្រៀង​ថត​ដាក់​ស៊ី​ឌី​ដើ​ម្ប​ចេញលក់​នៅលើ​ទីផ្សារ​”​។​

​ប្រវត្តិរូប​សង្ខេប​

​លោក ចែម ចាន់​ដា​រ៉ា ហៅ​នាយ ពែរ​មី កើត​នៅ​ថ្ងៃអាទិត្យ  ខែកក្កដា ឆ្នាំរកា ដែល​ត្រូវ​នឹង​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​១៩៨២  នៅ​ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ព្រមទាំង​មាន​កម្ពស់​១,៧០​ម៉ែត្រ  និង​មាន​ទម្ងន់​៧៣​គីឡូក្រាម​។ នាយ​មាន​បងប្អូន​៧​នាក់ និង​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ទាំង​៧​នាក់​ ក្នុងនោះ​មាន​ប្រុស​៥​នាក់ ហើយ​ស្រី​២​នាក់ ដែលមាន​ឪពុក ឈ្មោះ ងួន សារឹម និង​ម្តាយ​ឈ្មោះ ស៊ឹម ស៊ី​ម៉ាន ជា​កសិករ​ទាំងពីរ​នា​ក់​។ ម្យ៉ាងទៀត នាយ​ពែរ​មីក៏មាន​ប្អូនប្រុស​ម្នាក់​ឈ្មោះ ចែម សារឿន ហៅ​នាយ គ្រឿន ដែលមាន​និស្ស័យ​ខាង​សិល្បៈ និង​បាន​ចូលរួម​កំប្លែង​នៅក្នុង​ក្រុម​របស់​នាយ​ទៀតផង​។​

​លោក ចែម ចាន់​ដា​រ៉ា ហៅ​នាយ ពែរ​មី ជា​តារា​កំប្លែង​មុខស្ងួត​ ពោរពេញដោយ​ភាព​ប៉ិនប្រសប់ និង​ទេពកោសល្យ​ក្នុងការ​និយាយស្តី​។ មួយទៀត លោក​ជាតា​រា​កំប្លែង​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​មហាជន បន្ទាប់ពី​បានក្លាយ​ជាសមាជិក ក្រុម​កំប្លែងនៅ​ទូរទស្សន៍​ CTN​។  

​បុព្វហេតុ​នាំ​ឲ្យ​មាន​ថ្ងៃនេះ លោក​ឆ្លងកាត់​ការលំបាក​គ្រប់សព្វ​សារពើសម្រាប់​យុវ​ភាព​របស់លោក​ដែល​បាន​ធ្វើជា​កម្មករសំណង់​៕​ S

What Next?

Recent Articles

3 Responses to "នាយ​ពែរ​មី​ : ពី​អ្នក​រើស​ខ្យង ព្រះសង្ឃ កម្មករសំណង់​មកជា​តារា​កំប្លែង​"

  1. kumrou says:

    គួរសរសើរកោត តែកុំឱ្យល្បោត ហួសទំហំប្រាណ
    ពែរមីមានគេ គាំទ្រហៅហាន កុំភ្លេចដើមដាន
    កាលខ្លួនក្រខ្សត់។
    ត្រកូលឯងខ្មែរ ត្រូវរក្សាថែ កុំឱ្យរលត់
    សិល្ប:និយម គឺដូចសំពត់ បាំំងប្រាណគត់មត់
    ដោយសារមារយាទ។
    កុំជោរជ្រុលពេក ពាក្យដែលជជែក គួរមានក្រឹត្យខ្នាត
    ឱ្យអ្នកស្តាប់ហើយ សរសើរថាឆ្លាត កុំពោលដូចស្រាត
    នៅកណ្តាលវាល។
    ឱ្យកាន់ឫក្សល្មម ឱ្យសមទាំងព្រម កុំចេញឫក្សពាល
    សមចិត្តអ្នកមើល កុំឱ្យញាតិដៀល អ្នកនឹងត្រកាល
    ត្រដឹមរុងរឿង។

  2. Sva watpnom says:

    កំប្លែងក្រុមលោកប៉ែកមីនេះដូចជាពិបាកស្តាប់,ស្រែកយកៗមិនដឹងជាចង់ថាម៉េច។បើមិនដែលមើលនាយកុយឬនាយក្រឹមហ្នោះ
    ប្រាកដជាល្អហើយ។ខ្ញុំនិយាយនេះមិនមែនបង្អាប់ទេគឺទិទានក្នុងការកែប្រែ។

  3. *** says:

    អ្នកកំប្លែងស្រុកយើងតែប៉ុណ្ណឹង មើលយូរបន្ដិចធ្វើឲ្យធុញ ដូចអាកុយ អាក្រឹមនឹងនាយខ្លះពុទៀត ដូចមី ខាត់សុឃីម,មីកាតុ ចេញសំដីដូចជះអាចម៍ ស្តាប់មិនបានទេ ធុញណាស់!!!!!!!!!
    បើចេះប្រើពាក្យបានប្រហែលនាយ ព្រុំម៉ាញនឹងនាង សារីគួរចង់មើលនឹងស្ដាប់ខ្លះ។