ស្លាប់​៣៥​នាក់​និង​របួស​​១២៩​នាក់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​

គិត​ចាប់​ពី​ថ្ងៃ​សែនចូលឆ្នាំ​ចិន កាលពី​ថ្ងៃ​សៅរ៍ រហូត​ដល់​ថ្ងៃ​ចន្ទ​នេះ គឺ​រយៈ ពេល​បី​ថ្ងៃនេះ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស បាន​សម្លាប់​មនុស្ស ៣៥ នាក់ និង​ធ្វើ​អោយ​របួស ១២៩ នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​ប៉ូលិស​ក្រសួង​មហាផ្ទៃ។ មូលហេតុ​ចំបង ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ដ៏​ច្រើន​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន មក​ពី​ការ​បើកបរ​ក្នុង​ល្បឿនលឿន និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង។

ថ្ងៃ ចន្ទ 11 កុម្ភៈ 2013
ដោយ លី ម៉េងហួរ
RFI

គ្រោះថ្នាក់​ចរាចរណ៍​​ពេល​បុណ្យ​ទាន​ម្តងៗ​ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​រាប់រយ​គ្រឿង។​ ©ចាន់ ស៊ីណា

សេចក្តីរាយការណ៍របស់​​ លី​ ម៉េងហួរ

(02:04)

របាយការណ៍​របស់​ប៉ូលិស​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ របស់​​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា ក្នុង​រយៈ​ពេល ៣​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន កាល​ពី​ថ្ងៃ​សៅរ៍ មក​ដល់​ថ្ងៃ​ចន្ទ​នេះ មាន​អ្នក​ស្លាប់ ៣៥ នាក់ និង​របួស​សរុប ១២៩ នាក់ ដោយសារ​តែ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស។​

របាយការណ៍​ប៉ូលិស​បង្ហាញ​ថា នៅ​ថ្ងៃ​សៅរ៍ ទី​៩​កុម្ភៈ គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស ២​នាក់ និង​របួស ១៥​នាក់​ផ្សេង​ទៀត។ នៅ​ថ្ងៃ​អាទិត្យ ទី​១០​កុម្ភៈ ដែល​ជា​ថ្ងៃ​ចូលឆ្នាំ​ចិន ថ្ងៃ​ទី​១ ក្នុង​ចំណោម​បុណ្យ​ចូល​ឆ្នាំចិន ៣ថ្ងៃ មាន​អ្នក​ស្លាប់​១៥ នាក់ និង​របួស​៥៩ នាក់។ ចំណែក​នៅ​ថ្ងៃ​ចន្ទ ទី​១១​ កុម្ភៈ​នេះ មាន​មនុស្ស​ស្លាប់​១៨ នាក់ និង​របួស៥៥ នាក់។​
 
តាម​របាយការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​នោះ ភាគ​ច្រើន​បង្ក​ឡើង​ដោយ​ការ​បើកបរ​លឿន​ហួស​កំណត់ ការ​ធ្វេស​ប្រហែស ហើយ​អ្នក​បើកបរ​ភាគ​ច្រើន ស្ថិត​ក្នុង​សភាព​ស្រវឹង។ ក្នុង​ពេល​មាន​បុណ្យទាន​ម្តងៗ ចរាចរណ៍​តាម​ដង​ផ្លូវ​មហាញឹក ដោយ​ការ​ដើរ​កំសាន្ត។ គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​រាប់រយ​គ្រឿង។​
 
ជា​ការ​កត់​សម្គាល់ ក្នុង​រដូវ​សែន​ចូលឆ្នាំ​ចិន ស្ទើរ​តែ​គ្រប់​ផ្ទះ មាន​រៀបចំ​ពិធី​សែនព្រេន​​តាម​ប្រពៃណី​ចិន​-​វៀតណាម។ ក្នុង​នោះ ក៏​មាន​វង់​ផឹក​ស៊ី​ដែល​ភាគ​ច្រើន​ជា​ក្រុម​យុវជន។​
នៅ​ព្រឹក​មិញ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ក៏​បាន​កើត​ឡើងលើ​ផ្លូវ​ជាតិ​លេខ​៤ នៅ​ម្តុំ​ចំការ ដូងប្រេង រវាង​ឡាន​តូច និង​ឡាន​ធំ​ដឹក​ស៊ីទែន​ប្រេង បណ្តាល​ឲ្យ​ឆេះ​ឡាន​តូច ស្លាប់​យុវជន ៦​នាក់។ យុវជន​ទាំង​នោះ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​លេង​សមុទ្រ​កំពង់សោម។​
 
របាយការណ៍​ប៉ូលិស​ក៏​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០១២ នៅ​ទូទាំង​ប្រទេស គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន ៤.៣០៥ ករណី ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១.៨៩៤ នាក់ របួសធ្ងន់ ៤.៣៨៨ នាក់ និង របួស​ស្រាល ៣.០៧៩ នាក់៕​

———————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

3 Responses to "ស្លាប់​៣៥​នាក់​និង​របួស​​១២៩​នាក់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​"

  1. សូមចូលរួមរំលែកទុក្ខ…
    អ្នកទាំងអស់គ្នាមិនត្រូវភ្លេចខ្លួនធ្វើអោយភ្លាត់ បណ្តាលអោយស្លាប់នោះទេ…
    The Sound Of Silence(You can click…)

  2. សេន says:

    ស្េវឹងកុំបើកបរ ប់កបរកុំផឹក បើកបរត្រូវគោរពច្បាប់ចរាចរណ៍ បើកបរក្នុងសភាវកតិសុជីវធម៌។​ទាំងនវជាបទប្ោនប្រដៅរបស់ដូនតាយើង​ តែដូនតាយើងមិនអាចជួយនរណាដែលល្មើសនិងបទប្រោនប្រដៅនេះបានឡើយ។ ជាពិសេសក្មេងៗណា។

  3. សេន says:

    ស្រវឹងកុំបើកបរ បើកបរកុំផឹក បើកបរត្រូវគោរពច្បាប់ចរាចរណ៍ បើកបរក្នុងសភាវកតិសុជីវធម៌។​

    ទាំងនេះជាបទប្រៀនប្រដៅរបស់ដូនតាយើង​

    តែដូនតាយើងមិនអាចជួយនរណាដែលល្មើសនិងបទប្រៀនប្រដៅនេះបានឡើយ។

    ជាពិសេសក្មេងៗស្ទាវណា។