«លា​ហើយ​កម្ពុជា» របស់​សម្តេចឪ​ត្រូវបាន​និពន្ធ​នៅ​ដើម​ទស្សវត្សរ៍​​៧០​

អ្នក​ចម្រៀង​ទាំង​បុរសនិង​ស្ត្រី​បាន​ចាប់​ផ្តើម​ច្រៀង​បទ​ចម្រៀង​មួយ ​របស់​សម្តេចឪ​នរោត្តម សីហនុ គឺ​បទ«លា​ហើយ​កម្ពុជា» ឬ «Goodbye Cambodia»។ បទ​ចម្រៀង​ទើប​តែ​ទទួល​បាន​ការ​​គាំទ្រ​ខ្លាំង​ នៅ​ក្រោយ​ពេល​ដែល​ព្រះ​មហាវីរក្សត្រ​យាង​សោយ​ទិវង្គត។ អតីត​ព្រះរាជលេខា​ផ្ទាល់​របស់​សម្តេចឪ គឺ​ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ​បាន​មាន​បន្ទូល​អោយ​ដឹង​ថា បទ​ចម្រៀង​មួយ​នេះ​ត្រូវ​បាន​សម្តេច​តា​និពន្ធ ​នៅ​ក្នុង​ដើម​ទស្សវត្សរ៍​៧០។ ទន្ទឹម​គ្នា​នេះ​ដែរ រាជ​រដ្ឋាភិបាល​កំពុង​បន្ត​ពិភាក្សា​អំពី​គម្រោង​សាងសង់​ព្រះបរមរូប​សម្តេចឪ។

ថ្ងៃ ចន្ទ 11 កុម្ភៈ 2013
ដោយ លាង ដឺលុច
RFI

សម្តេច​តា​យក​លំនាំ​ទំនុក​បទ​ពី​បទ​ចម្រៀង​ជប៉ុន​មួយ

សម្តេច​តា​យក​លំនាំ​ទំនុក​បទ​ពី​បទ​ចម្រៀង​ជប៉ុន​មួយ (REUTERS/China Daily)

សេចក្តី​រាយការណ៍​របស់​ លាង ដឺលុច

(03:01)

ក្រោយ​ពី​ព្រះរាជពិធី​បុណ្យ​ព្រះ​បរមសព​ ព្រះបរម​រតនកោដ្ឋ​ត្រូវ​បាន​បញ្ចប់ អ្នក​ចម្រៀង​ប្រុស​ស្រី​បាន​យក​បទ​ចម្រៀង​របស់​អតីត​​ព្រះមហាវីរក្សត្រ​សម្តេច​ឪ នរោត្តម សីហនុ ​ដែល​មាន​ចំណងជើង​ថា «លាហើយ​កម្ពុជា» មក​បក​ស្រាយ​ នៅ​លើ​​ឆាក​នៃ​ការ​ប្រគុំ​​តន្ត្រី​ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ នៅ​តាម​ស្ថានីយ​ទូរទស្សន៍​​មួយ​ចំនួន ​ដូចជា​ ទូរទស្សន៍​បាយ័ន ទូរទស្សន៍​រាជធានី​ភ្នំពេញ និង​នៅ​ក្នុង​កម្មវិធី​ ជីវិត និង​ចម្រៀង​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា។

បទ​ចម្រៀង ”លា​ហើយ​កម្ពុជា” ​ដែល​សម្តេច​ឪ​នរោត្តម សីហនុ ​និពន្ធ​នៅ​ដើម​ទស្សវត្សរ៍​៧០ ពី​ព្រះរាជ​ដំណាក់​​ក្រុង​ប៉េកាំង​ប្រទេស​ចិន​នោះ ​មិន​សូវ​មាន​ពលរដ្ឋ​ខ្មែរ​ស្គាល់​ មុន​ព្រះអង្គ​យាង​​សោយ​ទិវង្គត​នោះ​ឡើយ។ ប៉ុន្តែ​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​បទចម្រៀង​នេះ ​នៅ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​កាន់​តែ​ច្រើន។ មាន​អ្នក​ផ្សព្វផ្សាយ​បន្ត​ពី​គេហទំព័រ​Youtube ដែល​ជា​វីដេអូ​ចម្រៀង​របស់​ព្រះអង្គ ​និង​អ្នក​ខ្លះ​ទៀត​បាន​ធ្វើ​ជា​ចម្រៀង​Karaoke ទៀត​ផង។
 
ព្រះអង្គម្ចាស់ ​ស៊ីសុវត្ថិ ធម្មិកោ​ អតីត​ព្រះរាជលេខា​ផ្ទាល់​របស់​សម្តេច​ឪ ​បាន​មាន​បន្ទូល​រម្លឹក​អោយ​ដឹង​ថា បទ​ចម្រៀង​មួយ​នេះ​ត្រូវ​បាន​សម្តេច​តា​យក​លំនាំ​ទំនុក​បទ​ពី​បទ​ចម្រៀង​ជប៉ុន​មួយ ហើយ​ព្រះអង្គ​​តែង​អត្ថបទ​ចម្រៀង​ជា​ភាសា​ខ្មែរ​ដោយ​ព្រះអង្គ​ឯង។
 
ព្រះអង្គ​ម្ចាស់​ធម្មិកោ​ បាន​មាន​បន្ទូល​ប្រាប់​វិទ្យុ​បារាំង​បន្ត​ថា ក្រោយ​ពី​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០ សម្តេច​ឪ​បាន​នឹក​រលឹក​ និង​ស្រណោះ​ប្រទេស​កម្ពុជា​ជា​ខ្លាំង ហើយ​ព្រះអង្គ​តែង​បទ​ចម្រៀង​មួយ​នេះ។ មុន​បទ​ចម្រៀង​«លា​ហើយ​កម្ពុជា​»​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ​នៅ​តាម​គេហទំព័រ Youtube ​អតីត​ព្រះមហាវីរក្សត្រ​សម្តេច​ឪ ​នរោត្តម សីហនុ ​​បាន​យក​បទ​ចម្រៀង​នេះ​មក​ច្រៀង​ឡើង​វិញ​ សម្រាប់​អាល់ប៊ុម​ Royal Signing របស់​ព្រះអង្គ។ ព្រះអង្គម្ចាស់ ​ធម្មិកោ ​បាន​មាន​បន្ទូល​រំលឹក​ថា បទចម្រៀង​នេះ​ត្រូវ​បាន​ព្រះអង្គ​ថត​ នៅ​ខែ​ធ្នូ​ ឆ្នាំ​២០០៣ សម្រាប់​អាល់ប៊ុម​ទី​៨។
 
ឥឡូវ​នេះ ​នៅ​សល់​តែ​បទ​ចម្រៀង​អនុស្សាវរីយ៍។ អនុស្សាវរីយ៍​មួយ​ទៀត ​គឺ​ព្រះបរមរូប​របស់​ព្រះអង្គ​ដែល​រាជ​​រដ្ឋាភិបាល​កំពុង​បន្ត​ពិភាក្សា សម្រេច​អំពី​​គម្រោង​សាងសង់។ អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក​ទិត សុធា ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា គណៈកម្មការ​ទទួល​បន្ទុក​សាងសង់​ព្រះបរមរូប​សម្តេច​ឪ ​នរោត្តម សីហនុ ដែល​ដឹកនាំ​ដោយ​លោក​ឧប​នាយករដ្ឋមន្ត្រី ​សុខ អាន ត្រូវ​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ជាមួយ​អ្នក​ជំនាញ​នានា​ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។ លោក​ទិត សុធា​ បញ្ជាក់​ថា សមាសភាព​នៃ​គណៈកម្មការ​នោះ​រួម​មាន​មន្ត្រី​ក្រសួង​វប្បធម៌ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​ក្រុម​វិស្វករ​ជាដើម។
 
មិន​ទាន់​មាន​ការ​ផ្សព្វផ្សាយ​លំអិត​ផ្លូវការ ​អំពី​គម្រោង​នៃ​សំណង់​ព្រះបរមរូប​សម្តេច​ឪ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​មន្ត្រី​រាជ​​រដ្ឋាភិបាល​ធ្លាប់​ប្រាប់​អោយ​ដឹង​ខ្លះៗ​ថា ព្រះបរមរូប​សម្តេច​ឪ​នឹង​ត្រូវ​សាងសង់ ​នៅ​លើ​សួនច្បារ​ខាង​កើត​វិមាន​ឯករាជ្យ។ ហើយ​ថា​ជំហរ​រូប​សំណាក​អាច​មាន​កំពស់​៧​ម៉ែត្រ ដែល​ដាក់​ក្នុង​ស្តូប​មួយ ​ដែល​មាន​​កំពស់​រហូត​ដល់​២៧​ម៉ែត្រ។
 
បើ​យោង​តាម​ព្រះរាជសារ​របស់​សម្តេច​ម៉ែ មុនីនាថ សីហនុ ​ចុះ​ថ្ងៃ​ទី​៦ ​កុម្ភៈ ការ​សាងសង់​ព្រះបរមរូប​សម្តេច​ឪ គឺ​ជា​គំនិត​ផ្តួចផ្តើម​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ហើយ​សម្តេច​ម៉ែ​បាន​មាន​ព្រះរាជបន្ទូល​អរគុណ​លោក​នាយក​រដ្ឋ​មន្ត្រី​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ដើម្បី​ទុក​ជា​ការ​ចងចាំ​និង​នឹក​ឃើញ​ជា​ដរាប​នូវ​ព្រះភ័ក្រ្ត​របស់​ព្រះអង្គ​សម្រាប់​​ប្រជារាស្ត្រ៕

————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

One Response to "«លា​ហើយ​កម្ពុជា» របស់​សម្តេចឪ​ត្រូវបាន​និពន្ធ​នៅ​ដើម​ទស្សវត្សរ៍​​៧០​"

  1. kumrou says:

    ដោយព្រះអង្គទ្រង់ច្រៀងដោយព្រះសូរសៀងផ្ទាល់នូវបទចំរៀងនេះ
    ទើបខ្ញុំយល់ថាការចាក់ផ្សាយចំរៀងរបស់ព្រះអង្គគឺពិតជាមានអត្ថន័យ
    ខ្លាំងក្លាណាស់ ហើយបានអង្រួនទឹកចិត្តយើងជានិច្ច​និងមិនអាចមាន
    សិល្បករ តារាចំរៀងណាមកជំនួសបានឡើយ។