ស្លាប់​៦​នាក់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កាមរី​បាឡែន​និង​រថយន្ត​ដឹក​សាំង

ព្រះសីហនុៈ មនុស្ស​៦នាក់ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​ធុនតូច​បុក​ជាមួយ​នឹង​រថយន្ត​ធុនធំ​ដឹក​ប្រេង​សាំង​របស់​ក្រុមហ៊ុន​សូគីម៉ិច ស្ថិត​ក្នុង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះ​សីហនុ កាល​ពី​ថ្ងៃ​ម្សិល​មិញ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៥៩ និង​១៦០ ម្តុំ​ចម្ការ​ដូង​ប្រេង​ឧកញ៉ា ម៉ុង ឫទ្ធី។

Tuesday, 12 February 2013
គឹម យុទ្ធណា
ភ្នំពេញ ប៉ុស្តិ៍

រថយន្ត​បាឡែន​ផ្ទុក​យុវវ័យ​៦នាក់​ បុក​នឹង​ឡាន​សាំងផ្ទុះឆេះ​នៅ​ព្រៃ​នប់។ រូបថត សហ​ការី

រថយន្ត​បាឡែន​ផ្ទុក​យុវវ័យ​៦នាក់​ បុក​នឹង​ឡាន​សាំងផ្ទុះឆេះ​នៅ​ព្រៃ​នប់។ រូបថត សហ​ការី

លោក ឃាង ប៊ុណ្ណា អធិការ​រង​នគរបាល​ស្រុក​ព្រៃនប់ ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​កន្លែង​កើត​ហេតុ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា រថយន្ត​កាមរី​បាឡែន​ពណ៌ស​មួយ​គ្រឿង​ដែល​មាន​មនុស្ស​ជិះ៦​នាក់​នៅ​ខាង​ក្នុង បាន​បុក​ជាមួយ​នឹង​រថយន្ត​ដឹកប្រេង​សាំង​ចំណុះ ៣៦.០០០​លីត្រ​របស់​ក្រុមហ៊ុន​សូគីម៉ិច​ដោយ​ធ្វើ​ឲ្យ​រថយន្ត​កាមរី​ក្រឡាប់​ធ្លាក់​ចុះ​ចិញ្ចើម​ផ្លូវ​ម្ខាង និង​បាន​ផ្ទុះ​ឆេះ​ឡើង​យ៉ាង​សន្ធោ​សន្ធៅ បណ្តាល​ឲ្យ​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​តូច​នោះ​ស្លាប់​ទាំងអស់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់។

លោកបន្ត​ថា រថយន្ត​ជនរងគ្រោះ​ដែល​ទំនង​ចេញ​ដំណើរ​មក​ពី​ទីក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ ក្នុង​ល្បឿន​លឿន​បាន​បើក​ជែង​នឹង រថយន្ត​មួយ​ទៀត​នៅ​ពី​មុខ​ក្នុង​ទិស​ដៅ​ស្រប​គ្នា ប៉ុន្តែ​វ៉ា​មិន​ផុត​ក៏បុក​នឹង​រថយន្ត​ស៊ីទែន​សាំង​មួយ​គ្រឿង​ធំ​មក ពី​ខាង​មុខ ដែល​ចេញ​ដំណើរ​ពី​ក្រុង​កំពង់​សោម បណ្តាល​ឲ្យ​រថយន្ត​ដឹក​សាំង​បុក​ចំហៀង​រថយន្ត​ជន​រងគ្រោះ បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ ហើយ​ក៏​ផ្ទុះ​ឆេះ​ឡើង​តែ​ម្តង។

លោកបញ្ជាក់ថា៖«គ្រោះថ្នាក់​នេះ បណ្តាល​មក​ពី​អ្នក​បើក​រថយន្ត​កាមេរី ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​មិន​គោរព​ច្បាប់​ចរាចរណ៍។

ខ្ញុំឃើញ​សាកសព​ជន​រងគ្រោះ​៤នាក់​នៅ​ក្នុងរថយន្ត​ឆេះ ខ្លោច​រោល​រាល​មើល​ស្ទើរ​មិន​យល់​ខណៈ​សាកសព​ពីរ​នាក់​ផ្សេង​ទៀត​បាន​ខ្ទាត​ចេញ​ពី​ក្នុង​រថយន្ត​ឆេះ​រោល​បន្តិច​បន្តួច។ មើល​ទៅ​វា​គួរ​ឲ្យ​រន្ធត់​ខ្លាំង​ណាស់»។

លោកបន្ថែម​ថា រថយន្ត​ដឹក​ប្រេងសាំង​មិន​បាន​ផ្ទុះ​ឆេះ​នោះ​ទេ ខណៈ​អ្នក​បើកបរ​បាន​រត់​ចោល​រថយន្ត ក្រោយ​កើត​ហេតុ​ភ្លាម។ ប៉ុន្តែ​រថយន្ត​ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​រង់ចាំ​តំណាង​ក្រុមហ៊ុន​ចូល​មក​ដោះ​ស្រាយ​តាម​ច្បាប់ ខណៈ​សាកសព​របស់​ជន​រងគ្រោះ​ត្រូវ​បាន​ប្រមូល​យក​មក​តម្កល់​ទុក​នៅ​វត្តវាល​មាស ចម្ងាយ​ប្រហែល ១០​គីឡូ​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ លោក​បាន​បន្ត​ទៀតថា៖​«នេះជា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​លើក​ដំបូង ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក​ព្រៃនប់ នាដើម​ឆ្នាំ​២០១៣»។

ទោះយ៉ាងណា​ លោក ឃាង ប៊ុណ្ណា បាន​ថ្លែង​បញ្ជាក់​ថា អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​ដែល​ស្លាប់​ទាំង​៦នាក់ រួម​មាន​ទាំង​ស្ត្រី​ម្នាក់​ផង​នោះ នៅ​មិន​ទាន់​ដឹង​លម្អិត​នៅ​ឡើយ​នោះ​ទេ ប៉ុន្តែ​លោក​ថា​ពួកគេ​ទំនង​ជា​ទៅ​កម្សាន្ត​នៅ​កំពង់​សោម ក្នុង​ពេល​ចូល​ឆ្នាំ​ចិននេះ។

លោក ព្រំ ពៅ ប្រធាន​នគរបាល​ចរាចរ​ជើង​គោក​ ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រយៈ​ពេល​បី​ថ្ងៃ អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន នៅ​ទូ​ទាំង​ខេត្ត​ព្រះសីហនុ​មាន បី​ករណី រាប់​ទាំង​ករណី​កើត​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នៅ​ស្រុក​ព្រៃនប់​ផង។ លោក​បន្ត​ថា ករណី​ទាំង​បី​លើក​នេះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៨នាក់ និង​របួស​បី​នាក់។ លោក​ថ្លែង​បញ្ជាក់​ថា៖​«ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុក ព្រៃនប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ ជា​ករណី​ធ្ងន់ធ្ងរ​ជាងគេ បណ្តាល​ឲ្យ​ស្លាប់​៦នាក់»។

លោកបន្ថែម​ឲ្យ​ដឹង​ថា ដោយ​ឡែក កាល​ពី​ឆ្នាំ​២០១២​កន្លង​ទៅ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ខេត្ត​ព្រះ​សីហនុ​មាន​២០១​ករណី​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ចំនួន​៥៩នាក់​ស្លាប់​និង​៤០៥​នាក់​រង​របួស។

លោក ហ៊ឹម យ៉ាន ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់ អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា របាយ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៣ថ្ងៃ​នៅ​ទូទាំង​ប្រទេស ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​កំពុង​ត្រូវ​បាន​បូក​សរុប នៅ​មិន​ទាន់​រួច​រាល់​នៅ​​ឡើយ​ទេ។ ប៉ុន្តែ​យោង​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ស្រង់​របាយ​ការណ៍​ពី​នាយក​ដ្ឋាន​សណ្ឋាប់​ធ្នាប់​បាន​រាយការណ៍​ឲ្យ​ដឹងថា មាន​មនុស្ស​១៥​នាក់​បាន​រងគ្រោះ​បាត់​បង់​ជីវិត​និង​៥៩​នាក់​ទៀត​រង​របួស ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​នាថ្ងៃ​ចូល​ឆ្នាំ​ចិន​ដំបូង​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣​នេះ។

របាយការណ៍​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​មាន ៣៨​លើក បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ៦៨​គ្រឿង ក្នុង​នោះ​ម៉ូតូ ៥១​គ្រឿង រថយន្ត​ធុន​តូច​១២​គ្រឿង រថយន្ត​ធុន​ធំ​២​គ្រឿង និង​យាន​ផ្សេងៗ​៣​គ្រឿង។

បើតាមរបាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​១១​ខែ ក្នុង​ឆ្នាំ​២០១២​កន្លង​ទៅ​នេះ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង ចំនួន​៤៣០៥​ករណី ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៨៨៤​នាក់ របួស​ធ្ងន់​៤៣៨៨​នាក់ និង​ស្រាល​៣០ ៧៩​នាក់។ ចំនួន​នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០១១​ដែល ករណី​គ្រោះ​ថ្នាក់​បាន​កើត​មាន​ឡើង​៥០៩៦​ករណី ក្នុង​នោះ​អ្នក​ស្លាប់​មាន​ចំនួន​១៩០៥​នាក់ របួស​ធ្ងន់​៥៨០៧​នាក់ និង​របួស​ស្រាល​៧៦៦១​នាក់៕

What Next?

Recent Articles

2 Responses to "ស្លាប់​៦​នាក់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កាមរី​បាឡែន​និង​រថយន្ត​ដឹក​សាំង"

  1. Anonymous says:

    គ្រោះថ្នាក់​នេះ បណ្តាល​មក​ពី​អ្នក​បើក​រថយន្ត​កាមេរី ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​មិន​គោរព​ច្បាប់​ចរាចរណ៍

  2. Khmerologist says:

    This is not the violation of traffic law, but because of all kind of laws have never been fully implimented. Cambodia is no doubt, a country of lawlessness with high fatality rate associated with traffic accident, aggravated assault, brutally murdered to cover up the evidences, ect…