ស៊ឹម ថៃណា និង នាយ ទុយ បង្កាត់​ភ្លើង​ស្នេហ៍?

Wednesday, 13 February 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង​មិន​ទាន់​មាន​ផលិត​កម្ម​នាង ស៊ឹម ថៃណា កាលពី​​ពេល​កន្លង​មក​។ រូបថត សេត គឹមសឿន

តារា​ចម្រៀង​មិន​ទាន់​មាន​ផលិត​កម្ម​នាង ស៊ឹម ថៃណា កាលពី​​ពេល​កន្លង​មក​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ តារា​ចម្រៀង​សម្បុរ​ស្រអែម​ចូល​ចិត្ត​សម្ញែង​ដើម​ទ្រូង​សិច​ស៊ី​នាង ស៊ឹម ថៃណា និង​ពិធីករ​ពោះ​ម៉ាយ​ក្តៅៗ​លោក អ៊ឹង រដ្ឋា ហៅ​ទុយ ត្រូវ​បាន​គេ​ដឹង​ថា អ្នក​ទាំង​ពីរ​បាន​លួច​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​យ៉ាង​ផ្អែម​ល្ហែម​តាំង​ពី​អ្នក​ទាំង​ពីរ​បាន​ឱកាស​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​។

យ៉ាង​ណា​ក៏​ដោយ​រឿង​នេះ​មិន​ត្រូវ​បាន​ស្រី​ស្រស់​សម្រស់​ដើម​ទ្រូង​មាន​មន្ត​ស្នេហ៍ ស៊ឹម ថៃណា បក​ស្រាយ​ថា​យ៉ាង​ណា​នោះ​ទេ​។ ប៉ុន្តែ​ដោយ​ឡែក​ពិធីករ​ពោះម៉ាយ​មាន​សម្ពាយ​ទុក្ខ​ព្រួយ​នាយ ទុយ វិញ បែរ​ជា​បដិសេធ​យ៉ាង​ញ័រ​មាត់​ថា៖​«​​ង​នោះ​មិន​អាច​កើត​មាន​ឡើយ​ចំពោះ ខ្ញុំ និង​ប្អូន​ស្រី​ថៃណា ទេ​»។

តាម​ប្រភព​ជា​ច្រើន​បាន​លើក​ឡើង​ថា គេ​សង្កេត​ឃើញ​តារា​ចម្រៀង​សិច​ស៊ី​ស៊ឹម ថៃណា​និង​ពិធីករ​ពោះ​ម៉ាយ​នាយ ទុយ តាំង​ពី​ចេញ​ទៅ​សម្តែង​នៅ​លើ​ទឹក​ដី អាមេរិក​កាល​ពី​ពេល​កន្លង​ទៅ​ជាមួយ​គ្នា​មក ហាក់​ដូច​ជា​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ជិត​ស្និទ្ធ​ខុស​ប្លែក​ពី​តារា​ដទៃ ហើយ​ការ​សម្តែង​ទៀត​សោត​ក៏​មើល​ទៅ​ស៊ី​ចង្វាក់​ជាមួយ​គ្នា​មិន​ធម្មតា​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ជា​រឿយៗ​គេ​តែង​តែ​សង្កេត​ឃើញ​ពួក​គេ​ទាំង​ពីរ​នាក់​បញ្ចេញ​អាការ​យក​ចិត្ត​ទុក​ដាក់​មើល​ការ​ខុស​ត្រូវ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រៀប​បាន​ដូច​ជា​គូ​ស្នេហ៍​ថ្មោង​ថ្មី​អ៊ីចឹង​។

ជាមួយ​ការ​តាម​សង្កេត​នោះ​ប្រភព​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ទៀត​ថា​៖

« ភាព​សិ្នទ្ធ​ស្នាល​របស់​តារា​ពីរ​ដួង​នេះ​បាន​រំលេច​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ការ​សង្ស័យ​ចាប់​តាំង​ពី​ពួក​គេ​បាន​រួម​ដំណើរ​ចេញ​ទៅ​សម្តែង​នៅ​លើ​ទឹក​ដី​ប្រទេស​មហា​អំណាច​លោក បារ៉ាក់ អូប៉ាម៉ា​ឯ​ណោះ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​សូម្បី​តែ​មក​ដល់​ស្រុក​ខ្មែរ​វិញ​គេ​ក៏​សង្កេត​ឃើញ​កាយ​វិការ​ក្នុង​ការ​រាប់​អាន​គ្នា​របស់ ស៊ឹម ថៃណា និង​នាយ ទុយ នោះ កាន់​តែ​ស្អិត​ល្មួត​ជាង​មុន​ខុស​ប្លែក​ពី​ភាព​សិ្នទ្ធ​ស្នាល​ធម្មតា​»។

ប៉ុន្តែ​យ៉ាង​ណា​មិញ​ជុំវិញ​ការ​ដាក់​បន្ទុក​សង្ស័យ​យ៉ាង​ធ្ងន់​ពី​មហាជន​នោះ​មិន​ត្រូវ​បាន​អ្នក​ចម្រៀង​កំពុង​អាប់​រស្មី​ក្នុង​វិថី​សិល្បៈ​មាន​ដើម​ទ្រូង​ធំ​សិច​ស៊ី នាង ស៊ឹម ថៃណា ប្រតិកម្ម​យ៉ាង​ណា​នោះ​ទេ​ហើយ​នាង​ក៏​មិន​មាន​ការ​បក​ស្រាយ​យ៉ាង​ម៉េច​នោះ​ដែរ​ពេល​ដែល ភ្នំពេញ ប៉ុស្តិ៍ ព្យាយាម​សុំ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ​កាល​ពី​រសៀល​ម្សិល​មិញ​នេះ​។

ក្រោយ​ពី​លើក​ទូរស័ព្ទ​ហើយ ស៊ឹម ថៃណា បាន​ឆ្លើយ​ថា៖​«ម៉ោង​ហ្នឹង​ខ្ញុំ​ជាប់​ដេក​មិន​មាន​ពេល​និយាយ​ទេ​»​។ដោយ​ឡែក​តួ​ឯក​ប្រុស​ក្នុង​ភ្នែក​មហាជន​លោក អ៊ឹង រដ្ឋា ហៅ​ទុយ វិញ​នៅ​ពេល​ដែល​ឮ​ការ​ចោទ​សួរ​ភ្លាម​លោក​ក៏​បាន​បដិសេធ​យ៉ាង​ញ័រ​មាត់​ថា លោក​និង​នាង ស៊ឹម ថៃណា មិន​មាន​ស្នេហា​នឹង​គ្នា​ដូច​ដែល​មហាជន​មើល​ឃើញ​នោះ​ទេ។


ពិធីករ​ទូរទស្សន៍​ស៊ីធីអិន​កំពុង​មាន​សម្ពាយ​ទុក្ខ​ជាប់​ខ្លួន​ព្រោះ​ម្តាយ​ឈឺ​ធ្ងន់ លោក អ៊ឹង រដ្ឋា ហៅ​ទុយ បាន​ប្រាប់​ថា៖​«ខ្ញុំ​ពិត​ជា​មិន​មាន​ស្នេហា​ក្រៅ​ឆាក​ជាមួយ​នឹង​ប្អូន​ស្រី ស៊ឹម ថៃណា មែន​នេះ​ខ្ញុំ​និយាយ​ត្រង់ៗ​ក្នុង​នាម​ខ្ញុំ​ជា​កូន​ប្រុស​ចេះ​ទទួល​ខុស​ត្រូវ​ហ៊ាន​ស៊ី​ហ៊ាន​សង​»។

លោក​អះអាង​បន្ត​ថា៖«ដូច​ដឹង​ស្រាប់​ហើយ​ខ្ញុំ​ជា​កូន​ប្រុស​ម្នាក់​មាន​ការ​លះ​បង់​ខ្ពស់​ណាស់​នៅ​ចំពោះ​បញ្ហា​ចំពោះ​មុខ​ខ្ញុំ​ស៊ូ​បាត់​បង់​អ្វីៗ​បាន​តែ​កុំ​ឲ្យ​បាត់​បង់​កិត្តិយស​។ ដូច​គ្នា​ហ្នឹង​ខ្ញុំ​ក៏​ស្រឡាញ់​កិត្តិយស​ដែរ ខ្ញុំ​បាន​ចាត់​ទុក​កញ្ញា​ថៃណា ដូច​ជា​ប្អូន​ស្រី​ហើយ​ខ្ញុំ​ក៏​មិន​បង្ក​បរិយាកាស​ពី​បង​ប្អូន​ឲ្យ​ទៅ​ជា​ស្នេហា​បាន​ដែរ​»។

ជាមួយ​ការ​បង្ហាញ​នូវ​ទស្សនៈ​កូន​ប្រុស​ទទួល​ខុស​ត្រូវ​ខ្ពស់​នោះ​ពិធីករ​ដែល​អារម្មណ៍​ពោរ​ពេញ​ដោយ​វិបត្តិ​ក្នុង​ចិត្ត​មិន​ទាន់​ជ្រះ​ស្រឡះ នាយ ទុយ ក៏​បាន​ទទួល​ស្គាល់​នូវ​ការ​លើក​ឡើង​របស់​មហាជន​ផង​ដែរ​ដោយ​លោក​បាន​និយាយ​ថា​៖​«មិន​ខុស​ទេ​ដែល​បង​ប្អូន​តាម​ដាន​ឃើញ​ខ្ញុំ​និង​កញ្ញា ស៊ឹម ថៃ​ណា មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​តាំង​ពី​សម្តែង​នៅ​សហរដ្ឋ​អាមេរិក​រហូត​មក​ដល់​ស្រុក​ខ្មែរ​នោះ​ហើយ​ពេល​នេះ​បើ​ទោះ​ជា​ខ្ញុំ​បដិសេធ​ថា​ខ្ញុំ​មិន​មាន​ស្នេហា​នឹង​គ្នា​ក៏​ដោយ​តែ​ភាព​ស្និទ្ធ​ស្នាល​បែប​នោះ​នៅ​តែ​កើត​មាន​ដដែល​ហ្នឹង​»។

ពិធីករ​ពោះ​ម៉ាយ​ដែល​ត្អូញ​មិន​ដាច់​ពី​មាត់​ថា ខ្លួន​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​យ៉ាង​ធ្ងន់​ធ្ងរ​ព្រោះ​ម្តាយ​នៅ​ឈឺ​ដេក​ដួល​នៅ​នឹង​កន្ទេល​នៅ​ឡើយ​នោះ បាន​បញ្ជាក់​ថា ផ្ទុយ​ទៅ​វិញ​សព្វ​ថ្ងៃ​លោក​ត្រូវ​អរគុណ​នាង ស៊ឹម ថៃណា​ទៅ​វិញ​ទេ ដូច​ដែល​បង​ប្អូន​ដឹង​ស្រាប់​ហើយ​ថា​ដំណើរ​ទៅ​សម្តែង​នៅ​អាមេរិក លោក​ចេញ​ទៅ​រក​ប្រាក់​មក​ព្យាបាល​ម្តាយ​ឈឺ​ដេក​នៅ​កន្ទេល ពេល​នោះ​គ្មាន​វិនាទី​ណា​ដែល​អារម្មណ៍​លោក​សប្បាយ​នោះ​ទេ​តែ​លោក​ក៏​សំណាង​ដែរ​បាន នាង ស៊ឹម ថៃណា​ដែល​តែង​ជួយ​សម្រួល​អារម្មណ៍​លោក ហើយ​ទោះ​បី​ជា​មក​ដល់​ស្រុក​ខ្មែរ​វិញ​នាង​ក៏​នៅ​តែ​ព្យាយាម​ជួយ​លោក​នៅ​ពេល​ដែល​លោក​ត្រូវ​ការ​ឲ្យ​នាង​ជួយ​។

លោក ទុយ បាន​ប្រាប់​ត្រង់​ថា​៖

«សព្វ​ថ្ងៃ​ខ្ញុំ​មិន​មាន​ឡាន​ជិះ​ទេ​ទៅ​ណា​មក​ណា​រាល់​ថ្ងៃ​បាន​ថៃ​ណា យក​ឡាន​នាង​មក​ជូន​។ ដោយ​សារ​សកម្មភាព​ដ៏​សកម្ម​របស់​ប្អូន​ស្រី​ថៃណា​នេះ​ហើយ​ទើប​បាន​ជា​មហាជន​មើល​ឃើញ​ហើយ​លើក​ឡើង​នូវ​ភាព​ស្និទ្ធ​ស្នាល​នេះ ម៉ៃ​ទៅ​ថា ខ្ញុំ​និង​នាង​មាន​ស្នេហា​នឹង​គ្នា​នោះ​»។

បន្ថែម​ពី​វា​ចា​ចេញ​ពី​ចិត្ត​ពុំ​មាន​ភាព​លាក់​លៀម​នោះ ពិធីករ​ចាស់​វស្សា​នៅ​ក្នុង​ទ្រនំ​ស៊ីធីអិន និង​ជា​អតីត​កូន​ប្រសា​របស់​សេដ្ឋិនី​ដី យាយ​ផាន នោះ នាយ ទុយ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា៖​«ពេល​នេះ​បើ​ទោះ​ជា​កាលៈ​ទេសៈ​បង្ខំ​យ៉ាង​ណា​ក៏​បេះដូង​ខ្ញុំ​មិន​ទាម​ទារ​រក​ស្នេហា​កើត​នោះ​ដែរ ព្រោះថា ពេល​នេះ​ខ្ញុំ​មិន​មាន​អ្វី​សោះ​ក្នុង​ខ្លួន ក្រៅ​ពី​ប្រាក់​ខែ​ចំណាយ​លើក​ការ​ព្យាបាល​ម្តាយ​ក្នុង​មួយ​ខែៗ​សឹង​មិន​គ្រាន់​នោះ​»៕​

What Next?

Recent Articles

2 Responses to "ស៊ឹម ថៃណា និង នាយ ទុយ បង្កាត់​ភ្លើង​ស្នេហ៍?"

  1. *** says:

    កុំយល់ច្រឡំច្រើនពេក អូនណាជានារីល្អ ទាំងចឹត្ដនឹងរូបកាយ នាងមិនមានអារម្មណ៍នឹងនាយទុយទេ.
    នាងចាប់អារម្មណ៍នឹងបុរសម្នាក់លើដីអាមេរិកក្នុងរដ្ឋតិចសាស់ឯណោះទេ សូមកុំច្រឡំ!!!!!!!!!

  2. សករាជ says:

    អផ្សុកធើគ្នារាប់អានវាមានទៅឆ្អី!!!