ពេជ្រ សោភា មិន​ឲ្យ​រំលង Best of the Best ទោះ​ម៉ូតូ​បុក​របួស​ជើង​ក្ដី

ភ្នំពេញ : កំពូល​តារា​ចម្រៀង​ចាស់​វស្សា​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស នាង ពេជ្រ សោភា បាន​ចេញ​មុខ​មក​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​ប្រាប់​ដល់​ទស្សនិកជន​ពិសេស​អ្នក​គាំទ្រ​នាង​ថា នៅ​ក្នុង​ឱកាស​កម្មវិធី​ប្រគំ​តន្ត្រី Best Of The Best ដែល​រៀប​ចំ​ឡើង​ចំ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា នេះ នាង​មិន​អាច​អវត្តមាន​ឡើយ​ថ្វី​ដ្បិត​តែ​របួស​ជើង​របស់​នាង​នៅ​មិន​ទាន់​ជា​សះ​យ៉ាង​ណា​ក៏​ដោយ​។

Friday, 08 March 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារាចម្រៀង​ចាស់វស្សា​ប្រចាំ​ផលិតកម្មហង្សមាសនាង ពេជ្រ សោភា​​។ រូបថត សហ​ការី

តារាចម្រៀង​ចាស់វស្សា​ប្រចាំ​ផលិតកម្មហង្សមាសនាង ពេជ្រ សោភា​​។ រូបថត សហ​ការី

អ្នក នាង ពេជ្រ សោភា ក៏​បាន​រំឭក​ពី​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ឲ្យ​ដឹង​ផង​ដែរ​ថា៖ «កាល​ពី​ព្រលឹម​ថ្ងៃ​ទី​០៤​ខែ​មីនា ខណៈ​ដែល​ខ្ញុំ​ក្រោក​ហាត់​ប្រាណ​រួច​ក៏​ឆ្លង​ផ្លូវ​មុខ​ផ្ទះ​ទៅ​ម្ខាង​ទៀត​ដើម្បី​ទិញ​កាហ្វេ​។ រំពេច​នោះ​នៅ​ក្នុង​ស្ថានភាព​ផ្លូវ​ទូលាយ​ល្វឹង​ក៏​ស្រាប់​តែ​មាន​ម៉ូតូ​ឌុប​មួយ​គ្រឿង​បើក​មក​កៀរ​បណ្តាល​ឲ្យ​ខ្ញុំ​ដួល​និង​រង​បួស​ជើង​ធ្ងន់​គួរ​សម​ដែរ»។

កំពូល​តារា​ចម្រៀង​ដែល​អះ​អាង​ថា​មិន​ដែល​ភ្លេច​ដើម​កំណើត​ជា​អ្នក​លក់​អំពៅ​សាង​នាង ពេជ្រ សោភា បាន​បន្ត​ថា៖ «ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្ក​ពី​សំណាក់​ម៉ូតូ​ឌុប​មក​លើ​ខ្ញុំ​ទាំង​ព្រលឹម​អុរ​នោះ បាន​បណ្តាល​ឲ្យ​ខ្ញុំ​នេះ​រង​របួស​ជើង​ស្ដាំ​របស់​ខ្ញុំ​ចំនួន​ពីរ​កន្លែង​ធ្ងន់​គួរ​សម​ដែរ។ មួយ​កន្លែង​ក្រោម​ជង្គង់​និង​មួយ​កន្លែង​ទៀត​ស្មង​ជើង​តែ​ក៏​មិន​ដល់​ថ្នាក់​ចូល​ទៅ​គេង​ពេទ្យ​នោះ​ដែរ​។ ប៉ុន្តែ​ភ្លាមៗ​នោះ​ខ្ញុំ​ស្មាន​តែ​ជើង​របស់​ខ្ញុំ​បាក់​ផង​ព្រោះ​វា​បោក​ខ្ទប់​ទៅ​នឹង​ផ្លូវ​ហើយ​ឈាម​ក៏​ហូរ​ច្រើន​ដែរ»។

យ៉ាង​ណា​ក៏​ដោយ បើ​ទោះ​ជា​គ្រោះ​អកុសល​នោះ​បង្ក​ឡើង​ដោយ​អ្នក​រត់​ម៉ូតូ​ឌុប​ទាំង​ស្រុង​ក៏​ដោយ​ប៉ុន្តែ​កំពូល​តារា​ចម្រៀង ដែល​តែង​ផ្ញើ​សារ​រំឭក​ឲ្យ​បង​ប្អូន​គោរព​អ្នក​មាន​គុណ គោរព​ច្បាប់​ចរាចរណ៍​នាង ពេជ្រ សោភា ក៏​បាន​អះអាង​ថា មិន​ទាម​ទារ​កម្រៃ​ព្យាបាល​របួស​មួយ​កាក់​មួយ​សេន​ពី​អ្នក​មាន​របរ​តូច​តាច​រត់​ម៉ូតូ​ឌុប​នោះ​ឡើយ។

តារា​ចម្រៀង​ដែល​មាន​ចិត្ត​មនុស្ស​ធម៌ ចំពោះ​អ្នក​បង្ក​គ្រោះ​ថ្នាក់​ដល់​នាង រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា៖ «ដ្បិត​ថា ការ​បង្ក​គ្រោះ​ថ្នាក់​មក​លើ​ខ្ញុំ​នេះ ដល់​ថ្នាក់​មាន​របួស​ស្នាម​យ៉ាង​ណា​ក៏​ដោយ​ប៉ុន្តែ​ខ្ញុំ​ក៏​មិន​បាន​ទាម​ទារ​សោហ៊ុយ​ព្យាបាល​ពី​អ្នក​ម៉ូតូ​ឌុប​អ្នក​បើក​ម៉ូតូ​កៀរ​ខ្ញុំ​មួយ​រៀល​ដែរ។ ខ្ញុំ​មាន​តែ​ពាក្យ​ប្រាប់​គាត់​ថា នេះ​ពូ​បង្ក​ឡើង​ប៉ះ​ខ្ញុំ ខ្ញុំ​មិន​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​នោះ​ទេ តែ​ខ្ញុំ​សូម​ឲ្យ​ពូ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ថ្ងៃ​ក្រោយ​ប៉ះ​អ្នក​ណា​ផ្សេង​ពី​ខ្ញុំ​នោះ​ខ្ញុំ​មិន​ដឹង​ថា​គេ​យោគ​យល់​ដូច​ខ្ញុំ​ឬ​យ៉ាង​ណា​នោះ​ទេ»។


ប៉ុន្តែ​យ៉ាង​ណា​ការ​បង្ក​គ្រោះ​ថ្នាក់​កើត​ឡើង​ដោយ​ចៃដន្យ​ចំពោះ​នាង ពេជ្រ សោភា ដែល​បង្ក​ឲ្យ​មាន​របួស​ស្នាម​លើ​ជើង​ដែល​ជា​ជន្ទល់​ដ៏​សំខាន់​និង​ដ៏​រឹង​មាំ​ក្នុង​ការ​ប្រើ​ប្រាស់​កាយ​វិការ​ច្រៀង​រាំ​នោះ មិន​ត្រូវ​បាន​នាង​គិត​ថា​អាច​បង្ក​ឲ្យ​នាង​អាក់​ខាន​ក្នុង​ការ​ឡើង​ច្រៀង​រាំ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ធំ​ប្រចាំ​ឆ្នាំ​របស់​ផលិតកម្ម​នាង​ឡើយ​ប៉ុន្តែ​នាង​ក៏​មិន​បាន​ប្រាកដ​ថា​ខ្លួន​ឯង​ថា​អាច​ធ្វើ​បាន​ល្អ​ប៉ុន​ណា​ដែរ។

នាង ពេជ្រ សោភា បាន​ប្រាប់​ថា៖ «ក្នុង​ព្រឹត្តិ​ការណ៍​ប្រគំ​តន្ត្រី​ធំ​ប្រចាំ​ឆ្នាំ​២០១៣ Best Of The Best ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​៨ មីនា​នេះ​ដែល​រៀប​ចំ​ឡើង​ដោយ​ផលិត​កម្ម​រស្មី​ហង្ស​មាស​នោះ ខ្ញុំ​ក៏​មិន​ទម្រន់​ខ្លួន​ព្រោះ​តែ​របួស​ស្នាម​តិច​តួច​នេះ​ឡើយ​ហើយ​នាំ​ឲ្យ​វត្តមាន​ខ្ញុំ​ខក​ខាន​មិន​បាន​ឡើង​ឆាក​តន្រ្តី​ធំ​នេះ​បាន​ដែរ។ វត្តមាន​ខ្ញុំ​នឹង​ស្ថិត​ក្នុង​កម្មវិធី​នេះ​ជា​ធម្មតា​ដូច​ជា​តារា​ចម្រៀង​របស់​ផលិត​កម្ម​ហង្ស​មាស​ឯ​ទៀត​ដែរ»។

តារា​ចម្រៀង​ដែល​ខំ​ប្រឹង​ហាត់​ក្បាច់​រាំ​ប្លែកៗ​ដើម្បី​ផ្ដល់​ចំណី​អារម្មណ៍​ប្លែក​ភ្នែក​ដល់​ទស្សនិកជន​រូប​នេះ បាន​ប្ដេជ្ញា​ទៀត​ថា៖ «ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ខ្លួន​ខ្ញុំ​ដូច​ជា​មិន​របួស​ស្នាម​ញាំញី​ឡើង ហើយ​ការ​ច្រៀង​និង​រាំ​សម្រាប់​ការ​ប្រគំ​តន្ត្រី​ធំ​ប្រចាំ​ឆ្នាំ​នេះ​ក៏​នៅ​រក្សា​ទុក​ដូច​ដើម​មិន​មែន​ខ្ញុំ​ឈឺ​ជើង​ត្រូវ​លុប​មិន​ឲ្យ​ច្រៀង​បទ​ញាក់ ហើយ​ងាក​មក​ច្រៀង​បទ​ស្លូតៗ​នោះ​ឡើយ គឺ​ខ្ញុំ​នឹង​ច្រៀង​ទាំង​អស់​»។

តារា​ចម្រៀង​កំណើត​ពី​ទឹក​ដី​ខេត្ត​ខាង​កើត​ទន្លេ​មេគង្គ​ដែល​កំពុង​បង្កើន​ក្បាច់​រាំ​មិន​ឲ្យ​ទោរ​ទន់​តាម​វ័យ​អ្នក​នាង ពេជ្រ សោភា ក៏​បាន​បញ្ជាក់​ទៀត​ថា៖ «សម្រាប់​ការ​ឡើង​ច្រៀង​ក្នុង​ការ​ប្រគំ​តន្ត្រី​ធំ​ប្រចាំ​ឆ្នាំ​២០១៣​នេះ ខ្ញុំ​បាន​សម្រាំង​បទ​ថ្មីៗ​ច្រើន ហើយ​បទ​នោះ​ខ្ញុំ​ក៏​បាន​បង្កើន​ក្បាច់​រាំ​ប្លែកៗ​ផង​ដែរ។ តែ​ពេល​នេះ​ខ្ញុំ​មិន​ដឹង​ថា អាច​ធ្វើ​បាន​ល្អ​ប៉ុន​ណា​ដូច​ការ​គ្រោង​ទុក​ឬ​យ៉ាង​ណា​ទេ ខណៈ​ជើង​ខ្ញុំ​នេះ​ក៏​មិន​ទាន់​បាត់​ឈឺ​ដែរ​»។

ប៉ុន្តែ​តារា​ចម្រៀង​វ័យ​ក្បែរ​៣០​ឆ្នាំ ដែល​តែង​យក​ខ្សែ​ជីវិត​ដ៏​តោក​យ៉ាក​របស់​ខ្លួន​ផ្ដល់​ជា​មេរៀន​ប្រាប់​ទស្សនិកជន​នោះ​ក៏​បាន​អះអាង​បន្ថែម​ថា៖ «ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​វា​មិន​ឲ្យ​ទស្សនិក​ជន​ខក​ចិត្ត​ដោយ​សារ​ខ្ញុំ​ព្រោះ​តែ​របួស​ស្នាម ត្រឹម​តែ​ដាច់​រលាត់​សើ​ស្បែក​នេះ​ដែរ​»។

ដូច​គ្នា​នឹង​ការ​តាំង​ចិត្ត​របស់​នាង ពេជ្រ សោភា លោក ស្វា ឡងឌី ដែល​ជា​មនុស្ស​ស្និទ្ធ​ស្នាល​បំផុត​របស់​តារា​ចម្រៀង​រូប​នេះ​បាន​បង្ហើប​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា៖ «ពេជ្រ សោភា ពេល​នេះ​មិន​ទាន់​បាន​ធូរ​ស្បើយ​នៅ​ឡើយ​ទេ​ហើយ​ក៏​មិន​ច្បាស់​រឿង​រាំ ឬ​មិន​រាំ​ដែរ​ប៉ុន្តែ​សម្រាប់​ពេជ្រ សោភា មិន​មែន​ជា​មនុស្ស​ដែល​ខ្ជិល​ច្រអូស ទម្រន់ ហើយ​គេច​វេះ​ពី​បញ្ហា​ចំពោះ​មុខ​នោះ​ទេ​នាង​នៅ​តែ​ប្រឹង​ប្រែង​ក្នុង​ការងារ​ហើយ​ពេល​នេះ​នាង​កំពុង​តែ​ហាត់​សម​ក្បាច់​រាំ​ដោយ​យក​ចិត្ត​ទុក​ដាច់​បំផុត​របស់​នាង »៕

What Next?

Recent Articles

One Response to "ពេជ្រ សោភា មិន​ឲ្យ​រំលង Best of the Best ទោះ​ម៉ូតូ​បុក​របួស​ជើង​ក្ដី"

  1. Anonymous says:

    រូបរាងគួរអោយស្រលាញ់ទាស់តែពាក់មូកដូច​បិសាចពីងពាង ពិតជាចំលែកមែន​