លោក​នាយក​រដ្ឋមន្ត្រី​បញ្ជា​អោយ​មន្ត្រី​ពិនិត្យ​រថយន្ត​កុងតឺន័រ​

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​និយាយ​អំពី​ការ​បង្ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​ថ្ងៃ​ចន្ទ ​បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់​ធ្ងរ​ចំនួន​ពីរ​ចុងក្រោយ ​២​លើ​ក​នេះ។ ករណី​ទាំងពីរ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​យក​មក​និយាយ​ជា​សាធារណៈ ហើយ​បាន​ថ្លែង​ចូលរួម​រំលែកទុក្ខ​ដល់​គ្រួសារ​ជន​រងគ្រោះ​ទៀត​ផង។ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​លោក​នាយក​រដ្ឋមន្ត្រី​អំពាវនាវ​អោយ​បញ្ចប់​នោះ លោក​នាយក​រដ្ឋមន្ត្រី​រម្លឹក​អោយ​មន្ត្រី​​ពិនិត្យ​រថយន្ត​កុងតឺន័រ និង​រថយន្ត​សណ្តោង​រ៉ឺម៉ក​វែង​ដែល​អាច​បង្ក​អោយ​មាន​គ្រោះថ្នាក់។

ថ្ងៃ ចន្ទ 11 មីនា 2013
ដោយ លាង ដឺលុច
RFI

​នាយក​រដ្ឋមន្ត្រី​បាន​ផ្ញើសារ​ទៅ​ពលរដ្ឋ​​ ព្រម​ទាំង​ទៅ​សមត្ថកិច្ច​​ អោយ​ចងចាំ​​ទុក​ក្នុង​ចិត្ត​នូវ​ពាក្យ​មួយ​ឃ្លា​ថា «ថ្ងៃ​នេះ​និងថ្ងៃ​ស្អែក​ គ្មាន​គ្រោះថ្នាក់​ចរាចរណ៍»។ RFI/Channa Siv

សេចក្តី​រាយការណ៍​របស់​ លាង ដឺលុច

(01:52)

នាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ លោក ​ព្រហ្ម​ ពៅ ​បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ ​ទី​១១​មិនា​នេះ​ថា លោក​កំពុង​រៀបចំ​បញ្ជូន​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​រថយន្ត​កុងតឺន័រ​ និង​រថយន្ត​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត ​នោះ​ទៅ​តុលាការ​ឆាប់ៗ​នេះ​ហើយ។

ទោះ​យ៉ាង​នេះ​ក៏​ដោយ សំណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​លើក​យក​មក​និយាយ​ជា​សាធារណៈ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត លោក​នាយករដ្ឋមន្ត្រី​បាន​យក​ឱកាស​នេះ រមឹ្លក​មន្ត្រី​ក្រសួង​សាធារណៈការ ​អំពី​បញ្ជា​របស់​លោក​ទាក់ទង​នឹង​ការ​ត្រូត​ពិនិត្យ​រថយន្ត​សណ្តោង​ធំៗ និង​សណ្តោង​រ៉ឺម៉ក​វែងៗ​​​ដែល​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដទៃ​នោះ។
 
ប្រមុខ​រាជរដ្ឋាភិបាល​ស្នើ​អោយ​មន្ត្រី​ទាំងអស់​អនុវត្ត​ច្បាប់ ដោយ​មិន​ចាំបាច់​រង់ចាំ​អនុសាសន៍​របស់​លោក​ឡើយ។ ហើយ​​រឹត​បន្តឹង​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំង​អស់ ដើម្បី​កុំឲ្យ​មាន​សោកនាដកម្ម​​ដូច​ករណី​គ្រោះថ្នាក់​ចរាចរណ៍ លើ​ផ្លូវ​ជាតិ​លេខ​៤ ​នោះ​ទៀត។
ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ថ្លែង​រំលែក​ទុក្ខ​គ្រួសារ​ជន​រងគ្រោះ ​ដែល​មាន​ទាំង​តារា​កំប្លែង​នាយ កុយ និង​លោកស្រី ណយ សំណាង ​ផង​ដែរ។
 
លោក​នាយក​រដ្ឋមន្ត្រី​ក៏​មិន​បាន​ភ្លេច​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មុខ​ក្រសួង​មហាផ្ទៃ ដែល​បង្ក​ដោយ​និស្សិត​ពេទ្យ​​ ធ្វើ​អោយ​ស្លាប់​កុមារ​៣​នាក់​ នោះ​ដែរ។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ស្តី​បន្ទោស​អាណាព្យាបាល​ ហើយ​ថា​និស្សិត​ពេទ្យ​នោះ​ក៏​មិន​អាច​គេច​ផុត​ពី​ការ​ផ្តន្ទា​ទោស​ដែរ។
ក្រោយ​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ទាំងពីរ លោក​នាយក​រដ្ឋមន្ត្រី​បាន​ផ្ញើសារ​ទៅ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ ព្រម​ទាំង​ទៅ​សមត្ថកិច្ច​ផង​ អោយ​ចងចាំ​​ទុក​ក្នុង​ចិត្ត​នូវ​ពាក្យ​មួយ​ឃ្លា​ថា «ថ្ងៃ​នេះ​និងថ្ងៃ​ស្អែក​ គ្មាន​គ្រោះថ្នាក់​ចរាចរណ៍»។
 
គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​រៀងរាល់​ថ្ងៃ ​នៅ​ក្នុង​គេហទំព័រ​ព័ត៌មាន ​របស់​ប៉ូលិស​ជាតិ។ របាយការណ៍​កន្លងមក​ បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​ពលរដ្ឋ​៥​នាក់​ជា​មធ្យម​ ជា​រៀងរាល់​ថ្ងៃ ហើយ​បាន​ធ្វើ​អោយ​ខូចខាត​ទ្រព្យ​សម្បត្តិ​ គិត​ជា​ថវិកា​ស្មើ​នឹង​ជាង​៣០០​លាន​ដុល្លារ ​ក្នុង​មួយ​ឆ្នាំ៕

———————————–

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

3 Responses to "លោក​នាយក​រដ្ឋមន្ត្រី​បញ្ជា​អោយ​មន្ត្រី​ពិនិត្យ​រថយន្ត​កុងតឺន័រ​"

  1. ហាហា says:

    ស្រុកយើងជិតមានយុត្តិធម៌ហើយ តែករណីអង្គរក្សអ្នកមានអំណាចប៉ះជាមួយម៉ូតូកង់បី អ្នកមានអំណាចនៅតែឈ្នះ ហើយករណីមួយទៀតគឺ ប្រពន្ធលោកឧកញ៉ាវាយអ្នកបំរើបែកឈាម មិនទាន់ឃើញយុត្តិធម៌ទេ ប្រជាជននិងរងចាំមើលរហូតដល់បាត់ពន្លឺ

  2. LKM says:

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែពង្រឹងនឹងកែច្បាប់ចរាចរណ៍ លើចំនុចដាក់ទោសទាន់។ ប្រការនេះគួរយកគំរូតាមប្រទេសចិន បើជនណាបើកបរបង្ករគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ ត្រូវមានទោស ប្រហារជីវិត។ នេះជាប្រការមួយជួយកាត់បន្តយ គ្រោះថ្នាក់ នឹង ការផ្តល់អនុសាសន័ទាន!

  3. គ្មានអ្វី ដែល ថាមិនអាចកាត់បន្ថយអំពីគ្រោះថ្នាក់ចរចរណ៏បាននេះទេ ។ បើសិនជាអំពើពុករលួយ ត្រូវបានកាត់បន្ថយបានដែរនោះ ។ ហើយមិនបាច់និយាយអ្វីអោយលើសពីនេះទៀតនោះទេ ម្នាល ហ៊ុន សែន អើយ ។