សុខភាព​របស់​លោក ​អៀង សារី មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ

មេធាវី និង​​កូនប្រុស​​របស់​លោក​អៀង សារី បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ ទី​១៣​មីនា​នេះ​ថា អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម លោក អៀង សារី ដែល​មាន​អាយុ ៨៧ ឆ្នាំ នៅពេលនេះ មាន​ស្ថានភាព​សុខភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។ លោក អៀង សារី ត្រូវបាន​គេ​បញ្ជូន​មក​សង្គ្រោះបន្ទាន់​ជាថ្មីទៀត នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​មន្ទីរពេទ្យ​រុស្ស៊ី) ក្នុង​ទីក្រុង​ភ្នំពេញ ចាប់​តាំងពី​ព្រឹក​ថ្ងៃ​ទី​៤​មីនា។ លោក​មិន​អាច​ពិសារ​អាហារ​បានឡើយ ហើយ​ត្រូវ​ដកដង្ហើម​ដោយសារ​ម៉ាស៊ីន​អុកស៊ីសែន​។​

ថ្ងៃ ពុធ 13 មីនា 2013
ដោយ លី ម៉េងហួរ
RFI

លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម © លី​ ម៉េងហួរ

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

(03:11)

​កូនប្រុស​របស់​លោក អៀង សារី ដែល​សព្វថ្ងៃ​ជា​អភិបាលរង​ខេត្ត​ប៉ៃលិន គឺ​លោក អៀង វុ​ធ បាន​ប្រាប់​អ្នកកាសែត​យ៉ាងខ្លី នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣ ថា សាច់ញាតិ និង​កូនចៅ​របស់​លោក អៀង សារី បាន​មកជួបជុំ​គ្នា​អស់ហើយ នៅ​មន្ទីរពេទ្យ​រុស្ស៊ី ក្នុង​ទីក្រុង​ភ្នំពេញ​។ រីឯ​ស្ថានភាព​ជំងឺ​របស់​លោក អៀង សារី ក៏​កាន់​ធ្ងន់ធ្ងរ​ទៅៗ​។

​​ចំណែក​លោក​មេធាវី អាង ឧត្តម សហ​មេធាវី​ការពារ​ក្តី លោក អៀង សារី ក៏​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា “​ស្ថានភាព​សុខភាព​របស់​លោក អៀង សារី មាន​សភាព​ធ្ងន់ធ្ងរ​ជាទីបំផុត និង​ធ្ងន់ធ្ងរ​ជាង​មុន​ហើយ​”​។​
 
​តាម​សេចក្តីរាយការណ៍ លោក អៀង សារី សម្រាន្ត​លើ​គ្រែ ហើយ​ដកដង្ហើម​ដោយ​ម៉ាស៊ីន​អុកស៊ីសែន។ លោក អៀង សារី មិន​អាច​បរិភោគ​អាហារ​បានឡើយ ចាប់តាំងពី​លោក ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ជាថ្មីទៀត កាលពី​ថ្ងៃ​ចន្ទ ទី​៤​មីនា​។​
 
​នៅ​មន្ទីរពេទ្យ​រុស្ស៊ី មាន​កម្លាំង​ប៉ូលិស យាមកាម​យ៉ាង​តឹងរ៉ឹង នៅក្បែរ​បន្ទប់ ដែល​លោក អៀង សារី សម្រាក​ព្យាបាល​ជំងឺ​។ អ្នកកាសែត​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យទៅ​ក្បែរ​បន្ទប់សម្រាក​នោះឡើ​យ​។ ក្រុម​គ្រូពេទ្យ​ជំនាញ​ធំៗ ក៏​បាន​ចេញ​ចូល​ពិនិត្យ​ស្ថានភាព​ជំងឺ​របស់​លោក អៀង សារី ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​ លទ្ធផល​នៃ​ស្ថានភាព​សុខភាព​របស់​លោក អៀង សារី មិន​ត្រូវបាន​គេ​ប្រាប់ឲ្យដឹង​ឡើយ​។​
 
​លោក​វេជ្ជបណ្ឌិត ឈឿង យ៉ា​យិន អនុប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ អំពី​ស្ថានភាព​ជំងឺ​របស់​លោក អៀង សារី ឡើយ​។​ ​លោក​វេជ្ជបណ្ឌិត​​បាន​ថ្លែងថា “​អ្នក​ដែល​ផ្តល់​ព័ត៌មាន​ទៅ​ប្អូន​បាន គឺ​ផ្នែក​រដ្ឋបាល អ​.​វ​.​ត​.​ក​. (សាលាក្តី​ខ្មែរក្រហម)។ គ្រូពេទ្យ​ទាំងអស់ គ្រាន់តែ​ជា​អ្នកបច្ចេកទេស អត់​មាន​សិទ្ធិ​លើ​បញ្ហា​ផ្តល់ព័ត៌មាន​អស់​ហ្នឹង​ទេ​។ អ្វីៗ​គឺ​អ​.​វ​.​ត​.​ក​. ជា​អ្នកចេញ​ជា​ព័ត៌មាន​។ សូមទោស​!”​។​
 
អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភ​ក្ត្រា ក៏បាន​លើកឡើងដែរ​ថា រហូតមកដល់​ពេលនេះ ខាង​សាលាក្តី​មិនទាន់​មាន​របាយការណ៍ ឬ​ការប្រកាស​ព័ត៌មាន​អ្វី ក្រៅពី​ដំណឹង​ថា លោក អៀង សារី ស្ថិតនៅ​មន្ទីរពេទ្យ​ ហើយ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​យ៉ាង​ដិត​ដល់​របស់​ក្រុម​គ្រូពេទ្យ។​
 
​យ៉ាងណាក៏ដោយ លោក នេត្រ ភ​ក្ត្រា បាន​ពន្យល់ថា ជាធម្មតា នៅពេល​ដែល​ជនជាប់ចោទ ស្លាប់ នៅក្នុង​ពេល​ដំណើរការ​សំណុំរឿង​ក្តី គឺ​មិន​មាន​ការចោទប្រកាន់ និង​មិន​មាន​ការជំនុំជម្រះ​ក្តី​ឡើយ ពី​ព្រោះ​តុលាការ មិន​កាត់ទោស​ទៅលើ​អ្នក ដែល​ស្លាប់​ទេ​។​
 
​មាន​អាយុ ៨៧ ឆ្នាំ លោក អៀង សារី ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០០៧​។​តុលាការ​ខ្មែរក្រហម បាន​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ជំនុំជម្រះ​ពី​បទ​ឧក្រិដ្ឋកម្ម សម្លាប់​មនុស្ស ក្នុងសម័យ​ខ្មែរក្រហម​។ សវនាការ​លើ​សំណុំរឿង​០០២ ដែល​មាន​ជនជាប់ចោទ លោក​អៀង​ សារី, លោក នួន​ ជា និង​លោក ខៀវ​ សំផន បាន​ចាប់ផ្តើម​​ដំណើរការ​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១១។​
 
​ប៉ុន្តែ​ មក​ដល់ពេលនេះ សវនាកា​រលើ​សំណុំរឿង​ក្តី​របស់​អតី​ត​មេ​ខ្មែរក្រហម ក្នុង​សំណុំរឿង​០០២ ត្រូវ​ជាប់គាំង ដោយសារ​បញ្ហា​សុខភាព​របស់​លោក អៀង សារី និង​ហេតុផល​មួយទៀត គឺ​មក​ពី​វិបត្តិ​ថវិកា ដែល​មិន​ទាន់​ដោះស្រាយ ដើម្បីបើក​ប្រាក់ខែ​ដល់​បុគ្គលិក​ជាតិ នាំ​ឲ្យ​អ្នកបកប្រែភាសា ធ្វើពហិការ មិន​ចូល​ធ្វើការ ចាប់តាំងពី​ថ្ងៃ​ទី​៤​មីនា ឆ្នាំ​២០១៣៕

—————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

2 Responses to "សុខភាព​របស់​លោក ​អៀង សារី មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ"

  1. ចងចាំ says:

    អើ…………….ល្មមដល់ពេលទៅជួប
    សមមិត្ត ប៉ុល ពត ហើយ។
    សង្ឈឹមថាយមរាជដាក់ទោសវាអោយ
    ចុះនរក ១៨ជាន់ កុំអោយវាចាប់ជាតិ
    មកទឿតបានអោយសោះ។
    អោយវាឡើងរការដែក ចុះខ្ទះខ្លាញ់
    សីុខ្ទុះ ឈាមជាអលជ្ជី ។

  2. cheath says:

    អៀង សារី ស្លាប់ហើយ ម៉ោង ៨ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣