កំពង់ចាមៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជា CPP ឲ្យចៀសឆ្ងាយពីកម្ដៅនៃយុទ្ធនាការនយោបាយ ដែលកំពុងទទួលរងការវាយប្រហារពីសំណាក់គណបក្សប្រឆាំងចាប់ពីពេលនេះ រហូតដល់ការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា។
Tuesday, 02 April 2013
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងពិធីមួយកាលពីពេលកន្លងមក។ រូបថត ផា លីណា
ថ្លែងទៅកាន់អ្នកភូមិរាប់ពាន់នាក់ និងយុវជនជាង៦៧០០ នាក់ដែលជាសមាជិកថ្មីនៃគណបក្សក្នុងអំឡុងពិធីបញ្ចុះបឋមសិលាព្រះវិហារ នៅវត្តកំពង់ឫស្សី ឃុំជីរោទីមួយ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម លោក ហ៊ុន សែនបានថ្លែងថា សមាជិកគណបក្សប្រជាជនទាំងនោះមិនត្រូវវាយបកទៅនឹងការរិះគន់ឡើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមផ្ញើសារទៅសមាជិកគណបក្សទាំងអស់ថា ឥឡូវនេះ មានយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ យុទ្ធនាការបំផ្លាញកិត្តិយសនិងជេរប្រមាថ ដោយគណបក្សដទៃទៀត ហើយកម្ដៅបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែយើងមិនចាំបាច់វាយបកទេកុំយកកំហឹងទៅវាយបក»។
លោកបានបន្ថែមថា យោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃបានឲ្យដឹងថា រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០១៣ មានគណបក្សនយោបាយសរុបចំនួន៥០ ដែលបានចុះឈ្មោះនៅក្រសួង។ លោកនាយករដ្ឋមន្រ្តីបានលើកឡើងជាថ្មីម្តងទៀតថា ការអំពាវនាវរបស់លោកគឺដើម្បីឲ្យសមាជិកទាំងអស់នៃគណបក្សប្រជាជនកម្ពុជា ចៀសចេញពីការប្រព្រឹត្តអំពើអាក្រក់ដែលនាំឲ្យមានកំហឹងពីអ្នកបោះឆ្នោតទូទាំងប្រទេស។
លោក ហ៊ុន សែន បានថ្លែងទៅកាន់សមាជិកយុវជនថ្មីរបស់គណបក្សថាការបោះឆ្នោត នាពេលខាងមុខ គឺជាការបោះឆ្នោតថ្នាក់ជាតិវាខុសពីការបោះឆ្នោតឃុំ សង្កាត់។ ការបោះឆ្នោតនាពេលខាងមុខ ជាការកំណត់ជោគវាសនារបស់នាយករដ្ឋ មន្ត្រី។
លោកបានគូសបញ្ជាក់ថា៖«ដូចនេះ សូមកុំខឹងគោវ៉ៃរទេះ ខឹងមេឃុំ ខឹងមេភូមិ ឬ ខឹងប៉ូលិសនៅតាមផ្លូវសុំកុំបោះឆ្នោតទម្លាក់ហ៊ុន សែន។ បើចង់ឲ្យ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីបន្តទៀត សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា»។
ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ក៏បានវាយប្រហារលើការធ្វើនយោបាយខុសដោយរបបលោក លន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិកដែលទម្លាក់ព្រះបាទ នរោត្តម សីហនុ ហើយបណ្តាលឲ្យ ប៉ុល ពត ឡើងកាន់អំណាចព្រមទាំងការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើកម្ពុជាក្នុងអំឡុងទស្សវត្សរ៍ទី៧០។
លោក ហ៊ុន សែន បានថ្លែងថា៖ «មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចទេដែលហ៊ាននិយាយថ្កោលទោសរបប លន់ នល់ គាំទ្រដោយសហរដ្ឋអាមេរិកដែលដឹកនាំរដ្ឋប្រហារទម្លាក់ព្រះអង្គ សីហនុនិងបង្កើត[សង្គ្រាមស៊ីវិលនៅកម្ពុជា] ខណៈពេលគ្មានសំឡេងពីអ្នកនយោបាយដទៃទៀតទាក់ទងនឹងបញ្ហានេះ»។
លោកបានបន្ថែមថា៖ «ខ្ញុំមានមោទនភាពដោយបានចូលរួមប្រយុទ្ធប្រឆាំង ប៉ុល ពត រដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស ហើយថ្ងៃទី ២៨ ខែកក្កដា ការបោះឆ្នោតតំណាងរាស្រ្តមានសារៈសំខាន់ក្នុងការជ្រើសរើសនាយករដ្ឋមន្រ្តីកាន់ដៃចង្កូតប្រទេស»។ លោកបានលើកឡើងថា សេចក្តីសម្រេចផ្នែកនយោបាយខុសរបស់ ប៉ុល ពត បានសម្លាប់ប្រជាជនជាង ៣ លាននាក់នៅកម្ពុជា។
លោក ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតថា៖ «ប្រសិនបើអ្នកស្រឡាញ់ បើអ្នកអាណិត បើអ្នកអរគុណ និងបើអ្នកជឿជាក់លើហ៊ុន សែន សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា»។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការខុម ហ្វ្រែល បានថ្លែងថា ពុំមានរបាយការណ៍អំពីអំពើហិង្សានយោបាយនៅមុនការបោះឆ្នោតជាតិទេ បើទោះបីជាមានការនិយាយវាយប្រហារគ្នា រវាងបក្សប្រឆាំង និងបក្សកាន់អំណាចក៏ដោយ។លោក បញ្ញា លើកឡើងថា៖«ខ្ញុំមិនមើលឃើញអំពើហិង្សានយោបាយទេ ទន្ទឹមនេះ បក្សប្រឆាំងបានព្យាយាមយ៉ាងសកម្មក្នុងការបញ្ជូនសាររិះគន់គណបក្សកាន់អំណាច»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងថា គណបក្សប្រឆាំងបានបញ្ជូនសារនយោបាយអំពីគណបក្សថ្មី ហើយបានរៀបចំរូបសញ្ញាគណបក្សថ្មីជាង ២០០០០ ច្បាប់ នៅទូទាំងប្រទេស។
លោកសុវណ្ណ បានបញ្ជាក់ថា៖ «នៅពេលគណបក្សកាន់អំណាចមានប្រតិកម្មខ្លាំងមកលើសារនយោបាយរបស់យើងដូចជាយើងបានសន្យាធ្វើការដំឡើងប្រាក់ខែដល់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការ នោះវាមានន័យថា គណបក្សប្រជាជនកម្ពុជា កំពុងបរាជ័យក្នុងការដោះស្រាយលើបញ្ហាទាំងនេះ»៕ TK
អបអរសាទរ សម្តេចនាយករដ្ឋមន្រ្តីដែលបានសន្យា ដំឡើងប្រាក់ខែដល់មន្រ្តីរាជការតាមកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ នេះជាដំណឹងដ៏រីរាយមួយ និងលើកទឺកចិត្តដល់មន្រ្តីរាជការ គ្រប់ស្រទាប់ឋានានុក្រម អោយខិតខំបំរើប្រទេសជាតិអស់ពីចិត្តពីថ្លើម
«ប្រសិនបើអ្នកស្រឡាញ់ហ៊ុន សែន, បើអ្នកអាណិតហ៊ុន សែន, បើអ្នកអរគុណហ៊ុន សែន និងបើអ្នកជឿជាក់លើ ហ៊ុន សែន សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា»។