គឹម លីហ្សា ទៅ​អាមេរិក​បន្សាប​ព័ត៌មាន​រៀបការ

ភ្នំពេញៈ ក្រៅ​ពី​ចេញ​មក​បដិសេធ​មិន​មាន​គម្រោង​ចូល​រោងការ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៣​ជាមួយ​បុរស​អាណិកជន​ខ្មែរ​អូស្រ្តាលី នោះ តារា​សម្តែង និង​ចម្រៀង រូប​ស្រស់ រាង​តូច​ច្រឡឹង នាង​គឹម លីហ្សា ក៏​បាន​បង្ហើប​ពី​ដំណើរ​ឆ្លង​ទ្វីប​ទៅ​សម្តែង​នៅ​ប្រទេស​សហរដ្ឋ​អាមេរិក នៅ​រដូវ​វស្សា​នេះ។ ប៉ុន្តែ​យ៉ាង​ណា​ដំណើរ​នោះ​នាង​បែរ​ជា​មិន​មាន​ភាព​ជាក់​លាក់​លើ​ខ្លួន​ឯង​ទៅ​វិញ​ពេល​ដែល​មាន​គេ​សួរ​ថា ត្រូវ​ចេញ​ទៅ​នៅ​ខែ​ណា​?

Wednesday, 03 April 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារា​ចម្រៀង​សម្តែង​នាង គឹម លីហ្សា​​។ រូបថត សេត គឹមសឿន

តារា​ចម្រៀង​សម្តែង​នាង គឹម លីហ្សា​​។ រូបថត សេត គឹមសឿន

នាង​បាន​និយាយ​ថា៖«គេ​ថា​ខ្ញុំ​នេះ​កំពុង​ត្រៀម​ខ្លួន​ធ្វើ​កូន​ក្រមុំ ចូល​រោងការ​ជាមួយ​បុរស​ម្នាក់​នៅ​អូស្រ្តាលី នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៣​នេះ​។ ប៉ុន្តែ​ក្រែង​លោ​គេ​យល់​ច្រឡំ​ខ្ញុំ​ជាមួយ កញ្ញា អាលីហ្សា ទេ​ដឹង​? ព្រោះ​នាង​ប្រហែល​ជា​រៀបការ​ក្នុង​ឆ្នាំ​២០១៣​នេះ ហើយ​!»។

តារា​សម្តែង​និង​ចម្រៀង​ដែល​ទើប​ឡើង​ធ្វើ​ជា​ថៅកែ​ផ្ទះ​សំណាក់​កញ្ញា គឹម លីហ្សា បាន​បញ្ជាក់​ថា៖​«ចំណែក​ខ្ញុំ​គឺ​អត់​មាន​ទេ ហើយ​បើ​មាន​មែន​នោះ ខ្ញុំ​ទៅ​លាក់​លៀម​ធ្វើ​អ្វី បើ​គ្រាន់​តែ​រឿង​រៀបការ​ហ្នឹង​! ហើយ​បើ​សង្ស័យ​ថា ខ្ញុំ​មាន​គម្រោង​រៀបការ​ជាមួយ​បុរស​ម្នាក់​ដែល​រស់​នៅ​ប្រទេស​អូស្ត្រាលី​នោះ គឺ ប្រហែល​ជា​មិន​អាច​នោះ​ទេ។ ព្រោះ​ថា​រវាង​គាត់ និង​ខ្ញុំ គឺ​រាប់​អាន​គ្នា​ដូច​ជា​បង​ប្អូន​អ៊ីចឹង» ។

ទោះ​បី​ជា គឹម លីហ្សា បាន​បដិសេធ គ្មាន​គម្រោង​រៀបការ​នៅ​ដើម​ឆ្នាំ​២០១៣​នេះ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​នាង​មិន​ហ៊ាន​សន្យា​ថា មង្គលការ​របស់​នាង​នឹង​មិន​កើត ឡើង​ក្នុង​ឆ្នាំ​២០១៣​នោះ​ឡើយ។ ខណៈ​នាង​និយាយ​ថា«ខ្ញុំ​សន្យា យ៉ាង​ម៉េច​បង​! ព្រោះ​មង្គលការ​គ្មាន​នរណា​មើល​ឃើញ​នោះ​ទេ ជួន​កាល​ខ្ញុំ​និយាយ​ថា អត់​មាន​រៀបការ​ក្នុង​ឆ្នាំ​នេះ​ទេ តែ​លុះ​ដល់​ពីរ​ទៅ​បី​ខែ​ខាង​មុខ​ទៀត ស្រាប់​តែ​ខ្ញុំ​ស្គាល់ បុរស​ណា​ម្នាក់ ហើយ​ចំណែក​ចាស់​ទុំ​ក៏​ត្រូវ​រ៉ូវ​គ្នា​ទៅ​ទៀត រួច​រៀបចំ​មង្គលការ​តែ​ម្តង»។

ការ​ប្រកាស​ថា​នាង​នឹង​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អាមេរិក​នោះ​ត្រូវ​បាន​គេ​គិត​ថា នោះ​ជា​ស្ទីល​ពង្វាង​ផ្លូវ​របស់​នាង​ប៉ុណ្ណោះ​ខណៈ​នៅ​ពេល​មាន​ការ​ចោទ​សួរ​ថា តើ​នាង​នឹង​ត្រូវ​ចេញ​ទៅ​សម្តែង​នៅ​ខែ​ណា​និង​រយៈ​ពេល​យូរ​ប៉ុន​ណា​នោះ នាង​ហាក់​មាន​ភាព​ស្រពេច​ស្រពិល​នោះ។

នាង គឹម លីហ្សា បាន​និយាយ​ថា៖​«ខ្ញុំ​មាន​គម្រោង​ចេញ​ទៅ​ច្រៀង​នៅ​អាមេរិក​នៅ​ក្នុង​រដូវ​វស្សា​នេះ​មែន​តែ​មិន​ទាន់​ប្រាកដ​ថា​ក្នុង​ខែ​ណា​មួយ​ឲ្យ​ច្បាស់​លាស់​នោះ​ទេ ព្រោះ​ពេល​នេះ​ខ្ញុំ​កំពុង​តែ​ត្រៀម​ឯកសារ​មួយ​ចំនួន​ដើម្បី​រត់​ការ។ តែ​នាង​ក៏​និយាយ​បែប​លាង​ខ្លួន​វិញ​ថា៖​«​ខ្ញុំ​មិន​ទាន់​ច្បាស់​ដែរ ព្រោះ​ឯកសារ​កំពុង​តែ​រត់​ការ ណា​មួយ​ខ្ញុំ​ក៏​មិន​ប្រាកដ​ក្នុង​ចិត្ត​ដែរ ព្រោះ​ខ្ញុំ​ជាប់​កុង​ត្រា Concert តាម​ខេត្ត​ច្រើន​ដែរ។ ម្យ៉ាង​បើ​ប្រៀប​ធៀប​ចំណូល​សិល្បៈ​នៅ​ក្នុង​ស្រុក​ក៏​មិន​សូវ​ជា​ខុស​គ្នា​នឹង​ចំណូល​នៅ​ក្រៅ​ស្រុក​ប៉ុន្មាន​ទេ»៕

What Next?

Recent Articles

One Response to "គឹម លីហ្សា ទៅ​អាមេរិក​បន្សាប​ព័ត៌មាន​រៀបការ"

  1. seng says:

    doch kmoch