គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ពិធី​ជួបជុំ បង្សុកូល ឧទ្ទិស​កុសល ដល់​អ្នកស្លាប់ ក្នុង​របប​ប៉ុលពត នៅ​ជើងឯក

ភ្នំពេញ: ដូច​រៀងរាល់​ឆ្នាំ​ដែរ គណបក្សប្រឆាំង​រួបរួម គឺ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ពិធី​ជួបជុំ​សកម្មជន​ប្រមាណ ៣០០ នាក់ ដើម្បី​ប្រារព្ធ​ពិធី​បង្សុកូល សូត្រធម៌ ឧទ្ទិស​កុសល ជូន​ដល់​អ្នកស្លាប់ ក្នុង​របប​ខ្មែរក្រហម ប៉ុលពត នា​ព្រឹក​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍ ជើងឯក ជាយ​រាជធានី​ភ្នំពេញ​។​

ថ្ងៃទី 16 មេសា 2013
ដោយ: លី សិលា
CEN


ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​ដែល​ខ្មែរក្រហម ឡើង​កាន់​អំណាច នាំឲ្យ​មាន​ការកាប់​សម្លាប់ពលរ​ដ្ឋ​ខ្មែរ​យ៉ាង​តិច ១,៨ លាន​នាក់ ទម្រាំ​តែ​របប​ខ្មែរក្រហម ដួលរលំ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​។​ ជើងឯក ជាកន្លែងសម្លាប់មនុស្ស ក្នុងសម័យខ្មែរ​ក្រហម បន្ទាប់ពីជាប់ឃុំឃាំង នៅគុកទួលស្លែង ក្រោមការគ្រប់គ្រង របស់លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច។

​ដើម្បី​រម្លឹក​ដល់​ថ្ងៃ​ដ៏​ខ្លោចផ្សា ក្នុង​របប​អាវខ្មៅ ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ គណបក្ស​ប្រឆាំង ដែល​ពីមុន​មាន​តែ​គណបក្ស​សមរង្ស៊ី តែ​នៅ​ឆ្នាំនេះ មាន​គណបក្ស​សិទ្ធិមនុស្ស បាន​បញ្ចូល​គ្នា ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​ឲ្យមាន​ការជួបជុំ ប្រារព្ធ​ពិធី​រម្លឹក​ខួប​អ្នកស្លាប់ តាម​ប្រពៃណី​ជាតិ​។​

​លោក ហូរ វ៉ាន់ អនុប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា “​នៅ​ព្រឹក​ថ្ងៃទី​១៧​មេសា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ពិធី​បង្សុកូល ឧទ្ទិស​ដល់​បងប្អូន ចែក​ឋាន​ទៅ នៅ​ថ្ងៃ​ទី​១៧​មេសា នៅ​ស្តូប​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ៣០០ នាក់​។ ក្នុងនោះ ក៏​មាន​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​បាន​រួបរួមគ្នា ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម ព្រមទាំង​សកម្មជន​មួយចំនួន​ទៀត​ផង​”​។​

​សូម​រម្លឹកថា សម្រាប់​ការ​រម្លឹក​ពី​ព្រឹត្តិការណ៍​សម្លាប់​មនុស្ស នៅ​សម័យ​ខ្មែរក្រហម គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ជ្រើស​យក​បឹង​ជើងឯក ជា​កន្លែង​ប្រារព្ធ​ពិធី​ប្រចាំឆ្នាំ​ផងដែរ​។ តែ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សាខា​គណបក្ស​ប្រចាំ​រាជធានី​ភ្នំពេញ បានសម្រេច​ជ្រើស​យក​ថ្ងៃទី​២០ ខែ​ឧសភា ជា​រៀងរាល់ឆ្នាំ ដើម្បី​ប្រារព្ធ​ពិធី​ជួបជុំ សូត្រធម៌ បង្សុកូល ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ ក្នុងសម័យ​ខ្មែរក្រហម​។​

​ថ្ងៃ​២០​ឧសភា ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​ដែល​ខ្មែរក្រហម ចាប់ផ្តើម​អនុវត្ត​នូវ​គោលនយោបាយ សម្លាប់​មនុស្ស ក្រោម​ហេតុផល​ដើម្បី​បោសសំអាត​ខ្មាំង​ក្នុង​ជួរ​កម្មាភិបាល​ខ្មែរក្រហម​៕​

What Next?

Recent Articles

One Response to "គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ពិធី​ជួបជុំ បង្សុកូល ឧទ្ទិស​កុសល ដល់​អ្នកស្លាប់ ក្នុង​របប​ប៉ុលពត នៅ​ជើងឯក"

  1. Khmer Family says:

    សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ​​​​​​​​​​​​​​​​​​​​​​) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នក​បានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នា​ទៅតាមធនធានថវិការ​ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះ​ខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង​ មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅ​និងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ​៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ​៩០.០០០(ទំងន់ជាង២គីឡូ)​មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ​ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់​ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ​ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការ​ជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅ​ក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។

    .

    .