មន្ត្រីនៃគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសនៃក្រសួងការងារ កំពុងបន្តជួបជាមួយពលករ ពលការិនី និងពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ ដើម្បីចែករំលែកព័ត៌មានស្តីអំពីការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងករណីមានការផ្ទុះអាវុធក្នុងឧបទ្វីបកូរ៉េ។ ទោះយ៉ាងណាក៏ដោយ មន្ត្រីរបស់កម្ពុជាបានបញ្ជាក់ប្រាប់ពលរដ្ឋដែលកំពុងសិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េថា មានហេតុផលជាច្រើនដែលបង្ហាញថា សង្គ្រាមបងប្អូនទាំងពីរនឹងមិនអាចកើតឡើងឡើយ។
ថ្ងៃ អង្គារ 16 មេសា 2013
ដោយ លាង ដឺលុច
RFI

ប្រជាជនខ្មែរនៅកូរ៉េខាងត្បូង ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ២០១៣ (RFI/Leang Delux)
សហគមខ្មែរនៅសាធារណរដ្ឋកូរ៉េ បន្តជួបជុំគ្នារហូតដល់ថ្ងៃអាទិត្យខាងមុខនេះ ដើម្បីប្រារព្ធពិធីចូលឆ្នាំខ្មែរ។ ហើយមន្ត្រីជំនាញផ្នែកបញ្ជូនពលករទៅបរទេសនៃក្រសួងការងារ កំពុងបន្តស្នាក់នៅក្នុងសាធារណរដ្ឋកូរ៉េ ដើម្បីជួបជាមួយពលករនៅតាមរោងចក្រ និងរង់ចាំជួបជុំជាមួយពលរដ្ឋខ្មែរផ្សេងទៀតក្នុងពិធីជួបជុំ នៅថ្ងៃអាទិត្យខាងមុខនោះ ដើម្បីអាចពន្យល់ប្រាប់អំពីវិធានការសុវត្ថិភាព ក្នុងករណីមានជម្លោះប្រដាប់អាវុធរវាងបងប្អូនកូរ៉េទាំងពីរនោះ។
កាលពីថ្ងៃអាទិត្យទី១៤មេសាកន្លងទៅនេះ ការជួបជុំទ្រង់ទ្រាយធំនៃពលរដ្ឋខ្មែរ ប្រមាណ១០០០នាក់រួមមានពលករ ពលការិនី និស្សិត និងស្ត្រីដែលរៀបការជាមួយជនជាតិកូរ៉េ បានប្រព្រឹត្តិទៅក្នុងទីក្រុងអឺយចងប៊ូ នៃខេត្ត គ្យុងហ្គីដូ។ ទីកន្លែងជួបជុំពលរដ្ឋខ្មែរនេះ ស្ថិតនៅចំងាយប្រមាណតែ២០គម ពីព្រំដែនកូរ៉េខាងជើងតែប៉ុណ្ណោះ។ ជាការជួបជុំអបអរបុណ្យចូលឆ្នាំខ្មែរផង ប៉ុន្តែក្នុងឱកាសនោះ មន្ត្រីក្រសួងការងារ និងឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានផ្សព្វផ្សាយលេខទូរស័ព្ទទំនាក់ទំនងជាច្រើនបណ្តាញដល់ពលរដ្ឋខ្មែរ ក្នុងករណីមានហេតុការណ៍បន្ទាន់ និងដើម្បីពួកគេសួរនាំនូវបញ្ហាផ្សេងៗ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សេចក្តីណែនាំរបស់អាជ្ញាធរកម្ពុជានេះបានប្រាប់អោយពលរដ្ឋខ្មែរដែលរស់នៅក្បែរព្រំដែននៃប្រទេសកូរ៉េទាំងពីរ ក្នុងករណីមានសង្គ្រាមកើតឡើងនោះ ពួកគេត្រូវធ្វើដំណើរចុះមកភាគខាងត្បូង ក្នុងទីក្រុងចំនួន៤ដូចជា ទីក្រុងJeonJu ទីក្រុងDaegu និងពិសេសទីក្រុងMu-An និងទីក្រុងBusan។
លោកហេង សួរ អគ្គនាយកនិងជាប្រធានអង្គភាពរដ្ឋបាលនិងហិរញ្ញវត្ថុ នៃគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសនៃក្រសួងការងារ បានប្រាប់វិទ្យុបារាំងអន្តរជាតិពីកូរ៉េខាងត្បូងមកថា មន្ត្រីជំនាញមិនអាចជួបពលរដ្ឋខ្មែរគ្រប់គ្នាបានឡើយ។ ដូច្នេះ លោកបានស្នើអោយអ្នកដែលបានទទួលព័ត៌មាន ត្រូវផ្សព្វផ្សាយបន្តដល់មិត្តភ័ក្តរបស់ពួកគេ។ លោកហេង សួរ បន្តថា លោកនិង ឯកអគ្គរាជទូតកម្ពុជា បានពន្យល់ប្រាប់ពលរដ្ឋខ្មែរអំពីមូលហេតុជាច្រើនដែលបញ្ជាក់ថា វានឹងមិនអាចកើតមានសង្គ្រាមរវាងកូរ៉េទាំងពីរឡើយ។ ហើយថា ទោះយ៉ាងនេះក្តី មេដឹកនាំរបស់ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក៏បានប្រាស្រ័យទាក់ទងគ្នា ដើម្បីអាចចាត់វិធានការសង្គ្រោះពលរដ្ឋខ្មែរផងដែរ ក្នុងករណីមានបញ្ហាផ្ទុះឡើងមែននោះ។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការងារដដែលនោះ ពលរដ្ឋខ្មែរនៅទីនោះមិនសូវមានការបារម្ភប៉ុន្មានឡើយ ប៉ុន្តែគឺក្រុមគ្រួសារពីប្រទេសកម្ពុជាទៅវិញទេ ដែលថ្លែងបារម្ភខ្លាំងពីសាច់ញាតិពួកគេ ហើយអោយពួកគេត្រឡប់មកកម្ពុជាវិញសិននោះ៕


សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នកបានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នាទៅតាមធនធានថវិការ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅនិងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ៩០.០០០(ទំងន់ជាង២គីឡូ)មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។
.
.