តុលាការ​យុត្តិធម៌​អន្តរជាតិ នឹង​បន្ត​សវនាការ​ឡើងវិញ លើ​ការបកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តីពី ប្រាសាទ​ព្រះវិហារ នៅ​រសៀល​នេះ

 

ភ្នំពេញ: ​បន្ទាប់ពី​សវនាការ ទាញ​អំណះអំណាង​ផ្ទាល់មាត់ កាលពី​ថ្ងៃ​ចន្ទ ទី​១៥ ខែ​មេសា ឆ្នាំ​២០១៣ ដែល​ជា​វេទិកា​របស់​ភាគី​កម្ពុជា​រួច​មក គឺ​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ នឹង​បើក​សវនាការ​ឡើងវិញ លើ​សំណុំរឿង​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តី​ពី​ប្រាសាទ​ព្រះវិហារ ហើយ​ជា​វេទិកា​របស់​ភាគី​ថៃ​។​

ថ្ងៃទី 17 មេសា 2013
ដោយ: លី សិលា
CEN

​ភាគី​ថៃ នឹង​ឡើង​ថ្លែង​ផ្ទាល់មាត់ នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ១០ ព្រឹក ( ម៉ោង​នៅ​ប្រទេស​ហូ​ឡង់ ត្រូវ​នឹង​ម៉ោង ៣ រសៀល ម៉ោង​នៅ​កម្ពុជា ) ដល់​ម៉ោង ១ រសៀល និង​លើក​ទី​២ ចាប់ពី​ម៉ោង ៣ ដល់​ម៉ោង ៤ និង ៣០ នាទី រសៀល​។​

​តាម​កម្មវិធី​ដែល​បាន​ព្រាងទុក តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ ICJ នៅ​ទីក្រុង​ឡាអេ បាន​បើក​សវនាកា​រលើ​សំណុំរឿង​ប្រាសាទព្រះវិហារ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣ ដោយ​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​អន​ឡា​ញ http://webtv.un.org​។​

​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​កំណត់​ថា សវនាការ​លើ​សំណុំរឿង​ក្តីបកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តីពី ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ត្រូវធ្វើ​ជា​ពីរ​ជុំ រួមមាន​៖

-​ជុំ​ទី​១ នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែ​មេសា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ១ រសៀល ( ម៉ោង​នៅ​ប្រទេស​ហូ​ឡង់ ) និង​នៅ​ម៉ោង ៣ ដល់​ម៉ោង ៤ និង ៣០ នាទី រសៀល ជា​វេទិកា​ទាញ​អំណះអំណាង​ផ្ទាល់មាត់​របស់​ភាគី​កម្ពុជា​។ ម៉ោង​នៅ​កម្ពុជា ដើរ​លើស​ម៉ោង​នៅ​ប្រទេស​ហូ​ឡង់ ៥ ម៉ោង​។

​ចំណែក​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ១  រសៀល និង​ចាប់ពី​ម៉ោង ៣ ដល់​ម៉ោង ៤ និង ៣០ នាទី រសៀល ជា​វេទិកា​របស់​ភាគី​ថៃ​។​

-​ជុំ​ទី​២ សវនាការ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​មេសា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ៣ ដល់​ម៉ោង ៥ រសៀល ជា​វេទិកា​របស់​ភាគី​កម្ពុជា​។

​ចំណែក​នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ៣ ដល់​ម៉ោង ៥ រសៀល ជា​វេទិកា​របស់​ភាគី​ថៃ​។​

​ក្នុង​សវនាការ កាលពី​ថ្ងៃ​ចន្ទ ទី​១៥ ខែ​មេសា ឆ្នាំ​២០១៣ ភាគី​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា អម​ដោយ​មេធាវី​បរទេស ៣ រូប បាន​លើក​អំណះអំណាង​ផ្ទាល់មាត់ ដោយ​បង្ហាញ​នូវ​ទឡ្ហីករណ៍ និង​ភស្តុតាង​ជាច្រើន​។​

​លោក ហោ ណាំហុង បាន​ប្រាប់​អង្គ​សវនាការ​ថា “​សវនាការ​ពេល​នេះ គឺជា​ការបិទ​នីតិក្រម ដែល​នឹង​នាំ​ឲ្យ​អង្គ​តុលាការ ធ្វើ​សេចក្តីសម្រេច ជា​លើក​ចុងក្រោយ លើ​រឿងក្តី ដែល​ធ្វើឲ្យ​យើង​មាន​កង្វល់​ទាំងអស់គ្នា​។ ហេតុដូចនេះ ខ្ញុំ​យល់​ច្បាស់​ណាស់​ពី​សារៈសំខាន់​នៃ​កាលៈទេសៈ​នេះ សម្រាប់​ប្រទេស​ខ្ញុំ ហើយ​ខ្ញុំ​សូមឲ្យ​តុលាការ​ចេញ​នូវ​សាលដីកា​មួយ ដែល​នឹង​បញ្ចប់​ជា​ស្ថាពរ​វិវាទ​នេះ ដែល​បាន​ធ្វើឲ្យ​ល្អក់​ខ្វល់ដ​ល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ជិតខាង នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ គឺជា​ការ​ដលល់​ពេលវេលា​ហើយ ដែល​ប្រទេស​ទាំង​ពីរ ត្រូវតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ សន្តិភាព និង​ពោរពេញ​ទៅ​ដោយ​ស្មារតី​ស្ថាបនា​។ កម្ពុជា​ចង់បាន​ខ្លាំងណាស់​”​។​

​លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​គូសបញ្ជាក់ថា “​សវនាការ​ពេល​នេះ វា​មិនមែន​ជា​បញ្ហា​ការអនុវត្ត​សាលក្រម​នោះទេ ហើយ​វា​ក៏​មិនមែន​ជា​បញ្ហា​កំណត់​ព្រំដែន​នោះ​ដែរ ដោយហេតុ​ថា ការកំណត់​ព្រំដែន​នេះ ត្រូវបាន​កំណត់​រួចហើយ​តាមរយៈ​ផែនទី​ឧបសម្ព័ន្ធ​១ ដែល​តុលាការ​បាន​ផ្អែក​ជាសំខាន់ ដើម្បី​សម្រេច​ចេញ​សាលក្រម​ឆ្នាំ​១៩៦២​។ វា​មាន​តែ​ការ​ចោទសួរ​ពី “​អត្ថន័យ និង​វិសាលភាព​” នៃ​សាលក្រម​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ តែប៉ុណ្ណោះ​”​។​

​រីឯ​មេធាវី​បរទេស ៣ រូប របស់​កម្ពុជា ក៏​បាន​ប្រាប់​អង្គ​សវនាការ​ថា បញ្ហា​កើតឡើង​រវាង​កម្ពុជា និង​ថៃ ដោយសារ​តែ​ខាង​ភាគី​ថៃ ប្រើប្រាស់​ផែនទី ដែល​គូសវាស ដោយ ឯកតោ​ភាគី និង​ដោយសារ​បញ្ហា​ប្រែប្រួល​នយោបាយ នៅក្នុង​ប្រទេស​ថៃ​។

​ក្រៅពីនោះ មេធាវី​បរទេស​ខាង​កម្ពុជា ក៏​បាន​ចាត់ទុកថា ការប្រែប្រួល​នយោបាយ នៅក្នុង​ប្រទេស​ថៃ បាន​នាំអោយ​មាន​ជម្លោះ​រវាង​កម្ពុជា និង​ថៃ នៅ​តំបន់​ព្រះវិហារ​៕

 

What Next?

Recent Articles

2 Responses to "តុលាការ​យុត្តិធម៌​អន្តរជាតិ នឹង​បន្ត​សវនាការ​ឡើងវិញ លើ​ការបកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តីពី ប្រាសាទ​ព្រះវិហារ នៅ​រសៀល​នេះ"

  1. តេជោយ៉ត says:

    សូមវត្ថុសាក់សិទ្ទនៃទឹកដីខ្មែរ-អង្គរ ជួយអោយខ្មែរបានឈ្នះពួកអាសៀមចង្រៃឱត្បាត!!!

  2. Khmer Family says:

    សួរស្តី ប្រីយមិត្ត វាគ្មិន អ្នកបញ្ចេញមតិ ក្នុង Camnews ( ឬហៅថាទីលានប្រជាធិប្បតេយ្យ​​​​​​​​​​​​​​​​​​​​​​) ទាំងឡាយជាទីមេត្រី! តើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែររយៈ៣ថ្ងៃនេះ តើលោក អ្នក​បានអញ្ជើញទៅកំសាន្តនៅទីកន្លែងណាខ្លះ? ហើយតើបានជួបរឿងចំលែកៗអ្វីខ្លះ? ហើយមានអារម្មណ៏សប្បាយរីករាយយ៉ាងណាដែរ? ចំណែកខ្ញុំ ខ្ញុំបានទៅលេងនៅឯខេត្តស្ទឹងត្រែង ខ្ញុំមានអារម្មណ៏សប្បាយរីករាយណាស់នៅពេលដែលចាកចេញពីបានផ្ទះធ្វើដំណើរតាមផ្លូវ គយគន់ទេសភាពតាមផ្លូវ មានការរីកចំរើនលើគ្រប់វិស័យ ដូចជា ស្ពាន ផ្លូវថ្នល់ ផ្សារ សាលារៀន វត្តអារាម ទំនប់ ប្រឡាយ មន្ទីរពេទ្យ អាគារសំណង់ខ្ពស់ៗ ព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសាងសង់យ៉ាងព្រោងព្រាត រចនាម៉ូតប្លែកៗពីគ្នា​ទៅតាមធនធានថវិការ​ ទិដ្ឋភាពបែបនេះខុសពីជាង៣០ឆ្នាំមុន ដែលមិននឹកស្មានដល់និងស្ទើរមិនគួរអោយជឿថាប្រទេសយើងមានការអភិវឌ្ឌ្យន៏និងរីកចំរើនដល់ម្លឹងសោះនេះបញ្ជាក់ពីជីវភាពរស់នៅពិតរបស់គាត់ សូម្បីទីកន្លែងដែលខ្ញុំធ្លាប់ជំលៀសខ្លួនទៅរស់នៅក្នុងសម័យខ្មែរក្រហមដូចជា ស្រុកក្រូចឆ្មារ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ថ្មគ្រែ អូឬស្សី ក្នុងខេត្តក្រចេះ ក៏ខ្ញុំចំណាំមិនបានផង ខ្ញុំចំណាំបានតែមួយកន្លែងគត់ គឺនៅតាមផ្លូវជាតិលេខ៧ ខាងស្តាំដៃ ហួសសួងបន្តិច ត្រង់ចំណុចចំការស្លា ទីនោះហើយក្រោយថ្ងៃរំដោះ​ខ្ញុំបានធ្វើដំណើរត្រឡប់មកស្រុកពារាំងខេត្តព្រៃវែងវិញដោយឆ្លងកាត់ចំការស្លា និងដេកនៅទីនោះក្រោមដើមស្លាខ្ញុំចំណាំច្បាស់ណាស់។ ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយ ក៏នៅមានអារម្មណ៏ហ្មួរហ្មង​ មួរម៉ៅ បន្តិចដែរ ពីរឿង សេវាដឹកជញ្ជូន ស្នាក់នៅ​និងហូបចុក ថ្លៃកប់ពពក គ្រាន់តែថ្លៃឡាន ពីឧត្តរមានជ័យមកភ្នំពេញ តំលៃ ៨៥.០០០រៀល ថ្លៃធម្មតាតែ ៤៥.០០០ប៉ុណ្ណោះ ពីភ្នំពេញទៅ ស្ទឹងត្រែង តំលៃ ៦០.០០០រៀល តំលៃធម្មតាតែ​៣៥.០០០ ថ្លៃផ្ទះសំណាក់ ១យប់តំលៃ ២០ដុល្លា ធម្មតាតែ ១៣ដុល្លាប៉ុណ្ណោះ ថ្លៃម៉ូតូឌុប១ថ្ងៃតំលៃ ១០០.០០០រៀល ឌុបទៅលេង ភូមិព្រះរំកិល អន្លង់ផ្សោតព្រះរំកិល ទឹកធ្លាក់ព្រះរំកិល កុម្ម៉ង់មាន់ដុត១ថ្លៃ ៦០.០០០រៀល រួចហើយទៅលេង នៅទឹកថ្លាបុប្ផាភ្លុក កុម្ម៉ង់ត្រីក្អែកដុតមួយតំលៃ​៩០.០០០(ទំងន់ជាង២គីឡូ)​មាន់ដុត១ថ្លៃ៥០.០០០រៀលហើយគិតថ្លៃក្ចុះ១៥.០០០រៀលទៀត ខុសប្លែកពីនៅកំពង់សោម បើយើងកុម្ម៉ង់ម្ហូបហើយគេមិនគិតថ្លៃក្ចុះទេ ហើយកាន់តែចំលែកមួយទៀតត្រង់ថា នៅខេត្តស្ទឹងត្រែងនេះ ទាំងអ្នកលក់ដូរ ទាំងភ្ញៀវ ដែលខ្ញុំបានជួប មិនថាតែនៅក្នុងផ្សារ ហាងគុយទាវ ហាងទំនិញ ឬនៅតាមរមណីយ៏ដ្ឋានទេ គឺសុទ្ធតែនិយាយភាសារឡាវ និងវឿតណាម រឿងនេះធ្វើអោយខ្ញុំនឹកទៅដល់ខេត្តសុរិនប្រទេសថៃ ពេលខ្ញុំទៅលេងតាមភូមិនានាក្នុងខេត្តសុរិន ពលរដ្ឋនៅទីនោះនិយាយតែភាសារខ្មែរទេ​ ទោះបីជាពិធីធំៗអ្វីក៏ដោយដូចជា ពិធីបុណ្យ ឬរៀបការ គឺគេចាក់មេក្រូនិងភ្លេងប្រពៃណីយ៏ព្រមទាំងតាអាចារ្យៗនិយាយភាសារខ្មែរទាំងអស់ ។ តើមានប្រិយ៏មិត្តទាំងឡាយជួបរឿងចំលែកៗដូចខ្ញុំដែរឬទេ? ហើយក៏សូមអរគុណដល់​ វាគ្មិន អ្នកបញ្ចេញមតិ យោបល់ ក្នុង Camnews ( ឬហៅថា លានប្រជាធិប្បតេយ្យ ) ទាំងអស់ មិនថា តែអ្នកប្រឆាំង អ្នកគាំទ្រ អ្កកប្រឆាំងទាំងពីរ ឬអ្នកគាំទ្រទាំងពីរ ដែលបានអត់ធ្មត់ ​ខន្តី អោយគ្នា មិនជេរប្រមាថដាក់គ្នា មិនប្រើពាក្យអសុរោះដាក់គ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ រយៈពេល៣ថ្ងៃនេះ ដែលជាថ្ងៃសិរីសួរស្តី សំរាប់ខ្មែរយើងទាំងអស់គ្នាផងដែរ សូមអាយុៈ វណ្ណៈ សុខៈ ពលៈ មានដល់លោកអ្នក កុំបីខ្លាងឃ្លាតឡើយ ហើយក៏សូមប្រកាសបើកវេទិការ​ជេរគ្នាបន្តទៀតចុះ ពីព្រោះរដូវជេរគ្នាបានមកដល់ហើយ តែអ្នកត្រូវចាំទុកថា អ្នកដែលអ្នកជេរ អ្នកដែលអ្នកប្រមាថ អ្នកដែលអ្នកប្រើពាក្យសំដីអសុរោះនោះ គឺសុទ្ធតែជាខ្មែរទាំងអស់ ហើយអ្នកស្លាប់ទៅ​ក៏នៅតែជាខ្មោចខ្មែរដែរ ហើយបរទេសកាន់តែមើលងាយខ្មែរថែមទៀត គ្មានបរទេសណាស្រលាញ់ខ្មែរទេ ហើយក៏គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរស្រលាញ់ខ្មែរដែរ………ដោយបំណងល្អពីគ្រួសារខ្មែរ។

    .

    .