ភ្នំពេញ​និង​បាងកក​សង្ឃឹម​ថា​ បញ្ហា​ព្រះវិហារ​មិន​ធ្វើឲ្យ​ខូច​ទំនាក់ទំនង​ទ្វេ​ភាគី​

ក្រោយពី​​ការ​​តទល់​គ្នា​​នៅឯ​​តុលាការ​​យុត្តិធម៌​អន្តរជាតិ​​ក្រុង​ឡាអេ ពលរដ្ឋ​ថៃ​​ជាច្រើន​​សម្តែង​​ការ​ព្រួយ​បារម្ភ​​ថា​ បញ្ហា​​ព្រះវិហារ​​អាច​នឹង​​ក្លាយជា​​ការ​ផ្ទុះ​សង្គ្រាម​​ជាថ្មី​​រវាង​​កម្ពុជា​​និង​​ថៃ។ បញ្ហា​​ផ្ទៃក្នុង​​ប្រទេស​ថៃ​​ ក៏បាន​​កម្រើក​​ឡើងវិញ​​ដែរ។ យ៉ាងណា​ក៏ដោយ​ នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​​ប្រ​ទេស​ទាំងពីរ​​បាន​​ជួប​សន្ទនា​​គ្នា​​តាម​​ទូរ​ស័ព្ទ​​ ហើយ​​បាន​​សម្តែង​​ការ​​ជឿជាក់​ថា​ ​បញ្ហា​​នេះ​​នឹង​មិន​​ធ្វើ​ឲ្យ​​ខូចខាត​​ដល់​​ចំណង​ទាក់ទង​​ទ្វេភាគី​​រវាង​​ប្រទេស​​ទាំងពីរ​​ឡើយ។​

 

ថ្ងៃ អាទិត្យ 21 មេសា 2013
ដោយ ប៉ែន បូណា
RFI

ប្រាសាទ​​ព្រះវិហារ (DR)

សេចក្តីរាយការណ៍​របស់​ ប៉ែន បូណា

(02:34)

ក្រោយពី​កម្ពុជា​និង​ថៃ​បានបញ្ចប់​ការ​តតាំង​គ្នា​យ៉ាង​តឹងតែង​ នៅឯ​តុលាការ​ក្រុងឡាអេ​ ស្តីពី​ជម្លោះ​ប្រាសាទព្រះវិហារ មេដឹកនាំ​ទីក្រុង​បាងកក​និង​ភ្នំពេញ​បាន​សម្តែង​ការ​ជឿជាក់ថា បញ្ហា​នេះ​នឹងមិន​ធ្វើ​ឲ្យ​ខូចខាត​ចំណងទាក់ទង​ប្រទេស​ទាំងពីរ​ឡើយ។ ការអះអាង​បែបនេះ​បាន​ធ្វើឡើង​តាមរយៈ​ការសន្ទនា​តាម​ទូរ​សព្ទ័​រវាង​នាយករដ្ឋមន្ត្រី​ថៃ​ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ចុង​សប្តាហ៍​នេះ។ នេះ​បើ​យោងតាម​ប្រភពពី​កាសែត The Nation របស់​ថៃ ​ដែល​បាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​នេះ។

កាសែត​បាន​ស្រង់​សម្តី​រដ្ឋមន្ត្រីការបរទេស​ថៃ​លោក ស៊ូរ៉ាពង្ស តូវីចាក់ឆាយគុល ដែល​អះអាងថា នាយករដ្ឋមន្ត្រី​ថៃ​និង​កម្ពុជា​យល់ស្រប​គ្នា​ថា ភាគី​ទាំងពីរ​នឹង​គោរព​ការសម្រេច​របស់​តុលាការ​ក្រុងឡាអេ។ ម្យ៉ាងទៀត ថៃ​និង​កម្ពុជា​នឹង​ក្លាយជា​សមាជិក​សហគម​ន៍​សេដ្ឋកិច្ច​តែមួយ​របស់​អាស៊ាន ​នៅ​ឆ្នាំ ២០១៥ ខាងមុខ ដែល​ទាមទារ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ជា​ចាំបាច់។ រដ្ឋមន្ត្រីការបរទេស​ថៃ​ក៏ត្រូវ​បាន​កាសែត Bangkok Post ស្រង់​សម្តី​ថា លោក​នឹង​ជួប​ជាមួយ​សម​ភាគី​កម្ពុជា​ក្នុងពេលឆាប់ៗនេះ​ដើម្បី​ពិភាក្សាគ្នា​អំពី​ផែនការអភិវឌ្ឍន៍​ជាច្រើន។
 
ជំនួប​រវាង​មេដឹកនាំ​ទីក្រុង​ភ្នំពេញ​និង​បាងកក​ក្នុងន័យ​បន្ធូរបន្ថយ​ភាព​តានតឹង​ បានធ្វើ​ឡើងខណៈ​ដែលមាន​ការព្រួយបារម្ភ​ថា បញ្ហា​ព្រះវិហារ​អាច​នឹង​បង្ក​ឲ្យ​មានការ​ផ្ទុះ​សង្គ្រាម​សារជាថ្មី​រវាង​ប្រទេស​ទាំងពីរ។ ការ​ស្ទាបស្ទង់​មតិ​មួយ​នៅក្នុង​ប្រទេស​ថៃ​បង្ហាញថា ជាង៤៧ភាគរយ​នៃ​ពលរដ្ឋ​ថៃ​ដែល​ត្រូវបាន​សាកសួរ ​បាន​សម្តែង​ការព្រួយបារម្ភ​ថា​សង្គ្រាម​ព្រំដែន​ជាមួយ​កម្ពុជា​អាច​នឹង​ផ្ទុះឡើង​ជាថ្មី​ជុំវិញ​បញ្ហា​ព្រះវិហារ។
 
នៅក្នុង​ប្រទេស​ថៃ បញ្ហា​ចម្រូងចម្រាស់​បាន​ផ្តើម​កើតឡើង​ម្តងទៀត​ នៅក្រោយ​សវនាការ​នៅឯ​តុលាការ​ក្រុងឡាអេ។ ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​ថៃ​បាន​អួត​សរសើរ​ដល់​ក្រុមការងារ​របស់ខ្លួន​ថា បាន​បំពេញការងារ​យ៉ាង​ល្អ​ក៏ដោយ ប៉ុន្តែ​ក្រុមប្រឆាំង​បាន​រិះគន់ រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់​ថា បាន​ប្រើ​ក្រុមការងារ​ចាស់​តាំងពី​ជំនាន់​អតីត​នាយករដ្ឋមន្ត្រី អា​ភី​ស៊ីត ដើម្បី​ចៀសវាង​ការស្តីបន្ទោស​ក្នុង​ករណី​ដែល​ថៃ​ចាញ់ក្តី​កម្ពុជា។
 
នៅឯ​កម្ពុជា​ឯណេះ​វិញ គ្មាន​ប្រភព​ណា​បញ្ជាក់​អំពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោកស្រី យីងឡាក់ នៅ​ឡើយ​ទេ។ ប៉ុន្តែ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុ​ជា​បាន​អំពាវនាវ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ឲ្យ​ថៃ​និង​កម្ពុជា​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ​និង​ចៀសវាង​កុំ​ធ្វើ​ឲ្យ​រឿង​តូច​ក្លាយជា​ជម្លោះ​ធំ។ យ៉ាងណាក៏ដោយ ​ថៃ​បាន​ព្រមាន​តុលាការ​ក្រុងឡាអេ​រួចហើយ​ថា ភាព​តានតឹង​នឹង​កើន​ឡើង​ ប្រសិនបើ​តុលាការ​យក​ផែនទី​ឧបសម្ពន្ធ័​១​ទៅ​ធ្វើជា​សំអាង៕

 

What Next?

Recent Articles

3 Responses to "ភ្នំពេញ​និង​បាងកក​សង្ឃឹម​ថា​ បញ្ហា​ព្រះវិហារ​មិន​ធ្វើឲ្យ​ខូច​ទំនាក់ទំនង​ទ្វេ​ភាគី​"

  1. Cheat/JML says:

    Large scale border clash is unavoidable if the Cambodian counterpart is still reluctant to adopt its Paris peace accord which declared that the neighboring nations must repect Cambodian territorial integrity and national sovereignty.

  2. ជនក្សត់គំនិត says:

    អ្នកដឹកនាំប្រទេសពិតជាលោកមានវិតិវិធីសំរាប់ដោះស្រាយ ។

  3. អាសូរព្រលឹងជាតិខ្មែរ says:

    បើពួកវាឈ្នះ ប្រហែលមែន ។ តែបើពួកវាចាញ់ កុំដេកយល់សប្ដិអោយ
    សោះ។ មុខតែពួកវាក្រឡុកទៀតមិនខាន ។ ហើយតាំងធ្វើជាចោទដាក់
    គ្នាវាទៅវិញទៅមក ថាអាក្រហម អាលឿង ។ ខ្មែរកុំទុំជោរតាមសម្ដីគេ
    អោយសោះ ក្រហម លឿង នៅតែជាចោរសឿមដដែល។
    បើដូចសម្ដីវាថាមែន មិនមែនវាហ៊ានព្រមានតុលាការទុកជាមុនទេ។