ស្ទឹងត្រែង:
ក្មេងប្រុសអាយុ ១៤ឆ្នាំ ត្រូវលោកសង្ឃ ពន្យល់សប្តិឱ្យទៅយកព្រះពុទ្ធរូប ក្នុងរូងភ្នំ ដើម្បីថែរក្សា។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បះ ខេត្តស្ទឹងត្រែង មានគម្រោងបញ្ជូនព្រះពុទ្ធរូបទាំង ៦៦ អង្គនោះ ទៅទុកនៅទីក្រុងភ្នំពេញ។
ថ្ងៃទី 22 មេសា 2013
ដោយ: សេសាន
CEN
ឈ្មោះ វង្ស សុខជា អាយុ ១៤ឆ្នាំ បានយល់សប្តិឃើញលោកសង្ឃ មកប្រាប់ថា មានព្រះពុទ្ធរូប នៅក្នុងរូងភ្នំក្ងោកមាស។ ក្រោយពីយល់សប្តិ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ ក្មេងប្រុស និងមិត្តភក្តិម្នាក់ទៀត ក៏ដើរទៅមើល ក្នុងរូងភ្នំ ហើយឃើញមានព្រះមែន។
ក្រោយមកក្មេងប្រុស ក៏និយាយប្រាប់ឪពុកឈ្មោះ វង្ស មច្ឆា ថា រូងភ្នំ មានព្រះជាច្រើនអង្គ។ លោក វង្ស មច្ឆា ពេលឮដំណឹងកូនប្រាប់ ក៏ដើរទៅមើល។ គាត់ គឺជាអ្នកធ្វើចម្ការម្នាក់រស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ហើយបានប្រគល់ព្រះចំនួន ៦៦អង្គ និងជើងពាន ១ ទៅឱ្យលោក សំ សាឯម អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ ខេត្តស្ទឹងត្រែង។
លោក សំ សាឯម បានឱ្យដឹងថា ឈ្មោះ វង្ស មច្ឆា ហៅ អាត គឺជាអតីតមន្ត្រីយោធាម្នាក់ ហើយបានទៅរស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ និងធ្វើចម្ការនៅទីនោះ។ ពេលគាត់រកឃើញ ព្រះពុទ្ធរូប ៦៦អង្គ និងជើងពាន ១ ក៏បានយកមកប្រគល់ឱ្យលោកនៅថ្ងៃទី១៩ខែមេសាឆ្នាំ២០១៣។
ក្រោយមកក៏បានប្រគល់ទៅឱ្យលោកប្រធានមន្ទីរថ្មីលោកផេងណាឡៃប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០១៣ថា ព្រះពុទ្ធរូបនឹងត្រូវបញ្ជូនទៅរក្សាទុកនៅភ្នំពេញព្រោះជាសម្បត្តិវប្បធម៌ខ្មែរ។ ព្រះពុទ្ធរូបនោះ មាន ៥៥ អង្គ ស្រោបប្រាក់ ១០ អង្គ ស្រោបមាស និង ១ អង្គ ធ្វើពីឈើ។ ក្នុងចំណោមព្រះពុទ្ធរូបទាំង ៦៦ អង្គ មាន ១៥ អង្គ បានបាក់បែកមួយចំនួន ហើយមានឈើនៅផ្នែកខាងក្នុង នៃព្រះពុទ្ធរូបនោះ។
និទានរឿងរាវរបស់ភ្នំក្ងោកមាស លោក សួន ផុត អភិបាលរងស្រុកថាឡាបរិវ៉ាត់ បានឱ្យដឹងថា ភ្នំនោះ មិនមានប្រវត្តិណាមួយគួរឱ្យបញ្ជាក់ច្រើនពេកទេ។ លោក សួន ផុន និយាយថាភ្នំនោះ មានរូបរាងដូចសត្វក្ងោក ទើបគេហៅថា ភ្នំក្ងោកមាស។ ភូមិឆ្វាំង គឺជាភូមិមួយមានចម្ងាយប្រមាណជាង ៣០ គីឡូម៉ែត្រ ពីទីរួមស្រុកថាឡាបរិវ៉ាត់។ ចម្ងាយ ៧គីឡូម៉ែត្រ ចេញពីភូមិឆ្វាំងទៀត ទើបយើងទៅដល់ភ្នំក្ងោកមាស។
ចាស់បុរាណដំណាលថា ភ្នំក្ងោកមាស មានតែលោកសង្ឃ ( លោកតាដុង ) ទេ អាចចូលទៅក្នុងរូងភ្នំនោះបាន ដើម្បីតាំងសម្មាធិអុជធូបដល់ព្រះពុទ្ធរូប។
លោក សួន ផុន បានបន្តថា មនុស្សធម្មតា គ្មានអ្នកណាគេហ៊ានចូលទៅជិតទេ។ គេជឿថា រូងភ្នំមានសត្វពស់ថែរក្សា។ តែឥឡូវបរិវេណភ្នំក្ងោកមាស ត្រូវបានគេកាប់ឆ្ការព្រៃធ្វើចម្ការអស់ហើយ ទើបមានមនុស្សហ៊ាន ចូលទៅក្នុងរូងនោះ។ ក្រៅពីភ្នំក្ងោកមាស ក៏មានភ្នំចំនួន ២ទៀត ដែលស្ថិតនៅក្បែរៗគ្នា មានឈ្មោះថា ភ្នំឈ្ងោក និងភ្នំធំ។
លោក គង់ សេនា ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំសំអាង បានឱ្យដឹងថា ពេលដើរចូលទៅក្នុងរូងភ្នំនោះ ត្រជាក់ណាស់ ហើយងងឹតទៀតផង។ បើយើងដើរចូលទាល់តែកាន់ពិលបំភ្លឺទើបបាន។
លោកបញ្ជាក់ថា ក្នុងរូងនោះ មានថ្មខ្លះ ដូចជារបស់បុរាណ ហើយទេសភាពក៏ស្អាតដែរ។ បើសិនគេបង្កើត ទៅជាកន្លែងតំបន់ទេសចរវប្បធម៌វិញនោះ ពិតជាល្អណាស់។
តំបន់ខាងលើនេះ គេគ្រាន់តែធ្វើដំណើរតាមផ្លូវជាតិលេខ៩ ពីស្ទឹងត្រែង ខេត្តព្រះវិហារ ឆ្លងកាត់ ក៏អាចចូលទស្សនារូងភ្នំនោះបាន ព្រោះវាស្អាតល្អ ជាងទឹកហូរធ្លាក់ទៅទៀត។ ដោយសារមិនទាន់មានការអភិវឌ្ឍ ទើបគ្មានអ្នកចាប់អារម្មណ៍។
លោក ផេង ណាឡៃ បាននិយាយថា គំនិតកែច្នៃបង្កើតតំបន់វប្បធម៌ ក្នុងខេត្តស្ទឹងត្រែង ពិតជាប្រសើរណាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ នៅតាមកន្លែងនិមួយៗ។ ប៉ុន្តែមន្ទីរគ្មានថវិកាទើបតំបន់ទាំងនោះ ដើរទៅមុខមិនរួចបាន ត្រឹមអភិរក្សអ្វីនៅសេសសល់ពីដូនតាតែប៉ុណ្ណោះ៕

ក្មេងប្រុសឈ្មោះវង្សសុខជាអាយុ១៤ឆ្នាំបានយល់សប្តិឃើញលោកសង្ឃមកប្រាប់ឱ្យចូលទៅក្នុងរូងភ្នំ

ក្មេងប្រុសឈ្មោះវង្សសុខជាអាយុ១៤ឆ្នាំបានយល់សប្តិឃើញលោកសង្ឃមកប្រាប់ឱ្យចូលទៅក្នុងរូងភ្នំ

រូងភ្នំក្ងោកមាសដែលមានព្រះពុទ្ធរូប៦៦អង្គ

រូងភ្នំក្ងោកមាសដែលមានព្រះពុទ្ធរូប៦៦អង្គ

រូងភ្នំក្ងោកមាសដែលមានព្រះពុទ្ធរូប៦៦អង្គ
ចុះអ្នកប្រគល់ជូនបានអ្វីជារង្វាន់លោកទឹកចិត្តអ្នកស្រលាញ់មរតកបុរាណខ្មែរនោះ?????????????
សូមគិតពីពួកគាត់ផងបើមានចិត្តនោះ៕។។