ច័ន្ទ សុផានី មាន​ទឹក​មាត់​លេប​ពេល​ទទួល​ការងារ​ថ្មី

Wednesday, 24 April 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

ពិធី​ការិនី ច័ន្ទ សុផានី និង​កូន​ស្រី ដែល​ជា​ចំណង​ដៃ​ស្នេហ៍ជាមួយ​តារា​ចម្រៀងហង្ស​មាស សូណូ​។ រូបថត សហ​ការី

ពិធី​ការិនី ច័ន្ទ សុផានី និង​កូន​ស្រី ដែល​ជា​ចំណង​ដៃ​ស្នេហ៍ជាមួយ​តារា​ចម្រៀងហង្ស​មាស សូណូ​។ រូបថត សហ​ការី

ភ្នំពេញៈ អតីត​ពិធី​ការិនី​ចាស់​វស្សា​សម្តី​ទន់​ដែល​បាត់​បង់​ទ្រនំ​និង​អវត្តមាន​ពី​សង្វៀន​សិល្បៈ​ក្រោយ​បាត់​បង់​ឱកាស​ជា​អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ អ្នក​នាង ច័ន្ទ សុផានី​ពេល​នេះ​ផ្តើម​មាន​ទឹក​មាត់​លេប​វិញ​ហើយ ខណៈ​ទ្រនំ CTN ផ្តល់​ឱកាស​ឲ្យ​នាង​សាង​ប្រជាប្រិយ​ភាព។

ជិត​៥ឆ្នាំ​ហើយ ដែល​មេម៉ាយ​កូន​មួយ នាង​ច័ន្ទ សុផានី ស្វែង​រក​ទ្រនំ​ឈរ​ក្នុង​អាជីព​ជា​អ្នក​អត្ថាធិប្បាយ​តែង​តែ​ឃ្វាង​រហូត​ចាប់​តាំង​ពី​នាង​ចុះ​ចេញ​ពី​ទ្រនំ​បាយ័ន​មក​គេង​ចាំ​តំណែង​ជា​អ្នក​ផលិត​កម្មវិធី​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​មិន​ទទួល​បាន​សម​បំណង។ បន្ត​បន្ទាប់​ក៏​តែង​លេច​ឮ​ដំណឹង​ថា​នាង​ត្រៀម​វេច​សម្ពាយ​ឡើង​ទទួល​តំណែង​ជា​ពិធីការិនី​ក្នុង​កម្មវិធី​នេះ​កម្មវិធី​នោះ ទូរទស្សន៍​នេះ​ទូរទស្សន៍​នោះ​តែ​មិន​ឃើញ​ឡើយ​បើ​សូម្បី​តែ​វត្តមាន​នាង​ក្នុង​កម្មវិធី​ជួប​ជុំ​សិល្បៈ​នោះ​ពុំ​ដែល​ឃើញ​ដែរ ក្រៅ​ពី​លេច​ធ្លាយ​រឿង​អាស្រូវ​ស្នេហ៍​ដ៏​កម្សត់​។

ទើប​តែ​ថ្ងៃ​សៅរ៍ ទី២០ មេសា ក្រោយ​ពី​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​បាន​៣​ថ្ងៃ​នោះ​ក៏​ស្រាប់​តែ​លេច​វត្តមាន​នាង​ក្នុង​កញ្ចក់​ទូរទស្សន៍ CTN ក្នុង​តំណែង​ជា​ពិធីការិនី​ជាមួយ​ដៃ​គូ​ពិធីករ​ល្បី​ឈ្មោះ​លោក អ៊ិត សេដ្ឋា ក្នុង​កម្មវិធី មន្ត​ស្នេហ៍​សំនៀង ជំនួស​នាង យុគ ចិន្តា។

ការ​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្រ្តី​ផ្សាយ​ផ្ទាល់​មន្ត​ស្នេហ៍​សំនៀង​របស់​អ្នក​មេ​ម៉ាយ​កូន​មួយ នាង ច័ន្ទ សុផានី ក្រោយ​ពី​បាត់​ស្រមោល​ពី​ឆាក​ខន​សឺត​ដល់​ថ្នាក់​មហាជន​ស្ទើរ​ភ្លេច​មុខ​ហើយ​នោះ ភ្ញាក់​ផ្អើល​មិន​មែន​ត្រឹម​តែ​ទស្សនិកជន​នោះ​ទេ បើ​សូម្បី​តែ​ក្រុម​តារា​សិល្បៈ​ដូចគ្នា​នោះ​ក៏​មាន​ភាព​ភ្ញាក់​ផ្អើល​មិន​តិច​ដែរ​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​មាន​អ្នក​នៅ​ចំណាំ​មុខ​នាង​ជា​ច្រើន​ផង​ដែរ ហើយ​ពួក​គេ​បាន​លើក​ឡើង​ថា អីយ៉ា! អ្នក​មេម៉ាយ​កូន​មួយ នាងច័ន្ទ សុផានី ក្រោយ​ពី​ផ្តាច់​ចំណង​ស្នេហ៍​ហេង​ស៊យ​នំ​ធំ​ជាង​នាឡិ​ពី​លោក​សូណូ ពេល​នេះ​បាន​ចេញ​មុខ​ស្រង់​ដើម ស្តារ​កេរ្តិ៍​ឈ្មោះ​វិញ​ហើយ​តើ​! អ្នក​ទស្សនា​បន្ត​ថា កន្លែង​ដែល​អ្នក​មេម៉ាយ​នេះ​វិល​មក​សាង​កេរ្តិ៍​ឈ្មោះ​នេះ​ប៉ះ​ចំ​កន្លែង​ប៉ុស្តិ៍​ទូរទស្សន៍​ខ្លាំង​ទៀត​! មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ដណ្តើម​តំណែង​ពិធីការិនី​ជើង​ខ្លាំង អ្នក​នាង យុគ ចិន្តា ទៀត​ផង។


យ៉ាង​ណា​មិញ កាល​ដែល​ស្ងាត់ៗ​ស្រាប់​តែ​ពិធីការិនី​កប់​ជើង​ជា​ច្រើន​ឆ្នាំ​បែរ​ជា​ទទួល​បាន​កៅអី​ពិធីការិនី ជា​ស្តេច​ត្រាញ់ នៅ CTN នេះ​ត្រូវ​បាន​មហាជន​ម៉ៃ​ថា​នាង​មាន​ខ្នង​ធំ​ហើយ​មើល​ទៅ​ទើប​ទទួល​បាន​តំណែង​ធំ​យ៉ាង​នេះ​។ ពួក​អ្នក​និយម​តាម​ដាន​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង​នោះ​បាន​និយាយ​តៗ​គ្នា​គ្រប់ៗ​មាត់​ថា​ប្រហែល​ជា​នាង ច័ន្ទ សុផានី មាន​ខ្សែ ឬ​ទុយោ​ណា​ក្រាស់​ក្រែល​ហើយ​បាន​ជា​នាង​អាច​លេច​មុខ​ភ្លែត​ចេញ​ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​តែ​ម្តង​ថែម​ទាំង​រុញ​ច្រាន​ពិធីការិនី​ជើង​ចាស់​ល្បី​ឈ្មោះ យុគ ចិន្តា ឲ្យ​ខ្ទាត​ចេញ។

ជាមួយ​គ្នា​នោះ​ក៏​មាន​អ្នក​ខ្លះ​ទៀត​បង្ហើរ​សម្តី​ថា យុគ ចិន្តា អាច​ត្រូវ​គេ​ផ្អាក​មួយ​រយៈ​ឬ​ត្រូវ​ដក​ចេញ​ពី​តំណែង​ឲ្យ​ទៅ​កាន់​កម្មវិធី​ផ្សេង​ឬ​ក៏​ឈប់​រហូត​ក៏​មិន​ដឹង​ហើយ​ជំនួស​ដោយ​អ្នក​នាង ច័ន្ទ សុផានី ទេ​ដឹង​បាន​ជា​ស្ងាត់ៗ​បាត់​មុខ​នាង​។

យ៉ាង​ណា​ពាក្យ​ម៉ៃ​របស់​មហាជន​ដែល​គ្មាន​មូលដ្ឋាន​ជាក់​លាក់​នេះ ក៏​ត្រូវ​បាន​អ្នក​គ្រប់​គ្រង​កម្មវិធី​ម្នាក់​នៅ CTN និង​ជា​អ្នក​និពន្ធ​រឿង​កំប្លែង​ដ៏​ល្បី លោក សុវណ្ណរិទ្ធី ប្រាប់​ថា តំណែង​នេះ​គ្មាន​ដក​ហូត​ពី​អ្នក​ណា​ឲ្យ​ទៅ​អ្នក​ណា​ទេ​។ អ្នក​នាង យុគ ចិន្តា គាត់​ជាប់​មាន​ភារកិច្ច​ផ្ទាល់​ខ្លួន ទើប​ឲ្យ​ពិធីការិនី​ថ្មី​ជំនួស​ហើយ​ពេល​ដែល​គាត់​ចប់​ភារៈ​គាត់​គាត់​នឹង​មក​ទទួល​តំណែង​ធម្មតា​។

លោក សុវណ្ណ រិទ្ធី បាន​បន្ត​ថា៖​«អ្នក​នាង យុគ ចិន្តា មិន​មែន​ទើប​តែ​បាត់​មុខ​ពី​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង​នេះ​នៅ​ថ្ងៃ​សៅរ៍​ទី២០​នេះ​ទេ គាត់​បាន​បាត់​មុខ​ពី​កម្មវិធី​នេះ​ច្រើន​សប្តាហ៍​ហើយ​»។ លោក សុវណ្ណ​រិទ្ធី បាន​បញ្ជាក់​ថា៖​«​ដោយ​សារ​តែ​អ្នក​នាង ជាប់​រវល់​ទៅ​សហរដ្ឋ​អាមេរិក​រយៈ​ពេល​១​ខែ​ទើប​អ្នក​ដឹក​នាំ​កម្មវិធី​ជំនួស​ដោយ​ពិធីការិនីល្បី​ឈ្មោះ​ដែរ នោះ​គឺ​អ្នក​នាង ច័ន្ទ សុផានី» ។

ចំណែក​ឯ​អ្នក​នាង ច័ន្ទ សុផានី មុន​នឹង​ទទួល​បាន​ទ្រនំ​ជ្រក​នោះ នាង​ក៏​បាន​លើក​ពី​គុណសម្បតិ្ត​ដល់​លោក សុវណ្ណ រិទ្ធី ដែរ ដោយ​នាង​និយាយ​ថា៖​«ខ្ញុំ​អរគុណ​ដល់​លោក Victor ដែល​ជា អ្នក​ដឹក​នាំ​កម្មវិធី​នៅ​ទូរទស្សន៍ CTN ដែល​បាន​ហៅ​ខ្ញុំ​ទៅ​ធ្វើ​ពិធីការិនី​ក្នុង​កម្មវិធី​តន្រ្តី​ផ្សាយ​បន្ត​ផ្ទាល់​នោះ​គឺ​រយៈ​ពេល​តែ​១​ខែ​ទេ ដៃ​គូ​ជាមួយ​លោក អ៊ិត សេដ្ឋា​»។ នាង​បន្ត​ថា​អ្នក​នាង យុគ ចិន្តា គាត់​ជាប់​រវល់​ទៅ​សហរដ្ឋ​អាមេរិក ទើប​បាន​ជា​អ្នក​គ្រប់​គ្រង​កម្មវិធី​ឲ្យ​ខ្ញុំ​ឡើង​កាន់​តំណែង​អត្ថាធិប្បាយ​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង​ជាមួយ​លោក អ៊ិត សេដ្ឋា​ជំនួស​គាត់​»។

អ្នក​មេម៉ាយ​ចាយ​សម្រស់​រូប​នេះ​បញ្ជាក់​ថា៖​« បន្ទាប់​ពី​រយៈ​ពេល​១​ខែ​នេះ​ទៅ ខ្ញុំ​ក៏​មិន​បាត់​មុខ​ពី CTN នេះ​ដែរ គឺ​ខ្ញុំ​នៅ​តែ​ជា​ពិធីការិនី​ក្នុង​ទូរទស្សន៍​នេះ​តែ​ក្នុង​កម្មវិធី​ផ្សេង​១​ទៀត​»៕


What Next?

Recent Articles

2 Responses to "ច័ន្ទ សុផានី មាន​ទឹក​មាត់​លេប​ពេល​ទទួល​ការងារ​ថ្មី"

  1. *** says:

    Sophany, Congratulation for new job at CTN TV !!!
    Be careful in that place have a lot of Fox not Dogs !!!
    When U go to work who take care ur daughter???…

  2. aaa says:

    congrats, try your best to keep it.