សម្តេច ហ៊ុន សែន ចូលរួម​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា

ខេត្តព្រះសីហនុ: បន្ថែម​លើ​សារលិខិត​ចូលរួម​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​នឹង​ក្រុមកម្មករ និង​បុគ្គលិក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។

 

ថ្ងៃទី 1 ឧសភា 2013
ដោយ: រិទ្ធី
CEN

ក្នុង​ពិធី​ជួបជុំនៅ​ព្រឹក​នេះនៅឯ​មាត់សមុទ្រ សម្តេច ហ៊ុន សែន ក៏​បាន​ថ្លែងការណ៍​ផ្ទាល់មាត់ ចូលរួម​សាទរ​ដល់​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា ខួប​លើក​ទី​១២៧ ផងដែរ​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​កម្មករ និង​បុគ្គលិក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នា​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា កាលពី​ព្រឹក​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា នៅថ្ងៃនេះ មាន​កម្មករ​ជា​ច្រើនកំពុងតែ​ជួបជុំគ្នា ហើយ​នៅ​ទីក្រុង​ភ្នំពេញ ក្រុម​កម្មករ​ក៏​កំពុងតែ​មាន​សកម្មភាព​​ផ្សេងៗ​គ្នា​ជា​ច្រើននៅតាម​រោងចក្រ​ សហគ្រាស​របស់ខ្លួន​។ ក្នុងនោះមាន​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស ចំនួន ២៣៦ ដោយ​មាន​កម្មករ​សរុប​ជាង ៣ សែន​នាក់ ដែល​បាន​រៀបចំ​កម្មវិធី​មួយចំនួន រួម​ទាំង​ការជួបជុំរីករាយ​សប្បាយ​។​ក្នុងនោះក៏​មាន​អ្នកខ្លះ ធ្វើបាតុកម្មតាម​ផ្លូវថ្នល់ ដើម្បី​ទាមទារ​សិទ្ធិ​ការងារ​ផ្សេងៗ​។​

​សម្តេច ហ៊ុន សែន បានបញ្ជាក់​ថា ការធ្វើ​របស់​កម្មករ​ទាំងអស់នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា​នេះ ជា​សិទ្ធិ​របស់​ពួកគេ​។ តែ​សិទ្ធិ​នោះ វា​កើតចេញ​ពី​រាជរដ្ឋាភិបាល និង​ជា​សិទ្ធិ​មួយដែល​កើតចេញ​អស់​រយៈពេល ១២៧ ឆ្នាំ​មកហើយ​។​

​ក៏ប៉ុន្តែ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កត់សម្គាល់​ថា បើ​ពិនិត្យ​មើល​ចំនួន​កម្មករដែល​បាន​ជួបជុំ​សប្បាយរីករាយនៅ​តាម​រោងចក្រ​ សហគ្រាស គឺ​មាន​ចំនួន​ច្រើន​លើសលប់បើ​ធៀប​នឹង​ចំនួន​កម្មករ​កាត់ដេរដែល​បាន​ដង្ហែ​ក្បួន​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​សិទ្ធិ​របស់​ពួកគេ នៅថ្ងៃនេះ​។​

​សូម​រម្លឹកថា ដើម្បី​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា ខួប​លើក​ទី​១២៧ នា​ព្រឹក​ថ្ងៃទី​១​ឧសភា ឆ្នាំ​២០១៣ ក្រុម​សហជីព​កម្មករ ដឹកនាំ​ដោយ​លោក អាត់ ធន់ និង​លោក​រ៉ុង​ឈុន ជាដើម បានដើរ​ហែ​ក្បួន លើក​បដា និង​ស្រែក​មេក្រូ ដើម្បី​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា​។

​ក្រុម​សហជីព​កម្មករ បាន​ជួបជុំគ្នានៅ​ទីលាន​ប្រជាធិបតេយ្យ មុន​នឹង​ដើ​រហែ​ក្បួន​បាតុកម្មទៅកាន់​វិមាន​រដ្ឋ​សភានៅ​ព្រឹក​ថ្ងៃទី​១​ឧសភា​នេះ​។ ក្បួន​ដង្ហែ​របស់​សហជីព​កម្ម​ក​រ មិន​មាន​ការរំខាន​ណាមួយពី​អាជ្ញាធរ​ឡើយ​។​

​ញត្តិ​របស់​សហជីព​ក​ម្មករ សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ថ្ងៃ​ទី​១​ឧសភា​នេះ មាន ១៤ ចំណុច ដែល​រួមមាន​៖ ការទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​យ៉ាង​តិច ១៥០ ដុល្លារ បញ្ចុះ​តម្លៃ​ប្រេងសាំង ព្រមទាំង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ទៀត​៕​ S

 

What Next?

Recent Articles

One Response to "សម្តេច ហ៊ុន សែន ចូលរួម​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា"

  1. CPP says:

    ប្រមុខ នៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានគូបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ពុំមានគោលនយោ បាយបណ្ដេញ អ្នកវិនិយោគ នោះឡើយ គឺ មានតែត្រូវការ អ្នកវិនិយោគ ដើម្បីធ្វើឱ្យ សេដ្ឋកិច្ចជាតិ មានការរីកចំរើននិងជំរុញ ជីវភាពរបស់ប្រជា ពលរដ្ឋទូទាំង ប្រទេស។