នៅថ្ងៃទី៣ឧសភា ក្នុងសប្តាហ៍នេះ អ្នកសារព័ត៌មានកម្ពុជានឹងជួបជុំគ្នាដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។ «សុវត្ថិភាពនៃការនិយាយស្តីនៅតាមប្រព័ន្ធផ្សព្វផ្សាយ» គឺជាប្រធានបទនៃទិវាសេរីភាពសារព័ត៌មានឆ្នាំនេះ។ ទិវានេះនឹងរៀបចំរួមគ្នាដោយការិយាល័យយូណេស្កូភ្នំពេញ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស រួមសហការជាមួយមូលនិធិ Konrad Adenaur Stiftungប្រចំាប្រទេសកម្ពុជា វិទ្យាស្ថានសារគមនាគមន៍កម្ពុជា ក្លឹបអ្នកកាសែតកម្ពុជា និងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ថ្ងៃ ពុធ 01 ឧសភា 2013
ដោយ លាង ដឺលុច
RFI
ក្នុងឱកាសប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភាឆ្នាំនេះ អ្នកកាសែតកម្ពុជានឹងពិភាក្សាអំពីសុវត្ថិភាពក្នុងការនិយាយ។ គឺជាការធានាសេរីភាពក្នុងការបញ្ចេញមតិ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់។
សេចក្តីប្រកាសព័ត៌មានរបស់ក្លឹបអ្នកាសែតកម្ពុជា បានសរសេរថា ការប្រារព្ធពិធីអបអរទិវាសេរីភាពសារព័ត៌មានឆ្នាំនេះមានគោលបំណងផ្តល់វេទិកាសន្ទនាមួយដល់អ្នកតំណាងប្រព័ន្ធផ្សព្ធផ្សាយ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកវែកញែកអំពីការប្រឈម និងបញ្ហានានាជុំវិញសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា។ ការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនឹងប្រព្រឹត្តិទៅក្រោមវត្តមានតំណាងរាជរដ្ឋាភិបាល គឺរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ ដូចរាល់ឆ្នាំដែរ។
យោងតាមកម្មវិធីជជែកពិភាក្សា អ្នកសារព័ត៌មាននឹងដេញដោលគ្នាថា តើមានគ្រោះថ្នាក់ និងការគំរាមកំហែងអ្វីខ្លះទេ ដែលនាយកកម្មវិធី និពន្ធនាយក អ្នកកាសែត និងមន្រ្តីសិទ្ធមនុស្ស នៅកម្ពុជាកំពុងតែប្រឈម? តើរាជរដ្ឋាភិបាល អង្គការអន្តរជាតិ សង្គមស៊ីវិល បណ្តាញសារព័ត៌មាន និងវិស័យឯកជននានា មានតួនាទីអ្វីខ្លះក្នុងការធានានូវសុវត្ថិភាពក្នុងការនិយាយស្តី? បន្ទាប់មក អ្នកសារព័ត៌មាន អ្នកច្បាប់ និងតំណាងអង្គការក្រៅរដ្ឋាភិបាលក៏ត្រូវជជែកស្វែងរកដំណោះស្រាយផ្លូវច្បាប់ ដើម្បីធានាសុវត្ថិភាពអ្នកសារព័ត៌មាន។
គួររម្លឹកថា ថ្ងៃទី៣ខែឧសភាត្រូវបានប្រកាសជាសាធារណៈ ថាជាទិវាសេរីភាពសារព័ត៌មាន ដោយមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ ដោយឆ្លងតាមការអនុម័តរបស់សន្និសីទអង្គការយូណេស្កូលើកទី២៦ ឆ្នាំ១៩៩១។ ថ្ងៃទី៣ឧសភា ក៏ជាថ្ងៃមួយសំរាប់លើកទឹកចិត្តនិងលើកកម្ពស់ដល់ការផ្តួចផ្តើមគំនិតបង្កើតថ្មីដើម្បីគាំទ្រសេរីភាពសារព័ត៌មាន ជាថ្ងៃវាយតំលៃពីស្ថានភាពនៃសេរីភាពសារព័ត៌មានទូទាំងសកលលោក ហើយក៍ជាថ្ងៃរំលឹករាជរដ្ឋាភិបាលឲ្យមានការតាំងចិត្តគោរពសេរីភាពនៃការបញ្ចេញមតិផងដែរ។
មន្ត្រីរាជរដ្ឋាភិបាលតែងតែអះអាងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាល្អជាងប្រទេសក្នុងតំបន់អាស៊ាន។ ប៉ុន្តែ ចុងក្រោយនេះ របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែនបានបង្ហាញអំពីការធ្លាក់ចុះនៃចំណាត់ថ្នាក់នៃប្រទេសកម្ពុជា ជាប្រទេសមានសេរីភាពសារព័ត៌មានល្អនោះ។ ពោលគឺ កម្ពុជាដែលត្រូវផ្តល់ចំណាត់ថ្នាក់ទី១១៧ នៅក្នុងឆ្នាំ២០១២នោះ បានធ្លាក់មកដល់ចំណាត់ទី១៤៣វិញ ក្នុងចំណោម១៧៩ប្រទេស នៅក្នុងឆ្នាំ២០១៣នេះ៕




ពិតជាមានគំនិតល្អ សូមគាំទ្រ តែវាដូចជាគ្មានប្រយោជន៏ទេ យើងធ្លាប់បានលឺហ្នឹងបានឃើញរួចទៅហើយ
ដែលពួកបននយោបាយបែបអាយ៉ងយួន កំពុងកាន់អំណាច តែងតែចោតប្រកាន់គេថា បង្កភាពអសន្តិសុខ
ផ្សាយពត៌មានមិនពិត រើសអើងពូជសាស្រ្តជាដើម ដូច្នេះអ្នកឈឺចាប់នៅតែស្រែក ឯឆ្កែគិតតែពីដេញខាំគេ
ភ្លេចអស់កំណើតខ្លួនថាជាខ្មែរ ។