ពលរដ្ឋ​​ភូមិ​ស្រអែម​ខេត្ត​ព្រះ​វិហារ​ឡើង​មក​តវ៉ា​រឿង​ដីធ្លី​ជា​ថ្មី

ភ្នំពេញៈ ប្រជាពលរដ្ឋ​ជាង​ ៣០នាក់ តំណាង​ឲ្យ​ ៩៤គ្រួសារ រស់​នៅ​ភូមិ​ស្រអែម​ខាង​ត្បូង ឃុំ​កន្ទួត និង​ភូមិ​ស្រអែម​ខាង​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ ដាក់​ពាក្យ​បណ្តឹង​សុំ​អន្តរា​គមន៍ ជា​ថ្មី​ម្តង​ទៀត​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

 

Thursday, 02 May 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

ក្នុង​ពាក្យ​បណ្តឹង​សុំ​អន្តរា​គមន៍​ដែល​ដាក់​ជូន​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​ជា​ថ្មី​ម្តង​ទៀត​នេះ បាន​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ជួយ​អន្តរាគមន៍ ផ្តល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជាង ៥៤គ្រួសារ ដែល​ត្រូវ​លោក ប៉ែន លឹម ហៅ ស ឈុនលឹម​ប្រធាន​អង្គការ​វាយ​អេដស៍ ឆបោក ដោយ​យក​ដី​សម្បទាន​សង្គម​កិច្ច​មក​លក់​ឲ្យ ដោយ​សន្យា​បើ​ប្រជាពលរដ្ឋ ណា​ទិញ​ដី​ចំនួន ១ឡូត៍ និង​ចែក​ជូន​ដី​បង្ក​បង្កើន​ផល​ចំនួន ២ ទៅ ៣​ហិកតា។

ក្នុង​លិខិត​ស្នើ​សុំ​អន្តរា​គមន៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ ប្រជាពលរដ្ឋ​បាន​​ស្នើ​សុំ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ជួយ​អន្តរា​គមន៍​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ​បញ្ឈប់​ការ​ឈូស​ឆាយ​ដី​ស្រែ​ចំការដោយ​លោក ប៉ែន លឹម ហៅ ស ឈុនលឹម ដែល​បាន​ដឹក​នាំ​កម្លាំង​ប្រដាប់​វុធ​រំលោភ​យក​ដី​ ៣៤៥ ហិកតា និង​បំផ្លិច​បំផ្លាញ​ផល​ដំណាំ និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ទាំង ៩៤ គ្រួសារ​នោះ។

សូមបញ្ជាក់ថា អង្គការ​វាយអេដស៍​បាន​ទទួល​ដី​សម្បទាន​សង្គម​កិច្ច​ពី​រាជ​រដ្ឋាភិបា​ល ៥៥៦​ហិកតា កាល​ពី​ឆ្នាំ​២០០៧ ទៅ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ប៉ុន្តែ ​បែរ​ជា​យក​ដី​លក់​ជាន់​ប្លង់​គ្នា​ ទើប​បង្ក​ឲ្យ​មាន​ជម្លោះ​រហូត​មកទល់​ពេល​នេះ ហើយ​នេះ​ជា​លើកទី៤ ហើយ​ប្រជាពលរដ្ឋ​ឡើង​មក​​ភ្នំពេញ​​ ដើម្បី​សុំ​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន ​​ជួយអន្តរាគម៍​​។ ខុទ្ទ​កាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះ​ស្រាយ​បញ្ហា​នេះ​ ប៉ុន្តែ​ពួក​គាត់​រង់ចាំ​ដំ​ណោះ​ស្រាយ​ពី​អាជ្ញាធរ​មូល​ដ្ឋាន​រហូត​មក ​តែ​គ្មាន​លទ្ធផល​ ដោះស្រាយ​មិន​ចេញ​។

 

What Next?

Recent Articles

One Response to "ពលរដ្ឋ​​ភូមិ​ស្រអែម​ខេត្ត​ព្រះ​វិហារ​ឡើង​មក​តវ៉ា​រឿង​ដីធ្លី​ជា​ថ្មី"