ស្ត្រី ៥២% ចូលរួម​ក្នុង​សកម្មភាព​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច​ ប្រទេស​កម្ពុជា

ភ្នំពេញ: លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវហ្គេច ប្រធាន​អង្គការសិទ្ធិមនុស្ស លីកាដូ បាន​មានប្រសាសន៍ថា​៖ នៅ​ប្រទេស​កម្ពុជា មាន​ស្ត្រី​ចំនួន ៥២% បាន​ចូលរួម​នៅក្នុង​សកម្មភាព​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​។​

 

ថ្ងៃទី 14 ឧសភា 2013
ដោយ: រតនា
CEN

​លោកស្រី​វេជ្ជបណ្ឌិត បាន​បន្តថា​៖ ចាប់តាំងពី​មានការ​បោះឆ្នោត​ឆ្នាំ ១៩៩៣ ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ មកដល់ពេលនេះ បានធ្វើ​ឲ្យ​ស្ត្រីចំនួន ៥២% នៃ​ទូទាំងប្រទេស​ដែលជា​ចំនួន​ច្រើនជាង​បុរសបាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​។

លោកស្រី​បាន​បន្តទៀតថា​៖ កាលពី​ឆ្នាំ​១៩៩៣ មាន​ស្ត្រី​តែ ៥% ប៉ុណ្ណោះ នៅក្នុង​រដ្ឋសភា ប៉ុន្តែ​ឥឡូវនេះស្ត្រី​បាន​កើន​ចំនួន ២១% នៅក្នុង​រដ្ឋសភា ដែល​បានមកពី​ការជាប់ឆ្នោត​នៃ​គណបក្សនយោបាយ​នានា​។​

​លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវហ្គេច បាន​មាន​ជំនឿ​ជឿជាក់ថា​៖ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាល​ទី ៥ នៅ​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៣ ចំនួន​ស្ត្រី​ក្នុង​កិច្ចការ​នយោបាយ និង​កិច្ចការ​សង្គម នឹងមាន​ការកើនឡើងចំនួន​លើសពី ២១% ។ បច្ចុប្បន្នមាន​ស្ត្រី​ដែលជា​អភិបាលខេត្ត រាជធានី ស្រុក ខណ្ឌ ស្ត្រី​ជា​មេឃុំ ចៅសង្កាត់ មេភូមិ ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អនុរដ្ឋមន្ត្រី​។​

​លោកស្រី​វេជ្ជបណ្ឌិត ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ថា​៖ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុងការ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ​យ៉ាង​ឆាប់រហ័ស​នោះ គឺមាន​ស្ត្រី​វ័យក្មេង​ជាង ៥០ ម៉ឺន​នាក់ កំពុង​បម្រើការ​ក្នុង​វិស័យ​កាត់ដេរ​។ ជាមួយគ្នា​នោះ លោកស្រី​វេជ្ជបណ្ឌិត បាន​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល បន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ជា​ស្ត្រី ឲ្យ​មាន​ចំនួន​កាន់តែ​ច្រើនឡើង​ថែមទៀត​។​

​លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវហ្គេច ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោតក្នុង​ខែកក្កដា​ឆ្នាំ ២០១៣ នេះ ស្ត្រី​មានឈ្មោះ​នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ច្រើនជាង​បុរស​៕ S

 

What Next?

Recent Articles

2 Responses to "ស្ត្រី ៥២% ចូលរួម​ក្នុង​សកម្មភាព​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច​ ប្រទេស​កម្ពុជា"

  1. Khmer Family says:

    ដំណឹងល្អ ដំណឺងល្អ ពលរដ្ឋដែលមានបញ្ហាដីធ្លី នៅតំបន់បឹងកក់ដ៏រ៉ាំរ៉ៃជាយូរមកហើយនោះ នឹងទទួលបានការដោះស្រាយពីឯកឧត្តម អភិបាលរាជធានីភ្នំពេញថ្មី​ ដែលទើបនឹងឡើងកាន់តំណែង នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ សូមចូលរួមរីករាយ និងអបអរសាទរ ជាមួយពលរដ្ឋនៅតំបន់បឹងកក់ទាំងនោះផង ហើយជាបន្តបន្ទាប់ ពលរដ្ឋនៅតំបន់បូរីកីឡា នឹងទទួលបានដំណោះស្រាយដូចគ្នា

  2. Khmer Family says:

    តាមការគន់គូរនិងវាយលេខអាតាក់តាមក្បាច់ចិន បូកជាមួយការគន់គូរទស្សន៏ទាយ តាមបែបបូរាណខ្មែរ បានបង្ហាញលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ ខាងមុខអោយឃើញថា សំរាប់គណបក្សសង្រ្គោះជាតិ ដែលកើតឡើងពីការបញ្ចូលគ្នា​រវាង គណបក្ស សមរង្ស៊ី និងគណបក្ស សិទ្ធមនុស្សរបស់លោក កឹម សុខា​ នឹងទទួលបានអសនៈ ចំនួន ចន្លោះ ពី ២៤ ទៅ ២៥ អសនៈ​ដែលកាលពីអាណត្តិមុន មានចំនួន ២៩ អសនៈ គឺថយចុះ ពី ៤ ទៅ ៥ អសនៈ ខុសពីការរំពឹងទុក ដែលត្រូវរកអោយបាន ៣៩ឬ៤០អសនៈដើម្បីធ្វើផ្លៀងធ្វើផ្គរក្នុងសភា រីឯគណបក្ស ហ្វ៊ុនស៊ីនប៉ិច នឹងទទួល អសនៈ ចំនួន ចន្លោះ ពី ៥ ទៅ ៦ អសនៈ ។ តែយ៉ាងណាក៏ដោយ នេះ គ្រាន់តែជាការទស្សន៏ទាយប៉ុណ្ណោះ សូមកុំមានការច្រឡោត ខឹងសម្បា អី

    .