អាជ្ញាធរ​ភូមិ​នៅ​ពោធិ៍សាត់​រង​ការ​ចោទ​ថា​ប្រើ​ហិង្សា​លើ​អ្នក​គាំទ្រ​បក្ស​ជំទាស់

រឿងរ៉ាវ​ចោទ​ប្រកាន់​គ្នា​ពី​ការ​រំលោភ​សិទ្ធិ​គាំទ្រ​គណបក្ស​នយោបាយ បាន​កើត​មាន​ជា​ហូរហែ ខណៈ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ខិត​ជិត​មក​ដល់។ នៅ​ឯ​ឃុំ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​ការ​ចោទ​ប្រកាន់​អាជ្ញាធរ​ភូមិ ថា​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​អ្នក​គាំទ្រ​គណបក្ស​ជំទាស់។

 

ដោយ មណ្ឌល កែវ
2013-06-04
RFA


ស្តាប់សំឡេង ថតសំឡេង

សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ភូមិ​ថា បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​គាត់ ដោយសារ​តែ​គាត់​បាន​លើក​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ផ្ទាំង​នៅ​មុខ​ផ្ទះ។

លោក លីវ ឆេង ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៣ មិថុនា ថា លោក សុត អេត ជា​គ្រូពេទ្យ និង​ជា​ភ្នាក់ងារ​ប្រចាំ​ការ​របស់​ភូមិ​ស្ទឹងថ្មី ប្រចាំ​ចំណុច​ទួលគ្រួស បាន​ស្ទាក់​ផ្លូវ​នៅ​ពេល​ដែល​គាត់​ចេញ​ពី​ចម្ការ ហើយ​សួរ​គាត់​ថា តើ​គាត់​លើក​ស្លាក​គណបក្ស​មាន​ការ​អនុញ្ញាត​ពី​លោក (សុត អេត) ឬ​ទេ។

លោក លីវ ឆេង បន្ត​ថា ពេល​នោះ​គាត់​ក៏​បាន​ឆ្លើយ​ទៅ​វិញ​ថា ម៉េច​បាន​ចាំបាច់​សុំ​ច្បាប់​ពី​លោក ក៏​ស្រាប់​តែ​លោក សុត អេត វាយ​គាត់​តែ​ម្ដង៖ «ឈ្មោះ អេត ហ្នឹង បាន​ឃាត់​ខ្ញុំ​ឲ្យ​ឈប់ ហើយ​រួច​គេ​វាយ​ខ្ញុំ​បាន ១​ដៃ​ត្រូវ​ចំ​ស្មា​យ៉ាង​ខ្លាំង។ រួច​គេ​ថា ហ្អែង​លើក​ផ្លាក​ហ្នឹង​ហ្អែង​សម្អាង​អី ហ្អែង​ដឹង​ទេ​ថា ក្នុង​ទឹកដី​នេះ​នរណា​មិន​ស្គាល់​អញ។ គាត់​ហ្នឹង​ជា​ភ្នាក់ងារ​របស់​ភូមិ​ឃុំ ខ្ញុំ​អត់​ហ៊ាន​តតាំង​អី​ទេ ហើយ​គេ​គំរាម​កំហែង​ថា ហ្អែង​ប្រយ័ត្ន​បាត់​ខ្លួន»

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ លោក សុត អេត ពន្យល់​ថា ដើម​ហេតុ​នៃ​ជម្លោះ គឺ​បញ្ហា​ព្រំ​ដី មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​ស្លាក​គណបក្ស​នោះ​ទេ។ ហើយ​លោក​ក៏​ពុំ​បាន​វាយ​តប់​លោក លីវ ឆេង នោះ​ដែរ។ លោក សុត អេត បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​រឿង​ជម្លោះ​បុគ្គល​មក​ប្រើប្រាស់​ក្នុង​បំណង​ឲ្យ​គេ​ជួយ​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​គេ​ស្គាល់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ៖ «រឿង​ផ្លាក​គណបក្ស​អី ខ្ញុំ​អត់​មាន​ប៉ះពាល់​ទេ​បង! សុំ​ទោស ពីព្រោះ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ ខ្ញុំ​អត់​ត្រូវ​ការ​រឿង​គណបក្ស​ប្រឆាំង ឬ​មិន​ប្រឆាំង​អី​ទេ។ ខ្ញុំ​និយាយ​តែ​ពី​រឿង​ដីធ្លី​ខ្ញុំ​ដែល​គេ​រំលោភ​បំពាន។ខ្ញុំ​អត់​ដឹង​ថា​គាត់​បាន​លើក​ផ្លាក​គណបក្ស​អី​ផង»

ដូច​គ្នា​នេះ​ដែរ មេ​ឃុំ​ប្រមោយ អ្នកស្រី សេក សំអាត បដិសេធ​ថា ជម្លោះ​នេះ​ជា​ជម្លោះ​បញ្ហា​ដីធ្លី​រវាង​បុគ្គល និង​បុគ្គល ពុំ​មាន​ពាក់ព័ន្ធ​នឹង​រឿង​គណបក្ស​នយោបាយ ឬ​អាជ្ញាធរ​ដែន​ដី​ទេ៖ «ខ្ញុំ​ទើប​តែ​ដឹង​រឿង​នេះ​ដែរ ហើយ​ខ្ញុំ​បាន​សួរ​ទៅ​មេ​ភូមិ ហើយ​គាត់​ប្រាប់​ថា រឿង​ជម្លោះ​ដីធ្លី​ទេ មិន​មែន​ជា​រឿង​គណបក្ស​នយោបាយ ឬ​រឿង​ផ្លាក​គណបក្ស​នោះ​ទេ។ ហើយ​ឥឡូវ ខាង​អធិការ​ស្រុក​គេ​ហៅ​ទៅ​ដោះស្រាយ​រួច​ហើយ។ មិន​មែន​រឿង​ផ្លាក​គណបក្ស​ទេ គឺ​រឿង​ដីធ្លី»

យ៉ាង​នេះ​ក្ដី សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត និង​ជា​ប្រធាន​ប្រតិបត្តិ​ស្រុក​វាលវែង នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ឈុំ វណ្ណារិទ្ធ មាន​ប្រសាសន៍​ថា លោក​កំពុង​រៀបចំ​បណ្ដឹង​ពី​ករណី​នេះ​ទៅ​គណៈកម្មការ​បោះឆ្នោត​ឃុំ ឬ​ហៅ​កាត់​ថា​ស៊ិក (CEC) និង​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ដើម្បី​រក​យុត្តិធម៌​ដល់​លោក លីវ ឆេង សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ភូមិ​ដាច់​ស្រយាល​មួយ​នេះ។

ទាក់ទិន​ចំពោះ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និកហ្វិច (NICFEC) បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​នៅ​កម្ពុជា មិន​ថា​គណបក្ស​កាន់​អំណាច ឬ​គណបក្ស​ប្រឆាំង គួរ​តែ​ប្រកួត​ប្រជែង​គ្នា​ដោយ​សុចរិត ក្នុង​ដំណើរ​ការ​បោះឆ្នោត​នេះ។ លោក​ថា ការ​គំរាម​កំហែង​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​ពី​សំណាក់​អាជ្ញាធរ​ដែន​ដី គឺ​ជា​សកម្មភាព​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

One Response to "អាជ្ញាធរ​ភូមិ​នៅ​ពោធិ៍សាត់​រង​ការ​ចោទ​ថា​ប្រើ​ហិង្សា​លើ​អ្នក​គាំទ្រ​បក្ស​ជំទាស់"

  1. cheath says:

    មិនមែនលោកជាតិសរសេរទេ គ្រាន់តែកែសម្រួលពាក្យពេជន៏ខ្លះប៉ុណ្ណោះ
    *************************************************************
    សំដីប្រមាថមាក់ងាយរបស់កឹម សុខា ទៅលើព្រលឹងជនរងគ្រោះនៅគុកទួលស្លែងកំពុងតែទទួលរងប្រតិកម្មយ៉ាងក្ដៅគគុកពីគ្រប់ទិសទី ហើយតម្រូវឲ្យកឹមសុខា ត្រូវទៅលុតជង្គង់លើកដៃសំពះសុំខមាលទោសចំពោះព្រលឹងជនរងគ្រោះទាំងនោះនៅឯគុកទួលស្លែង។ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគណបក្សសង្គ្រោះជាតិរបស់កឹម សុខា កំពុងតែធ្វើឲ្យប្រជាជនកើតមានការសង្ស័យថា បើគណបក្សនេះឈ្នះឆ្នោតសង្គ្រាមនឹងកើតឡើងវិញ ហើយរបបខ្មែរក្រហមក៏របូតរលូតមកជាមួយដែរ។ ហេតុអ្វី? ព្រោះថាក្រុមកឹមសុខា- សមរង្ស៊ីបានប្រកាសថា បើពួកគេឈ្នះឆ្នោតគេនឹងទៅដណ្ដើមយកទឹកដីកម្ពុជាពីប្រទេសជិតខាងមកវិញ ហើយគេនឹងចាប់យករដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នទៅកាត់ទោស។
    គេថាបើគេឈ្នះឆ្នោតគេនឹងយកទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់អ្នកមានទៅចែកជូនប្រជាជនក្រីក្រវិញ។ គេនិយាយទៀតថា បើគេឈ្នះឆ្នោតគេនឹងលុបបំណុលទាំងអស់របស់ប្រជាជននៅឯធនាគារ។ ប៉ុន្តែចុងក្រោយនេះកន្ទុយរបស់ក្រុមកឹម សុខា- សម រង្ស៊ី ធ្លាយចេញមកលើគោកតែម្ដងគឺគេឃោសនាថាគុកទួលស្លែងគ្រាន់តែជាគុកសិប្បនិម្មិត ដែលវៀតណាមរៀបចំឡើងគ្រាន់ជាឆាកល្ខោនឃោសនាតែប៉ុណ្ណោះ។ សំដីរបស់កឹម សុខា មួយឃ្លានេះធ្វើឲ្យយើងនឹកឃើញទៅដល់សំដីរបស់នួន ជា ដែលមានតួនាទីជាប្រធានសភា តំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបាននិយាយកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៨០ថា គុកទួលស្លែងគឺគ្រាន់តែជាឆាកល្ខោនដែលវៀតណាមរៀបចំឡើងដើម្បីឃោសនាបង្កាច់បង្ខូចមេដឹកនាំកម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ឥឡូវនេះកឹមសុខា បាននិយាយការពារទឡ្ហីករណ៍ របស់នួន ជាដោយឥតមានខ្វះចន្លោះឡើយ។ ជាការពិតហើយនរណាក៏ដោយបើហ៊ាននិយាយការពារថា គ្មានការសម្លាប់មនុស្សនៅគុកទួលស្លែងគឺមានន័យស្មើនឹងការទទួលស្គាល់ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគ្មានការសម្លាប់មនុស្សទេ ហើយវាមានន័យស្មើនឹងការនិយាយប្រឆាំងនឹងប្រជាជនកម្ពុជារាប់លាននាក់ ដែលបានរស់រានឡើងវិញក្រោយថ្ងៃ៧មករា និងជាការនិយាយប្រមាថយ៉ាងអាក្រក់បំផុតទៅដល់វិញ្ញាណក្ខន្ឋប្រជាជនកម្ពុជាដែលបានស្លាប់យ៉ាងអយុត្តិធម៌នៅក្នុងទូទាំងប្រទេស និយាយជារួម និងនៅក្នុងគុកទួលស្លែងនិយាយដោយឡែក។
    កឹម សុខា និងបក្ខពួករបស់គាត់ពិតជាបានដឹងថា ទួលស្លែងគឺជាមន្ទីរឧក្រិដ្ឋកម្មដែលមេដឹកនាំកម្ពុជាប្រជាធិបតេយ្យបានបង្កើតឡើងជាកន្លែងធ្វើទារុណកម្មអ្នកទោសយ៉ាងឃោរឃៅ។ លោកកាំងហ្គេចអ៊ាវ ហៅឌុច ដែលជាប្រធានគុកទួលស្លែងកាលពីពេលនោះបានសារភាពនៅក្នុងសវនាការតុលាការកាត់ក្ដីមេដឹកនាំខ្មែរក្រហមរួចហើយ។ កាំងហ្គេចអ៊ាវបានសំដែងការសោកស្ដាយ និង បានទទួលស្គាល់ នូវទង្វើឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលបានកើតឡើងនៅទីនោះ។ កាំងហ្គេចអ៊ាវ ក៏ត្រូវបានតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផ្ដន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារមួយជីវិត។ មានតែ កឹម សុខា ទេមិនទទួលយកការពិតនេះ។ កឹម សុខា អន់ជាង កាំងហ្គេចអ៊ាវឆ្ងាយណាស់។ សំដី កឹម សុខា មួយម៉ាត់នេះផ្ដល់ពិន្ទុយ៉ាងច្រើនឲ្យនួន ជានិងខៀវសំផន ដែលកំពុងត្រូវបានតុលាការបើកសវនាការកាត់ទោសក្នុងសំណុំរឿង០០២។ មិនដឹងថានៅក្នុងបេះដូងកឹម សុខា រំជើបរំជួលប៉ុណ្ណាទេ ប៉ុន្តែសំដីរបស់កឹម សុខា បែបនេះគឺមានន័យថាគាត់កំពុងស្វះស្វែងការពាររបបខ្មែរក្រហម ស្វះស្វែងរកយុត្តិធម៌ឲ្យរបបខ្មែរក្រហម ហើយមិនខ្លាចនឹងបង្កើតរបបខ្មែរក្រហមថ្មីមួយទៀតទេ ប្រសិនបើគាត់មានលទ្ធភាពនៅពេលណាមួយនោះ។
    បើគណបក្សសង្គ្រោះជាតិរបស់កឹម សុខា ឈ្នះឆ្នោតរឿងដែលយើងមិននឹកស្មានដល់ជាច្រើនអាចនឹងកើតឡើងយ៉ាងពិតប្រាកដ។ ប៉ុន្តែដំបូងបំផុតពេលនេះកឹម សុខា ត្រូវទៅកាន់ទួលស្លែងដើម្បីសុំទោសដល់ព្រលឹងអ្នកស្លាប់ដើម្បីឲ្យប្រជាជនកម្ពុជាបានស្ងប់ចិត្ត។ ការពិតជាប្រវត្តិសាស្ត្រមួយដែលពិភពលោកបានឃើញ បានឮ បានដឹង យ៉ាងជាក់ស្ដែងបែបនេះទៅហើយ កោតតែលោក កឹម សុខា និយាយភូតកុហកទៅកើត ចុះទម្រាំពាក្យសន្យាខ្យល់ដទៃទៀតតើវានៅឯក្រហែងណាទៅ។ ប៉ុន្តែក្រុមកឹម សុខា មិនមែនចេះតែភូតកុហកគ្រប់រឿងនោះទេ។ រឿងខ្លះគឺគាត់និយាយពិតកុំអាលមើលស្រាលកឹមសុខាឲ្យសោះ…ជាពិសេសគឺការសន្យាដកយកដីធ្លី ទ្រព្យសម្បត្តិពីអ្នកមានឲ្យអ្នកក្រ ការលុបបំណុលរបស់ប្រជាជនដែលជំពាក់ធនាគារ នោះគឺមានន័យស្មើនឹងការលុបបំបាត់ធនាគារចោលតែម្ដង…តើពេលនោះស្រុកទេសនឹងច្របូកច្របល់យ៉ាងណា? តើរបបខ្មែរក្រហមវាមិនកើតឡើងវិញទេឬអី?ពីមុននោះចេះតែសង្ស័យ ចេះតែពិភាល់ក្នុងចិត្ត ឥឡូវនេះច្បាស់ណាស់ ខ្មោចរបបខ្មែរក្រហមកំពុងអង្រួនផ្នូរប្រុងពុះជ្រែកដីចេញមកវិញទៀតហើយ។ ប៉ុន្តែការសម្រេចចិត្តគឺស្ថិតនៅលើប្រជាជនកម្ពុជា។ ខ្មែរក្រហមងាប់បាត់ហើយ។ អ្នកណាចង់គាស់យករបបខ្មែរក្រហមមកហិតឡើងវិញ អ្នកនោះត្រូវតែបរាជ័យ ហើយជីវិតនយោបាយអ្នកនោះគឺចប់សូន្យសុងតែម្ដង!!