កែវ នីសា ឆក់​បាន​ឱកាស​ថត​ឲ្យ​ផលិតកម្ម​អាមេរិក

Tuesday, 04 June 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

130604_28a

ភ្នំពេញៈ បន្ទាប់​ពី​ឆក់​បាន​ឱកាស​ចេញ​សម្តែង​ច្រៀង​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ដោយ​ចាប់​ដៃ​គូ​ជាមួយ​នឹង​តារា​កំប្លែង​ល្បី​បទ «​អាចម៍គោ» នាង កាតុ មក នាង កែវ នីសា ក៏​ឆក់​បាន​ឱកាស​ដ៏​ធំ​មួយ​ផ្សេង​ទៀត​នៅ​ពេល​ដែល​រូប​នាង​ត្រូវ​បាន​ផលិតកម្ម​មួយ​នៅ​អាមេរិក​បាន​អញ្ជើញ​រូប​នាង​ថត​ចម្រៀង​ការ៉ាអូខេ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​មួយ​នៅ​លើ​ទឹកដី​ប្រទេស​មហាអំណាច​អាមេរិក​នោះ​។

ពិធីការិនី​ជើង​ថ្មី​របស់​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន​ឫស្សីកែវ​នាង កែវ នីសា បាន​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​កាល​ពី​ដើម​ខែ​មេសា ដោយ​នាង​បាន​ឡើង​ឆាក​រាំ​ច្រៀង​និង​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជាមួយ​នឹង​បងប្អូន​ខ្មែរ​នៅ​ទីនោះ​ជាមួយ​នឹង​តារា​កំប្លែង​សម្បូរ​វោហារ​នាងសុខ ចាន់ធីតា ហៅ កាតុ​។

ជាមួយ​នឹង​រូប​សម្ផស្ស​បែប​កូន​កាត់ សាច់​នៅ​តែ​ស​ខ្ចី​ម៉ដ្តរលោង នាង កែវ នីសា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទីផ្សារ​នៅ​ក្នុង​សង្គម​សិល្បៈ​របស់​នាង​នៅ​តែ​ខ្លាំង បើ​ទោះ​បី​ជា​កន្លង​មក គេ​ឯង​បាន​ដឹង​ថា តារា​រូប​នេះ​មិនមែន​ជា​នារី​ក្រមុំ​ក៏​ដោយ​ពោល​គឺ​មុន​នឹង​នាង​មុជជ្រៅ​នៅ​ក្នុង​ផ្លូវ​តារា​នេះ​នាង​ធ្លាប់​ទទួល​យក​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​បុរស​ម្នាក់​រួច​ម្តង​ទៅ​ហើយ។ នៅ​ពេល​នេះ​គេ​សង្កេត​ឃើញ​ថា មិន​ត្រឹម​តែ​មាន​ទីផ្សារ​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ កែវ នីសា ក៏​កំពុង​លេចធ្លោ​នៅ​លើ​ទីផ្សារ​អាមេរិក​ផង​ដែរ​ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​នាង​កំពុង​ត្រូវ​បាន​អ្នក​ធានា​ទៅ​អាមេរិក​យក​ចិត្ត​ទុក​ដាក់​និង​លើក​ស្ទួយ​នាង​យ៉ាង​ខ្លាំង​ក្នុង​ការ​សម្តែង​ទៀត​ផង​។

ក្រៅ​ពី​មាន​អ្នក​យក​ចិត្ត​ទុក​ដាក់​បែប​នេះ អតីត​គូ​ស្នេហ៍​សាន ផានិត នាង កែវ នីសា ក៏​ទទួល​បាន​ឱកាស​ដ៏​ធំ​មួយ​ផ្សេង​ទៀត​នៅ​លើ​ទឹកដី​អាមេរិក​នោះ គឺ​នាង​ត្រូវ​បាន​ផលិតកម្ម ​Nuon Film អញ្ជើញ​រូប​នាង​ឲ្យ​ថត​ចម្រៀង​ការ៉ាអូខេ​របស់​តារា​ចម្រៀង​ខ្មែរ​សញ្ជាតិ​អាមេរិក​លោក ចេយ ឆេន (Jay Chan) ទៀត​ផង​។

តារា​សម្តែង​ដែល​កាន់​តែ​កាក់កប​ការ​ដើរ​ហើរ​ក្រៅ​ប្រទេស​នាង កែវ នីសា បាន​សម្តែង​ការ​សប្បាយ​ចិត្ត​ពី​សហរដ្ឋអាមេរិក​នៅ​កន្លែង​នាង​ថត​វីដេអូ​ការ៉ាអូខេ​ថា​៖​«​សួស្តី​ថ្ងៃ​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​បាន​ឱកាស​ថត​ចម្រៀង​កាយវិការ​ឲ្យ​ផលិតកម្ម​អាមេរិក​មួយ»​។ នាង​បាន​បន្ត​ថា នៅ​ក្នុង​ចំណោម​បទ​ចម្រៀង​ទាំង​១០​របស់​លោក ចេយ ឆេន ខ្ញុំ​មាន​ឱកាស​បាន​ថត​ចម្រៀង​កាយវិការ​ជាមួយ​គាត់​បាន​មួយ​បទ​ហើយ​សង្ឃឹម​ថា បទ​នោះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​បង​ប្អូន​ទស្សនិកជន​។

គួរ​បញ្ជាក់​ថា លោក ចេយ ឆេន គឺជា​តារា​ចម្រៀង​មួយ​រូប​ដែល​លោក​មាន​កំណើត​នៅ​ប្រទេស​កម្ពុជា តែ​បាន​ធំ​ដឹង​ក្តី​នៅ​ពេល​ដែល​រូប​លោក​បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​អំឡុង​ពេល​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​សម័យ​ប៉ុល ពត។ តារា​រូប​នេះ​ទើប​តែ​មាន​ឱកាស​ចេញ​បទ​ចម្រៀង​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១២ ក្រោម​ចំណង​ជើង​ថា «​ចម្លើយ​ចុង​ក្រោយ» តែ​បទ​មួយ​នេះ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​នៅ​អាមេរិក​កាណាដា និង​អូស្ត្រាលី​។

នៅ​ក្នុង​ឈុត​ស្នេហា​ថត​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​នឹង ចេយ ឆេន តារា​សម្តែង​ដែល​ទើប​តោង​បាន​ភាព​ល្បីល្បាញ​ក្នុង​វិស័យ​ពិធីការិនី​នាង កែវ នីសា បាន​ទទូច​សុំ​ឲ្យ​បង​ប្អូន​ខ្មែរ​នៅ​កម្ពុជា​ចូលរួម​លើក​ទឹក​ចិត្ត​ដល់​កូន​ខ្មែរ​ដែល​កំពុង​ព្យាយាម​ផលិត​បទចម្រៀង​ដោយ​ខ្លួន​ឯង​ថា​៖​«​នៅ​ក្នុង​បទចម្រៀង​ទាំង​១០​បទ​របស់​បង ឆេន គឺ​សុទ្ធ​តែ​ជា​ស្នាដៃ​ផលិត​របស់​កូន​ខ្មែរ​ទាំងអស់​ទាំង​អ្នក​ថត អ្នក​ដឹក និង​សម្តែង។ ខ្ញុំ​គិត​ថា ពួក​គាត់​ធ្វើ​បាន​ល្អ ដូច្នេះ​សូម​បងប្អូន​ទាំងអស់​ជួយ​គាំទ្រ និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​ពួកគាត់​គ្រប់​ៗ​គ្នា​ផង​»៕

 

What Next?

Recent Articles

One Response to "កែវ នីសា ឆក់​បាន​ឱកាស​ថត​ឲ្យ​ផលិតកម្ម​អាមេរិក"

  1. Srey Khmer says:

    She is very beautiful!