បញ្ញាពេជ្រ រងទុក្ខ​ធំ​ផ្ទួន​ៗ​ម្តាយ​ក៏​ឈឺ

Wednesday, 05 June 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

<130605_20a

តារា​ចម្រៀង ពៅ បញ្ញា​ពេជ្រ នៅ​ពេល​ផ្តល់​បទ​សម្ភាស​ឲ្យ​កាសែត ភ្នំពេញ ប៉ុស្តិ៍ ក្នុង​អាការ​មិន​ស្រួល​ខ្លួន​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ក្រៅ​ពី​ទទួល​រងទុក្ខ​ធំ​លើ​ខ្លួនឯង​ធ្លាក់​ខ្លួន​ពិការ និង​រស់​ជាមួយ​នឹង​ជំងឺ​មិន​អាច​ព្យាបាល​បាន​អស់​រយៈពេល​ជិត​៧​ឆ្នាំ​ក្រោយ​ពេល​ខ្មាន់កាំភ្លើង​ពិឃាត​បាន​លើក​ដៃ​បាញ់​ប្រហារ​លើ​រូប​នាង​ដោយ​គ្មាន​ត្រាប្រណី​នោះ​នៅ​ពេល​នេះ​ទឹកភ្នែក​រែក​ទុក្ខ​កាន់​តែ​ហូរ​នៅ​ពេល​ដែល​ម្តាយ​របស់​នាង​ក៏​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជរាពាធ​នោះ​។

ជាមួយ​នឹង​ទុក្ខសោក​ផ្ទួន​ៗ​អង្រួន​ឲ្យ​ជំងឺ​របស់​នាង​កាន់​តែ​ដុនដាប​នោះ ពៅ បញ្ញាពេជ្រ បាន​និយាយ​រៀបរាប់​ទាំង​ខ្សឹកខ្សួល​អួល​ដើមក​កំដរ​ដោយ​ទឹកភ្នែក​ប្រាប់​ដល់​ភ្នំពេញ ប៉ុស្តិ៍ និង​អ្នក​សិល្បៈ​មួយ​ចំនួន​ថា នាង​ពិតជា​ពិបាក​ចិត្ត​រក​អ្វី​ថ្លែង​ពុំ​បាន​ឡើយ ដោយសារ​តែ​ពេល​នេះ​ក្តី​សង្ឃឹម​របស់​នាង​ថា​នឹង​បាន​ជាសះស្បើយ​ហាក់​ដូចជា​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទីគោលដៅ​បាន​ឡើយ​។

តារាចម្រៀង​ដែល​ធ្លាប់​តែ​ញញឹម បែរ​ប្រែ​មកជា​ស្វិត​ស្រពោន​ពៅ បញ្ញាពេជ្រ បាន​ឲ្យ​ដឹង​ថា​៖​«​ដូច​បង​ដឹង​ស្រាប់​ហើយ​ថា កាល​ដែល​ខ្ញុំ​រើ​អីវ៉ាន់​ពី​ប្រទេស​ថៃ​មក​ស្រុក​ខ្មែរ​នេះ ក៏​ព្រោះ​តែ​ខ្ញុំ និង​ក្រុម​គ្រួសារ​គ្មាន​លទ្ធភាព​បន្ត​ការ​សម្រាក​ព្យាបាល​នៅ​ទីនោះ​បាន​ដោយសារ​តែ​ខ្ញុំ​ត្រូវ​ការ​ចំណាយ​ច្រើន​ទាំង​លើ​ការ​ព្យាបាល និង​ការ​រស់​នៅ​ដោយ​ជួល​ផ្ទះ​គេ និង​ទិញ​របស់របរ​គ្រប់​បែប​យ៉ាង​។ ខ្ញុំ​ត្រឡប់​មក​ស្រុក​ខ្មែរ​នេះ ក៏​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​មាន​ឱកាស​អាច​ជាសះស្បើយ​បាន តែ​ពេល​នេះ​ក្តី​ស្រមៃ​របស់​ខ្ញុំ​ហាក់​រលាយ​អស់​ទៅ​វិញ»។

ដោយ​ក្តី​ហត់នឿយ​ចង់​ដង្ហក់ តារាចម្រៀង​សំឡេង​រៃ​កណ្តឹង​រូប​នេះ​បាន​បន្ត​ថា​៖​«ខ្ញុំ​មិន​អាច​និយាយ​បាន​ច្រើន​និង​អង្គុយ​បាន​យូរ​ទេ​បង វា​ចេះ​តែ​ហត់ ថប់​ៗ។ ជំងឺ​របស់​ខ្ញុំ​បាន​រើ​ឡើង​ខ្លាំង​នៅ​ពេល​នេះ ឥឡូវ​នេះ​ខ្ញុំ​មិន​អាច​សម្រាក​នៅ​ផ្ទះ​បាន​ទេ គឺ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ហ្នឹង​បាន​នាំ​ខ្ញុំ​មក​មន្ទីរពេទ្យ ខេមា ដែល​ទើប​បើក​សាខា​នៅ​ភ្នំពេញ​។ អ៊ីចឹង​នៅ​ពេល​នេះ ខ្ញុំ​បាន​ជួប​នឹង​បញ្ហា​ប្រឈម​ច្រើន ពិសេស​នោះ​គឺ​ថវិកា​សម្រាប់​ព្យាបាល​តែ​ម្តង​ព្រោះ​កាល​ពី​មុន​យើង​អាច​ចាក់​ថ្នាំ​ធម្មតា​ៗ​បាន តែ​ពេល​នេះ ចាក់​លែង​កើត​ទៀត​ហើយ​គឺ​ត្រូវ​ការ​ថ្នាំ​ដែល​ល្អ អ៊ីចឹង​វា​មាន​តម្លៃ​ថ្លៃ​ដែល​ធ្វើ​ឲ្យ​យើង​គ្មាន​លទ្ធភាព​ទៀត​ទេ គឺ​មាន​តែ​ពឹង​អាស្រ័យ​លើ​សប្បុរសជន​ជួយ​តែ​ប៉ុណ្ណោះ​»។

ខណៈ​ពេល​ដែល​ខ្លួន​កំពុង​រស់​នៅ​យ៉ាង​វេទនា​ជាមួយ​នឹង​ជំងឺ​ដែល​កើត​ឡើង​ពី​ការ​បាញ់​ប្រហារ​យ៉ាង​សាហាវ​កាល​ពី​ប្រមាណ​ជិត​៧​ឆ្នាំ​មុន​នោះ នៅ​ពេល​នេះ តារា​រូប​នេះ​កំពុង​ជួប​បញ្ហា​ទុក្ខ​ជាន់​លើ​ទុក្ខ​ដោយសារ​តែ​ម្តាយ​របស់​នាង​ក៏​ធ្លាក់​ខ្លួន​ឈឺ​ដែរ ដែល​ញ៉ាំង​ឲ្យ​ផ្នែក​ផ្លូវ​ចិត្ត​របស់​នាង​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​។

នាង​បាន​និយាយ​ទាំង​អួល​ដើមក​ថា​៖​«នៅ​ពេល​នេះ ខ្ញុំ​នៅ​ពេទ្យ​តែ​ពីរ​នាក់​ជាមួយ​នឹង​អ្នក​ថែទាំ​ម្នាក់ បងស្រី​របស់​ខ្ញុំ​បាន​ទៅ​ខេត្ត​បាត់​ហើយ រីឯ​ម្តាយ​របស់​ខ្ញុំ​គាត់​ឈឺ​នៅ​ឯ​ផ្ទះ​មិន​បាន​មក​មើល​ខ្ញុំ​ទេ ព្រោះ​គាត់​ចាស់​ហើយ ថ្ងៃ​ម្សិលមិញ​នេះ​គាត់​ទើប​តែ​រាករូស​ដាក់​សេរ៉ូម​ចាក់ថ្នាំ។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​អស់​សង្ឃឹម​ណាស់ គ្មាន​ក្តី​រំពឹង​អ្វី​ទៀត​ទេ​មាន​តែ​បង​ថ្លៃ​ខ្ញុំ​ម្នាក់ ឥឡូវ​គាត់​ក៏​រវល់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ដែរ​»។

សម្រាប់​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេមា សព្វ​ថ្ងៃ​នេះ ពៅ បញ្ញាពេជ្រ បាន​បន្ត​ថា​៖​«ខ្ញុំ​ក៏​ទទួល​បាន​ការ​ជួយ​ពី​សប្បុរសជន​និង​មិត្តភក្តិ​ជា​សិល្បករ​ដែរ តែ​មិន​ច្រើន​ទេ គឺ​មាន​គេ​ជួយ​ម្នាក់​បន្តិច​ៗ អត់​មាន​អ្នក​ជួយ​ធំ​ដុំ​គួរ​ជា​ក្តី​សង្ឃឹម​ទេ។ ដូច្នេះ​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​គោរព​ទស្សនិកជន​ទាំងអស់​ថា ខ្ញុំ និង​ក្រុម​គ្រួសារ​គ្មាន​លទ្ធភាព​បន្ត​ការ​ព្យាបាល​ទៀត​ទេ គឺ​មាន​តែ​សុំ​ការ​ជួយ​សង្គ្រោះ​ពី​ទស្សនិកជន និង​មិត្តភក្តិ​ដោយ​ក្តី​អនុគ្រោះ​ប៉ុណ្ណោះ​ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​សប្បុរសជន និង​អ្នក​រួម​អាជីព​ទាំងអស់​ដែល​បាន​ចំណាយ​ពេល និង​ថវិកា​ដើម្បី​រួម​ចំណែក​ក្នុង​ការ​ជួយ​ខ្ញុំ​កន្លង​មក​»។

គួរ​បញ្ជាក់​ថា ពៅ បញ្ញាពេជ្រ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់​ប្រហារ​យ៉ាង​សាហាវ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០០៧ នៅ​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក​នៅ​មុខ​សាលា​ភាសា​បរទេស​មួយ ក្បែរ​របង​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល បណ្តាល​ឲ្យ​តារា​រូប​នេះ​ទទួល​រងរបួស​រហូត​សព្វ​ថ្ងៃ​៕

 

What Next?

Recent Articles

2 Responses to "បញ្ញាពេជ្រ រងទុក្ខ​ធំ​ផ្ទួន​ៗ​ម្តាយ​ក៏​ឈឺ"

  1. ????? says:

    ជីវិតអើយ ជីវិត .. អាណីតនាង ណាស់ :(

  2. 18 Mars says:

    ????? បើអាណិតនាងជួយប្រាប់ កែ​គឹមយ៉ានឲ្យជួយលុយដល់នាងផង ហើយប្រាប់កែគឹមយ៉ានថា បើហ៊ានស៊ីត្រូវហ៊ានសងនោះបានសមនឹងតួនាទីជាអតីតមេទ័ព