បណ្ដាញ​យុវជន​ជំរុញ​រដ្ឋសភា​ឲ្យ​ពិនិត្យ​ការងារ​របស់​រដ្ឋាភិបាល

បណ្ដាញ​យុវជន​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋសភា​ពិនិត្យ​ការងារ​របស់​រដ្ឋាភិបាល ដែល​មាន​ការ​ចោទ​ប្រកាន់​ពី​មជ្ឈដ្ឋាន​នានា ថា​បាន​បណ្ដែត​បណ្តោយ​ឲ្យ​មាន​សកម្មភាព​បំផ្លាញ​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ នៅ​ក្នុង​វេទិកា​តស៊ូ​មតិ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែ​មិថុនា ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​យុវជន​ប្រមាណ​ជិត ១០០​នាក់។

 

ដោយ វណ្ណ វិចារ
2013-06-05
RFA


ស្តាប់សំឡេង ថតសំឡេង

ទិវា​បរិស្ថាន​ពិភពលោក​លើក​ទី​៤១ ៦១០

ក្រុម​យុវជន​លើក​បដា ដាក់​ញត្តិ​នៅ​មុខ​រដ្ឋសភា ក្នុង​ទិវា​បរិស្ថាន​ជាតិ និង​ពិភពលោក​លើក​ទី​៤១ នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៣។ RFA/Mom Sophon

 

ក្រុម​យុវជន​ជួបជុំ​គ្នា​ដង្ហែ​ក្បួន​តាម​ផ្លូវ​ជុំវិញ​រដ្ឋសភា បន្ទាប់​មក​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដាក់​ញត្តិ​ជូន​រដ្ឋសភា ដើម្បី​បង្ហាញ​ពី​ក្តី​កង្វល់​របស់​យុវជន​ចំពោះ​បញ្ហា​បរិស្ថាន។ ស្រប​ពេល​ប្រទេស​នៅ​លើ​ពិភពលោក​បាន​នាំគ្នា​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​លើក​ទី៤១។

សមាជិក​បណ្ដាញ​យុវជន​កម្ពុជា ដែល​ស្ថិត​ក្នុង​សម្លៀកបំពាក់​អាវ​ពណ៌​ស មាន​រូប​ដើម​ឈើ​ពណ៌​បៃតង ដៃ​កាន់​បដា​សរសេរ​ថា ខ្ញុំ​ស្រឡាញ់​បរិស្ថាន បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។ អ្នក​ខ្លះ កាន់​រូប​គំនូរ​សត្វ​ស្វា​ធ្វើ​មុខ​ជូរ អង្គុយ​លើក​កំណាត់​ឈើ​កាប់​រួច​សល់​តែ​គល់។

ក្រុម​យុវជន​ច្រៀង​បទ​ចំរៀង​រំលឹក​ពី​អតីត​សកម្មជន​ការពារ​ព្រៃ​ឈើ​ដ៏​ល្បី លោក ឈុត វុទ្ធី ដែល​បាន​ស្លាប់​ដោយសារ​មូលហេតុ​ការពារ​ព្រៃ​ឈើ និង​ស្រែក​ព្រមៗ​គ្នា ទាមទារ​ឲ្យ​រដ្ឋសភា​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​តំណាង​ឲ្យ​ជាតិ​ខ្មែរ​ទាំង​មូល ដែល​មាន​តួនាទី​ឃ្លាំ​មើល​ការ​ដឹកនាំ​ប្រទេស​របស់​រាជ​រដ្ឋាភិបាល។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹក ម៉ាឡៃ មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​មុន ក្រុម​យុវជន​ធ្លាប់​បាន​ស្នើ​ទៅ​រដ្ឋសភា​ម្តង​រួច​ទៅ​ហើយ ឲ្យ​ពិនិត្យ​មើល​ការងារ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ស្ទើរ​ទូទាំង​ប្រទេស នាំ​ឲ្យ​មាន​ជម្លោះ​ដីធ្លី ការ​បំផ្លាញ​ព្រៃ​ឈើ ការ​បំពុល​បរិយាកាស​ជាដើម។ លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​បន្ត​ទៀត ប៉ុន្តែ​ទំហំ​នៃ​ការ​បំផ្លាញ​ព្រៃ​ឈើ​កាន់​តែ​រីក​ធំ និង​បង្ក​ក្តី​ព្រួយ​បារម្ភ។ លោក​បន្ត​ថា សមាជិក​បណ្ដាញ​យុវជន​កម្ពុជា មិន​ចង់​ឲ្យ​ប្រវត្តិសាស្ត្រ​ជេរ​ស្តី​ថា ពួក​គេ​ជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ តែ​បែរ​ជា​បណ្តោយ​ឲ្យ​ជន​ខិល​ខូច​មួយ​ចំនួន បំផ្លាញ​សម្បត្តិ​ជាតិ​ដូច​សព្វថ្ងៃ​នេះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក្តី មិន​មាន​តំណាង​រដ្ឋសភា​ណា​ម្នាក់​ចេញ​មក​ទទួល​ញត្តិ​ដែល​ក្រុម​យុវជន​ដាក់​ជូន​រដ្ឋសភា​ឡើយ។ ប៉ុន្តែ គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន​អនុញ្ញាត​ឲ្យ​តំណាង​យុវជន​ចូល​ជួប​ពិភាក្សា និង​សន្យា​ថា យក​ញត្តិ​នោះ​ទៅ​ជូន​តំណាង​រាស្ត្រ​ពាក់ព័ន្ធ​ពិនិត្យ។ ការ​ដង្ហែ​ញត្តិ​ទៅ​ដាក់​ជូន​រដ្ឋសភា​នៅ​ពេល​នេះ គឺ​ស្រប​ពេល​គ្នា​ដែល​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា កំពុង​មមាញឹក​ប្រជុំ​ពិនិត្យ​សេចក្តី​ស្នើ​ច្បាប់​ប្រឆាំង​អ្នក​ដែល​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម ដែល​ជា​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​បរិស្ថាន វិញ មិន​បាន​បង្ហាញ​ព័ត៌មាន​ទាក់ទង​នឹង​ទិវា​បរិស្ថាន​ពិភពលោក ថ្ងៃ​ទី៥ ខែ​មិថុនា នា​ឆ្នាំ​នេះ ឬ​ព័ត៌មាន​ទាក់ទង​ពី​ការ​បំផ្លាញ​បរិស្ថាន​ឡើយ តែ​បាន​បង្ហាញ​រូបភាព និង​អត្ថបទ​តាំង​ពី​ឆ្នាំ​២០១១ មួយ​ចំនួន ដែល​និយាយ​ពី​ការ​ប្រជុំ​នានា និង​កម្រង​ឯកសារ​ច្បាប់​បរិស្ថាន។





-ក្រុម​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន​ដង្ហែ​ក្បួន​នៅ​មុខ​រដ្ឋសភា។

-ក្រុម​យុវជន​លើក​ផ្ទាំង​បដា និង​រូប​គំនូរ​បង្ហាញ​ពី​ការ​ប៉ះពាល់​ដល់​បរិស្ថាន។

-ក្រុម​យុវជន​បង្ហាញ​ពី​គំនូរ​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា។

-យុវជន​គូរ​រូប​ស្លឹក​ឈើ​ពណ៌​ខៀវ​នៅ​លើ​ផ្ទៃ​មុខ​ជា​សញ្ញា​សម្គាល់​ដល់​ការ​ស្រលាញ់ និង​ការពារ​បរិស្ថាន។

-ក្រុម​យុវជន​ពាក់​រូប​មុខ​សត្វ​ព្រៃ បង្ហាញ​ថា សត្វ​ទាំង​នោះ​កំពុង​វិនាស។

-ក្រុម​យុវជន​លើក​បដា​សុំ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។

-ក្រុម​យុវជន​បង្ហាញ​ពី​ការ​បាត់​បង់​សត្វ​ព្រៃ និង​ព្រៃ​ឈើ។

-អ្នក​រៀបចំ​កម្មវិធី​កំពុង​ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ពី​សារប្រយោជន៍​នៃ​ការ​ការពារ​បរិស្ថាន និង​ព្រៃ​ឈើ។

-យុវជន​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជិត ៣០០​នាក់ ពាក់​មុខ​រូប​ដំរី ស្រែក​ទាមទារ​ឲ្យ​ថែ​រក្សា​ព្រៃ​ឈើ។

១០-ក្រុម​យុវជន​បង្ហាញ​ពី​ការ​បាត់​បង់​សត្វ​ព្រៃ និង​ព្រៃ​ឈើ។

១១-ក្រុម​យុវជន​បង្ហាញ​ពី​គំនូរ​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា។

១២-ក្រុម​អ្នក​ធ្វើ​ទិវា​បរិស្ថាន​ពិភពលោក​កំពុង​តែ​ដាក់​ញត្តិ​នៅ​រដ្ឋសភា។

១៣-ក្រុម​អ្នក​ធ្វើ​ទិវា​បរិស្ថាន​ពិភពលោក​កំពុង​តែ​ដាក់​ញត្តិ​នៅ​រដ្ឋសភា។

 

ចំណែក​ឯ​សេចក្តី​ថ្លែងការណ៍​រួម​ចុះ​ហត្ថលេខា​ដោយ​សង្គម​ស៊ីវិល ចំនួន​៥ ដូចជា សមាគមន៍​បណ្ដាញ​យុវជន​កម្ពុជា សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា។ សេចក្តី​ថ្លែងការណ៍​រួម​លើក​ឡើង​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​បំផ្លាញ​ព្រៃ​ឈើ​កាន់​តែ​រីក​រាល​ដាល ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​មួយ​ចំនួន រួម​មាន​ព្រៃ​ឡង់ តំបន់​ជម្រក​សត្វ​ព្រៃ​បឹងពែ ជម្រក​សត្វ​ព្រៃ​ស្នួល ខេត្ត​ក្រចេះ ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី ជាដើម។ ក្នុង​នោះ ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹងអារ៉ែង និង​ទន្លេ​សេសាន កំពុង​តែ​គំរាម​កំហែង​ដល់​ធនធាន​ធម្មជាតិ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

សង្គម​ស៊ីវិល ស្នើ​រដ្ឋសភា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​លើ​បញ្ហា​មួយ​ចំនួន ជាអាទិ៍ បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ពិនិត្យ​ដក​ហូត​ដី​ពី​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ និង​ទំនប់​វារីអគ្គិសនី ដែល​កំពុង​បំផ្លាញ​បរិស្ថាន បញ្ឈប់​ការ​គំរាម​កំហែង​គ្រប់​រូបភាព​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន ត្រួត​ពិនិត្យ​លើ​ក្រុមហ៊ុន​វៀតណាម ស៊ី.អ.ស៊ី.ខេ (CRCK) ក្រុមហ៊ុន ហួង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai = HAGL) ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG) ដែល​សង្គម​ស៊ីវិល​អន្តរជាតិ បាន​រក​ឃើញ​ថា កំពុង​តែ​រំលោភ​សិទ្ធិ​មនុស្ស និង​បង្ក​វិនាសកម្ម​ដល់​ធនធាន​ធម្មជាតិ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

2 Responses to "បណ្ដាញ​យុវជន​ជំរុញ​រដ្ឋសភា​ឲ្យ​ពិនិត្យ​ការងារ​របស់​រដ្ឋាភិបាល"

  1. cheath says:

    វិភាគ ៖ មិនពេញចិត្ដ ការដឹកនាំ ឬគ្មាន សង្ឃឹម បានអង្គុយក្នុងសភា
    ដោយ ៖ នាយខ្វែក

    ភ្នំពេញ ៖ សាម ស៊ុនឌឿន សមា ជិកជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ និង ជាបេក្ខភាពឈរឈ្មោះ តំណាងរាស្ដ្រមណ្ឌល ភ្នំពេញលេខរៀងទី៨ បានប្រកាសលាឈប់ ពីបេក្ខភាពយ៉ាងប្រញាប់ប្រញាល់ និងគួរឱ្យ ភ្ញាក់ផ្អើល ខណៈការបោះឆ្នោតកាន់តែខិត ជិតចូលមកដល់ ។
    សាម ស៊ុនឌឿន បានលើកឡើង ថា ការមិនពេញចិត្ដចំពោះការដឹកនាំរបស់ ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិគឺជា មូលហេតុនៃការលាឈប់នេះ ។ ចំណែក យឹម សុវណ្ណ ដែលជាមនុស្សសំខាន់ មួយរូបរបស់គណបក្សសង្គ្រោះជាតិ ស្និទ្ធិ នឹង សម រង្ស៊ី ហើយជាបេក្ខ ជនតំណាងរាស្ដ្រ មណ្ឌលភ្នំពេញលេខរៀង ទី២ បានធ្វើការអះអាងថា មូលហេតុដែល សាម ស៊ុនឌឿន លាឈប់ដោយសារ តែគាត់មិនមានមធ្យោបាយដើម្បីបង់ប្រាក់ សម្រាប់ឃោសនាបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រអាណត្ដិទី៥ តែប៉ុណ្ណោះ ។
    បើគេស្ដាប់សំដី សាម ស៊ុនឌឿន និងសំដី យឹម សុវណ្ណ គឺហាក់ដូចជា ផ្ទុយគ្នាមេឃ និងដី ។ តើរវាងការអះអាង របស់សាម ស៊ុនឌឿន និងការបក ស្រាយរបស់ យឹម សុវណ្ណ មួយណា មានភាពឡូស៊ិកជាង ?
    សាម ស៊ុនឌឿន បានលើកឡើង ថា មូលហេតុដែលគាត់លាឈប់ពីបេក្ខភាព តំណាងរាស្ដ្រ គឺដោយសារតែគាត់មិនពេញ ចិត្ដ ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស នេះ ដែលទើបនឹងបង្កើតឡើងបានមកពីការ ច្របាច់បញ្ចូលគ្នា រវាងគណបក្សប្រឆាំង សម រង្ស៊ី និងគណបក្សប្រឆាំងសិទ្ធិមនុស្ស។ តែការដឹកនាំរបៀបណារបស់មេដឹកនាំដែល នាំឱ្យលោកមិនពេញចិត្ដនោះ មិនត្រូវបាន សាមស៊ុនឌឿនធ្វើការបកស្រាយ និងលាតត្រដាង ជាសាធារណៈនោះឡើយ ។ ប៉ុន្ដែ សម្រាប់ ក្រុមអ្នកវិភាគនយោបាយ ក៏ដូចជាអ្នកធ្លាប់ ដឹងប្រវត្ដិរបស់គណបក្សប្រឆាំង និងសមាជិកនៃគណបក្សនេះច្បាស់ បានអះអាងថា គ្រាន់តែគេឃើញលោក សាម ស៊ុនឌឿន ដាក់លិខិតលាឈប់ពីបេក្ខភាពភ្លាម គេយល់ បាត់ទៅហើយពីមូលហេតុពិតប្រាកដនោះ។
    តាមក្បួនហុងស៊ុយចិន លេខ ៨ គឺជា លេខល្អ ព្រោះនាំមកនូវភ័ព្វសំណាង អញ្ចឹង ហើយទើបនៅស្រុកចិនគេចូលចិត្ដប្រើលេខ ៨ ដូចជាលេខទូរស័ព្ទមានលេខ ៨ ស្លាក លេខរថយន្ដមានលេខ៨ ហើយសូម្បីតែនៅ ស្រុកខ្មែរយើងអ្នកមានសែស្រឡាយចិន ឬ អ្នកមានជំនឿតាមហុងស៊ុយចិន ក៏ចូលចិត្ដ ប្រើលេខ៨ដែរ។ ប៉ុន្ដែ សម្រាប់ សាម ស៊ុនឌឿន វិញ លោកដឹងយ៉ាងច្បាស់ហើយ ថា លេខ៨ មិនមែនជាលេខនាំទ្រព្យសំណាង និងនាំកិត្ដិយសឱ្យនោះទេ សូម្បីតែ ក្ដីសង្ឃឹមប៉ុនក្រចកដៃក៏គ្មានសង្ឃឹម ដែរ ។ ដូចអ្វីដែល យឹម សុវណ្ណ អះ អាងគឺមិនខុសនោះទេ តាមពិត សាម ស៊ុនឌឿន មិនមែនក្រដល់ថ្នាក់រកលុយបង់ ថ្លៃឃោសនាបោះឆ្នោតជូនបក្ស មិនបាននោះ ទេ ព្រោះសាមស៊ុនឌឿនធ្លាប់ធ្វើធំតាំងពីសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា មកម្ល៉េះ ហើយក៏ធ្លាប់ធ្វើជាតំណាងរាស្ដ្រគណបក្ស សម រង្ស៊ី រួចមកហើយដែរ ។ ប៉ុន្ដែដោយ សារតែត្រូវបានដាក់ឱ្យឈរ លេខរៀងទី៨ មណ្ឌលភ្នំពេញ ដែលកៅអី សភាមាន១២អាសនៈ គ្មានសង្ឃឹមថា បាន ជាប់អង្គុយក្នុងសភានោះ ទើបសាមស៊ុនឌឿនមិន ចំណាយលុយសម្រាប់ធ្វើការឃោសនាអត់ ប្រយោជន៍ រួចហើយសុខចិត្ដលាឈប់វិញ ល្អជាង ។
    បើគេចាំមិនភ្លេចទេ កាលពីបោះឆ្នោត អាណត្ដិទី៤ ឆ្នាំ ២០០៨ សម្រាប់មណ្ឌលភ្នំ ពេញ ដែលមាន ១២ អាសនៈ គឺគណបក្ស ប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោត ២០២.៣១១សន្លឹក ស្មើនឹង៧អាសនៈខណៈ គណបក្សសម រង្ស៊ី ទទួលបានសន្លឹកឆ្នោត ១៧៣.៤៥០សម្លេង ស្មើ ៥អាសនៈ ហើយ គណបក្សសិទ្ធិមនុស្សទទួលបានសន្លឹកឆ្នោត ត្រឹមតែ២៨.៨៦១សម្លេងប៉ុណ្ណោះ មិនទទួល បានអាសនៈនោះ។ហើយការបោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១២ កន្លងទៅ នៅភ្នំពេញគណបក្សប្រជាជន ទទួលបានសន្លឹកឆ្នោត៣៤៨.៣៦១ សម្លេង បើធៀបទៅនឹងការបោះឆ្នោតសកលឆ្នាំ ២០០៨គឺកើនសម្លេងរហូតដល់១០២.៥៦២ សន្លឹក នៅពេលដែលគណបក្សសម រង្ស៊ី ទទួលបានត្រឹមតែ ១៦៧.៣២៨ សន្លឹក បាត់ អស់៦១២២សន្លឹក ហើយគណបក្សសិទ្ធិ មនុស្សទទួលបានត្រឹម តែ ២៦.០២៤សន្លឹក បាត់អស់ ២៨៣៧ សន្លឹក ។ ដូច្នេះបើគេធ្វើ លេខបូករវាងសន្លឹកឆ្នោតគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ ២០០៨ គឺមានត្រឹមតែ ២០២.៣១១ សន្លឹក គឺនៅចាញ់គណបក្សប្រជាជនកម្ពុជា ៤៣. ៤៨៨ សន្លឹក ។
    ចំណែកលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ ២០១២ កន្លងទៅ បើគណបក្ស ទាំង ២ បូកបញ្ចូល គ្នាទៅគឺនៅចាញ់គណបក្សប្រជាជនកម្ពុជា រហូតទៅដល់ ១៥៥. ០០៩សន្លឹកឯណោះ ។ ដូច្នេះ សាម ស៊ុនឌឿន បានដឹងខ្លួនឯង យ៉ាងច្បាស់ហើយ ទោះបីមណ្ឌលភ្នំពេញ គណបក្សសង្គ្រោះជាតិនៅរក្សាសម្លេងឆ្នោត ដែលបានមកពីការបូកបញ្ចូលគ្នាដដែល គឺ ៥ អាសនៈក៏ដោយ ក៏លោកនៅតែគ្មាន វាសនាបានអង្គុយក្នុងសភានោះទេ ព្រោះ លោកឈរនៅលេខរៀងដល់ទៅទី៨ គឺនៅ ខ្វះ៣អាសនៈទៀត នេះគេនៅមិនទាន់គិត ផងនោះទេថា តើគណបក្សបានមកពីការបូក បញ្ចូលគ្នានេះ នៅរក្សាអាសនៈ ៥ ដដែល ដែរឬអត់ ? ខណៈដែលកាលពីបោះឆ្នោត ឆ្នាំ២០០៨ គណបក្សហ្វ៊ុនស៊ិនប៉ិចចែកជាពីរ មួយហ្វ៊ុនស៊ិនប៉ិចមួយទៀតគណបក្សនរោត្ដម រណឫទ្ធិ ធ្វើឱ្យបែកសម្លេងឆ្នោតបាត់អាសនៈ ទាំងស្រុង តែឥឡូវនេះគណបក្សទាំងពីរ រួមគ្នាវិញ ក៏អាចដណ្ដើមអាសនៈពីគណបក្ស សម រង្ស៊ី មួយមកវិញក៏អាចថាបាន ។
    ក្ដីសង្ឃឹម សម្រាប់អ្នកដែលឈរឈ្មោះនៅ លេខរៀងក្រោមពេក ឬក៏ចុងប៉ូចសម្រាប់ គណបក្សប្រឆាំងគឺបានត្រឹមតែចាយលុយ ឃោសនាឥតប្រយោជន៍គ្មានសង្ឃឹមបាន អង្គុយក្នុងសភាឡើយ ទោះជាគណបក្ស នេះមាននយោបាយដូរតំណាងរាស្ដ្រពាក់ កណ្ដាលអាណត្ដិ ដូចគណបក្សសម រង្ស៊ី ពីមុនក៏នៅតែគ្មានសង្ឃឹមដូចគ្នា ។ ដូច្នេះ សរុបសេចក្ដីមក ការសម្រេចលាឈប់ឈរ ឈ្មោះជាបេក្ខភាពរបស់លោក សាម ស៊ុន ឌឿន មិនមែនជាការនឹកឃើញ ឬក៏ជាការ ខ្វះលុយបង់ថ្លៃឃោសនានោះឡើយ គឺជា ការគិតគូរច្បាស់លាស់មួយ ដោយមិនសុខ ចិត្ដចំណាយលុយឥតប្រយោជន៍ ហើយគួប ផ្សំខឹងសម្បារទៅនឹងការរៀបចំដឹកនាំរបស់មេៗផងនោះ ដូច ជា កឹម សុខា យក កូនស្រីបង្កើតដែល នៅវ័យក្មេងមកដាក់ នៅក្នុងក្បាលម៉ាស៊ីន បក្សការដាក់បេក្ខ ភាពលេខរៀងឱ្យនៅក្រោមសមាជិកមួយ ចំនួន ដែលលោកយល់ថា គ្មានសមត្ថភាព និងមានប្រវត្ដិរូបបក្ស តិចតួចជាងរូបលោក ដូចអ្នកស្រី លី ស្រីវីណា ជាដើម ក៏ជាដើម ចមនាំឱ្យលោកលាឈប់ពីបេក្ខភាព ហើយ អាចនឹងឈានដល់ការដើរចេញពីគណបក្ស នេះទៀតផង ។
    គេរង់ចាំមើលថា តើបន្ទាប់ពី សាម ស៊ុនឌឿន ទៅ នឹងមានបេក្ខភាពណា ខ្លះទៀត នឹងលាឈប់ពីបេក្ខភាពតំណាង រាស្ដ្ររបស់គណបក្សប្រឆាំងមួយនេះ ៕

  2. skyline says:

    បានស៊ីបានចុកខ្លាំងហើយមើលទៅបានជាប្រឹងខ្លាំងណាស់ សង្ស័យតែយួនផងមើលទៅ។ ព្រៃឈើ រ៉ែ ព្រំដែន ពុករលួយ អន្តោប្រវេសន៏ខុសច្បាប់ អយុត្តិធម៍ក្នុងសង្គម បង្វក់យុវជន ល្បែងស៊ីសង គ្រឿងស្រវឹងគ្រប់ប្រភេទ គ្រោះថ្នាក់ចររាចរណ៍គ្មានវិធានការណ៍ ឯ ច្បាប់លើមាត់ វិស័យអប់រំ សិស្សមិនត្រូវគេបានអោយរៀននិងដឹងពីប្រវត្តិសាសន៍ សាវតា ខ្លួនឯងដូចច្នេះគេនិងមិនចេះស្រលាញ់ជាតិខ្លួនឯងទេ។ បើពូកែ ហើយ ស្រលាញ់ ស្នេហាជាតិ បកស្រាយបញ្ហាទាំងអស់នេះមក។មេដឹកនាំសព្វថ្ងៃមិនហ៊ានប្រឈមនិងការពិតទេ ខ្លាំងបានតែក្បាលមេក្រូទេ មិនហានតទល់ទល់មុខគ្នាទេ ខ្លាចគេសួរឆ្លើយមិនចេញ។