ផល​ប៉ះពាល់​ដោយ​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ចំពោះ​ពលរដ្ឋ​តាម​ដង​ទន្លេ​មេគង្គ

ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ ជា​ក្តី​កង្វល់​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នានា រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ដែល​ពឹង​អាស្រ័យ​ធនធាន​ធម្មជាតិ​ទន្លេ​មេគង្គ ហូរ​កាត់​ប្រទេស​ចិន ឡាវ ថៃ កម្ពុជា និង​ប្រទេស​វៀតណាម ដែល​ពួក​គេ​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ទៅ​ដល់​រដ្ឋាភិបាល​ម្ចាស់​ជំនួយ អ្នក​វិនិយោគ និង​សង្គម​ស៊ីវិល។

ដោយ អ៊ុក សាវបូរី
2013-06-05
RFA


ស្តាប់សំឡេង ថតសំឡេង

ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី ៦១០

លោកស្រី សីង សៀន ជនជាតិ​ឡាវ មក​ពី​ភូមិ​បានហ្វាំង ឃុំ​បានពង់ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី ថ្លែង​ពី​ការ​ប៉ះពាល់​ដោយ​ទំនប់​វារីអគ្គិសនី កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៣។ RFA/Ouk Savborey

 

ប្រជាពលរដ្ឋ​ច្រើន​ប្រទេស និង​ជនជាតិ​ដើម​ភាគ​តិច​ជាង ១០០​នាក់ បាន​ផ្តល់​អនុសាសន៍​ទៅ​អ្នក​បង្កើត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​តំបន់​ទន្លេ​មេគង្គ ត្រូវ​វិភាគ​ពី​ផល​ចំណេញ និង​ផល​ខាត​នៃ​សេដ្ឋកិច្ច រួម​ទាំង​បរិស្ថាន។

ជនជាតិ​ដើម​កាចក់ លោក នីង ដយ តំណាង​សហគមន៍​ទន្លេ​សេសាន ភូមិ​កោះពាក្យ ថ្លែង​ថា សហគមន៍​នេះ​មិន​ចង់​ឲ្យ​មាន​សំណង់​វារីអគ្គិសនី​ណា​មួយ​សង់​នៅ​ក្នុង​ទន្លេ​សេសាន ឡើយ៖ «ភូមិ​កោះពាក្យ ឃុំ​កោះពាក្យ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី គេ​ថា​រឿង​ទំនប់​នេះ​គេ​អត់​ព្រម​ទេ ដោយសារ​ផល​ប៉ះពាល់​វា​ច្រើន។ ពេល​យើង​ស្ទូង ហើយ​ដាំ​ស្រែ​ចម្ការ​មាន​ហើយ ពេល​នោះ​ទឹក​វា​ឡើង វា​ងាប់​អស់ អត់​មាន​សង​ទេ អ្នក​ខ្លះ​គ្នា​ងាប់​ទាំងអស់ ពួក​គេ​សង​គ្នា​ភាគ​តិច ដូច​ថា​ប៉ុន្មាន​គ្រួសារ វា​សង ២ ទៅ ៣​គ្រួសារ អ្នក​ក្រៅ​នោះ​គេ​អត់​សង​ទេ​អីចឹង»

ជនជាតិ​ឡាវ មក​ពី​ភូមិ​បានហ្វាំង ឃុំ​បានពង់ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី លោកស្រី សីង សៀន ថ្លែង​ថា ទំនប់​យ៉ាលី ដែល​ប្រទេស​វៀតណាម បាន​សង់​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​របត់​ទឹក​ហូរ​នៃ​ទន្លេ​មេគង្គ​មិន​ប្រក្រតី គឺ​ម្តង​ស្ងួត​ទឹក ម្តង​ទឹក​ជន់ ដែល​នាំ​ឲ្យ​ត្រី​មួយ​ចំនួន​មិន​អាច​បន្លាស់​ទី​ផ្តល់​កំណើត​កូន​តាម​ធម្មជាតិ។ ឯ​ជីវចម្រុះ​ងាប់​បណ្ដើរៗ។ អ្នក​ភូមិ​ក៏​មិន​ទាន់​បាន​ទទួល​សំណង​ពី​ប្រទេស​វៀតណាម ដែល​បើក និង​បិទ​ទឹក​ទំនប់​យ៉ាលី បង្ហូរ​មក​កម្ពុជា ជន់​លិច​ភូមិ​រស់នៅ។

លោកស្រី​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា គ្រោង​សង់​ទំនប់​វារីអគ្គិសនី​នៅ​សេសាន​ក្រោម២ នោះ​អ្នក​ភូមិ​នឹង​រង​នូវ​ការ​ប្ដូរ​កន្លែង​រស់នៅ។ ទើប​ពួក​គាត់​ទាមទារ​ឲ្យ​រដ្ឋាភិបាល ក្រុមហ៊ុន​វិនិយោគ និង​ម្ចាស់​កម្ចី ឬ​អ្នក​ជំនួយ ត្រូវ​ជួប​ចរចា​ជាមួយ​អ្នក​រស់នៅ​ផ្ទាល់​សិន មុន​ធ្វើ​សំណង់​ទំនប់​វារីអគ្គិសនី៖ «ទេ​បាន​ហើយ វា​មាន​ផល​ប៉ះពាល់ វា​លំបាក​ដល់​ប្រជាជន​ហ្នឹង។ ខ្ញុំ​មិន​ចង់​បាន​ទេ ចង់​បាន​តែ​ដូច​បុរាណ​មក​ហ្នឹង​ហើយ វា​អត់​មាន​ផល​ប៉ះពាល់​អ្វី ត្រី​ក៏​មាន បន្លែបន្លុក​តាម​ទន្លេ​ស្អី​ក៏​មាន​ទាំងអស់។ សព្វថ្ងៃ​នេះ​អត់​មាន អត់​មាន​មែន សត្វ​ស្អី ដូច​លៀស ដូច​ខ្យង ខ្ចៅ តាម​ទន្លេ​នោះ អត់​មាន​ទេ តែ​ទឹក​នោះ​ក៏​ឡើង​មិន​ទៀង​ទាត់ ឡើង​ល្ងាច តែ​ទៀប​ភ្លឺ​ឡើង​ស្រក​ហើយ​មនុស្ស​ដើរ​ដល់​ត្រើយ​ខាង​នោះ​ទៀត»

ស្រដៀង​គ្នា​ដែរ ជនជាតិ​ព្រៅ តំណាង​ឲ្យ​សហគមន៍​ទន្លេ​ស​៣ ប្រទេស​កម្ពុជា លោក ត្រាំង ថាំ ថ្លែង​ថា ជនជាតិ​ដើម​រស់នៅ​ពឹង​អាស្រ័យ​លើ​ព្រៃ​ភ្នំ និង​ទឹក​ទន្លេ​មេគង្គ ដូច្នេះ​ការ​អភិវឌ្ឍ​វារីអគ្គិសនី ត្រូវ​តែ​មាន​ការ​សម្រេច​ចិត្ត​ពី​អ្នក​ភូមិ​ជនជាតិ​ដើម ហើយ​ការ​ចរចា​សួរ​យោបល់ ត្រូវ​តែ​ប្រើ​ភាសា​ជាតិ ឬ​ភាសា​ជនជាតិ​ដើម មិន​ត្រូវ​ប្រើ​ភាសា​បរទេស​ទេ៖ «ព្រោះ​ថា ក្រោយ​ពេល​ដែល​គេ​សាងសង់​ទំនប់ ក៏​ឲ្យ​មាន​ទឹក​កខ្វក់​មាន​ជាតិ​ពុល ជាតិ​គីមី ហើយ​និង​ប្រជាជន​តាម​ទន្លេ គាត់​លែង​ប្រើប្រាស់​បាន ជា​ពិសេស​នៅ​ពេល​ទៅ​ងូត​ទឹក​ទន្លេ គឺ​មាន​ធ្វើ​ឲ្យ​រមាស់​កើត​ដំបៅ​តាម​ខ្លួន​ជាដើម។ ហើយ​ក្នុង​ហ្នឹង​ដែរ ក៏​មាន​បាក់​ច្រាំង​ទន្លេ បាត់​បង់​នូវ​បន្លែ​ធម្មជាតិ​តាម​ដង​ទន្លេ ដែល​គាត់​ជា​ស្ត្រី គាត់​ធ្លាប់​បេះ​យក​មក​ធ្វើ​ជា​អាហារ ហើយ​ក្រៅ​ពី​នឹង​ទៀត ក៏​មាន​ទូក ដូច​ជា​ឧបករណ៍​បុរាណ​ដែល​យើង​បាន​ប្រើប្រាស់ គេ​ត្រូវ​បាត់​បង់​ដោយសារ​ទឹក​ទន្លេ​វា​ឡើង​ចុះៗ​មិន​ទៀង​ទាត់»

តំណាង​អង្គការ​មនុស្ស និង​ធម្មជាតិ ប្រទេស​វៀតណាម លោក ជីញ ឡឺងៀន ថ្លែង​ថា តាម​ការ​សិក្សា ទំនប់​វារីអគ្គិសនី​នៅ​កម្ពុជា ក៏​មាន​ការ​ដាក់​ទុន​របស់​ប្រទេស​វៀតណាម ដែរ។

អ្នកស្រី សំប៉ាន គុនឌី តំណាង​ជនជាតិ​ថៃ ដែល​រង​ផល​ប៉ះពាល់​ពី​ទំនប់​បានគួម (ប៉ាកមុន) នៅ​ទន្លេ​មួន ស្ថិត​ក្នុង​ប្រទេស​ថៃ បាន​បង្ហាញ​ថា ការ​តវ៉ា ២៤​ឆ្នាំ ពី​ទំនប់​វារីអគ្គិសនី​បានគួម នៅ​ទន្លេ​មួន នោះ ត្រូវ​រដ្ឋាភិបាល​ថៃ បើក​ទ្វារ​ទឹក​ទំនប់​រយៈពេល ៤​ខែ ឲ្យ​ប្រជា​នេសាទ​រក​នេសាទ ប៉ុន្តែ​ប្រជាជន​តវ៉ា​ទៀត​រហូត​ទឹក​ក្នុង​ទំនប់​បើក​ឲ្យ​ប្រើប្រាស់​រហូត។

សំឡេង​ប្រជាជន​មក​ពី​ច្រើន​ប្រទេស រង​ផល​ប៉ះពាល់​ពី​ការ​សង់​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ ផ្តល់​អនុសាសន៍​ជូន​ទៅ​រាជ​រដ្ឋាភិបាល ម្ចាស់​ជំនួយ និង​អង្គការ​សង្គម​ស៊ីវិល គឺ​សុំ​ប្រើ​ភាសា​ជាតិ ហាម​ប្រើ​ភាសា​អន្តរជាតិ នៅ​ពេល​សុំ​យោបល់​ពី​អ្នក​នៅ​ផ្ទាល់​តំបន់​គ្រោង​សង់​ទំនប់​វារីអគ្គិសនី​ណា​មួយ ហើយ​ឲ្យ​សិក្សា និង​វិភាគ​ពី​ផល​ចំណេញ និង​ខាត ទាក់ទង​សេដ្ឋកិច្ច បរិស្ថាន សង្គម និង​មនុស្ស ដោយ​គោរព​ស្តង់ដារ​បរិស្ថាន​អន្តរជាតិ ដូចជា​គោរព​សិទ្ធិ​មនុស្ស។ ត្រូវ​ប្ដូរ​ពី​សង់​ទំនប់​វារីអគ្គិសនី មក​លើក​កម្ពស់​ការ​ប្រើ​ថាមពល​ស្អាត ឬ​ថាមពល​កកើត​ឡើង​វិញ ដូចជា​ពន្លឺ​ព្រះអាទិត្យ​ជាដើម។ មុន​សង់​ទំនប់​ត្រូវ​ចែក​ចាយ​ព័ត៌មាន​ឲ្យ​លម្អិត ដោយ​សិក្សា​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់។

ទំនប់​សេសាន​ក្រោម២ គួរ​បញ្ឈប់ ព្រោះ​ប៉ះពាល់​ទៅ​ដល់​ជលផល​ដី​ល្បាប់ ជីវភាព សន្តិសុខ​ស្បៀង ហើយ​ប៉ះពាល់​ទៅ​ដល់​ប្រទេស​ជិត​ខាង​ទៀត​ផង។ ចំពោះ​ទំនប់​សេសាន និង​ស្រែ​ពក ត្រូវ​ពន្យារ​ការ​សង់​រហូត​ដល់​សហគមន៍​ទទួល​បាន​សំណង​សមស្រប​ពី​ប្រទេស​វៀតណាម។

ចំពោះ​អនុសាសន៍​នៅ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ មិន​គួរ​សង់​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី ទេ ហើយ​ទំនប់​នៅ​តាម​ទន្លេ​មេ​ទាំងអស់​ហ្នឹង កុំ​ទាន់​ឲ្យ​មាន​ដំណើរ​ការ ពីព្រោះ​ថៃ មាន​ភ្លើង ២​ម៉ឺន​មេហ្គាវ៉ាត់ រួច​ទៅ​ហើយ ឯ​ការ​លក់​ថាមពល​អគ្គិសនី ទំនប់​សាយ៉ាបូរី របស់​ឡាវ ទៅ​ឲ្យ​ថៃ នោះ ហាក់​មិន​ចាំបាច់ ដោយ​សុំ​ឲ្យ​ប្រទេស​ឡាវ ពិចារណា​ប្រើ​ថាមពល​បែប​វិមជ្ឈការ​វិញ ព្រោះ​វា​ប៉ះពាល់​ប្រព័ន្ធ​អេកូឡូស៊ី និង​សន្តិសុខ​ស្បៀង​ដល់​ពលរដ្ឋ​ច្រើន​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ។

អនុសាសន៍​ចំពោះ​ម្ចាស់​ជំនួយ ត្រូវ​គោរព​តាម​ស្តង់ដារ​អន្តរជាតិ មាន​គោរព​សិទ្ធិ​មនុស្ស គោរព​ច្បាប់​បរិស្ថាន​អន្តរជាតិ មុន​នឹង​យល់​ព្រម​ឲ្យ​កម្ចី​ទៅ​អ្នក​វិនិយោគ សុំ​កុំ​វិនិយោគ​ដោយ​ប្រថុយប្រថាន។ អនុសាសន៍​ចំពោះ​អង្គការ​សង្គម​ស៊ីវិល សុំ​ឲ្យ​គាំទ្រ​ការ​តស៊ូ​មតិ​របស់​សហគមន៍ និង​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី និង​ពង្រឹង​សមត្ថភាព​អ្នក​រង​ផល​ប៉ះពាល់ និង​សហការ​ជាមួយ ដើម្បី​ស្វែង​រក​យុទ្ធសាស្ត្រ​ក្នុង​ការ​តស៊ូ​មតិ ដោយ​យក​បទ​ពិសោធន៍​ពី​ប្រទេស​ដែល​ធ្លាប់​រង​ផល​ប៉ះពាល់​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

One Response to "ផល​ប៉ះពាល់​ដោយ​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ចំពោះ​ពលរដ្ឋ​តាម​ដង​ទន្លេ​មេគង្គ"

  1. cheath says:

    វិភាគ ៖ មិនពេញចិត្ដ ការដឹកនាំ ឬគ្មាន សង្ឃឹម បានអង្គុយក្នុងសភា
    ដោយ ៖ នាយខ្វែក

    ភ្នំពេញ ៖ សាម ស៊ុនឌឿន សមា ជិកជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ និង ជាបេក្ខភាពឈរឈ្មោះ តំណាងរាស្ដ្រមណ្ឌល ភ្នំពេញលេខរៀងទី៨ បានប្រកាសលាឈប់ ពីបេក្ខភាពយ៉ាងប្រញាប់ប្រញាល់ និងគួរឱ្យ ភ្ញាក់ផ្អើល ខណៈការបោះឆ្នោតកាន់តែខិត ជិតចូលមកដល់ ។
    សាម ស៊ុនឌឿន បានលើកឡើង ថា ការមិនពេញចិត្ដចំពោះការដឹកនាំរបស់ ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិគឺជា មូលហេតុនៃការលាឈប់នេះ ។ ចំណែក យឹម សុវណ្ណ ដែលជាមនុស្សសំខាន់ មួយរូបរបស់គណបក្សសង្គ្រោះជាតិ ស្និទ្ធិ នឹង សម រង្ស៊ី ហើយជាបេក្ខ ជនតំណាងរាស្ដ្រ មណ្ឌលភ្នំពេញលេខរៀង ទី២ បានធ្វើការអះអាងថា មូលហេតុដែល សាម ស៊ុនឌឿន លាឈប់ដោយសារ តែគាត់មិនមានមធ្យោបាយដើម្បីបង់ប្រាក់ សម្រាប់ឃោសនាបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រអាណត្ដិទី៥ តែប៉ុណ្ណោះ ។
    បើគេស្ដាប់សំដី សាម ស៊ុនឌឿន និងសំដី យឹម សុវណ្ណ គឺហាក់ដូចជា ផ្ទុយគ្នាមេឃ និងដី ។ តើរវាងការអះអាង របស់សាម ស៊ុនឌឿន និងការបក ស្រាយរបស់ យឹម សុវណ្ណ មួយណា មានភាពឡូស៊ិកជាង ?
    សាម ស៊ុនឌឿន បានលើកឡើង ថា មូលហេតុដែលគាត់លាឈប់ពីបេក្ខភាព តំណាងរាស្ដ្រ គឺដោយសារតែគាត់មិនពេញ ចិត្ដ ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស នេះ ដែលទើបនឹងបង្កើតឡើងបានមកពីការ ច្របាច់បញ្ចូលគ្នា រវាងគណបក្សប្រឆាំង សម រង្ស៊ី និងគណបក្សប្រឆាំងសិទ្ធិមនុស្ស។ តែការដឹកនាំរបៀបណារបស់មេដឹកនាំដែល នាំឱ្យលោកមិនពេញចិត្ដនោះ មិនត្រូវបាន សាមស៊ុនឌឿនធ្វើការបកស្រាយ និងលាតត្រដាង ជាសាធារណៈនោះឡើយ ។ ប៉ុន្ដែ សម្រាប់ ក្រុមអ្នកវិភាគនយោបាយ ក៏ដូចជាអ្នកធ្លាប់ ដឹងប្រវត្ដិរបស់គណបក្សប្រឆាំង និងសមាជិកនៃគណបក្សនេះច្បាស់ បានអះអាងថា គ្រាន់តែគេឃើញលោក សាម ស៊ុនឌឿន ដាក់លិខិតលាឈប់ពីបេក្ខភាពភ្លាម គេយល់ បាត់ទៅហើយពីមូលហេតុពិតប្រាកដនោះ។
    តាមក្បួនហុងស៊ុយចិន លេខ ៨ គឺជា លេខល្អ ព្រោះនាំមកនូវភ័ព្វសំណាង អញ្ចឹង ហើយទើបនៅស្រុកចិនគេចូលចិត្ដប្រើលេខ ៨ ដូចជាលេខទូរស័ព្ទមានលេខ ៨ ស្លាក លេខរថយន្ដមានលេខ៨ ហើយសូម្បីតែនៅ ស្រុកខ្មែរយើងអ្នកមានសែស្រឡាយចិន ឬ អ្នកមានជំនឿតាមហុងស៊ុយចិន ក៏ចូលចិត្ដ ប្រើលេខ៨ដែរ។ ប៉ុន្ដែ សម្រាប់ សាម ស៊ុនឌឿន វិញ លោកដឹងយ៉ាងច្បាស់ហើយ ថា លេខ៨ មិនមែនជាលេខនាំទ្រព្យសំណាង និងនាំកិត្ដិយសឱ្យនោះទេ សូម្បីតែ ក្ដីសង្ឃឹមប៉ុនក្រចកដៃក៏គ្មានសង្ឃឹម ដែរ ។ ដូចអ្វីដែល យឹម សុវណ្ណ អះ អាងគឺមិនខុសនោះទេ តាមពិត សាម ស៊ុនឌឿន មិនមែនក្រដល់ថ្នាក់រកលុយបង់ ថ្លៃឃោសនាបោះឆ្នោតជូនបក្ស មិនបាននោះ ទេ ព្រោះសាមស៊ុនឌឿនធ្លាប់ធ្វើធំតាំងពីសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជា មកម្ល៉េះ ហើយក៏ធ្លាប់ធ្វើជាតំណាងរាស្ដ្រគណបក្ស សម រង្ស៊ី រួចមកហើយដែរ ។ ប៉ុន្ដែដោយ សារតែត្រូវបានដាក់ឱ្យឈរ លេខរៀងទី៨ មណ្ឌលភ្នំពេញ ដែលកៅអី សភាមាន១២អាសនៈ គ្មានសង្ឃឹមថា បាន ជាប់អង្គុយក្នុងសភានោះ ទើបសាមស៊ុនឌឿនមិន ចំណាយលុយសម្រាប់ធ្វើការឃោសនាអត់ ប្រយោជន៍ រួចហើយសុខចិត្ដលាឈប់វិញ ល្អជាង ។
    បើគេចាំមិនភ្លេចទេ កាលពីបោះឆ្នោត អាណត្ដិទី៤ ឆ្នាំ ២០០៨ សម្រាប់មណ្ឌលភ្នំ ពេញ ដែលមាន ១២ អាសនៈ គឺគណបក្ស ប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោត ២០២.៣១១សន្លឹក ស្មើនឹង៧អាសនៈខណៈ គណបក្សសម រង្ស៊ី ទទួលបានសន្លឹកឆ្នោត ១៧៣.៤៥០សម្លេង ស្មើ ៥អាសនៈ ហើយ គណបក្សសិទ្ធិមនុស្សទទួលបានសន្លឹកឆ្នោត ត្រឹមតែ២៨.៨៦១សម្លេងប៉ុណ្ណោះ មិនទទួល បានអាសនៈនោះ។ហើយការបោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១២ កន្លងទៅ នៅភ្នំពេញគណបក្សប្រជាជន ទទួលបានសន្លឹកឆ្នោត៣៤៨.៣៦១ សម្លេង បើធៀបទៅនឹងការបោះឆ្នោតសកលឆ្នាំ ២០០៨គឺកើនសម្លេងរហូតដល់១០២.៥៦២ សន្លឹក នៅពេលដែលគណបក្សសម រង្ស៊ី ទទួលបានត្រឹមតែ ១៦៧.៣២៨ សន្លឹក បាត់ អស់៦១២២សន្លឹក ហើយគណបក្សសិទ្ធិ មនុស្សទទួលបានត្រឹម តែ ២៦.០២៤សន្លឹក បាត់អស់ ២៨៣៧ សន្លឹក ។ ដូច្នេះបើគេធ្វើ លេខបូករវាងសន្លឹកឆ្នោតគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ ២០០៨ គឺមានត្រឹមតែ ២០២.៣១១ សន្លឹក គឺនៅចាញ់គណបក្សប្រជាជនកម្ពុជា ៤៣. ៤៨៨ សន្លឹក ។
    ចំណែកលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ ២០១២ កន្លងទៅ បើគណបក្ស ទាំង ២ បូកបញ្ចូល គ្នាទៅគឺនៅចាញ់គណបក្សប្រជាជនកម្ពុជា រហូតទៅដល់ ១៥៥. ០០៩សន្លឹកឯណោះ ។ ដូច្នេះ សាម ស៊ុនឌឿន បានដឹងខ្លួនឯង យ៉ាងច្បាស់ហើយ ទោះបីមណ្ឌលភ្នំពេញ គណបក្សសង្គ្រោះជាតិនៅរក្សាសម្លេងឆ្នោត ដែលបានមកពីការបូកបញ្ចូលគ្នាដដែល គឺ ៥ អាសនៈក៏ដោយ ក៏លោកនៅតែគ្មាន វាសនាបានអង្គុយក្នុងសភានោះទេ ព្រោះ លោកឈរនៅលេខរៀងដល់ទៅទី៨ គឺនៅ ខ្វះ៣អាសនៈទៀត នេះគេនៅមិនទាន់គិត ផងនោះទេថា តើគណបក្សបានមកពីការបូក បញ្ចូលគ្នានេះ នៅរក្សាអាសនៈ ៥ ដដែល ដែរឬអត់ ? ខណៈដែលកាលពីបោះឆ្នោត ឆ្នាំ២០០៨ គណបក្សហ្វ៊ុនស៊ិនប៉ិចចែកជាពីរ មួយហ្វ៊ុនស៊ិនប៉ិចមួយទៀតគណបក្សនរោត្ដម រណឫទ្ធិ ធ្វើឱ្យបែកសម្លេងឆ្នោតបាត់អាសនៈ ទាំងស្រុង តែឥឡូវនេះគណបក្សទាំងពីរ រួមគ្នាវិញ ក៏អាចដណ្ដើមអាសនៈពីគណបក្ស សម រង្ស៊ី មួយមកវិញក៏អាចថាបាន ។
    ក្ដីសង្ឃឹម សម្រាប់អ្នកដែលឈរឈ្មោះនៅ លេខរៀងក្រោមពេក ឬក៏ចុងប៉ូចសម្រាប់ គណបក្សប្រឆាំងគឺបានត្រឹមតែចាយលុយ ឃោសនាឥតប្រយោជន៍គ្មានសង្ឃឹមបាន អង្គុយក្នុងសភាឡើយ ទោះជាគណបក្ស នេះមាននយោបាយដូរតំណាងរាស្ដ្រពាក់ កណ្ដាលអាណត្ដិ ដូចគណបក្សសម រង្ស៊ី ពីមុនក៏នៅតែគ្មានសង្ឃឹមដូចគ្នា ។ ដូច្នេះ សរុបសេចក្ដីមក ការសម្រេចលាឈប់ឈរ ឈ្មោះជាបេក្ខភាពរបស់លោក សាម ស៊ុន ឌឿន មិនមែនជាការនឹកឃើញ ឬក៏ជាការ ខ្វះលុយបង់ថ្លៃឃោសនានោះឡើយ គឺជា ការគិតគូរច្បាស់លាស់មួយ ដោយមិនសុខ ចិត្ដចំណាយលុយឥតប្រយោជន៍ ហើយគួប ផ្សំខឹងសម្បារទៅនឹងការរៀបចំដឹកនាំរបស់មេៗផងនោះ ដូច ជា កឹម សុខា យក កូនស្រីបង្កើតដែល នៅវ័យក្មេងមកដាក់ នៅក្នុងក្បាលម៉ាស៊ីន បក្សការដាក់បេក្ខ ភាពលេខរៀងឱ្យនៅក្រោមសមាជិកមួយ ចំនួន ដែលលោកយល់ថា គ្មានសមត្ថភាព និងមានប្រវត្ដិរូបបក្ស តិចតួចជាងរូបលោក ដូចអ្នកស្រី លី ស្រីវីណា ជាដើម ក៏ជាដើម ចមនាំឱ្យលោកលាឈប់ពីបេក្ខភាព ហើយ អាចនឹងឈានដល់ការដើរចេញពីគណបក្ស នេះទៀតផង ។
    គេរង់ចាំមើលថា តើបន្ទាប់ពី សាម ស៊ុនឌឿន ទៅ នឹងមានបេក្ខភាពណា ខ្លះទៀត នឹងលាឈប់ពីបេក្ខភាពតំណាង រាស្ដ្ររបស់គណបក្សប្រឆាំងមួយនេះ ៕