ថ្ងៃទី 19 មិថុនា 2013
ដោយ: CEN
ភ្នំពេញ: តាមសំណើរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ជួយបញ្ជូនពលរដ្ឋខ្មែររងគ្រោះដោយការជួញដូរមនុស្សចំនួន ៦នាក់ មកកម្ពុជាវិញ។ ពលរដ្ឋខ្មែររងគ្រោះ ៦នាក់នេះ នឹងធ្វើមាតុភូមិនិវត្តន៍ មកដល់មាតុប្រទេសវិញ នៅរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៣ វេលាម៉ោង ៤ និង ១០នាទី ។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងនៅល្ងាចថ្ងៃទី១៩ខែមិថុនានេះថា ពលរដ្ឋខ្មែររងគ្រោះទាំង៦នាក់នេះ ស្ថិតក្នុងចំណោមពលរដ្ឋខ្មែររងគ្រោះដោយការជួញដូរមនុស្សចំនួន ១៦នាក់ ដែលស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ជួយសង្គ្រោះ នាពេលកន្លងមកនេះ។ ពលរដ្ឋខ្មែររងគ្រោះទាំងនេះ ត្រូវបានមេខ្យល់ បោកបញ្ឆោតយកទៅធ្វើការដោយខុសច្បាប់លើទូកនេសាទថៃ ហើយត្រូវបានជួយសង្គ្រោះ នៅពេលទូកនេសាទនេះ ចូលនេសាទខុសច្បាប់ក្នុងទឹកដីប្រទេសម៉ាឡេស៊ី។
រីឯពលរដ្ឋខ្មែររងគ្រោះ ដែលនៅសល់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បន្តសហការជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ដើម្បីធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញជាបន្តបន្ទាប់ នាពេលឆាប់ៗខាងមុខនេះ៕
when cambodia’s minimum wage high enough there would be no more workers leave