ថ្ងៃទី 16 កក្កដា 2013
ដោយ: មុនីរាជ
CEN
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ កំពុងតែធ្វើគិតគូរអំពីបញ្ហាស្នើសុំចុះឈ្មោះលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ នៅក្នុងបញ្ជីបោះឆ្នោត និងបេក្ខជនតំណាងរាស្ត្រ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីចូលរួមក្នុងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោត។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ គ.ជ.ប បានអះអាងថា មិនអាចធ្វើទៅរួចទេ។
លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ បានមានប្រសាសន៍ កាលពីរសៀល ថ្ងៃទី១៦ ខែកក្កដា ថា គណបក្សកំពុងតែធ្វើការនៅលើរឿងស្នើសុំបញ្ចូលឈ្មោះលោក សម រង្ស៊ី នៅក្នុងបញ្ជី បេក្ខជន តំណាងរាស្ត្រ និងក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។ តាមគម្រោង លោកសមរង្ស៊ី នឹងត្រូវបញ្ចូលក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្រ នៅមណ្ឌល ខេត្តកណ្តាល។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា “គណបក្សកំពុងតែនាំគ្នាគិតគូរអំពីបញ្ហាហ្នឹង។ ឥឡូវកំពុងតែធ្វើការងារហ្នឹង”។
ចំណែកលោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ថា ជាទូទៅ តាមច្បាប់បោះឆ្នោត ជាធរមាន គឺពុំមានកន្លែងណាបញ្ចូលឈ្មោះលោក សម រង្ស៊ី បាននៅពេលនេះទេ។ ពីព្រោះថា ច្បាប់បោះឆ្នោតបើកកាលណាលុបចេញពីបញ្ជីបោះឆ្នោតហើយ គឺរហូតទៅដល់ការចុះឈ្មោះថ្មី ទើបអាចចុះឈ្មោះបាន។ ហើយការបោះឆ្នោតឆ្នាំ២០១៣នេះ គ.ជ.ប ចុះឈ្មោះបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២ បញ្ជីបោះឆ្នោតត្រូវបាន គ.ជ.ប ផ្តល់សុពលភាពហើយ។ ហើយបញ្ជីបោះឆ្នោត នេះតាមច្បាប់បោះឆ្នោត មិនអាចកែប្រែបានទេ។
អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា “ដើម្បីចុះឈ្មោះបាន សម្រាប់ការបោះឆ្នោត២០១៣នេះ គឺមិនអាចចុះកើតទេ រហូតដល់ចុងឆ្នាំ២០១៣ ដែល យើងត្រូវចុះឈ្មោះប្រចាំឆ្នាំពីខែតុលា ទើបអាចចុះឈ្មោះបាន មានន័យថា ក្រោយការបោះឆ្នោត យើងពុំមានច្បាប់ដែលអនុញ្ញាតឲ្យចុះឈ្មោះ នៅពាក់កណ្តាលទីនៅពេលបោះឆ្នោតបានទេ”។
សូមជម្រាបថា លោក សម រង្ស៊ី ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងជាពិសេស គឺលោក សម រង្ស៊ី មិនត្រូវបានគណបក្ស សង្គ្រោះជាតិ ដាក់ឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នៅក្នុងបញ្ជីឈ្មោះ បេក្ខជន សំរាប់ការចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នោះទេ៕
https://www.youtube.com/watch?v=-3JlcVIGl2k
លេខ ៤ នាំយួនចូលស្រុកជា រឿងពិត