ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានរស់នៅនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេលប្រហែល ៤ឆ្នាំ។ លោកនឹងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៩ កក្កដា នេះ គឺក្រោយពេលដែលលោកទទួលបានការលើកលែងទោសកាលពីថ្ងៃទី១២ កក្កដា។
ដោយ កែវ និមល
2013-07-17
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣។ AFP PHOTO/Brendan SMIALOWSKI
មន្ត្រីរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កន្លងមកបានអះអាងថា ក្នុងពេលលោកស្នាក់នៅនិរទេសខ្លួននៅបរទេសនេះ ឈ្មោះលោកត្រូវបានលុបចេញពីបញ្ជីអ្នកមានសិទ្ធិបោះឆ្នោត ហើយលោកមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានឡើយ ដោយសារមានឈ្មោះថាជាទណ្ឌិត។
ឆ្លើយតបបញ្ហានេះ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអះអាងជាថ្មីនៅថ្ងៃទី១៧ ខែកក្កដា ថា បើទោះបីជាលោក សម រង្ស៊ី បានទទួលការលើកលែងទោសពីព្រះមហាក្សត្រហើយក៏ដោយ ក៏រូបលោកមិនអាចបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតបានឡើយ។
លោក ទេព នីថា បញ្ជាក់ថា មូលហេតុដែលធ្វើឲ្យលោក សម រង្ស៊ី មិនអាចមានឈ្មោះបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតបាន ដោយសារបញ្ជីឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនគណបក្សនយោបាយដែលត្រូវឈរឈ្មោះឲ្យគេបោះឆ្នោតនោះ បានបិទចប់សព្វគ្រប់អស់ហើយ។
លោក ទេព នីថា៖ «មិនអាចទេ ពីព្រោះថា ការចុះឈ្មោះបោះឆ្នោតបានចប់ទៅហើយ គ.ជ.ប បានផ្ដល់សុពលភាពលើបញ្ជីឈ្មោះបោះឆ្នោតថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១២ ហើយការចុះបញ្ជីបេក្ខជននោះ ក៏បានចប់សព្វគ្រប់អស់ហើយ។ អ៊ីចឹងតាមច្បាប់ កាលណាបញ្ជីបោះឆ្នោត ក៏ដូចជាបញ្ជីបេក្ខជន កាលណាសម្រេចហើយ មិនអាចកែប្រែបានទេ។ អ៊ីចឹងតាមច្បាប់ជាធរមាន គឺមិនអាចចូលរួមបានទេ»។
លោក ទេព នីថា បានឲ្យដឹងបន្ថែមថា បើទោះបីជាលោក សម រង្ស៊ី បានទទួលការលើកលែងទោសហើយក៏ដោយ តែនោះជាការសម្របសម្រួលផ្នែកនយោបាយប៉ុណ្ណោះ ហើយបើចង់ឲ្យមានការលើកលែងទាក់ទងគោលការណ៍ច្បាប់ទៀត ទាល់តែមានពេលវេលាគ្រប់គ្រាន់ដើម្បីកែច្បាប់នោះទៀត៖ «សម្របសម្រួលនយោបាយមិនមែនរឿងច្បាប់ទេ។ ទី១ អនុវត្តច្បាប់។ សម្របសម្រួលនយោបាយ គឺធ្វើអ្វីមួយដើម្បីដោះស្រាយរឿងច្បាប់។ ដល់ពេលដោះស្រាយច្បាប់វាត្រូវការពេលវេលា ត្រូវការកែប្រែច្បាប់អីជាដើម។ អ៊ីចឹងរយៈពេលនេះ មិនអាចធ្វើអីកើតឡើយ»។
ប៉ុន្តែលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការសង្កេតមើលការបោះឆ្នោតមួយឈ្មោះ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) មានប្រសាសន៍ថា បើកាលណាមានការសម្របសម្រួលខាងនយោបាយហើយ ការសម្របសម្រួលខាងផ្លូវច្បាប់ក៏ត្រូវតែមានដែរ។
លោក គល់ បញ្ញា៖ «ល្បែងបោះឆ្នោតវាត្រូវការការទទួលយកបានដែរ។ ពាក្យថា ទទួលយកបាន មានពេលខ្លះវាជាការសម្រេចចិត្តខាងនយោបាយ ខាងឆន្ទៈ ខាងសីលធម៌ នេះជាការពិត។ អ៊ីចឹងយើងណែនាំទៅ យើងណែនាំទៅ គ.ជ.ប ទៅ គាត់ដាក់បញ្ចូលហើយ។ ប៉ុន្តែបើនិយាយអំពីនីតិវិធីវាមានការលំបាកអ៊ីចឹងខ្លះហើយ។ បកស្រាយទៅវាមានបញ្ហាអ៊ីចឹងហើយ ហើយឡើងទៅបកស្រាយពិភាក្សាគ្នាទៅខាងលើទៀតទៅ អ្នកនយោបាយនេះ ។ ពីព្រោះអ្នកនយោបាយជាអ្នកធ្វើច្បាប់ ធ្វើអីទាំងអស់ហ្នឹង។ បើអ៊ីចឹង អ្នកនយោបាយចង់ធ្វើអីក៏បានដែរ»។
លោក គល់ បញ្ញា យល់ថា លោក សម រង្ស៊ី អាចបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតបាន បើទោះបីជាពេលវេលានៅសល់តិចតួចមុនដល់ថ្ងៃបោះឆ្នោតក៏ដោយ។ ការបោះឆ្នោតធ្វើឡើងនៅថ្ងៃទី២៨ កក្កដា ខាងមុខនេះ។
ទាក់ទងការវិលត្រឡប់ និងការបានទទួលសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរបស់លោក សម រង្ស៊ី នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទី១៧ កក្កដា ថា គណបក្សសង្គ្រោះជាតិ មិនទាន់សម្រេចថា តើត្រូវធ្វើបែបណានៅឡើយទេ ចំពោះសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ដោយរង់ចាំលោក សម រង្ស៊ី សម្រេច ពេលលោកវិលត្រឡប់មកដល់កម្ពុជា នៅថ្ងៃទី១៩ កក្កដា នេះ៖ «យើងនឹងជជែកគ្នា កាលណាលោកប្រធានមកដល់។ ឥឡូវមិនទាន់បានគិតដល់រឿងនេះនៅឡើយទេ។ រវល់តែរៀបចំការវិលត្រឡប់របស់គាត់»។
លោក សម រង្ស៊ី បាននិរទេសខ្លួនទៅប្រទេសបារាំង កាលពីឆ្នាំ២០០៩។ មុនពេល ទទួលការលើកលែងទោស លោកត្រូវប្រឈមមុខនឹងការចាប់ខ្លួនដាក់ពន្ធនាគារចំនួន ១២ឆ្នាំ បន្ទាប់ពីតុលាការបានផ្ដន្ទាទោសកំបាំងមុខ ក្រោមបទចោទជាច្រើនករណី រួមមានការផ្សាយផែនទីមិនពិត អំពីព្រំដែនកម្ពុជា ជាមួយវៀតណាម ។
ប្រភពមន្ត្រីគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា មានសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណ ៤ម៉ឺននាក់ នឹងទៅទទួលលោក សម រង្ស៊ី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃលោកវិលត្រឡប់មកប្រទេសវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ពិតជាអាច…
If Sam Rainsy cannot join in his election, why don’t they let Hun Sen in power forever without
people votes for him, wasting times and money for no competition?
In U.S. and Europe, they allowed only two candidates for the final in their election.
First candidate, stand for Republican, and the second, stand for Democracy.
If no allowed Sam Rainsy to join , Hun Sen must be alone in the election
without no body to challenge with him. So Hun Sen fight on the stage just himself and
he the winner and he the looser by the Americans and other of Western Governments
punishment him.
កើតឬមិនកើតអាស្រ័យឆន្ទៈហ៊ុនសែនមិនអាស្រ័យពួកមួយដំបស្វាគជបទេ!!!