គ.ជ.ប ចាប់​ផ្តើម​ផ្ទៀង​ផ្ទាត់​លទ្ធផល​ជាមួយ​អ្នក​សង្កេត​ការណ៍

Thursday, 01 August 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

IMG_0610

មន្ត្រី គ.ជ.ប ចាក់សន្លឹកឆ្នោតរាប់ ពេលការបោះឆ្នោតចប់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ រូបថត ហុង មិនា

ភ្នំពេញៈ គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​​ជូន​ដំណឹង​ដល់​ក្រុម​អ្នក​សង្កេត​ការណ៍​ជាតិ អន្តរ​ជាតិ​ថា ក្រុម​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​នៃ គ.ជ.ប នឹង​ចាប់​ផ្តើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​នេះ ចាប់​ពី​ថ្ងៃ​ទី៣ ខែ​សីហា រហូត​ដល់​បញ្ចប់​ជា​ស្ថាពរ។

គ.ជ.ប បាន​បញ្ជាក់​ថា ការចូលរួម​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​ជាតិ​អន្តរជាតិ​ដែល​ពាក់ព័ន្ធ គឺមាន​សារសំខាន់​ណាស់​ក្នុង​ការ​ការ​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​នេះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីស្តី​ការ គ.ជ.ប។

ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ជុំវិញ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ រហូត​ទាម​ទារ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មាការ​ឯករាជ្យ​មួយ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ។

គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត​ក៏​បាន​ចេញ​ផ្សាយ​នូវ​សេចក្តី​បំភ្លឺ​ផ្សេង​មួយ​ទៀត អំពី​​លទ្ធផល​បឋម នៃ​ការ​បោះ​ឆ្នោត​នេះ​ផង​ដែរ ប៉ុន្តែ មិន​ទាន់​បាន​ធ្វើ​ការកំណត់​បែង​ចែក​ចំនួន​អាសនៈ​នៅ​ឡើយ​ទេ។

យោង​តាម​លទ្ធផល​បណ្តោះ​អាសន្ន​នោះ​បង្ហាញ​ថា ក្នុង​ចំណោម​អ្នក​បោះឆ្នោត​សរុប ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ចំនួន ៩.៦៧៥.៤៥៣ នាក់ គឺ​មាន​អ្នកបោះឆ្នោត ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្សនយោ​បាយ​ទាំង ៨ សរុប​ចំនួន ៦.៦១៦.១១០ នាក់​ក្នុងនោះ​គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន​សម្លេង​សរុប ៣៧.៩៦៣ សម្លេង, ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២៤១.៨៦៦, ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ៣៤.៥៦៩, គណបក្ស​ប្រជាជន​កម្ពុជា ៣.២២៧.៧២៩, ​គណបក្ស ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១៩.៨៧១, ​គណបក្ស ខ្មែរ​ឈប់​ក្រ ៤៣.៣១២, ​គណបក្ស​សង្គ្រោះ​ជាតិ ២.៩៤១.១៣៣, និង​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន ៦៩.៦៦៧ សម្លេង។

គ​.​ជ​.​ប​. នឹង​ប្រកាស​លទ្ធផល​ផ្លូវការ និង​កំណត់​បែងចែក​ចំនួន​អាសនៈ​ ​សម្រាប់​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង នៅ​បន្ទាប់ពី​រាល់​បណ្តឹង​ត្រូវ​បាន​ដោះស្រាយ​ចប់​ជា​ស្ថាពរ​។

 

What Next?

Recent Articles

One Response to "គ.ជ.ប ចាប់​ផ្តើម​ផ្ទៀង​ផ្ទាត់​លទ្ធផល​ជាមួយ​អ្នក​សង្កេត​ការណ៍"

  1. Pingpong says:

    ១.ផ្ទៀងផ្ទាត់ទាល់តែងាប់ ក៍គ.ជ.បប្រកាសអោយចាញ់ដែរ។
    ២.គណៈបក្សប្រជាជនហ៊ានប្រកាសថា ខ្លួនឈ្នះហើយ គឺគ្មានផ្លូវកែកើតទេ!!!!
    ៣. នៅឆ្នាំ១៩៩៣ អន្តរជាតិប្រកាសថា គណៈកប្សប្រជាជនចាញ់ ។ គណៈបក្សប្រជាជនបង្កើតតំបន់អបគមន៍និងប្រកាសសង្គ្រាមភ្លាមនិងដេញអ៊ុនតាក់។ មកដល់១៩៩៧ ដណ្តើមយករដ្ឋាភិបាលទាំងមូល ទោះបីនាំអោយសង្គមមានអស្ថិរភាពនិងអ្នកវិនិយោគទុនបរទេសរត់អស់ក៍ដោយ ក៍លោកហ៊ុន សែនមិនខ្វល់ដែរ។ ឥឡូវចេញមកគំរាមនៅក្រោមស្ពានស្ទឹងជ័យទៀត រួចធ្វើជានិយាយថា ខ្លួនស្រលាញ់សន្តិភាព។
    ៤. លោកហ៊ុន សែនមុខក្រាស់ណាស់ ទោះទៅដល់ណាចាញ់ឆ្នោតនៅទីនោះ ក៍នៅតែអ៊ើ ដដែល ។ ចាញ់ពីកំពង់ចាម ព្រៃវែង កណ្តាល រហូតដល់ភ្នំពេញទៀត។
    ៥. សូមអោយលោកហ៊ុន សែន បក្ខពួកលោកហ៊ុន សែន និងគ្រួសារលោកហ៊ុន សែន ចេះអៀនអ្នកភ្នំពេញនិងកំពង់ចាមផង។ កុំចេះតែគ្រាន់បើពេក!!!