Friday, 02 August 2013
Joanna Wolfarth
ភ្នំពេញ ប៉ុស្តិ៍
សៀមរាប : អង្គការក្រៅរដ្ឋាភិបាលចំនួន១៦កាលពីដើមខែបានមកជួបជុំគ្នានៅឯទីស្នាក់ការអង្គការកសិដ្ឋានផលិតអាហារបំប៉នវារីជាតិអេនធិនណា (Antenna) ស្ថិតនៅក្នុងខេត្តសៀមរាបដើម្បីពិភាក្សានិងស្វែងយល់អំពីផលិតផលនិងអត្ថប្រយោជន៍មួយចំនួនរបស់អាហារបំប៉នវារីជាតិដែលមានអំណោយផលនិងលក្ខខណ្ឌអាកាសធាតុតំបន់ត្រូពិចមានសារសំខាន់ល្អសម្រាប់ការដាំដុះ។ អាហារវារីជាតិឬស្លែនៅតំបន់ត្រូពិចមានប្រូតេអ៊ីនខ្ពស់សម្បូរវីតាមីនជាតិដែកកាល់ស្យូមនិងជីវជាតិជាច្រើន។
កសិដ្ឋានផលិតអាហារបំប៉នវារីជាតិនៅខេត្តសៀមរាបដែលបើកសម្ពោធកាលពីខែឧសភាឆ្នាំ២០១១បានប្រតិបត្តិការដោយមានបុគ្គលិក១០នាក់។
លោក ហ្សង់ហ្វ្រង់ស័រប៊ីឡាតំណាងរបស់អង្គការកសិដ្ឋានផលិតអាហារបំប៉នវារីជាតិអេនធិនណាកម្ពុជាបានពន្យល់ពីអត្ថប្រយោជន៍ថា៖ «អាហារវារីជាតិនេះវាអាចជួយដល់កុមារដែលខ្វះអាហារបំប៉នបាននិងអាចជួយឲ្យពួកគេមានសារជាតិបំប៉ននោះមកវិញបានទៀតផង។ វាជាអាហារសម្បូរទៅដោយវីតាមីនអា និងជាតិរ៉ែដែក»។
បច្ចុប្បន្នអង្គការអេនធិនណាបានសហការជាមួយនឹងដៃគូអង្គការក្រៅរដ្ឋាភិបាលចំនួនបី តែអង្គការក៏មានបំណងចង់បង្កើនចំនួនដៃគូសហការច្រើនជាងនេះដែរដើម្បីចែកចាយនូវផលិតអាហារវារីជាតិនេះដល់បណ្តាទីផ្សារនានាប្រកបដោយគុណតម្លៃរបស់វា។ អាហារបំប៉នវារីជាតិនេះច្រើនលក់នៅតំបន់សហគមន៍ក្រីក្រពោលវាគឺជាចង្វាក់ផលិតកម្មនៃពាណិជ្ជកម្មខ្នាតតូចមួយនៅឡើយ។
អង្គការមានក្រុមអ្នកទីផ្សារក្នុងស្រុករបស់ខ្លួនដើម្បីណែនាំពន្យល់ពីផលិតផលនិងអត្ថប្រយោជន៍របស់វាផងដែរ។
ជាក់ស្តែងគេឃើញមានការលក់នូវផលិតផលអាហារបំប៉នវារីជាតិនេះរយៈពេល១០ថ្ងៃជូនដល់ក្រុមគ្រួសារនានាដែលមានកូនខ្វះសារជាតិបំប៉ននោះក្នុងតម្លៃ១៥០០រៀលផងដែរ។
លោកហ្សង់ហ្វ្រង់ស័រ ប៊ីឡានិយាយថា៖ «យើងមានបំណងចង់ផ្តោតសំខាន់ទៅលើក្រុមកុមារមានវ័យក្រោម៥ឆ្នាំដោយពួកគេទាំងនេះរមែងមានជំងឺក្រិនដែលបង្កឲ្យមានសរីរាង្គកាយខកខានលូតលាស់បានល្អ។ មិនតែប៉ុណ្ណោះវាមានសារសំខាន់ណាស់សម្រាប់ជួយអភិវឌ្ឍដល់ប្រព័ន្ធខួរក្បាលនិងបង្កើតឲ្យមានសារធាតុបំប៉នក្នុងខ្លួនពួកគេបាន។ ចំណែកគោលដៅរបស់យើងផ្សេងទៀតនោះគឺសម្រាប់ជួយដល់ក្រុមស្រ្តីមានគភ៌ក្រុមស្រ្តីបំបៅដោះកូននិងក្រុមមនុស្សមានផ្ទុកមេរោគអេដស៍ជាដើម»។
ខណៈអង្គការក៏កំពុងតែចុះកិច្ចព្រមព្រៀងមួយជាមួយក្រសួងសុខាភិបាលលោកហ្សង់ហ្វ្រង់ស័រប៊ីឡាសង្ឃឹមថានឹងអាចផ្គត់ផ្គង់ផលិតអាហារបំប៉ននេះគ្រប់ទីកន្លែងនៅកម្ពុជា។
ផលិតផលអាហារបំប៉នវារីជាតិនេះអាចជាវបាននៅហាងកាហ្វេ Peace Cafe ក្នុងខេត្តសៀមរាប៕ PR
Thank you for your research. The green water moss is plentiful during the rainy season, but its beneficial nutrient was unknown to local consumers in the past.