ខេមរៈ ស្រីពៅ ល្បី​ភ្ជាប់ពាក្យ​អាណិកជន

Friday, 02 August 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

130802_20a

តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ កញ្ញា​ ខេមរៈ ស្រីពៅ​​។ រូបថត សេត គឹមសឿន

ភ្នំពេញ : ជាមួយ​នឹង​ភាព​ស្ងប់ស្ងាត់​សកម្មភាព​សិល្បៈ​មិន​ឃើញ​មាន​បទ​ថ្មី​ចេញ​នឹង​គេ​នោះ​ក៏​ស្រាប់​តែ​លេចធ្លាយ​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​ថា តារាចម្រៀង​រាង​ខ្ពស់​ស្រឡះ និង​ជា​ប្អូនស្រី​បង្កើត​របស់​លោក​ខេមរៈ​សិរីមន្ត នាង ខេមរៈ​ស្រីពៅ​ ភ្ជាប់ពាក្យ​ស្ងាត់​ៗ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​ម្នាក់​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​។

ប៉ុន្តែ​យ៉ាង​ណា​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នោះ មិន​ត្រូវ​បាន​សាច់ញាតិ​របស់​នាង​ណា​ម្នាក់​ទទួល​ស្គាល់​ថា ជា​ការ​ពិត​ឡើយ​ដោយ​ពួកគេ​អះអាង​ថា​នោះ​ជា​ព័ត៌មាន​ប្រឌិត​ដើម្បី​បង្កាច់បង្ខូច​កិត្តិយស​នាង​ទៅ​វិញ​។

ដំណឹង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជុំវិញ​ជីវិត​ឯកជន​របស់​ប្អូនស្រី​លោក ខេមរៈ សិរីមន្ត និង​អ្នក​និពន្ធ​ល្បី​លោក ខេមរៈ ភារុណ ក្នុង​ទ្រនំ​ផលិតកម្ម​សាន់ដេ កញ្ញា ខេមរៈ ស្រីពៅ ភ្ជាប់ពាក្យ​ស្ងាត់​ៗ​ជាមួយ​បុរស​ខ្មែរ​រស់នៅ​អាមេរិក និង​នៅ​សម្ងំ​បន្ទុំ​ស្បែក​ថែ​ខ្លួន ផ្គាប់​ចិត្ត​គូដណ្តឹង​ឯ​នាយសមុទ្រ​នោះ​បាន​ផុស​ចេញ​ពី​ចង្កោម​អ្នក​សិល្បៈ​មួយ​ក្រុម​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។

ប្រភព​ពី​មជ្ឈដ្ឋាន​តារា​សិល្បៈ​មួយ​ក្រុម​នោះ​បាន​ព្រលយ​ពាក្យ​ថា​៖​«កញ្ញា​ខេមរ: ស្រីពៅ​ប្អូនស្រី​លោក ខេមរៈ សិរីមន្ត នាង​មាន​ការ​រយាល​ពី​ការងារ​សិល្បៈ​ច្រើន​នោះ​ដោយសារ​នាង​ត្រូវ​ធ្វើការ​សម្រប​ខ្លួន​បំពេញ​តាម​ការ​ចង់​បាន​ពី​គូដណ្ដឹង​ដែល​ទើប​បាន​ភ្ជាប់ពាក្យ​រួច​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​នោះ​តែ​ម្ដង​»​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​បុរស​ដែល​ជា​គូដណ្ដឹង​របស់​តារាស្រី​ប្រចាំ​ផលិតកម្ម​សាន់ដេ កញ្ញា​ខេមរៈ​ស្រីពៅ​នោះ​គឺជា​អាណិកជន​ខ្មែរ​រស់នៅ​ឯ​សហរដ្ឋអាមេរិក​និង​ក្រោយ​ពី​បាន​ភ្ជាប់ពាក្យ​គូដណ្តឹង​នាង​បាន​សំណូមពរ​ឲ្យ​កញ្ញា​ខេមរៈ​ស្រីពៅ​លាឈប់​ពី​អាជីព​សិល្បៈ​ទើប​មួយ​រយៈ​ចុង​ក្រោយ​នេះ​ស្រីពៅ​មិន​សូវ​បាន​បង្ហាញ​មុខ​ទាំង​នៅ​លើ​វេទិកា​សិល្បៈ​ជោកជាំ​ដូច​កាល​ពី​ពេល​មុន​»។

ប៉ុន្តែ​ពេល​ភ្នំពេញ​ប៉ុស្តិ៍​ជជីក​សួរ​និង​សូម​ឲ្យ​បញ្ជាក់​ពី​អត្តសញ្ញា​អនាគត​ប្អូន​ថ្លៃ​របស់​កំពូល​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត​នោះ​ប្រភព​ដដែល​បែប​ជា​ស្ទាក់ស្ទើរ​ក្នុង​ការ​បរិយាយ​ដោយ​គ្រាន់​តែ​និយាយ​ថា​៖​«មិន​បាន​ដឹង​លម្អិត​ពី​បុរស​អាណិកជន​ម្នាក់​នោះ​ទេ​។ តែ​នៅ​មិន​យូរ​ទេ​ក្រោយ​ពី​បាន​ភ្ជាប់ពាក្យ​រួច នៅ​អំឡុង​ចុង​ឆ្នាំ​២០១៣​នេះ​ឬ​ដើម​ឆ្នាំ​ក្រោយ​២០១៤​ពិធី​មង្គលការ​របស់​តារាចម្រៀង​កញ្ញា ខេមរៈ ស្រីពៅ នឹង​កន្លង់​ឯ​នាយសមុទ្រ​នោះ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​ហើយ​»។

ឆ្លើយតប​នឹង​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ កវី​និពន្ធ​ដ៏​មាន​ទឹកដៃ និង​ជា​បងប្រុស​បង្កើត​របស់​តារាចម្រៀង​ត្រកូល​ខេមរៈ លោក ខេមរៈ​ភារុណ នោះ លោក បាន​ធ្វើការ​បដិសេធ​ទាំង​ស្រុង​ថា​៖ «​នោះ​មិនមែន​ជា​ព័ត៌មាន​ពិត​ទេ​»។

អ្នក​នាំពាក្យ​ត្រកូល ខេមរៈ រូប​នេះ​បាន​អះអាង​ថា​៖ «​ប្អូនស្រី​ខ្ញុំ​ស្រីពៅ​មិន​ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​អាមេរិក​ណា​ទេ ហើយ​ក៏​គ្មាន​អាណិកជន​ចូល​មក​ស្តីដណ្តឹង​និង​ភ្ជាប់ពាក្យ​នោះ​ទេ ហើយ​ក៏​មិន​ដែល​ឮ​ថា​មាន​អ្នក​អាមេរិក​ណា ចង់​បាន​ប្អូនស្រី​ខ្ញុំ​ដែរ​»។

អម​ជាមួយ​សំណើច​កក្អិក​នោះ កវី​និពន្ធ​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា​៖ «​បើ​ប្អូនស្រី​ខ្ញុំ​ភ្ជាប់ពាក្យ​មែន​នោះ មិន​ដឹង​ទៅ​លាក់​ធ្វើ​អ្វី យើង​សុទ្ធ​តែ​ជា​អ្នក​សិល្បៈ​នោះ ម្ល៉េះ​សម​ទាំង​បណ្តាញ​សារព័ត៌មាន​ខ្ញុំ​ហៅ​មក​ថត​ចុះ​ផ្សាយ​ហើយ​មិន​ឲ្យ​ស្ងប់ស្ងាត់​នោះ​ទេ​»។

លោក បាន​បន្ថែម​ទៀត​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​មាន​ឈ្មោះ​តែ​ជា​បងប្រុស​និង​ដឹង​ត្រឹម​តែ​ការងារ​សិល្បៈ​និង​សុខទុក្ខ​ប្អូន​ៗ​យ៉ាង​ណា​តែ​ប៉ុណ្ណឹង​។ តែ​ចំណែក​ថា​ប្អូន​មាន​អ្នក​ណា​ស្រឡាញ់​និង​ប្អូន​ត្រូវ​សម្រេច​ជ្រើសរើស​យ៉ាង​ណា សម្រាប់​អនាគត​ខ្លួន​នោះ ខ្ញុំ​មិន​ដឹង​ទេ ព្រោះ​នេះ​ជា​សិទ្ធិ​និង​ការ​សម្រេច​ចិត្ត​ឯកជន​របស់​គេ​។ ខ្ញុំ​មិន​អាច​ជ្រៀតជ្រែក​បាន​ឡើយ​»។

ថ្លែង​ពន្យល់​ពី​ភាព​ស្ងប់ស្ងាត់​ពី​ការងារ​សិល្បៈ​របស់​ប្អូនស្រី​នោះ លោក ខេមរៈ ភារុណ បាន​ឲ្យ​ដឹង​ថា​៖ «​ដូច​មហាជន​ដឹង​ហើយ​ថា នៅ​រយៈពេល​ចុង​ក្រោយ​នេះ ប្អូនប្រុស​ខ្ញុំ​តារាចម្រៀង​ខេមរៈ​សិរីមន្ត​គាត់​ជួប​គ្រោះ​ធំ​គ្រោះថ្នាក់​ចរាចរណ៍​។ ដូច្នេះ​មិន​ថា តែ​សិរីមន្ត​ទេ ដែល​មាន​ភាព​តក់ស្លុត​នោះ គឺ​បងប្អូន​ក្នុង​គ្រួសារ​ម្នាក់​ៗ​គឺ​សុទ្ធ​តែ​ស្លុតរន្ធត់​នឹង​ពឹ្រតិ្តការណ៍​នោះ ហេតុ​នេះ​ហើយ​ពួកយើង​មិន​សូវ​ចង់​ឲ្យ​សមាជិក​គ្រួសារ​ណា​ម្នាក់​មាន​សកម្មភាព​អ្វី​នោះ​ទេ គឺ​ចាំ​ឲ្យ​មាន​អារម្មណ៍​ស្ងប់​ជាង​នេះ​បន្តិច​សិន​»៕

 

What Next?

Recent Articles

2 Responses to "ខេមរៈ ស្រីពៅ ល្បី​ភ្ជាប់ពាក្យ​អាណិកជន"

  1. lyly azoo says:

    why

  2. :* says:

    គ្រួសារមិនចង់និយាយការពឹត គឺថាដល់ពេលណាគឺពេលនោះ……ឯនាងរមួលពោះស្ទើរប្រកាច់ ព្រោះឃ្លានសាច់ក្រកនៅបរទេស…..