គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ មិន​បញ្ជូន​តំណាង ដើម្បី​ចូលរួម​ប្រជុំ​បន្ត ជជែក​ពី​ការបង្កើត​គណៈកម្មការ​ទេ​

ថ្ងៃទី 4 សីហា 2013
ដោយ: លី សិលា
CEN

ភ្នំពេញ: ​ដោយ​សំអាង​ថា គណៈកម្មការ​ចម្រុះ ដែល​ គជប តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រជុំ​ឯកភាព​ជា​គោលការណ៍ ដើម្បី​បង្កើត កាលពី​ថ្ងៃ​សៅរ៍ ទី​៣ ខែ​សីហា ឆ្នាំ​២០១៣ មិន​មាន​សមាសភាព​សង្គម​ស៊ីវិល ចូលរួម​នោះ គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​លោក សម រង្ស៊ី បានប្រកាសថា គណបក្សប្រឆាំង នឹង​មិន​បញ្ជូន​តំណាង​របស់​ខ្លួន ឲ្យចូល​រួម​បន្ត​ប្រជុំ នៅ​ថ្ងៃ​អាទិត្យ ទី​៤​សីហា​នេះ​ទេ​។​

​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ជា​ចំហរ​សាទរ​កិច្ចប្រជុំ កាលពី​ថ្ងៃ​សៅរ៍ ទី​៣​សីហា ឆ្នាំ​២០១៣ និង​បាន​ចាត់ទុក​ជា​ជំហាន​ជា​វិជ្ជមាន​មួយ ឆ្ពោះទៅរក​ការបង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ សម្រាប់​ធ្វើការ​ឃ្លាំមើល ស៊ើបអង្កេត និង​ដោះស្រាយ​ភាពមិនប្រក្រតី ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត កាលពី​ថ្ងៃអាទិត្យ​។​

​ក៏​ប៉ុន្តែ​ក្នុង​សេចក្តីថ្លែងការណ៍ ក៏ដូចជា ក្នុង​លិខិត​របស់​លោក​ សម ​រង្ស៊ី ផ្ញើជូន​លោក អ៊ឹម សួស្តី ប្រធាន​គជប ចុះ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ យល់ឃើញថា សមាសភាព​គណៈកម្មកា​រ​ចំពោះ​កិច្ច ដែល ​គជប ស្នើឡើង គឺ​នៅ​មាន​លក្ខណៈ​ចង្អៀត​នៅ​ឡើយ ដែល​ផ្ទុយ​ពី​គោលបំណង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចង់បាន​។ នោះ​គឺ​គណៈកម្មការ ត្រូវ​បាន​ការចូលរួម​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ ដោយ​មាន​គជប ជា​អ្នកសម្របសម្រួល និង​អង្គការ​សហប្រជាជាតិ ជា​អាជ្ញាកណ្តាល​។​

​លោក ​សម ​រង្ស៊ី បានបញ្ជាក់​ថា ការ​ដែល ​គជប ស្នើ​អញ្ជើញ​ឲ្យ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ ដើម្បី​ពិភាក្សា​អំពី​អាណត្តិ និង​តួនាទី ភារកិច្ច​របស់​គណៈកម្មកា​រ​ចំពោះ​កិច្ច នៅ​ថ្ងៃ​អាទិត្យ​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​អាច​ចាត់​តំណាងឲ្យ​ចូលរួម​បាន​ទេ ដោយ​រង់ចាំ​ឲ្យមាន​ការបង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​មួយ ដែល​មាន​សមាសភាព​ចូលរួម​មាន​លក្ខណៈ​ទូលំទូលាយ តាម​ការស្នើសុំ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​

​សូម​រម្លឹកថា ជំនួប​ពិភាក្សា​រវាង​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប និង​តំណាង​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​តំណាង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ បាន​ឈាន​ដល់​ការព្រមព្រៀង​ជាគោលការណ៍​ថា នឹង​បង្កើត​គណៈកម្មការ​ចំរុះ​រួមគ្នា ដើម្បី​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។

​បន្ទាប់ពី​កិច្ចប្រជុំ​បង្កើត​គណកម្មការ​សំរាប់​ដោះស្រាយ​ភាពមិនប្រក្រតី ស្តីពី ការបោះឆ្នោត ដែល​មាន​សមាសភាព គ​.​ជ​.​ប គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​សៅរ៍​រួចមក គ​.​ជ​.​ប ក៏​បាន​ចេញ​លិខិត កោះអញ្ជើញ​តំណាង​គណបក្ស​នយោបាយ​ទាំងពីរ ឲ្យ​បន្ត​បើក​កិច្ច​ពិ​ភ្សា​ទៀត នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ជជែក​វែកញែក ក្នុង​ការកំណត់​ទំរង់ សមាសភាព អាយុកាល និង ភារៈកិច្ច​ព្រមទាំង​តួនាទី​របស់​គណៈកម្មកា​រ​នេះ​៕​

 

1014254_10152123854729148_1319526968_n

 

What Next?

Recent Articles

4 Responses to "គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ មិន​បញ្ជូន​តំណាង ដើម្បី​ចូលរួម​ប្រជុំ​បន្ត ជជែក​ពី​ការបង្កើត​គណៈកម្មការ​ទេ​"

  1. ល្អពួកយើងស្គាល់ល្បិចចោរច្បាស់ណាស់។

  2. Former Hia lola says:

    គណបក្សប្រឆាំង​មិនចង់​ធ្វើអ្វីទាំងអស់ គេ​គ្រាន់តែចង់​ឈ្នះឆ្នោតតែប៉ុណ្ណោះ

  3. ស្មានលេង says:

    សាបព្រោះខ្យល់នឹងទទួលបានផលគឺព្យុះសង្ឃរា ដាំស្វាយបានផ្លែសា្វយ ដាំក្រូចបានផ្លែក្រូច។ គជប ក៏ដូច តុលា ក៏ដូចជាក្រុមប្រឹក្សាធម្មនុញ្ញ តែងតែងរងក់ធ្វើបាបគណៈបក្សប្រឆាំង ឥឡូវនេះដល់ពេលបក្សប្រឆាំង ងរងក់វិញម្តងហើយដោយយកតម្លាភាព យុត្តិធម៌មកធ្វើជាហេតុផលក្នុងការទាមទារ។