បក្ស​ប្រឆាំង​មិន​យល់​ព្រម​ចំពោះ​សមាសភាព​គណៈកម្មការ​ចម្រុះ

គណបក្ស​ប្រឆាំង​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​នៅ​ពេល​បោះ​ឆ្នោត និង​ស្នើ​សុំ​ដើម្បី​​ឱ្យ​​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​រាល់​ភាព​មិន​ប្រក្រតី​ទាំង​នោះ តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​គណៈកម្មការ​ចម្រុះ​​មួយ​ដែល​មាន​សមាសភាព​ខាង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច ដោយ​មាន​ភាគី​ជាតិ អន្តរជាតិ និង​សង្គម​ស៊ីវិល​ជា​អ្នក​សង្កេតការណ៍។

ដោយ សូត សុខប្រាថ្នា និង ខែ សុណង
2013-08-03
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

មន្រ្តីបក្សប្រឆាំង ៦១០
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​កិច្ច​ប្រជុំ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​៣ សីហា ឆ្នាំ​២០១៣។ RFA

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បដិសេធ​ម្ដង​រួច​មក​ហើយ​ចំពោះ​សំណើ​នេះ ដោយ​លើក​ឡើង​ថា ការ​បង្កើត​គណៈកម្មការ​ចម្រុះ​នេះ​ហួស​ពី​ដែន​សមត្ថកិច្ច​របស់ គ.ជ.ប។ ប៉ុន្តែ​ក្រោយ​ពី​មាន​ភ្លើង​ខៀវ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​៣ សីហា គ.ជ.ប បាន​សម្តែង​ការ​យល់​ព្រម​សម្រាប់​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ សីហា ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាព​ក្នុង​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត តែ​មិន​យល់​ព្រម​ចំពោះ​សមាសភាព​គណៈកម្មការ​ដែល​មាន​ត្រឹមតែ គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា គ.ជ.ប ជា​អ្នក​បង្កើត​បញ្ហា​បោះ​ឆ្នោត​មិន​ប្រក្រតី​នោះ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​សមាសភាព​គណៈកម្មការ​ស៊ើប​អង្កេត​នោះ​មាន​មក​ពី​ភាគី​ផ្សេង​ទៀត៖ «ដោយសារ​ថា គ.ជ.ប គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា! បញ្ហា​ដែល​កើត​ឡើង ភាព​មិន​ប្រក្រតី​ដែល​កើត​ឡើង ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត គឺ​ដោយសារ​តែ​ការ​រៀបចំ ដោយសារ​តែ​ទង្វើ​របស់​គ.ជ.ប»

ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​សីហា លោក ទេព នីថា ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ឲ្យ​ដឹង​ថា មន្ត្រី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​យល់​ព្រម​ក្នុង​ការ​បង្កើត​នូវ​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ​មួយ ដើម្បី​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ​នេះ​ជា​មួយ​គ្នា​ក្នុង​ក្របខ័ណ្ឌ​របស់ គ.ជ.ប។

លោក ទេព នីថា៖ «គណបក្ស​ទាំង​ពីរ​បាន​សម្ដែង​នូវ​សុឆន្ទៈ​ត្រង់​ទៅ​ត្រង់​មក ហើយ​ចុង​ក្រោយ​បាន​ឯកភាព​គ្នា​នៅ​លើ​បញ្ហា​ពីរ។ ទី​១ បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើត​នូវ​គណៈកម្មការ​ចម្រុះ​មួយ​ដែល​មាន​ គ.ជ.ប និង​តំណាង​ខាង​គណបក្ស​ទាំង​ពីរ ហើយ​ទី​២ គណៈកម្មការ​ចម្រុះ​នេះ​នឹង​ធ្វើ​ការ​ពិភាក្សា​គ្នា​នៅ​ពេល​ខាង​មុខ​នេះ​អំពី​អាណត្តិ និង​ភារកិច្ច​របស់​ខ្លួន​ដែល​ត្រូវ​អនុវត្ត។ នេះ​ជា​បញ្ហា​ពីរ​ដែល​យើង​សម្រេច​បាន​នៅ​ក្នុង​ការ​ប្រជុំ​នេះ»

តំណាង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន បាន​បញ្ជាក់​ពី​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​សីហា ថា បាន​សម្រេច​ឯក​ភាព​គ្នា​ជា​គោលការណ៍​ក្នុង​ការ​បង្កើត​​នូវ​គណៈកម្មការ​មួយ​ដើម្បី​ដោះស្រាយ​នូវ​រាល់​ភាព​មិន​ប្រក្រតី​ដែល​កើត​ឡើង​​ក្នុង​ថ្ងៃ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត៖ «ជា​គោល​ការណ៍​យើង​ចង់​ឱ្យ​បង្កើត​នូវ​គណៈកម្មការ​មួយ​ដើម្បី​ឱ្យ​ស្វែង​រក​ការ​ពិត​ហ្នឹង​ហើយ»។

លោក​បន្ថែម​ទៀត​ថា ចំពោះ​សមាស​ភាគ​របស់​អង្គការ​សហប្រជាជាតិ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ការ​ស្នើ​សុំ​ឱ្យ​មាន​ការ​ចូល​រួម ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ គ.ជ.ប៖ «យើង​បាន​ស្នើ​ជា​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ស្នើ​សុំ​ឱ្យ​មាន​តំណាង​របស់ UN … ប៉ុន្តែ គ.ជ.ប លោក​មាន​ប្រសាសន៍​ថា​ អា​ហ្នឹង​វា​ហួស​ពី​សមត្ថកិច្ច​របស់​ គ.ជ.ប ហើយ ពីព្រោះ​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​មិន​មាន​ភាគី​ណា​មិន​មាន​អង្គការ​សហប្រជាជាតិ​ណា​ចូល​រួម​នៅ​ក្នុង​នេះ​ទេ។ ប៉ុន្តែ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ យើង​ចង់​ឱ្យ​មាន​ដើម្បី​ឱ្យ​អង្គការ​សហប្រជាជាតិ​ធ្វើ​ជា​សាក្សី ដើម្បី​មក​មើល​ពី​យន្តការ និង​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​​​នោះ»

ចំពោះ​អ្នក​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា មិន​បាន​​ធ្វើ​ការ​បក​ស្រាយ​អ្វី​នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា ភារកិច្ច​នេះ​គណបក្ស​ទាំងពីរ​បាន​ប្រគល់​ទៅ​ឱ្យ គ.ជ.ប៖ «NECៗៗ (គ.ជ.ប) អ្នក​ប្រកាស​បាទ! ខ្ញុំ​មិន​អាច​ជម្រាប​ជូន​បាន​ទេ ពីព្រោះ​ឯកភាព​គ្នា​ប្រគល់​ឱ្យ NEC»។

ចំពោះ​ការ​បង្កើត​​គណៈកម្មការ​ចម្រុះ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​​នៃ​ការ​បោះ​ឆ្នោត ត្រូវ​បាន​អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី បាន​បញ្ជាក់​ថា ដើម្បី​ឱ្យ​ដំណើរ​នៃ​ការ​បង្កើត​នូវ​គណៈកម្មការ​​ចម្រុះ​មួយ​ឱ្យ​មាន​ប្រសិទ្ធភាព គឺ​អាស្រ័យ​ទៅ​លើ​សមាជិក​ភាព​ដែល​ចូលរួម៖ «សមាជិកភាព​ហ្នឹង​ធ្វើ​ម៉េច​ឱ្យ​មាន​ជា​កូតា​ណាស់! មាន​ន័យ​ថា គ.ជ.ប មាន​មួយ​នាក់​ពីរ​នាក់ គណបក្ស​មួយ​ទៀត​មាន​មួយ​នាក់​ពីរ​នាក់ គណបក្ស​មួយ​ទៀត​មាន​មួយ​នាក់​ពីរ​នាក់ សង្គម​ស៊ីវិល​មាន​មួយ​នាក់​ពីរ​នាក់។ ធ្វើ​យ៉ាង​ម៉េច​កុំ​ឱ្យ​កូតា​ហ្នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​បាន។ ឧទាហរណ៍​ថា ៩​នាក់​អ៊ីចឹង ធ្វើ​ម៉េច​កុំ​ឱ្យ គ.ជ.ប និង​គណបក្ស​ប្រជាជន​ហ្នឹង​បាន ៥​នាក់ ប្រសិន​បើ​បាន ៥​នាក់ ដូច​តុលាការ​ខ្មែរ​ក្រហម​អ៊ីចឹង។ ខាង​គណបក្ស​ប្រឆាំង​អ៊ីចឹង​ដែរ ធ្វើ​ម៉េច​កុំ​ឱ្យ​គណបក្ស​ប្រឆាំង​ហ្នឹង​ក្លាយ​ជា​មនុស្ស​ដែល​មាន​សមាជិក​ភាព​ច្រើន​លើស​លុប​នៅ​ក្នុង​គណៈកម្មការ​នោះ»

លោក​បាន​បន្ថែម​ថា ក្នុង​ដំណាក់កាល​នេះ គឺ​សំខាន់​ណាស់​សម្រាប់​វត្តមាន​របស់​​ស្ថាប័ន​អន្តរជាតិ ពី​ព្រោះ​ដើម្បី​ជៀសវាង​​ការ​មិន​ទុក​ចិត្ត ភាព​អយុត្តិធម៌​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចុង​ក្រោយ។ លោក​បាន​លើក​ឡើង​ចុង​ក្រោយ​ថា លោក​នឹង​មិន​មាន​សង្ឃឹម​នោះ​ទេ ប្រសិន​បើ​គេ​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ​មួយ​ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់ គ.ជ.ប នោះ។

អ.ស.ប​ ស្វាគមន៍​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) លោក បាន គីម៉ូន (Ban Ki-moon) បាន​ស្វាគមន៍​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ថា ប្រកប​ដោយ​សន្តិភាព ហើយ​លោក​ជំរុញ​ឲ្យ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ដោះស្រាយ​ពាក្យ​បណ្ដឹង​អំពី​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព។

សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​អ្នកនាំ​ពាក្យ​នៃ​ប្រធាន​ការិយាល័យ​អង្គការ​សហប្រជាជាតិ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ ខែ​សីហា បាន​ឲ្យ​ដឹង​ថា លោក​ស្វាគមន៍​ដំណើរការ​បោះឆ្នោត​ប្រកប​ដោយ​សន្តិភាព​នៅ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ​នេះ។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​បន្ត​ថា ពាក់ព័ន្ធ​នឹង​របាយការណ៍​ស្ដីពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ដោះស្រាយ​ពាក្យ​បណ្ដឹង​ទាំងឡាយ​ឲ្យ​បាន​ប្រកប​ដោយ​យុត្តិធម៌ និង​មាន​តម្លាភាព ក្នុង​គោលបំណង​ធានា​ឲ្យ​បាន​នូវ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ដែល​បម្រើ​ឲ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា ហើយ​លោក បាន គីម៉ូន បន្ត​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា​យ៉ាង​ដិត​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

1014254_10152123854729148_1319526968_n

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

3 Responses to "បក្ស​ប្រឆាំង​មិន​យល់​ព្រម​ចំពោះ​សមាសភាព​គណៈកម្មការ​ចម្រុះ"

  1. Anonymous says:

    Good job Mr H. E Representative of CNRP. We actually need UN, ortherwise, Hun Sen and his dogs play the same game, the same method in order to dominant CNRP and Khmers.
    Hey, Hun Sen if you are strong man you should except what CNRP and Khmers request. You are bad man in this world.
    Keep going ahead Khmers and CNRP and good luck to you all.
    All the best,
    Khmer Krom live in Kampuchea Krom

  2. Khmer Krom says:

    Good job Mr H. E Representative of CNRP. We actually need UN, ortherwise, Hun Sen and his dogs play the same game, the same method in order to dominant CNRP and Khmers.
    Hey, Hun Sen if you are strong man you should except what CNRP and Khmers request. You are bad man in this world.
    Keep going ahead Khmers and CNRP and good luck to you all.
    All the best,
    Khmer Krom live in Kampuchea Krom