ក្រុមប្រឹក្សា​ធម្ម​នុញ្ញ​នឹង​សម្រេច​​បណ្តឹង​​បក្ស​ប្រឆាំង​ថ្ងៃ​នេះ

Tuesday, 20 August 2013
វង្ស សុខេង និង​ Stuart White
ភ្នំពេញ ប៉ុស្តិ៍

3-story1

អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​ ទៅ​ចូល​រួម​សិក្ខា​សា​លា​ស្តី​ពី​ភាព​មិន​ប្រក្រ​តី​ក្នុង​ការ​បោះ​​ឆ្នោត​នៅ​ទី​ស្នាក់​ការ​គណ​បក្ស​កាល​ពី​ថ្ងៃ​អា​ទិត្យ​។ រូប ជីវ័ន

ភ្នំ​ពេញៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​​ស្ថាប័ន​ដោះ​ស្រាយ​បណ្តឹ​​ង​​បោះ​ឆ្នោត​​កំពូលរបស់​កម្ពុជា នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ ដើម្បី​ចាប់​ផ្តើម​​ធ្វើ​ការ​​សម្រេច​ លើ​បណ្តឹង​ចំនួន​ ៣៣ ​​ពី​គណបក្ស​នយោ​បាយ បើ​ទោះ​បី​ជា​សមាជិក​គណ​បក្ស​ប្រឆាំង​ កាល​ពី​ម្សិលមិញ​​បាន​​ថ្លែង​ថា ពួកគេ​មាន​ក្តី​សង្ឃឹម​តិច​តួច​ ចំពោះ​​សេចក្តី​សម្រេច​​របស់​ស្ថាប័ន​ជាតិ​កំពូល​មួយ​នេះ​ក៏ដោយ​។​

​​យោង​តាម​លោក ព្រំ​ ញៀន​វិចិត្រ​ ​​អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្ម​នុញ្ញ ​​​​បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​​នេះ បាន​ពិនិត្យ​លើ​​ពាក្យ​បណ្តឹង ១៤ នៃ​ពាក្យ​បណ្តឹង​ទាំង ៣២ របស់​គណបក្ស​ប្រឆាំង​រួច​ហើយ ហើយ​កំពុង​​​ពិចារណា​លើ​សេចក្តី​សម្រេច​ចុង​ក្រោយ ប៉ុន្តែ លោក​ វិចិត្រ បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថា​ធិប្បាយ ​​​អំពី​សេចក្តី​សម្រេច​ឡើយ ឬ​ថា​តើពាក្យ​បណ្តឹង​ដទៃ​ទៀត​នឹងត្រូវ​សម្រេច​​ ​​​ឬ​យ៉ាង​ណា​ឡើយ មុន​ពេល​ការ​ស៊ើប​អង្កេត​ត្រូវ​បញ្ចប់​​នៅ​ថ្ងៃ​ស្អែក។​ ​ពាក្យ​បណ្តឹង​មួយ​ត្រូវ​បាន​ដាក់​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា ហើយ​គ្មាន​ពាក្យ​បណ្តឹង​បាន​ដាក់​​ដោយ​គណ​បក្ស​ដទៃ​ទៀត​ឡើយ។ ​

​លោក វិចិត្រ បាន​ថ្លែង​ថា៖​«​យើង​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​បណ្តឹង​មួ​យ​ចំនួន ហើយ​បាន​បញ្ជូន​បណ្តឹង​ទៅ​​​ពិនិត្យ​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​​ធម្ម​នុញ្ញ មួយ​ករណី​ម្តង​ៗ​។ ខ្ញុំ​មិន​ដឹង​អំពី​លទ្ធ​ផល​ទេ។ វា​អាស្រ័យ​​ទៅ​លើ​ការ​អនុម័ត​របស់​សមាជិក ហើយ​យើង​ធ្វើ​ការ​ស៊ើប​អង្កេត​អនុលោម​តាម​នីតិវិធី​ច្បាប់​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ»។

​លោក វិចិត្រ បាន​បន្ថែម​ថា ការ​ស៊ើប​អង្កេត​រួ​ម​មាន​វិធាន​ការ​ដូច​ជា​ការ​សាក​សួរ​ដើម​បណ្តឹង និង​ជន​ត្រូវ​ចោទ ប៉ុន្តែ​លោក​បាន​បន្ត​ថា វិធាន​ការ​ត្រូវ​ធ្វើ​ឡើង តែ​ករណី​ក្រុម​ប្រឹក្សា​​ធម្ម​នុញ្ញ​ ចាត់​ទុក​​ថា​ ចាំ​បាច់​ប៉ុណ្ណោះ។

ក្រុម​ប្រឹក្សា​​ធម្ម​នុញ្ញ​មាន​រយៈ​ពេល ៧២ ម៉ោង ដើម្បី​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​បណ្តឹង​ ដែល​អាច​ទាក់​ទង​នឹង​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ ​​បញ្ហា​ពេល​ធ្វើ​យុទ្ធនាការ និង​ពាក្យ​បណ្តឹង​អំពី​វិធាន​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​។ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​សៅរ៍ ​​​​​​​​​រយៈ​ពេល​ ៧២ ម៉ោង​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​​​ត្រូវ​ចប់​នៅ​ថ្ងៃ​នេះ​។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​សៅរ៍ បាន​ច្រាន​ចោល​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រឆាំង ​ដោយ​ថ្លែង​ថា ​​​​ពាក្យ​បណ្តឹង​ជា​ច្រើន​មិន​​តម្រូវ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​ឡើយ ដូច​ជា​ការ​បើ​​​​ក​ហិប​​​​​​​ឯក​សារ​​​បោះ​ឆ្នោត​ ដើម្បី​ពិនិត្យ​ផ្ទៀង​ផ្ទាត់​តួលេខ​។

លោក គួយ ប៊ុនរឿន ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​​ម្សិលមិញ​ បាន​ថ្លែង​ថា លោក​មិន​រំពឹង​ថា​ សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ នឹង​ខុស​ប្លែក​ខ្លាំង​ពី​គ.ជ.ប​ឡើយ។

លោក ​បន្ត​ថា៖ «​យើង​មិន​ជឿ​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ធ្វើ​សេចក្តី​សម្រេច​​បាន​ត្រឹម​ត្រូវ ចំពោះ​បណ្តឹង​របស់​យើង​ទេ ព្រោះ​សមាជិក​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ គឺ​នៅជាមួយ​នឹង​គណបក្ស​ប្រជា​ជន​។ ដូច្នេះ ពួក​គេ​នឹង​សម្រេច​ដូច​គ.ជ.ប»។

​លោក​បាន​បន្ថែម​ថា៖ «យើង​ដាក់​ពាក្យ​បណ្តឹងព្រោះ​យើង​​គ្រាន់​តែ​​ធ្វើ​តាម​នីតិវិធី​ច្បាប់ ហើយ​ដើម្បី​បង្ហាញ​សហគមន៍ជាតិ​ និង​អន្តរ​ជាតិ​ថា ក្រុ​ម​ប្រឹក្សា​ធម្ម​នុញ្ញ​នៅ​តែ​លំអៀង​ទៅ​ខាង​គណបក្ស​កាន់​អំណាច ហើយ​ទាម​ទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​»។

លោក ប៊ុនរឿន បាន​បន្ថែមថា ​គណបក្ស​​មិន​បាន​ដាក់​ភ័ស្តុ​តាង​បន្ថែម​​​​ទៅ​ក្រុម​ប្រឹក្សា​​នេះ​ទេ ប៉ុន្តែ​​ភ័ស្តុ​តាង​ដែល​បាន​ដាក់​រួច​ហើយទៅ ​គ.ជ.ប មាន​ករណី​ជាក់​លាក់​ដែល​បុគ្គល​រកឃើញ​​ឈ្មោះ​​​​​ជាន់ ឬ​​អ្នក​ដទៃ​ទៀត​បាន​បោះ​ឆ្នោតជួស​ពួកគេ​ ក៏​ដូច​ជា​ករណី​បញ្ហា​ទាក់​ទង​នឹង​ទម្រង់ ​និង​ការ​បិទ​មណ្ឌល​បោះ​ឆ្នោត​មុន​ពេល​កំណត់​​។

​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថ្លែង​ថា ការ​តវ៉ា​​នៅ​តែ​ជា​ជម្រើស ​ប្រសិន​បើ​ពាក្យ​បណ្តឹង​របស់​គណបក្ស​ ត្រូវ​បាន​ច្រាន​ចោល​ម្ត​ងទៀត​ បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា លោក​មិន​ចង់​អត្ថា​ធិប្បាយ​អំពី​ការ​ស៊ើប​អង្កេត​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ទេ រហូត​ទាល់​តែ​ក្រោយ​ប្រកាស​សេចក្តី​សម្រេច​ថ្ងៃ​នេះ។ ​​​

លោកបាន​បញ្ជាក់​ថា៖ «​យើង​នឹង​រង់​ចាំ​រហូត​ដល់​ថ្ងៃ​នេះ​ចំពោះ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ ហើយ​យើង​នឹង​ពិភាក្សា​ជាមួយ​នឹង​​អ្នក​បោះ​ឆ្នោត ប្រជា​ជន ថា​តើ​យើង​នឹង​ធ្វើ​អ្វី​បន្ទាប់​ទៀត​»។

​លោក ឡៅ ម៉ុង​ហៃ ​អ្នក​វិភាគ​នយោបាយឯក​រាជ​្យបាន​ថ្លែង​ថា ​ទាក់​ទង​នឹង​ការ​តវ៉ា«​តើ​គណ​បក្ស​ប្រឆាំង​អាច​ធ្វើ​អ្វីផ្សេង​ទៀត​បាន​?»​ ​

លោក​បាន​បន្ថែម​ថា៖ «​វា​អាច​ដាក់​សម្ពាធ​ថែម​ទៀត​ លើ​គណបក្ស​កាន់​អំណាច បន្ទាប់​​​​មក​ធ្វើ​ឲ្យ​​គណ​បក្ស​កាន់​អំណាច​ត្រូវ​ប្រឈម​នឹង​ពួកគេ ហើយ​បដិសេធ​នូវ​ភាព​ស្រប​ច្បាប់​​របស់​វា​។ ពិចារណា​លើ​​​អារម្មណ៍​របស់​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​​នៅ​ទូ​ទាំង​ប្រទេស​ គណ​បក្ស​ប្រឆាំង​ អាច​ប្រមូល​​មនុស្ស​ជា​ច្រើន​នាក់​។ ​អ្នក​មិន​អាច​ប្រើ​រថក្រោះ​​ទៅ​​កម្ទេច​គំនិត​របស់​ប្រជាជន​បាន​​ឡើយ​»។ ​ទោះ​ជា​យ៉ាង​ណា លោក ឡៅ​ម៉ុងហៃ​ បាន​បន្ត​ថា ​​រយៈ​ពេល​យុទ្ធនា​ការ​មាន​លក្ខណៈ​សន្តិ​វិធី​ជាសកល បាន​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​ខ្នាត​ធំ​ មិន​ចាំ​បាច់​​​​​ត្រូវ​ប្រែ​ក្លាយ​ជា​បាតុកម្ម​ហិង្សា​ឡើយ​។

​​លោក​បន្ត​ថា៖ «​មាន​មនុស្ស​រាប់​ម៉ឺន​នាក់ ហើយ​​រាប់​សែន​នាក់ នៅ​ផ្លូវ​ទូទាំង​ប្រទេស ហើយ​​​ទោះ​បី​ជា​គណបក្ស​​គូ​ប្រជែង​គ្នា​នៅ​លើ​ផ្លូវ​តែ​មួយ​ក៏​ដោយ​ ​វា​​នឹង​​គ្មាន​​អំពើ​ហិង្សា​ទេ​។ ផ្អែក​លើ​បទ​ពិសោធថ្មីៗ​នេះ ប្រសិន​បើ​យើង​អាចបន្ត​​មាន​កិច្ច​សហ​ប្រតិបតិ្ត​ការ​ពី​អាជ្ញា​ធរ​ដើម្បី​ធានា​ច្បាប់ និង​សណ្តាប់​ធ្នាប់…​ហេតុ​អ្វី​មិន​​​​រំឭក​នូវ​បទ​ពិសោធបែប​នោះ​ទៀត​ទៅ?»​

​​លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គ​ការ ខុមហ្វ្រែល បាន​ថ្លែង​ថា តាម​ពិត ​មិន​អាច​មាន​ជម្រើស​​សល់តាម​គោល​ការណ៍​ច្បាប់​ឡើយ​។ ​

លោក​បាន​បញ្ជាក់​ថា៖«​នេះ​ជា​ជម្រើស​ចុងក្រោយ​។ គេ​គ្មាន​​កន្លែង​ទៅ​ប្តឹង​ទៀត​ទេ​។ ព្រោះ​តុលាការ​ទទួល​យក​​តែ​បណ្តឹង​ព្រហ្ម​ទណ្ឌ​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ ដូច​ជា​ឯកសារ​ក្លែង​ក្លាយ ឬ​ការ​បំភិត​បំភ័យ និង​ការ​គំរាម​កំហែង​។ គេ​អាច​ដាក់​ទោស​​បុគ្គល​​ដែល​ប្រព្រឹត្ត​អំពើឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​»​។

លោកគល់ បញ្ញា បាន​ពន្យល់​ថា ការ​ដាក់​ពាក្យ​បណ្តឹង​ ប្រឆាំង​នឹង​​ស្ថាប័ន​រដ្ឋាភិបាល​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។ «​តុលាការ​សន្មតថា ​ស្ថាប័ន​រដ្ឋាភិបាល​គឺ​ល្អ​ឥត​ខ្ចោះ»៕ ​TK

 

What Next?

Recent Articles

3 Responses to "ក្រុមប្រឹក្សា​ធម្ម​នុញ្ញ​នឹង​សម្រេច​​បណ្តឹង​​បក្ស​ប្រឆាំង​ថ្ងៃ​នេះ"

  1. I says:

    Ma famille mes amis Et moi meme nous allons faire manifestaton sans voilance si cnrp fixe une date nous n avont pas peur les bals de fusi de Hun sen ce qu on demande pour le ou les gouvernements qui Eluent democratiquement graver les noms qui cedes ce jours la pour les generations futures mort pour le cambodge democratie Et la justice et de drois

  2. ក្រុមប្រឹក្សាធម្មនុញ្ញ : គជប :cpp ពីព្រោះវាជាពួករបស់cppទាំងអស់

  3. Spirit of Empire Khmer​ Moho Nokor says:

    កុំសង្ឃឹមតុលាការផ្លូវលោកវាមានអយុត្តិធ៌មៈ
    ទី១អ្នកមានអំណាចត្រូវតែឈ្នះ
    ទី២អ្នកជាបក្ខពួកខ្លួនឈ្នះ
    ទី៣អ្នកមានលុយឈ្នះ
    ទី៤អ្នកពូកែបកស្រាយឈ្នះ
    ទី៥អ្នករត់ចោលស្រុករួចខ្លួន
    តែតុលាការផ្លូវក្នុងចង់រួចខ្លួនលុះត្រាតែអ្នករត់ទៅកន្លែងណាដែលគ្មាសេក្តីស្លាប់។
    ល្មមឈប់ជឿតុលាការជញ្ជិងថ្លឹងប្រហុករបស់ហ៊ុនសែនទៀតទៅនាំគ្នាដុតធូបប្តឹងយមរាជវិញឧទាហរណ៏ស្តេចពាល
    ទោះជារត់ដល់ណាក៏គេតាមកាត់ទោសបានដែល។

    juegos gratis