Tuesday, 20 August 2013
Stuart White
ភ្នំពេញ ប៉ុស្តិ៍
ស្ទឹងត្រែងៈ កាលពីខែមុនអ្នកភូមិម្នាក់នៅក្នុងស្រុកសៀមបុក ខេត្តស្ទឹងត្រែង បានប្រទះឃើញកន្លែងធ្វើសំបុករបស់សត្វត្រយ៉ងយក្សដោយចៃដន្យ ដែលជាប្រភេទសត្វកំពុងជិតផុតពូជ នៅក្នុងតំបន់លិចទឹកទន្លេមេគង្គ។ នេះបើតាមអង្គការមូលនិធិជីវិតសត្វព្រៃពិភពលោកដែលបានប្រកាសកាលពីម្សិលមិញ។
បើតាមសេចក្តីថ្លែងការណ៍មួយពីក្រុមអភិរក្ស ការប្រទះឃើញសំបុកនៅកន្លែងរស់នៅរបស់សត្វនេះដែលគេមិនធ្លាប់ដឹងពីពេលមុនមកគឺជាដំណើរវត្តវិជ្ជមានសម្រាប់បក្សីជាតិដែលកំពុងប្រឈមនឹងបញ្ហាជាច្រើន ហើយដែលបច្ចុបន្ននៅមានបក្សីនេះនៅរស់ចំនួនតិចជាង ៣៥០ ប៉ុណ្ណោះ។
លោក Gerry Ryan ជាទីប្រឹក្សាបច្ចេកទេសផ្នែកស្រាវជ្រាវនៅអង្គការមូលនិធិជីវិតសត្វព្រៃពិភពលោកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «សត្វត្រយ៉ងយក្សនេះមិនចូលចិត្តឲ្យមានការរំខានទេ ហើយវាអៀនខ្លាំងណាស់ ពួកវាចូលចិត្តរស់នៅឆ្ងាយពីកន្លែងរស់នៅរបស់មនុស្ស»។ «វត្តមាននៃបក្សីជាតិរបស់កម្ពុជានេះគឺជាភស្តុតាងបន្ថែមទៀតដែលបង្ហាញថាកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់នោះនិងជីវចម្រុះរបស់វាគឺពិតជាមានតម្លៃ»។
ទោះយ៉ាងណាក្តី តំបន់រស់នៅរបស់សត្វត្រយ៉ងយក្សនេះកំពុងស្ថិតក្រោមការគំរាមកំហែងក្នុងរយៈកាលប៉ុន្មានថ្មីៗនេះ។ កាលពីឆ្នាំ២០១១ សម្បទានដីសេដ្ឋកិច្ចត្រូវបានផ្តល់ឲ្យនៅក្នុងតំបន់មួយដែលកាលពីមុនធ្លាប់ជាផ្នែកនៃតំបន់អភិរក្សសត្វព្រៃគុលែនព្រំទេព។ តំបន់ទំនាបខាងជើងដែលជាតំបន់ព្រំទេព ត្រូវបានគិតថា ជាតំបន់សំបុករស់នៅរបស់សត្វត្រយ៉ងយក្សជាង ៤០ ភាគរយក្នុងប្រទេសកម្ពុជា។
ការផ្តល់ដីសម្បទានបន្ថែមទៀតនៅតំបន់ព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង បានគំរាមកំហែងដល់កន្លែងរស់នៅរបស់សត្វត្រយ៉ងយក្ស។ នេះបើតាមរយបាយការណ៍ឆ្នាំ ២០១២ ដែលរកឃើញដោយអង្គការជីវិតបក្សីអន្តរជាតិកម្ពុជា។
ទន្ទឹមនេះ សេចក្តីថ្លែងការណ៍របស់អង្គការមូលនិធិជីវិតសត្វព្រៃពិភពលោក បានឲ្យដឹងទៀតថា សំបុកសត្វត្រយ៉ងយក្សដែលទើបរកឃើញនៅក្នុងខេត្តស្ទឹងត្រែងថ្មីៗនេះគឺគ្មានអ្វីសង្ស័យទេកំពុងស្ថិតក្រោមការគំរាមកំហែងផងដែរ ទីមួយគឺដោយសារសម្បទានដីសេដ្ឋកិច្ចដែលកំណត់ឲ្យនៅតំបន់នេះ និងមួយទៀតគឺគម្រោងទំនប់វារីអគ្គិសនីសំបោរ ដែលអាចនាំឲ្យមានទឹកជំនន់ទៅដល់កន្លែងសំបុករបស់សត្វត្រយ៉ងយក្ស«ដ៏សំខាន់»នេះ។ PS
These type of birds are commonly found in Africa, known as stalk. Their favorite food is not only fish, but they feed on cacus of dead animals as well.
il faut bien proteger ces oiseaux !!!!! si non les jeunes khmers ne le connaissent pas dans quelques annees .