ដោយ៖ កែវ ភារម្យ និង អ៊ឹង ប៊ុនថន | ថ្ងៃចន្ទ ទី23 ខែកញ្ញា ឆ្នាំ2013, ម៉ោង 05:02 PM
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នៅឆ្នាំ២០១៣នេះ គឺប្រជាពលរដ្ឋជាច្រើនបានចូលរួមសកម្មភាពនយោបាយ តាំងពីពេលឃោសនា ការសង្កេតការណ៍ថ្ងៃបោះឆ្នោត និងក្រោយពេលចេញលទ្ធផលបោះឆ្នោត ជាពិសេសការតស៊ូធ្វើមហាបាតុកម្មជំរុញឲ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។
តើមានកត្តាអ្វីខ្លះដែលជំរុញឲ្យពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងដំណើរការបោះឆ្នោត នៅក្នុងអាណត្តិទីនេះ?
អ្នកនាង ហៃ សេងហ៊ួ មានអាយុ២៨ឆ្នាំ មកពីស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលបច្ចុប្បន្នជាកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ បាននិយាយថា ដំណើរការបោះឆ្នោតឆ្នាំនេះ មានប្រជាពលរដ្ឋច្រើន មានការចាប់អារម្មណ៍ពីបញ្ហាបោះឆ្នោតដោយអ្នកបោះឆ្នោតខ្លះក្រោយពីបោះឆ្នោតរួចមិនទាន់វិលត្រឡប់ទៅផ្ទះទេ ពួកគាត់នៅតាមដានមើលដំណើរនោះរហូតដល់ពេលរាប់សន្លឹកឆ្នោតចប់សព្វគ្រប់។ មូលហេតុ ប្រជាពលរដ្ឋមានការយល់ដឹងច្បាស់លាស់ពីតម្លៃសន្លឹកឆ្នោតរបស់ខ្លួន គឺពួកគាត់បោះឆ្នោតតាមឆន្ទៈដែលគាត់ចង់បានមិនមែនបោះឲ្យគណបក្សណាមួយដោយសារគេចែកអំណោយដូចលើកមុនទៀតទេ ៖ «ចា៎! ខ្ញុំមើលឃើញទៅខុសប្លែកពីអាណត្តិមុន បងប្អូនប្រជាពលរដ្ឋក្នុងអាណត្តិនេះចាប់អារម្មណ៍ចំពោះការបោះឆ្នោតច្រើនជាងអាណត្តិមុន ពេលគាត់ទៅបោះឆ្នោត ហើយគាត់អត់ទាន់ទៅផ្ទះទេ គាត់នៅចាំមើលគេរាប់សន្លឹកឆ្នោតសិន គាត់នៅរារាំងមិនឲ្យជនជាតិវៀតណាមចូលបោះឆ្នោត។ ហើយមួយទៀតគាត់មានការយល់ដឹងច្រើន គាត់បានអំណោយគេហើយគាត់អត់បោះឲ្យគេទេគាត់បោះឲ្យបក្សដែលគាត់ស្រឡាញ់»។
លោកសាស្ត្រាចារ្យម្នាក់ បម្រើការងារនៅរាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា មានមូលហេតុមួយចំនួន ធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍ចំពោះការបោះឆ្នោត ខុសប្លែកពីអាណត្តិមុនៗ ដូចជា បណ្តាញសង្គម(facebook) ការកើនឡើងនៃភាពអយុត្តិធម៌សង្គម ការបញ្ជូនព័ត៌មានពីយុវជនដែលបានមកសិក្សានៅទីក្រុង ឬមកធ្វើការនៅតំបន់អភិវឌ្ឍផ្សេងៗ ទៅប្រាប់គ្រួសារនៅឯស្រុកកំណើតជាដើម ៖ «យុវជនពីមុន និងឥឡូវវាខុសគ្នាយុវជនឥឡូវមានការយល់់ដឹង ច្រើនជាងមុន ដោយសារការរៀនសូត្រ ការស្រាវជ្រាវតាមមហាវិទ្យាល័យ ការយល់ដឹងនេះអាចជះ ឥទ្ធិពលទៅលើគ្រួសារ នៅពេលដែលគាត់ត្រឡប់ទៅវិញគាត់អាចនិយាយ ពន្យល់ទៅដល់គ្រួសារ របស់គាត់ អំពីនិន្នាកា និងព័ត៌មានរបស់ប្រទេស។ ដូចនេះធ្វើឲ្យព័ត៌មានស្តីពីការបោះឆ្នោតនេះ វាជ្រួតជ្រាបគ្រប់ស្រទាប់មនុស្ស ក្នុងគ្រួសារអំពីការបោះឆ្នោតនេះ»។
លោកបានបន្ថែមថា ការហូរចូលនៃជនអន្តោប្រវេសន៍ មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន ក៏ជាការព្រួយបារម្ភរបស់ពលរដ្ឋ អំពីការបាត់បង់ទឹកដី នៅថ្ងៃក្រោយផងដែរ ៖ «បញ្ហានេះក៏វាពាក់ព័ន្ធទៅនឹងជនអន្តោប្រវេសន៍ខុសច្បាប់ដែលចូលមកច្រើន ហើយការកើនឡើងនៃជនអន្តោប្រវេសន៍នេះ វាធ្វើឲ្យប្រជាជនក្នុងប្រទេសមានការបារម្មណ៍ថា បើគេមកកាន់តែច្រើនឡើងអញ្ចឹង តើទឹកដីយើងនៅថ្ងៃក្រោយនឹងបាត់បង់ដែរឬទេ?»។
ចំណែក លោក កែម ឡី អ្នកវិភាគឯករាជ្យបានលើកឡើងថា ការចាប់អារម្មណ៍របស់ម្ចាស់ឆ្នោតក្នុងអាណត្តិនេះដោយសារ ពលរដ្ឋមើលឃើញភាពអយុត្តិធម៌ សង្គមស៊ីវិលជួយពង្រឹងចំណេះដឹងក្នុងកិច្ចការសិទ្ធិមនុស្ស និងការបោះឆ្នោត និងពលរដ្ឋខ្លួនឯងឆ្លងកាត់ការបោះឆ្នោតច្រើនលើកហើយ និងមានការយល់ដឹងច្រើន ៖ «ទីមួយពលរដ្ឋគាត់មានការចេះដឹងច្រើន ក្មេងៗរៀនបានច្រើន ហើយក្មេងៗមានឥទ្ធិពលទៅលើមនុស្សចាស់ ធ្វើឲ្យគាត់យល់ពីសារៈសំខាន់នៃការបោះឆ្នោត។ ទី២ដោយសារតែ ដៃគូអភិវឌ្ឍ និងអង្គការផ្សេងៗ ដូចជាអង្គការ(អាយ.អ.អាយ , អិន.ឌី.អាយ , ខុមហ្វ្រែល , និកហ្វិក) និងអង្គការនានាទៀត ដែលធ្វើការងារលើការបោះឆ្នោត។ ទី៣ដោយសារតែប្រជាពលរដ្ឋ ខ្មែរយើងធ្លាប់ឆ្លងកាត់មានបទពិសោធន៍៤ដងទៅហើយ ចាប់ផ្តើមយល់ពីតួនាទីរបស់ពលរដ្ឋ នៅក្នុងការបោះឆ្នោត។ ហើយមិនត្រឹមតែជា អ្នកបោះឆ្នោតមួយដ៏មានគុណភាពទេ គឺជាអ្នកតាមដាន មើលព្រឹត្តិការណ៏នៃការបោះឆ្នោតដ៏សកម្មទៀតផង»៕
សូមសរសេរមកកាន់ លោក កែវ ភីរម្យ តាមរយៈ keophirum@gmail.com
ដឹកនាំតាមចិន ឬ យួន (២អាណត្តិ=១០ឆ្នាំ).
ដឹកនាំតាម គុយបា ; ស៊ីរី គឹ តពូជ មិនព្រមចុះចេញទេ……
នេះបានចំជាមនុស្សគំរក់ផ្តាច់ការ….