ដោយ៖ ញឹម សុខន
ថ្ងៃអង្គារ៍ ទី24 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
អ្នកសារព័ត៌មាន ដែលកំពុងតាមដានព្រឹត្តិការណ៍សម័យប្រជុំនៅវិមានរដ្ឋសភា ត្រូវបានសន្តិសុខ មិនអនុញ្ញាតឲ្យថតរូបនៅខាងក្នុង និងខាងក្រៅរដ្ឋសភា ជាពិសេសការផ្តិតយករូបភាពតំណាងរាស្ត្រនិមួយៗ។
ព្រឹកថ្ងៃអង្គារ ទី២៤ខែកញ្ញា ជាការបើកសម័យប្រជុំថ្ងៃទីពីរ ដែលតំណាងរាស្ត្រដែលជាប់ឆ្នោត នឹងបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានរដ្ឋសភា ប្រធាន និងអនុប្រធានគណៈកម្មការទាំង៩នៃរដ្ឋសភា។ បន្ទាប់ពីបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានរដ្ឋសភា និងគណៈកម្មការទាំង៩ តំណាងរាស្ត្រ នឹងបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសរើសគណៈរដ្ឋមន្ត្រី។
អ្នកថតរូប បានសម្តែងការខកចិត្ត និងអ្នកខ្លះបានចេញពីវិមានរដ្ឋសភា ដោយសារកម្លាំងសមត្ថកិច្ច ហាមថតរូប។ សន្តិសុខបញ្ជាក់ថា ថ្នាក់លើ បានហាមប្រាមក្នុងការថតរូបខាងក្នុង និងខាងក្រៅរដ្ឋសភា សម្រាប់ថ្ងៃអង្គារនេះ។ តែសម្រាប់ទូរទស្សន៍ជាតិកម្ពុជា ត្រូវបានអនុញ្ញាតឲ្យផ្តិតយករូបភាពធម្មតា។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី២៣ខែកញ្ញា អ្នកថតរូបសម្រាប់សារព័ត៌មាន ត្រូវបានអនុញ្ញាតឲ្យផ្តិតយករូបភាពព្រះមហាក្សត្រ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងថ្នាក់ដឹកនាំជាតំណាងរាស្ត្រផ្សេងៗទៀត៕
សរសេរមកកាន់ លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com
តើនេះជារបបអ្វីបានជាហាមគេមិនឲ្យយកពត៌មាននិងថតរូបភាព?